តុលាការ​បដិសេធ​មិន​ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​វិញ​ក្រោយ​ការ​ស្នើសុំ​របស់​មេធាវី

0
190
ទិដ្ឋភាពលោក ថាច់ សេដ្ឋា ​អនុប្រធានគណបក្សភ្លើងទៀន និងភរិយា លោកស្រី ថាច់ ចន្ធូ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពលោក ថាច់ សេដ្ឋា ​អនុប្រធានគណបក្សភ្លើងទៀន និងភរិយា លោកស្រី ថាច់ ចន្ធូ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មេធាវី​របស់​លោក ថាច់ សេដ្ឋា គឺ​លោក​បណ្ឌិត សឺ​ន ជុំ​ជួន អះអាង​ថា តុលាការ​បានសម្រេច​បដិសេធ​មិន​ដោះលែង​កូនក្ដី​របស់​លោក​ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ ដោយ​តុលាការ​សំអាង​ថា ពាក្យសុំ​ដោះលែង​ទណ្ឌិត​ឱ្យ​មាន​សេរីភាព​របស់​លោក មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​យក​មក​ពិនិត្យ និង​សម្រេច​បាន​ឡើយ​។ ចំណែក​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការ​បន្ត​ឃុំខ្លួន​លោក ថាច់ សេដ្ឋា គឺ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា បក្ស​កាន់អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើជា​ឧបករណ៍​នយោបាយ​ដើម្បី​គាបសង្កត់ និង​បំបាក់ស្មារតី សំឡេង​ប្រឆាំង។

មេធាវី​របស់​លោក ថាច់ សេដ្ឋា គឺ​លោក​បណ្ឌិត សឺន ជុំជួន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា តុលាការ​បាន​ឆ្លើយតប​ទៅ​នឹង ពាក្យសុំ​ដោះលែង​ទណ្ឌិត​ឱ្យ​មាន​សេរីភាព របស់​លោក​នៅ​ថ្ងៃ​នេះ ដោយ​តុលាការ​បញ្ជាក់​ថា កូនក្តី​របស់​លោក​មាន​ទោស​ចំនួន​ពីរ​សំណុំរឿង គឺ​ទី​១ ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​សំណុំរឿង​ទី​២ ករណី​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង។ ដូច្នេះ ការ​ស្នើសុំ​ដោះលែង​តែ ១​សំណុំរឿង គឺ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​យក​មក​ពិនិត្យ និង​សម្រេច​បាន​ឡើយ។

លោក​បណ្ឌិត សឺន ជុំជួន បាន​ឲ្យ​ដឹង​បន្ថែមទៀត​ថា តុលាការ​បាន​បញ្ជាក់​ប្រាប់​លោក​ថា មូលទោស​សរុប​ដែល​ត្រូវ​បានសម្រេច​ផ្ដន្ទាទោស​លើ​កូន​ក្តី​របស់​លោក គឺ​ចំនួន ៤​ឆ្នាំ ៦​ខែ និង​ទោសពិន័យ​ជា​ប្រាក់​ចំនួន ៧,០០០,០០០(​ប្រាំ​ពីរលាន​)​រៀល ដែល​ត្រូវ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចប់​សព្វគ្រប់​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៧។ លោក​ថា ការសម្រេច​របស់​តុលាការ​គឺ​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក។

លោក សឺន ជុំជួន៖ «​បើ​យើង​និយាយ​ទៅតាម​ស្មារតី​ច្បាប់​នេះ​គឺ​នៅ​ពេល​ដែល​ទណ្ឌិត​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​គឺ​តុលាការ​ត្រូវ​តែ​មាន​ដីកា ការសម្រេច​ដោះលែង ទៅ​ខាង​ពន្ធនាគារ​ត្រឹមត្រូវ ដើម្បី​ឲ្យ​ខាង​មណ្ឌល​អប់រំ​កែប្រែ​ឬក៏​ពន្ធនាគារ​ដោះលែង​។ និយាយ​ជា​រួម​ទៅ បើ​ផ្អែក​ទៅតាម​ស្មារតី​ច្បាប់ មិន​ចាំបាច់​ដាក់ពាក្យ​ស្នើសុំ​ឲ្យ​ដោះលែង​ទេ គឺ​តុលាការ​មាន​កាតព្វកិច្ច​មួយ មើល​ទៅលើ​ស្មារតី​ច្បាប់​ហ្នឹង ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ឃុំខ្លួន​ទណ្ឌិត​ហ្នឹង​វា​លើស ខុស​នីតិវិធី​អី​ជាដើម គឺជា​កាតព្វកិច្ច​មួយ​សំខាន់​ណាស់​មិន​ចាំបាច់​តែ​មាន​ទណ្ឌិត​ឬក៏​មេធាវី​របស់​ទណ្ឌិត​ហ្នឹង ដាក់ពាក្យ​ស្នើសុំ​ទេ»។

