កម្ពុជា និង​ចិន​ចុះហត្ថលេខា​លើ​គម្រោង​មូលនិធិ​ជិត ២​លាន​ដុល្លារ​សម្រាប់​គម្រោង​មេគង្គ​ឡាន​ឆាង

0
53
ពិធីចុះហត្ថលេខាទទួល​ជំនួយ​មូលនិធិ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ពី​ចិន​ចំនួន ១១៣​គម្រោង​ កាល​ពីថ្ងៃទី៤ មិថុនា ២០២៦។ រូប៖ ក្រសួងការបរទេស
ពិធីចុះហត្ថលេខាទទួល​ជំនួយ​មូលនិធិ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ពី​ចិន​ចំនួន ១១៣​គម្រោង​ កាល​ពីថ្ងៃទី៤ មិថុនា ២០២៦។ រូប៖ ក្រសួងការបរទេស

កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ចំនួន ៧ ក្រោម​មូលនិធិ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជិត ២​លាន​ដុល្លារ​អាមេរិក។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាន់ វិនពីន (Wang Wenbin) កាលពី​ថ្ងៃទី​៤ ខែមិថុនា​។​

កិច្ចព្រមព្រៀង​សម្រាប់​ឆ្នាំ​២០២៦ ភាគី​ចិន​សន្យា​ផ្ដល់​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដូចជា ការ​អភិវឌ្ឍ​សហគ្រាស​ផលិត​ផ្សិត​សម្រាប់​កសិករ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ខេត្ត​កណ្ដាល ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជនបទ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ការពង្រីក​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​តាមរយៈ​ការ​កែលម្អ​ការ​វេច​ខ្ចប់​ផលិតផល ក៏ដូចជា​គម្រោង​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​។ ក្រៅ​ពី​នេះ គម្រោង​នេះ​ក៏​រួមមាន ការជំរុញ​ឌីជីថល​រូបនីយកម្ម​វិស័យ​ទេសចរណ៍​សហគមន៍​មេគង្គ​-​ឡាន​ឆាង ការ​ត្រៀម​លក្ខណៈ​ទទួល​ភ្ញៀវ​ទេសចរ​ចិន ការ​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​បៃតង​សម្រាប់​វិស្វករ​នៅ​បណ្ដា​ប្រទេស​អនុ​តំបន់​មេគង្គ និង​ការ​លើក​កម្ពស់​សមត្ថភាព​គ្រប់គ្រង និង​ចែករំលែក​ទិន្នន័យ​ធនធានទឹក​រវាង​ចិន និង​កម្ពុជា ព្រមទាំង​កិច្ច​សន្ទនា​កម្រិត​តំបន់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ផ្ទៃ​ទឹកទន្លេ​មេគង្គ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៧ មក​កម្ពុជា​បាន​ទទួល​ជំនួយ​មូលនិធិ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ពី​ចិន​ចំនួន ១១៣​គម្រោង​។ កម្ពុជា​អះអាង​ថា ការ​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ចិន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​រវាង​កម្ពុ​ជា និង​ចិន​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សហគមន៍​ជោគវាសនា​រួមគ្នា។

ទោះជា​យ៉ាងណា កម្ពុជា​តែង​រង​ការរិះគន់​ពី​ក្រុម​អ្នកជំនាញ អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ថា ការប្រើប្រាស់​មូលនិធិ​អភិវឌ្ឍន៍​មួយចំនួន​នៅ​កន្លងមក ខ្វះ​តម្លាភាព និង​គណនេយ្យ​ភាព​គ្រប់គ្រាន់។ ពួកគាត់​យល់​ថា ថវិកា និង​គម្រោង​ក្រោម​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​ដែល​កំពុង​កើតមាន​នៅ​តាម​ដង​ទន្លេមេគង្គ​។ ក្នុង​នោះ​រួមមាន​ការ​ធ្លាក់ចុះ​ធនធាន​ត្រី ការប្រែប្រួល​លំហូរ​ទឹក ការ​បាក់​ច្រាំងទន្លេ និង​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​ធនធានទឹក និង​ជលផល។

