

អង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនវិធានការការពារកុមារភៀសសឹកដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនៅតាមព្រំដែនកម្ពុជា ថៃ ពីព្រោះពួកគេមិនត្រឹមតែប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលរងផលប៉ះពាល់ផ្លូវចិត្ត និងការរំខានដល់ការសិក្សាផងដែរ។ ការលើកឡើងនេះ បន្ទាប់ពីកម្ពុជាបានអំពាវនាវសហគមន៍អន្តរជាតិអនុវត្តច្បាប់អន្តរជាតិដោយម៉ឺងម៉ាត់ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកមើលឃើញថា បញ្ហាកុមារនេះ គឺជារឿងចម្បង ដែលកន្លងមកមានផលប៉ះពាល់យ៉ាងខ្លាំង នៅកំឡុងពេលសង្គ្រាម គឺពួកគាត់ រត់គេចពីគ្រាប់ផ្លោង ធ្វើឱ្យប៉ះពាល់នូវអារម្មណ៍ធ្ងន់ធ្ងរ។ ហើយ រដ្ឋាភិបាលហាក់នៅមានកម្រិត នៅក្នុងការទប់ស្កាត់ ការពារកុមារទាំងអស់នោះ ឱ្យរួចផុតអំពីការភ័យខ្លាច។
លោក ស៊ឹង សែនករុណា បន្ថែមថា ពួកគេរស់នៅក្នុងភាពលំបាកវេទនា បម្លាស់ទីពីផ្ទះសម្បែងរបស់ខ្លួនទៅទីតាំងថ្មី ដែលជាកន្លែងភៀសសឹក ប្រឈមនិងបញ្ហាសុខភាព។ លោកថា រដ្ឋាភិបាលហាក់នៅមានកម្រិតនៅក្នុងការជួយជ្រោមជ្រែងឱ្យកុមារទាំងនោះទទួលបានការរៀនសូត្រគ្រប់គ្រាន់ ព្រមទាំងការថែរទាំសុខភាព។
លោក ស៊ឹង សែនករុណា៖ «រឿងមួយទៀតនោះគឺធ្វើឱ្យពួកគេរស់នៅក្នុងភាពលំបាកវេទនា បម្លាស់ទី ចំណាកនៅផ្ទះសម្បែងរបស់ខ្លួនទៅទីតាំងថ្មី ដែលជាកន្លែងភៀសសឹកអីជាដើមហ្នឹង គឺជាផលប៉ះពាល់ថ្មីមួយទៀត ដែលយើងមើលឃើញថា រដ្ឋាភិបាលហាក់នៅមានកម្រិតនៅក្នុងការ ទប់ស្កាត់ ក្នុងការការពារនូវកុមារទាំងអស់នោះឱ្យរួចផុតអំពីការភ័យខ្លាច»។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ការអំពាវនាវមិនខុសទេ ដើម្បីឲ្យអង្គការអន្តរជាតិនានា អង្គការសហប្រជាជាតិជួយ ក៏ប៉ុន្តែទន្ទឹមនឹងនោះ រដ្ឋាភិបាលខ្លួនឯងក៏ត្រូវតែពិនិត្យ អំពីកិច្ចការងាររបស់ខ្លួន ដើម្បីរកលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហា ជួយការពារកុមារទាំងនោះឲ្យ រួចផុតអំពី ការគំរាមកំហែងផ្សេងៗ។
ការលើកឡើងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក កែវ ឈា បានថ្លែងក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីកុមារ និងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៥ ខែមិថុនា បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើន ឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ លើកុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។
លោក កែវ ឈា បន្ថែមថា កុមារជាង៦ពាន់៤រយ (៦.៤០០)នាក់នៅកម្ពុជា នៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមាររងផលប៉ះពាល់។
លោកថា កម្ពុជានៅតែប្ដេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបអាចរស់នៅ សិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច។
យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ដ្រីភៀសសឹកសព្វថ្ងៃមានចំនួនជាង១៥០០០នាក់ និងកុមារជាង ១ម៉ឺននាក់ ដែលបន្តរស់នៅក្នុងជំរំបណ្ដោះអាសន្ន និងសិក្សាក្នុងសាលាបណ្ដោះអាសន្នរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
តាមសេចក្តីប្រកាសព័ត៌មានកាលពីខែធ្នូ ឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោក (World Vision) ដែលធ្វើការលើកិច្ចគាំពារកុមារ បានអំពាវនាវឱ្យមានជំនួយមូលនិធិបន្ទាន់ដល់កុមារក្នុងជំរំភៀសសឹក។ ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងធ្វើឱ្យកុមារស្ថិតក្នុងចំណោមអ្នករងគ្រោះបំផុត ព្រោះពួកគេប្រឈម កង្វះអាហារូបត្ថម្ភ គ្មានទីជម្រកសមរម្យ ខ្វះទឹកអនាម័យ និងសេវាថែទាំសុខភាព ទើបធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ៕









