

កម្លាំងសមត្ថកិច្ចចម្រុះថ្មីៗនេះបានឡោមព័ទ្ធបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ ព្រីនស៍ ផ្លាហ្សា (Prince Plaza) របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ចំនួន ២ទីតាំង និងឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់។ អ្នកឃ្លាំមើលលើកឡើងថា អគារពាណិជ្ជកម្មរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នៅកម្ពុជាកំពុងទទួលបានការកាងការពារពីរដ្ឋាភិបាលត្រកូល «ហ៊ុន» និងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីបន្តគ្រប់គ្រង និងពង្រីកបណ្ដាញឧស្សាហកម្មឆបោកតាមអនឡាញ។
ទោះបីជាឧក្រិដ្ឋជន ចេន ហ្ស៊ី ត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិនតាំងពីដើមខែមករាក្ដី ក៏បណ្ដាញបក្ខពួករបស់លោកនៅតែបន្តប្រើប្រាស់អគារពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកម្សាន្តដែលមានទំនាក់ទំនងជាមួយលោក ដើម្បីបន្តប្រតិបត្តិការឆបោកតាមអនឡាញយ៉ាងសកម្មដដែល។
ចំណាត់ការឡោមព័ទ្ធរបស់សមត្ថកិច្ចបង្ក្រាបទីតាំងមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ក្នុងរាជធានីភ្នំពេញ និងទីតាំងមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា បាវិតខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា បានបង្ហាញចំពោះសកម្មភាពរបស់បណ្ដាញឧក្រិដ្ឋជននៅតែអាចបង្ខាំងជនបរទេសរាប់សិបនាក់ ដើម្បីបង្ខំឱ្យធ្វើការឆបោកទ្រព្យសម្បត្តិជនរងគ្រោះនៅជុំវិញពិភពលោក។ ក្នុងប្រតិបត្តិការបង្ក្រាបអគារមជ្ឈមណ្ឌលរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ទាំង ២ទីតាំងនេះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជាង ២រយនាក់ និងស៊ីមកាតទូរស័ព្ទក្រៅប្រទេស កុំព្យូទ័រ និងទូរស័ព្ទដៃរាប់សិបគ្រឿង។
ទីតាំងមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា បាវិតខេត្តស្វាយរៀងស្ថិតនៅមិនឆ្ងាយឡើយពីមជ្ឈមណ្ឌលទីក្រុងហេងហេង។ ក្នុងបរិវេណអគារមជ្ឈមណ្ឌលកម្សាន្តទាំងនេះកន្លងទៅ ត្រូវបានគេរាយការណ៍ជាញឹកញាប់អំពីករណីជនបរទេស ជាពិសេសជនជាតិចិន និងវៀតណាមត្រូវបានគេសម្លាប់ និងអ្នកខ្លះលោតសម្លាប់ខ្លួនពីលើអគារ រីឯបុគ្គលិកនាំគ្នាសម្រុកចេញពីអគារធ្វើការជារឿយៗ ដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មរបស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាគឺជាផ្នែកនៃគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលបានចំណាយលុយរាប់សិបលានដុល្លារបង្កើតផ្សារទំនើប ក្លឹបកម្សាន្ត និងអគារលំនៅឋានដែលមានកម្ពស់ខ្ពស់ៗ។ អាមេរិករកឃើញថា មជ្ឈមណ្ឌលកម្សាន្តទាំងនេះត្រូវបានឧក្រិដ្ឋជន ចេន ហ្ស៊ី បម្លែងទៅមជ្ឈមណ្ឌលឆបោកតាមអនឡាញ ជួញដូរមនុស្ស និងជាទីកន្លែងរំលោភសិទ្ធិមនុស្សដ៏អាក្រក់។
រីឯ មជ្ឈមណ្ឌលទីក្រុងហេងហេងដែលនៅក្បែរមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាបាវិតនោះ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន អេន ឌីវើលុបមែន គ្រុប (Heng He Investment and Development Group Co.,LTD) ដែលមានអ្នកជំនួញចិនឈ្មោះ ស៊ូ លៀង ហ្សេង (Su LIANGSHENG) ជាអគ្គនាយក។ កាលពីឆ្នាំ២០២៥ សហរដ្ឋអាមេរិករកឃើញថា ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ និងលោកទ្រី ភាព ក៏មានចំណែកភាគហ៊ុនក្នុងគម្រោងនៃក្រុមហ៊ុននេះដែរ។ អាមេរិកក៏បានដាក់ទណ្ឌកម្មក្រុមហ៊ុននេះ និងបណ្ដាញក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតដោយសារតែជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្ស។
