អតីតអ្នករស់នៅ​ជុំរុំ​ចាស់ និង​ទាហាន​ស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃ ករណីចោទពលរដ្ឋខ្មែររស់នៅក្នុងទឹកដីថៃ តាំង​ពី​សម័យ​សង្គ្រាម​ស៊ីវិល

0
103
រូបភាពផ្កាយរណបបង្ហាញ​ពី​ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​យោធាថៃ​បានឈ្លានពានយក ក្រោយថ្ងៃទី២៧ ធ្នូ​ ២០២៦។ រូប៖ លីកាដូ
រូបភាពផ្កាយរណបបង្ហាញ​ពី​ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​យោធាថៃ​បានឈ្លានពានយក ក្រោយថ្ងៃទី២៧ ធ្នូ​ ២០២៦។ រូប៖ លីកាដូ

ទាហាន និងប្រជាពលរដ្ឋដែលជាអតីតជនភៀសសឹកនៅ​ជុំរុំណងចាន់ ទាមទារឱ្យរដ្ឋាភិបាលប្ដឹងថៃទៅកាន់ស្ថាប័នតុលាការអន្តរជាតិ ក្នុងករណីតំណាងទូតរបស់ថៃប្រចាំនៅអង្គការសហប្រជាជាតិ បានចោទថា ទីតាំងដែលយោធាថៃកំពុងកាន់កាប់ និងមានជម្លោះជាមួយកម្ពុជា គឺជាទឹកដីរបស់ថៃ ដែលភាគីថៃបានអនុញ្ញាតឱ្យពលរដ្ឋខ្មែររស់នៅក្នុងអំឡុងសង្គ្រាមស៊ីវិល។ ពលរដ្ឋខ្មែរថា ការលើកឡើងរបស់តំណាងភាគីថៃនេះ គឺជាការកុហកទាំងស្រុង ព្រោះទីតាំងដែល​ថៃកំពុង​ឈ្លានពាន ដែលស្ថិតនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ គឺជាអតីត​ជុំរុំ​ចាស់ ដែលពលរដ្ឋខ្មែរ​បន្តរស់នៅក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យពលរដ្ឋធ្វើមាតុភូមិនិវត្ត។

អតីតជនភៀសខ្លួន​សម័យ​ទសវត្សឆ្នាំ៨០ លើកឡើងថា ពួកគាត់គឺជាសាក្សីរស់ដែលអាច​បញ្ជាក់​ថា ទឹកដីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នោះ​គឺជាទីតាំងជំរំភៀសខ្លួនដំបូងគេដែលស្ថិតក្នុងទឹកដីកម្ពុជាយ៉ាងជាក់ច្បាស់ ដោយអតីតជនភៀសខ្លួន និងកងកម្លាំងចលនាតស៊ូរាប់ម៉ឺននាក់ បាន​សង់ខ្ទម​បាំងស្លឹករស់នៅ​ក្នុងតំបន់​នេះ​រាប់​ឆ្នាំ ទម្រាំ​អង្គការ​សហប្រជាជាតិ ជួលដីថៃបង្កើតជុំរុំ​ថ្មី។

ពលរដ្ឋម្នាក់ដែលជាអតីតជនភៀសសឹកនៅ​ជុំរុំ​ណងចាន់ គឺលោកស្រី នី រំដួល បាន​អះអាងប្រាប់​ទូរទស្សន៍​អាស៊ីសេរីថា ទឹកដីភូមិជោគជ័យ ព្រៃចាន់ គឺជាទីតាំងជំរុំណងចាន់ ឬជុំរុំ​ចាស់ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាពិតប្រាកដ ដោយដំបូងឡើយទីតាំងជំរំនេះគឺជាតំបន់ព្រៃ ដែលនៅជាប់នឹងភូមិណងចាន់(Ban Norng Chan) របស់ថៃ ទើបពលរដ្ឋខ្មែរកាលនោះ បានហៅជុំរុំនេះថា «ណងចាន់» ដើម្បីកំណត់ឈ្មោះទីតាំងបណ្ដោះអាសន្ន។ លោកស្រីស្នើឱ្យរដ្ឋាភិបាល ប្រញាប់ប្ដឹងថៃទៅកាន់ស្ថាប័នតុលាការអន្តរជាតិ ដើម្បីកុំឱ្យភាគីថៃនិយាយបកស្រាយប្រវត្តិសាស្រ្តជាឯកតោភាគីស្រេចតាមចិត្ត ដែលបង្កើតឱ្យមានការភាន់ច្រឡំ និងបង្កើតទៅជាទិន្នន័យក្លែងក្លាយ។ «»

ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

លោកស្រី នី រំដួល បានអះអាងបន្ថែមថា ក្រោយមក នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រជាពលរដ្ឋធ្វើមាតុភូមិនិវត្តចូលមករស់នៅក្នុងភូមិស្រុកវិញ បន្ទាប់ពីមានការបោះឆ្នោតដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC)។ លោកស្រីបន្តថា កាលនោះជនភៀសខ្លួនមួយចំនួនបានត្រឡប់ទៅរស់នៅក្នុងស្រុកភូមិវិញ ខណៈពលរដ្ឋមួយចំនួន ដែលភាគច្រើនជាក្រុមគ្រួសាររបស់យោធាការពារព្រំដែន បានបន្តរស់នៅក្នុងតំបន់ជុំរុំ​នេះ រហូតបង្កើតទៅជាភូមិជោគជ័យ និងព្រៃចាន់មកដល់សព្វថ្ងៃ។ លោកស្រីបញ្ជាក់ថា ពលរដ្ឋខ្មែរដែលរស់នៅសល់ជីវិតពីសង្គ្រាម​គ្រាប់ផ្លោង​កាលពីសម័យនោះគ្មានលទ្ធភាពដើម្បីចូលទន្ទ្រានទឹកដីថៃបានមួយចង្អាមនោះឡើយ ផ្ទុយទៅវិញគឺប្រទេសថៃទៅវិញទេ ដែលឆ្លៀតឱកាសក្នុងពេលកម្ពុជាមានសង្គ្រាមស៊ីវិល បានលួចរំកិលបង្គោលព្រំដែនជាច្រើនគីឡូម៉ែត្រ ចូលក្នុងទឹកដីកម្ពុជា នៅទីតាំងតំបន់អាងសិលា និងបន្តឈ្លានពានក្នុងទឹកដីកម្ពុជា រហូតដល់សព្វថ្ងៃ។

លោកស្រី នី រំដួល៖ «អាពាក្យថា វាឱ្យយើងនៅហ្នឹងយើងទៅសុំនៅហើយយើងបដិសេធហ្នឹងអាត្រង់ហ្នឹងគឺមិនមែនទេ មិនមានខ្មែរយើងណាទៅសុំទឹកដីវានៅអីទេ គ្រាន់តែពាក្យហ្នឹងវាជាពាក្យដែលវារៀបចំនិយាយឱ្យសង្សឹងសាច់រឿងទេ»។

ការថ្លែងរបស់ពលរដ្ឋខ្មែររូបនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក ឈើតឆៃ ឆៃវ៉ៃវិទ (Cherdchai Chaivaivid) បានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ ថា តំបន់ទឹកដីដែលថៃកំពុងកាន់កាប់ និងមានជម្លោះជាមួយកម្ពុជា គឺជាទឹកដីរបស់ថៃ។ លោកបានអះអាងថា ប្រទេសថៃធ្លាប់បានអនុញ្ញាតឱ្យជនភៀសខ្លួនខ្មែរស្នាក់នៅលើទឹកដីថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែប្រជាពលរដ្ឋខ្មែរទាំងនោះ មិនព្រមត្រឡប់ទៅប្រទេសកម្ពុជាវិញ។

ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ការអះអាងរបស់តំណាងថៃរូបនេះ គឺសំដៅទៅលើតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលយោធាថៃបានរាយបន្លាលួស និងតម្រៀបទូកុងតឺន័រឈ្លានពានយកពីកម្ពុជា ក្នុងអំឡុងសង្គ្រាមតាមព្រំដែន។ ក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ាថា ទីតាំងដែលយោធាថៃបានចូលកាន់កាប់ក្នុងទឹកដីកម្ពុជានេះ គឺចូលជ្រៅលើសពីទីតាំងដែលភាគីថៃបានទាមទារស្របតាមផែនទីខ្នាត ១/២០០.០០០ ដែលថៃបានគូសដោយខ្លួនឯងទៅទៀត។

