ពលរដ្ឋ​មួយចំនួន​ពុំ​សូវ​ចាប់អារម្មណ៍​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដោយសារ​បញ្ហា​ជីវភាព និង​គ្មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត

ទិដ្ឋភាពមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់តាំង​សេចក្ដីជូនដំណឹង​នានា នៅខេត្ត​កណ្ដាល។ រូប៖ គជប
ទិដ្ឋភាពមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់តាំង​សេចក្ដីជូនដំណឹង​នានា នៅខេត្ត​កណ្ដាល។ រូប៖ គជប

ពលរដ្ឋ​មួយចំនួន​ពុំ​សូវ​ចាប់អារម្មណ៍​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២៧ នោះ​ទេ ព្រោះ​រវល់​រកស៊ី ហើយ​ខ្លះទៀត ពុំ​សូវ​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​ថា នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ការ​លើកឡើង​នេះ ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ឱ្យទៅ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា បញ្ជី​បោះឆ្នោត មាន​ភាព​ពេញលេញ។

ទោះបី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០២៧ កាន់តែ​ខិត​ជិត​មកដល់ បញ្ហា​នយោបាយ​នៅ​កម្ពុជា នៅតែ​បន្ត​ជាប់​គាំង​ជាង​១​ទសវត្សរ៍​មក​ហើយ ខណៈ​ដែល​បញ្ហា នេះ​បាន​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ពលរដ្ឋ មិន​ឱ្យ​មាន​ភាព​ពុះកញ្ជ្រោល​តាមដាន​ការបោះឆ្នោត​ដូច​កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​ឡើយ ព្រោះ​ពួកគាត់​យល់ថា ការបោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង នា​ពេល​ខាងមុខនេះ គ្រាន់តែ​ជា «​ល្ខោន​នយោបាយ​»​របស់​គណបក្សកាន់អំណាច ដើម្បី​បន្លែបន្លំ​ផ្នែក​អន្តរជាតិ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី ពេជ្រ លីណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែសីហា​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​សឹងតែ​គ្រប់គ្នា ជួប​ការ​លំបាក​ជា​ខ្លាំង​រឿង​ជីវភាព ព្រោះ​រក​ចំណូល​ពុំ​សូវ​បាន ហើយ​គ្មាន​ការងារ​ធ្វើ​ត្រឹមត្រូវ និង​ស្ថិរភាព ដែល​ជា​ហេតុអ្វី​ឱ្យ​ពួកគាត់ លែង​សូវ​ចាប់អារម្មណ៍​លើ​ការ​បញ្ហា​ប្រទេសជាតិ និង​ដំណើរការ​នៃ​ការបោះឆ្នោត​។ រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​សូវ​ចាប់អារម្មណ៍​ទៀត​នោះ លោកស្រី​ថា គឺ​ការបោះឆ្នោត ហាក់​ពុំ​សូវ​មានការ​ប្រកួតប្រជែង ប្រកបដោយ​ស្មើភាព​គ្នា​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។

លោកស្រី ពេជ្រ លីណា៖ «​ម្នាក់ៗ​រវល់​រកស៊ី ហើយ​ការ​រកស៊ី​ឥឡូវ​ពិបាក ដូចជា​អត់​សូវ​ខ្វល់​រឿង​នយោបាយ ទាំង​គេ​ទាំង​ខ្ញុំ​។ ខ្ញុំ​ក៏​មិនទាន់​បាន​ទៅ​មើល​ដែរ និយាយ​ស្មោះត្រង់​ទៅ​។ និយាយ​ទៅ​ការបោះឆ្នោត​ប្រសិនបើ​ចង់​មាន​ប្រសិទ្ធភាព​បាន ត្រឹមត្រូវ ទល់​តែ​យើង​បើក​សិទ្ធិ​សេរីភាព​ឱ្យ គណបក្ស​គូប្រជែង​ហ្នឹង គាត់​បាន ដំណើរការ​បាន​ដោយ​រលូន ។ កុំ​មានការ​រារាំង​អី​ពួកគាត់​។ អ៊ីចឹង​ទៅ យើង​អាច​ប្រកួតប្រជែង​ដោយ​សេរី អ៊ីចឹង​ទៅ»។

រីឯ យុវតី​ម្នាក់ទៀត នៅ​ខេត្តតាកែវ កញ្ញា ហេង គឹមសួ យល់ឃើញ​ថា ស្របពេល​ស្ថានភាព​នយោបាយ នៅតែ​បន្ត​ជាប់​គាំង ហើយ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅតែ​កើតមាន កញ្ញា ហាក់​ពុំ​សូវ​ចាប់អារម្មណ៍​លើ​ការបោះឆ្នោត​នោះ​ទេ​។ ទោះជា​យ៉ាងណា កញ្ញា ចង់​ឃើញ​ដំណើរការ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០២៧-២០២៨ ខាង​មុន​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព និង​មាន​ភាពស្មើគ្នា​រវាង​គណ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។

កញ្ញា ហេង គឹមសួ៖ «ខ្ញុំ​ចង់​ឃើញ​គណបក្ស​នយោបាយ​ផ្សេងៗ មានការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ដោយ​យុត្តិធម៌ ហើយ​ចូលរួម​បង្កើន​យុត្តិធម៌​នៅក្នុង​ប្រទេស កម្ពុជា​ក៏ដូចជា ការ​ផ្ដល់​ការ​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា និង​ផ្ដល់​ភាព​រួម ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​រីក​ច្រើន និង​ជាពិសេស​បាន​ផលប្រយោជន៍​រួម​ទៅ​ប្រជាពលរដ្ឋ»។