ជាមួយគ្នានេះ អតីតសន្តិសុខក្នុងក្រុមហ៊ុន ហេង ហ៊ី ធ្លាប់អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា បរិវេណនៃអគារមជ្ឈមណ្ឌលទីក្រុងហេងហេង និងអគារព្រីនស៍ ផ្លាហ្សាបាវិត ប្រៀបបីដូចជាឋាននរកសម្រាប់ជនបរទេសដែលត្រូវគេជួញដូរ។ បុគ្គលិករូបនេះបញ្ជាក់ថា ជនបរទេសដែលត្រូវបានគេជួញដូរភាគច្រើនត្រូវបានមេការជនជាតិចិនបង្ខាំងធ្វើទារុណកម្ម និងបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញ រីឯ ស្ត្រីជនជាតិចិន និងវៀតណាមមួយចំនួនក៏ត្រូវបានគេយកមកលក់ ដើម្បីបង្ខំឱ្យធ្វើការងារជាស្រីពេស្យាបម្រើសេវាកម្មផ្លូវភេទដល់ក្រុមបណ្ដាញឧក្រិដ្ឋជន។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្វាយរៀងលោក ចិន សាធាន បដិសេធអត្ថាធិប្បាយជុំវិញរឿងនេះ ដោយលោកប្រាប់ថា កំពុងរវល់ប្រជុំ។
មកដល់ពេលនេះ រដ្ឋាភិបាលត្រកូល «ហ៊ុន» និងតុលាការ នៅមិនទាន់បង្ហាញតម្លាភាព ឬចាត់វិធានការណាមួយលើអគារពាណិជ្ជកម្ម គម្រោងអចលនទ្រព្យរាប់ពាន់លានដុល្លារ និងទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញដែលមានទំនាក់ទំនងនឹងឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ដែលសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ លើកឡើងថា ទោះបីជា ឧក្រិដ្ឋជន ចេន ហ្ស៊ី លែងមានវត្តមាននៅកម្ពុជា ក៏ក្រុមបណ្ដាញឧក្រិដ្ឋជន ជាពិសេសឧកញ៉ាគ្រាក់ៗដែលមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនរូបនេះនៅតែបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញលើទឹកដីកម្ពុជា។
លោក គឹម សុខ៖ «អំណាចក្រុមគ្រួសារ ហ៊ុន នឹងដូរប្រព័ន្ធដឹកនាំ ហើយដូរមនុស្សត្រួតត្រា មនុស្សដែលត្រួតត្រាថ្មី អាចជាខ្មែរ ជាឧកញ៉ានៅជុំវិញក្រុមគ្រួសារហ៊ុន ហើយដែលស្និទ្ធនឹងលោក ហ៊ុន សែន ដើម្បីធានាថា ប្រតិបត្តិការឆបោកតាមអនឡាញនៅតែដំណើរការដដែល ក្នុងការប្រមូលលុយចិញ្ចឹមអំណាចក្រុមគ្រួសារ ហ៊ុន។ ចំណែកឯ ការចាប់លោក ចេន ហ្ស៊ី ទៅប្រទេសចិន មិនមែនរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចង់ចាប់ទេ ដោយសារតែសម្ពាធរបស់សហរដ្ឋអាមេរិក រហូតទៅដល់តុលាការអាមេរិក តាមចាប់លោក ចេន ហ្ស៊ី ទៅហើយហ្នឹង»។
មកដល់ពេលនេះ ទីតាំងគម្រោងរបស់ក្រុមហ៊ុនធំៗដែលរដ្ឋាភិបាលអាមេរិក និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម និងចង្អុលបង្ហាញថា ជាជម្រកបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជា គេនៅមិនទាន់ឃើញអាជ្ញាធរណាហ៊ានចុះបង្ក្រាបនៅឡើយ។ ទីតាំងទាំងនោះរួមមាន មជ្ឈមណ្ឌលទីក្រុងហេងហេង គម្រោងហ្គោលឌិន សាន់ស្កាយ (Golden Sun Sky) របស់ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) នៅខេត្តព្រះសីហនុ ឧទ្យានលេជេនរបស់លោក ហ៊ុន តូ នៅខេត្តព្រៃវែង រមណីយដ្ឋានអូរស្មាច់រួមទាំងក្រុមហ៊ុនពាក់ព័ន្ធនឹងលោក លី យ៉ុងផាត់ និងបរិវេណអគារកាស៊ីណូក្រោន (Crown) របស់សមាជិកព្រឹទ្ធសភាលោក កុក អាន ក្នុងក្រុងប៉ោយប៉ែតជាដើម៕







