

ទាហានខ្មែរដែលកំពុងឈរជើងនៅតំបន់ព្រំដែនអះអាងថា ទាហានខ្មែរចំនួន៤នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់បែកដៃ ដែលភាគីម្ខាងទៀតបានលួចគប់ចូលក្នុងទីតាំងរបស់ទាហានខ្មែរ គឺមិនមែនជាករណីដើរជាន់មីនដោយខ្លួនឯងដូចភាគីថៃបានលើកឡើងនោះឡើយ។ ការអះអាងរបស់ទាហានខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់យោធាថៃ ដែលបានបដិសេធថា ទាហានថៃមិនបានគប់គ្រាប់បែកដៃវាយវាយប្រហារមកលើក្រុមទាហានខ្មែរនោះឡើយ និងចោទថាគឺបណ្ដាលមកពីទាហានខ្មែរដើរជាន់មីនដោយខ្លួនឯង។
ទាហានខ្មែរមួយរូបបានចេញមកអះអាងថា ករណីផ្ទុះគ្រាប់នៅតំបន់ព្រំដែនថ្មដូន កាលពីម្សិលមិញ ដែលបណ្ដាលឱ្យទាហានខ្មែរប្រចាំនៅកងពលតូចអន្តរាគមន៍លេខ៥ ចំនួន៤នាក់ បានរងរបួសធ្ងន់នោះ គឺជាការវាយប្រហារដោយគ្រាប់បែកដៃពីសំណាក់កងទ័ពថៃ។
ទាហានខ្មែរមួយរូប ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីផ្ទុះគ្រាប់នេះ គឺដោយទាហានថៃបានយកគ្រាប់បែកដៃរុំនៅក្នុងក្រណាត់ គប់មកលើទីតាំងដើរល្បាតរបស់ទាហានខ្មែរ។ លោកបន្តថា ការលួចវាយឆ្មក់នេះបានបណ្ដាលឱ្យទាហានខ្មែរចំនួន៤នាក់ ដែលកំពុងដើរល្បាត បានត្រូវអំបែងគ្រាប់ពេញទំហឹង ព្រោះដោយសារពួកគេមិនបានដឹងខ្លួន និងមិនអាចក្រាបចុះទាន់ពេល។
ទាហានខ្មែរ៖ «គ្រាប់បែក អត់ទាន់ដឹងថា ជាប្រភេទគ្រាប់បែកអីទេ គេកំពុងតែធ្វើការស្រាវជ្រាវសិន អ៊ីចឹងខ្ញុំអត់ទាន់អាចសន្និដ្ឋានបានថាគ្រាប់បែកប្រភេទអីទេ ប៉ុន្តែយើងដឹងថា គ្រាប់បែកហ្នឹងវាផ្ទុះនៅផ្លូវថ្មី អ៊ីចឹងគឺភាគីខាងថៃហ្នឹងគាត់បានខ្ចប់គ្រាប់បែកហ្នឹងគាត់គប់ចូលមកខាងយើង»។
ការចេញមកអះអាងរបស់ទាហានខ្មែររូបនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពភូមិភាគទី២ របស់ថៃបានចេញមកបដិសេធក្រោយកើតមានករណីវាយប្រហារនេះថា យោធាថៃមិនបានគប់គ្រាប់បែកដៃវាយប្រហារមកលើទាហានខ្មែរនោះឡើយ ដោយករណីនេះគឺបណ្ដាលមកពីទាហានខ្មែរ ដែលជាទាហានថ្មីដើរទៅជាន់មីនដោយខ្លួនឯង។ ទន្ទឹមគ្នានេះ កងទ័ពថៃបានសន្និដ្ឋានថា ទីតាំងនៃស្នាមរបួសនៅលើខ្លួនទាហានខ្មែរ ហាក់មិនស៊ីចង្វាក់គ្នាទៅនឹងរបួសដែលទទួលរងការវាយប្រហារដោយគ្រាប់បែកដៃនោះឡើយ។
ទោះជាបែបនេះក្ដី ទាហានខ្មែរមួយរូបទៀត ដែលកំពុងប្រចាំការនៅកងពលធំអន្តរាគមន៍លេខ២ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថា ទាហានខ្មែរដែលទទួលរងបួសទាំងនេះ គឺសុទ្ធតែត្រូវអំបែងគ្រាប់បែកដៃ ដែលបណ្ដាលឱ្យរបួសធ្ងន់ ដោយអ្នកខ្លះត្រូវរបួសកំភួនដៃ ត្រគៀក បាក់ជើង និងខ្លះទៀតត្រូវរបួសត្រចៀក។ លោកបន្តថា ហើយបច្ចុប្បន្នពួកគេត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញរួចហើយ។