អ្នកជំនាញ​ផ្នែក​សន្តិសុខ​ថាមពល ទឹក និង​ស្បៀងអាហារ​ប្រចាំ​តំបន់​ទន្លេមេគង្គ​នៃ​មជ្ឈមណ្ឌល​ស្ទីមសុន សែនធ័រ (Stimson Center) លោក ប្រាយអ៊ិន អាយលឺ (Brian Eyler) លើកឡើង​ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​កាលពី​ខែមេសា កន្លង​ទៅ​ដោយ​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី​នៅ​តាម​ប្រទេស​នៅ​ផ្នែក​ខាងលើ​នៃ​អាង​ទន្លេមេគង្គ ជាពិសេស​នៅ​ប្រទេស​ចិន និង​ឡាវ បាន​បង្ក​ឱ្យ​មាន​ការប្រែប្រួល​យ៉ាង​ខ្លាំង​នៃ​លំហូរ​ទឹក​នៅ​រដូវប្រាំង​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​អ្នកជំនាញ​ដដែល​បង្ហាញថា កម្រិត​ទឹក​នៅ​តំបន់​ខាងក្រោម​ទន្លេមេគង្គ​ក្នុង​រដូវប្រាំង​បាន​កើនឡើង​ខ្ពស់​ជាង​ស្ថានភាព​ធម្មជាតិ​ជាង ១​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​លំហូរ​ទឹក​តាម​បែប​ធម្មជាតិ​ដែល​មាន​សារសំខាន់​សម្រាប់​ការ​រស់​រាន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តស្ទឹងត្រែង​ស្ទើរតែ​បាត់បង់​ទាំងស្រុង​។ អ្នកជំនាញ​រូប​នេះ​ក៏បាន​រក​ឃើញ​ទៀត​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ថយ​ចុះ​ប្រមាណ ១៨​ភាគរយ ចាប់ពី​ឆ្នាំ​២០១៨ រហូតដល់​ដើមឆ្នាំ​២០២៦ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​ធនធាន​ទន្លេមេគង្គ​។ អ្នកស្រាវជ្រាវ និង​អ្នកជំនាញ​សន្និដ្ឋាន​ថា ការ​បញ្ចេញ​ទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​ក្នុង​រដូវប្រាំង បាន​ធ្វើ​ឱ្យ​កម្ពស់​ផ្ទៃ​ទឹក​ឡើង​ខ្ពស់​ខុសពី​ធម្មតា ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ការប្រែប្រួល​អាកាសធាតុ​បង្ក​ឱ្យ​មាន​បញ្ហា​ទឹក​ឡើង​ចុះ​មិន​ទៀងទាត់ និង​ជីវភាព​រស់នៅ​ប្រជាជន​នៅ​ខ្សែទឹក​ខាងក្រោម​ដែល​ពឹង​ផ្អែកលើ​មុខរបរ​នេសាទ។

អ្នកជំនាញ លោក ប្រាយអ៊ិន អាយលឺ និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) មិន​ត្រឹមតែ​ចង្អុលបង្ហាញ​បញ្ហា​ប្រឈម​របស់​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស ទន្លេមេគង្គ​ខាងលើ​ដែល​មាន​ទំនប់​វា​រី​អគ្គិសនី​ធំៗ​អនុវត្ត​វិធានការ​តម្លាភាព ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រទេស​ខ្សែទឹក​ខាងក្រោម​។ ក្រុម​អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្រទេស​ខ្សែទឹក​ខាងលើ​ដូចជា ចិន និង​ឡាវ ត្រូវ​ផ្ដល់​ទិន្នន័យ​កម្រិត​ទឹក និង​បរិមាណ​ទឹក​ហូរ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​ជាប្រចាំ និង​ត្រូវ​ជូនដំណឹង​មុន​ពេល​បញ្ចេញ​ទឹក ឬ​ស្តុក​ទឹក​ក្នុង​បរិមាណ​ធំ និង​ចាំ​ចាច់​ត្រូវ​រក្សា​លំហូរ​ទឹក​ឱ្យ​មាន​ស្ថិរភាព​ក្នុង​រដូវ​ត្រី​បន្ត​ពូជ​ជាដើម ដើម្បី​កាត់បន្ថយ​ការ​ដាច់​ពូជ​ត្រី​កម្រ និង​ហិនហោច​ធនធាន​ជីវចម្រុះ​ក្នុង​ផ្ទៃ​ទឹកទន្លេ​មេគង្គ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