កាលពី​ថ្ងៃទី​២៨ ខែមេសា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា បាន​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​ដោះលែង​កូនក្ដី​ឲ្យ​មាន​សេរីភាព បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​តាម​នីតិវិធី​ច្បាប់​តាំងពី​ថ្ងៃទី​២០ ខែ​មេសា។

តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា នៅក្នុង​សំណុំ​រឿង “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​” ឬ ចេញ​សែក​ស្អុយ តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍ អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការ​ទូទាត់​សង​ប្រាក់ ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣​លាន​រៀល ហើយ​ត្រូវ​ទូទាត់​បំណុល​ដល់​ហាង​បញ្ចាំ​ឈ្មោះ រិ​ន ឆាយ ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក ផង​ដែរ។

ចំណែក​សំណុំរឿង​ញុះញង់​មួយ​ទៀត តុលាការ​ផ្ដន្ទាទោស​ឲ្យ​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ ៣​ឆ្នាំ ទាក់ទង លោក​និយាយ​ពី​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម និង​ប្រវត្តិ ៧​មករា​នៅក្នុង​វេទិកា​ជាមួយ​អ្នកគាំទ្រ​នៅ​ក្រៅ​ប្រទេស កាលពី​ខែ​មករា​ឆ្នាំ​២០២៣។ការ​កាត់ទោស​លោក ថាច់ សេដ្ឋា ទាំងពីរ​សំណុំ​រឿង​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា ជា​រឿង​នយោបាយ​សុទ្ធសាធ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ដែល​មាន​ដើមកំណើត​ខ្មែរក្រោម ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ អំឡុង​ពេល ដែល​រដ្ឋាភិបាល​របស់​ត្រកូល​ហ៊ុន បើក​យុទ្ធនា​ការរារាំង និង​កម្ទេច​គណបក្ស​ប្រឆាំង នៅ​មុន​ការបោះឆ្នោត ដែល​លោក ហ៊ុន សែន និង​ក្រុម​មេដឹកនាំ​កំពូលៗ របស់​បក្ស​ប្រជាជន​កម្ពុជា ត្រៀម​ផ្ទេរអំណាច​ជា​ប្រព័ន្ធ​ឲ្យ​កូនៗ​របស់​ពួកគេ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​បន្ត​ឃុំខ្លួន​លោក ថាច់ សេដ្ឋា ជា​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ធ្លាក់ចុះ​ដុនដាប​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​វា​ក៏​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា បក្ស​កាន់អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍​នយោបាយ ដើម្បី​គាបសង្កត់ និង​បំបាក់ស្មារតី សំឡេង​ប្រឆាំង។

លោក សេង វណ្ណលី​​​​​​៖ «​នៅពេល​ដែល​ច្បាប់​ត្រូវ​បាន​យក​មក​អនុវត្ត​តាម​ទំនើងចិត្ត ឬ​តាម​ការ​បង្គាប់បញ្ជា​ពី​មជ្ឈដ្ឋាន​នយោបាយ នោះ​យុត្តិធម៌​សង្គម នឹង​ត្រូវ​រលាយ​សាបសូន្យ ហើយ​សិទ្ធិ​រស់រាន​របស់​ពល​រដ្ឋ​គ្រប់រូប​និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះអាសន្ន ដូច្នេះ​ការ​ដោះលែង​លោក ថាច់ សេដ្ឋា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ គឺជា​កិច្ចការ​ចាំបាច់​បំផុត ដើម្បី​បង្ហាញ​អំពី​ការគោរព​ច្បាប់​និង​ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើងវិញ​នៅ​លើ​ឆាក​អន្តរជាតិ ជៀសវាង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ ដែល​ប្រើប្រាស់​គុក​ច្រវាក់ ជា​មធ្យោបាយ ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ»។

អ្នកឃ្លាំមើល​សង្គម​កម្ពុជា លើកឡើង​ថា វិធានការ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រូល​ហ៊ុន ដែល​ធ្វើបាប​សកម្មជន​ប្រឆាំង ឬ​សកម្មជន​ប្រជាធិបតេយ្យ ដោយ​មិន​ញញើត​ច្បាប់​បែបនេះ គឺជា​ការបង្កើត​វិបត្តិ​ធ្វើ​ឲ្យ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ ហើយ​បន្សល់ទុក​តែ​ការឈឺចាប់ ពិបាក​ផ្សះផ្សា​គ្នា​ក្នុង​សង្គម​នៅ​ថ្ងៃ​អនាគត ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់តែ​ធ្លាក់​ចុះ​ខ្សោយ ហើយ​បរទេស​ជិត​ខាង​ប្រមាថមើលងាយ​ជាតិខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