ចំណែកក្រសួងការពារជាតិបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះថា ករណីផ្ទុះគ្រាប់នេះគឺបានកើតឡើងនៅអំឡុងពេលដែលកងកម្លាំងរបស់កម្ពុជា បានដើរល្បាតនៅតំបន់ចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបានជ្រួសគ្នាជាមួយទាហានថៃមួយក្រុម ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ ក្រសួងបញ្ជាក់ថា នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅពីក្រោយកងល្បាតរបស់ទាហានខ្មែរ ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអំបែងគ្រាប់។
ក្រសួងការពារជាតិបញ្ជាក់បន្ថែមថា ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនកម្ពុជា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យស្ថាប័នការពារជាតិបំពាក់គ្រឿងបរិក្ខារយោធា ដូចជាកាមេរ៉ាបំពាក់លើមួក និងឯកសណ្ឋានសុវត្ថិភាពដល់កងទ័ពនៅជួរមុខ ក្នុងការបំពេញតួនាទី។ ទោះជាយ៉ាងណា លោករិះគន់ថា ការចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ មានភាពយឺតយ៉ាវ និងមិនទាន់សភាពការណ៍ ដែលអាចធ្វើឱ្យភាគីកម្ពុជា ចាញ់ប្រៀបភាគីថៃ ទៅលើការផ្ដល់ប្រភពព័ត៌មានដល់ស្ថាប័នផ្សព្វផ្សាយធំៗរបស់អន្តរជាតិ។
លោក ម៉ែន ណាត៖ «បើរដ្ឋាភិបាលកម្ពុជាមិនចេញឬចេញយឺតក៏ស្ថិតនៅក្នុងចេតនា ខ្វះការទទួលខុសត្រូវ។ ហើយអ្នកដែលមិនទទួលខុសត្រូវ គួរណាស់តែរដ្ឋសភា កម្ពុជាហ្នឹងគាត់ហៅរដ្ឋមន្ត្រីការពារជាតិធ្វើញត្តិសេចក្ដីបន្ទោសគាត់ហៅរដ្ឋមន្ត្រី ការពារជាតិហ្នឹងទៅបំភ្លឺទៅ។ បើមិនកើតជាការអីដូររដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីទៅ អាហ្នឹងតាមផ្លូវច្បាប់។ បើយើងនិយាយតាមផ្លូវឡើងតាមជើងខោសព្វថ្ងៃអាហ្នឹងវាដូរ មិនបានទេ ប៉ុន្តែបើយើងនិយាយតាមផ្លូវច្បាប់វាត្រូវតែដូរ»។
នេះជាករណីវាយប្រហារធ្ងន់ធ្ងរលើកទី២ហើយ ពីសំណាក់ភាគីទាហានថៃមកលើទាហានខ្មែរ នៅតំបន់ព្រំដែនបន្ទាប់ពីមានបទឈប់បាញ់ដ៏ផុយស្រួយលើកទី២ ដែលភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នាកាលពីចុងឆ្នាំ២០២៥។
កាលពីខែកុម្ភៈ ទាហានថៃបានបើកការបាញ់ប្រហារមកលើទីតាំងយោធាខ្មែរ នៅតំបន់ច្រកអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពខ្មែរ២នាក់រងរបួស។ ក៏ប៉ុន្តែទាហានខ្មែរកាលនោះ មិនបានបាញ់តដៃវិញនោះឡើយ៕








