

ពលរដ្ឋរស់នៅស្រុកឈូក ខេត្តកំពត ស្នើឲ្យ លោក ហ៊ុន ម៉ាណែត ជួយពន្លឿនឱ្យមន្ត្រីចុះវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ពីព្រោះពលរដ្ឋថា សព្វថ្ងៃមានក្រុមឈ្មួញធ្វើទុក្ខបុកម្នេញពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរមិនគួរសន្យាជាមួយពលរដ្ឋហើយ មិនអនុវត្តន៍នោះទេ។
ពលរដ្ឋរស់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជិត៥០នាក់ បានឡើងមករាជធានីភ្នំពេញ ស្នើសុំឲ្យ លោក ហ៊ុន ម៉ាណែត និងក្រសួងពាក់ព័ន្ធ ជួយពន្លឿនឱ្យមន្ត្រីក្រោមឱវាទ ចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ពលរដ្ឋបារម្ភខ្លាចក្រុមឈ្មួញមានអំណាច រំលោភយកដីធ្លីទាំងអស់នោះ ពីព្រោះសព្វថ្ងៃមានក្រុមឈ្មួញតាមធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋទាំងអស់នេះ។
តំណាងប្រជាពលរដ្ឋ លោកស្រី សូ ស្រីនិត អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ ខែឧសភាថា ពលរដ្ឋជិត៥០គ្រួសារ ឡើងមករាជធានីភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយពន្លឿនចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់ ពីព្រោះបច្ចុប្បន្នក្រុមឈ្មួញអះអាងថា ជាដីរបស់ពួកគេ ដែលបានទិញពី ឧកញ៉ា ប៉ែន នួន។ លោកស្រីបន្ថែមថា ពលរដ្ឋបានដាក់លិខិតស្នើឲ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយជាច្រើនសា ប៉ុន្តែអាជ្ញាធរមិនរកដំណោះស្រាយឲ្យប្រជាពលរដ្ឋឡើយ បើទោះបីជា អភិបាលខេត្តកំពត លោក ម៉ៅ ធនិន សន្យាដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋក្ដី។
លោកស្រី សូ ស្រីនិត៖ «អភិបាលខេត្ត ម៉ៅ ធនិន បានបើកវេទិកាសេរីសន្យាថាដោះស្រាយជូនខ្ញុំចំនួន៤៩គ្រួសារគាត់សន្យា ហើយគាត់គ្មានដំណោះស្រាយសោះរហូតដល់សព្វថ្ងៃនឹង សូមជួយឲ្យបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនខ្ញុំទាំង៤៩គ្រួសារនិងដោះស្រាយជាមួយឧកញ៉ា ប៉ែន នួន ដែរគាត់យកដីពួកខ្ញុំលក់ថា ជាដីរបស់គាត់»។
ពលរដ្ឋព្រមានថា ប្រសិនបើអាជ្ញាធរថ្នាក់ជាតិ មិនពន្លឿនរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនោះទេ ពួកគាត់នឹងឡើងមកភ្នំពេញម្ដងទៀត ដើម្បីតាមដាន និងជំរុញឲ្យក្រសួងរកដំណោះស្រាយឲ្យពួកគាត់ ពីព្រោះពលរដ្ឋបារម្ភខ្លាចក្រុមឈ្មួញ រំលោភយកដីធ្លីទាំងនោះ។ ពលរដ្ឋថា ពួកគាត់រស់នៅលើដីនោះតាំងពីយូរណាស់មកហើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៨ ខែឧសភា។
ចំណែកអនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរតែប្រញាប់រកដំណោះស្រាយឲ្យប្រជាពលរដ្ឋ ប្រសិនបើបន្តគេចវេះមិនរកដំណោះស្រាយឲ្យប្រជាពលរដ្ននោះទេ នឹងធ្វើឲ្យពលរដ្ឋលែងមានជំនឿទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាល និងអាជ្ញាធរ។
លោក យិន ម៉េងលី៖ «ពន្លឿនការចុះបញ្ជីដីធ្លី ព្រោះការចុះបញ្ជីរដីធ្លីនេះគឺជាយុទ្ធសាស្ត្រស្នូរមួយរបស់រដ្ឋាភិបាលដែរនៅក្នុងការចុះបញ្ជីរដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋដើម្បីទាក់ទាញក្រុមវិនិយោគផ្សេងៗទៀតមកធ្វើការវិនិយោគអញ្ចឹងពន្លឿនទៅតាមលទ្ធភាពឲ្យបានឆាប់ដើម្បីឲ្យប្រជាពលរដ្ឋគាត់មានទំនុកចិត្តថាបញ្ហាដីធ្លីគាត់ថា អាចមានសុវត្ថិភាពសម្រាប់គាត់»។
កាលពីថ្ងៃទី០៧ ខែឧសភា សមាគមអាដហុក បានចេញរបាយការណ៍ ដោយរកឃើញថា នៅក្នុងឆ្នាំ២០២៥ មានករណីវិវាទដីធ្លីកើតឡើងថ្មីចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យ ឬក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ឬស្មើនឹងមនុស្សជាង ១ ម៉ឺន ៤ពាន់ នាក់ (១៤៧៩៨ ) ក្នុងនោះ ជនជាតិដើមភាគតិចជាង ៧ពាន់នាក់ (៧៣៥១) ដែលប៉ះពាល់ ដីជាង ១សែនហិកតារ (១១៥,៤១៣)។
សមាគមអាដហុកថា វិវាទដីធ្លីចំនួន ៤៥ករណី គឺមាន២១ករណីទទួល រងការគំរាម កំហែងពីអ្នកមានអំណាច និងអ្នកមានទ្រព្យ ដែលបណ្តាលឲ្យតំណាង សហគមន៍ ចំនួន១៧៤នាក់ មិនហ៊ានចូលកន្លែងដីជម្លោះ ខណៈតំណាង ២នាក់ ត្រូវតុលាការឃុំខ្លួន។ ចំណែកតំណាង ២៥នាក់ទៀត កំពុងជាប់បណ្តឹងព្រហ្មទណ្ឌនៅតុលាការ និង២នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើកិច្ចសន្យាឲ្យឈប់តវ៉ា៕