ការ​លើក​ឡើង​នេះ ក្រោយពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នៅ ថ្ងៃទី​៣ ខែសីហា បាន​ជូនដំណឹង​ដល់​ពលរដ្ឋ ឱ្យទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា បញ្ជី​បោះឆ្នោត មាន​ភាព​ពេញលេញ ចាប់ពី​ថ្ងៃទី​០៧ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៦​។​ទន្ទឹមគ្នា​នោះ គ​.​ជ​.​ប​. ក៏បាន​ជូនដំណឹង​ដល់​គណបក្ស​នយោបាយ អង្គការ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ឱ្យ​ដាក់ពាក្យ​ស្នើសុំ ដាក់​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​នឹង​បើក​ទទួល​ពាក្យ​នៅ​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០២៦ ដល់​ថ្ងៃទី​២​កុម្ភៈ ឆ្នាំ​២០២៧។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​០៤ ខែ​សីហា។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​កម្ម​វិធី​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា ការបាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត និង​ការ​លែង​សូវ​ចាប់អារម្មណ៍​លើ​ដំណើរ​ការរៀបចំ​បោះឆ្នោត របស់​ពលរដ្ឋ គឺជា​កង្វល់​ដ៏​ធំ​របស់​ពលរដ្ឋ ដែល​កំពុង​ជួបប្រទះ ប៉ុន្តែ​លោក​ថា ករណីនេះ គឺជា​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ទៅវិញ​ទេ​។ លោក​អះអាង​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច ដូច្នេះ ពលរដ្ឋ​ត្រូវតែ​ព្យាយាម​យកចិត្តទុកដាក់​អំពី​បញ្ហា​នយោបាយ និង​បញ្ហា​ជាតិ​របស់​ខ្លួន។

លោក​ព្រួយបារម្ភ​ថា បើសិនជា​ប្រជាពលរដ្ឋ អត់​ខ្នះខ្នែង អត់​យកចិត្តទុកដាក់​តាមដាន​ត្រួតពិនិត្យ​ពី​ដំណើរ​នៃ​ការបោះឆ្នោត​ទេ បណ្ដោយ​ឱ្យ​អ្នកនយោបាយ ដឹកនាំ​កាច់ចង្កូត​តាម​អំពើ​ចិត្ត​បែបនេះ គឺជា​បញ្ហា​មួយ​ដែល​មិនអាច​ធ្វើ​ឱ្យ​សង្គមជាតិ​មួយ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ​។ លោក​បន្ត​ថា ការចូលរួម របស់​ពលរដ្ឋ​លើ​ការបោះឆ្នោត​គឺជា​ភាព​ចាំបាច់​បំផុត​ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​មានការ​ផ្លាស់ប្ដូរ​។ លោក​ទទូច​ឱ្យ​ពលរដ្ឋ​កុំ​អស់សង្ឃឹម ហើយ​ត្រូវ​ចូលរួម​ឱ្យ​សកម្មភាព​តាមដាន លើ​ដំណើរការ នៃ​ការរៀបចំ​ការបោះឆ្នោត ឃុំ​សង្កាត់​ឆ្នាំ​២០២៧ នា​ពេល​ខាងមុខ​នេះ។

លោក កន សាវាង្ស៖ «មែនទែនទៅ យើង​មានការ​អស់សង្ឃឹម​ទៅលើ​ស្ថានភាព​ដូចជា​បច្ចុប្បន្ន​ទាំង​សេដ្ឋកិច្ច​ទាំង​កិច្ច​ការងារ​នយោបាយ ប៉ុន្តែ ការចូលរួម​កាតព្វកិច្ច​ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​ឈ្មោះ​របស់​ខ្លួន​មាន​ហើយ​ឬ​នៅ មានលទ្ធភាព​ទៅ​បោះឆ្នោត​ពេញលេញ​ទេ ខ្លួន​អាច​នឹង​ចូលរួម​បោះឆ្នោត​ខាងមុខ​បានទេ អាហ្នឹង វា​ជា​រឿង​សំខាន់​ដែល​ប្រជាពលរដ្ឋ​ត្រូវតែ​គិត​ហើយ​ត្រូវតែ​ដឹង​។ ពីព្រោះ​មួយ​សន្លឹក​ឆ្នោត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គឺ ជា​ការ​ផ្លាស់ប្ដូរ​ជោគវាសនា​របស់​ប្រទេសជាតិ»។

កន្លងមក​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​វាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា ថា ទាំង​ប្រព័ន្ធ​តុលាការ និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ភាព​លំអៀង​ទៅ​រក​បក្ស​កាន់អំណាច​ជ្រុល ដែល​ធ្វើ​ឱ្យ​ការបោះឆ្នោត​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ជាពិសេស​មុន​ការបោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត គេ​តែង​ឃើញ​អាជ្ញាធរ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​និង​ផាត់​ចោល​គណបក្សប្រឆាំង​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម​។​

ជាក់ស្ដែង នៅក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០១៨ តុលាការ​កំពូល​បាន រក​លេស​គ្រប់បែបយ៉ាង ដើម្បី​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ឆ្នាំ​២០២៣ ក្រសួងមហាផ្ទៃ​ក៏បាន​ដកហូត​សិទ្ធិ គណបក្ស​ភ្លៀង​ទៀន មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត ថ្នាក់​ជាតិ​ទៀត ដោយ​ក្រសួង​អះអាង​ថា ខ្វះ​ឯកសារ​ដើម បញ្ជាក់​ពី​ការចុះបញ្ជី បក្ស​នៅ​ក្រសួងមហាផ្ទៃ​។ ករណីនេះ ពលរដ្ឋ​និង​ឃ្លាំមើល​រិះគន់​ថា ជា​ល្បែង​នយោបាយ​ទុច្ចរិត​របស់​គណបក្សកាន់អំណាច ដើម្បី​ផ្ដួល​គូប្រជែង​នយោបាយ​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