អតីតទាហានម្នាក់ ដែលធ្លាប់ឈរជើងនៅជុំរុំ​តាមព្រំដែនថៃ គឺលោក ហួន សារ៉ាវុធ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា តំបន់ដែលយោធាថៃបានឈ្លានពានចូលកាន់កាប់នោះ គឺជាទឹកដីរបស់កម្ពុជាដែលមានបន្សល់ទុកដានប្រវត្តិសាស្រ្ត និងទីតាំងច្បាស់លាស់នៅក្នុង​ផែនទី​ភូមិសាស្រ្តរបស់ចលនាតស៊ូខ្មែរ កាលពីសម័យសង្គ្រាម។ លោកបន្តថា តំបន់ទាំងនោះរួមមាន តំបន់ជុំរុំ​ចាស់ តំបន់និម្មិត សូរិយា ស្វារអិល ស្រះឫស្សី និងស្រះទឹក ជាដើម។ លោកបន្តថា ជុំរុំ​ណងចាន់ គឺមានចំនួន ២ទីតាំងផ្សេងគ្នា ដោយមួយគឺជាជុំរុំ​ចាស់ ដែលតាំងនៅក្នុងទឹកដីកម្ពុជា កើតឡើងពីខ្មែរក្រហមដែលបាក់ទ័ព និងពលរដ្ឋដែលរត់ភៀសទៅជាយដែន ដោយមានលោក កែវ កុត គឺជាប្រធានជុំរុំបណ្ដោះអាសន្ន និងលោក ជា ឬទ្ធីឈុត ដែលជាសមាជិករណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ គឺជាអ្នកគ្រប់គ្រងបន្ត។

លោក ហួន សារ៉ាវុធ៖ «ភូមិទាំងអស់ហ្នឹង វាស្ថិតនៅក្នុងច្រកទង្គិចខ្លួនខ្មែរយើងតាំងពីចិតប្រាំបួនមក រួចមានចលនាតស៊ូក៏នៅហ្នឹងដែរ មិនមែននៅក្នុងទឹកដីថៃទេ ថៃគេមិនឲ្យមានកងទ័ពតស៊ូប្រដាប់អាវុធនៅរស់នៅលើទឹកដីគេទេ ហើយថៃក៏គេជួយគាំទ្រផ្តល់ជាផ្លូវសម្រាប់ដឹកជញ្ជូនយកមកឱ្យកងទ័ពទាំងអស់ហ្នឹងហើយកងទ័ពហ្នឹងថៃវាអាងដែរវាថាជាតំបន់ត្រណាប់ជាខ្សែត្រណាប់មួយសម្រាប់នៅពីមុខព្រំដែនថៃ ពេលណាវៀតណាមវាយទៅអីទៅបានពួកកងទ័ពតស៊ូហ្នឹងឯងនៅមុខហ្នឹង»។

អតីតទាហានរូបនេះ លើកឡើងបន្ថែមថា ចំពោះជុំរុំណងចាន់ទី២ ឬជុំរុំណងចាន់ថ្មីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៤  នៅក្នុងបរិវេណជុំរុំសាយធូ (Site two) និងខ្លះទៀតទៅជុំរុំខៅអ៊ីដាង ស្ថិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីអង្គការសហប្រជាជាតិ ជួលដីថៃដើម្បីប្រមូលជុំរុំជនភៀសខ្លួនក្នុងទឹកដីខ្មែរ យកទៅដាក់បញ្ចូលគ្នា ដោយសារកងទ័ពវៀតណាម កងទ័ពខ្មែរក្រហម និងកងទ័ពថៃ បានប្រយុទ្ធគ្នា និងយកជុំរុំដែលនៅលើទឹកដីខ្មែរជាគោលដៅវាយប្រហារ។

ទាក់ទិននឹងរឿងនេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ដោយបដិសេធទាំងស្រុងចំពោះការអះអាងរបស់តំណាងថៃប្រចាំអង្គការសហប្រជាជាតិ ដែលចោទថាប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ បានចូលរស់នៅលើទឹកដីថៃ។ ក្រសួងមហាផ្ទៃ លើកឡើងថា ប្រសិនបើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនអះអាងជាទឹកដីរបស់ខ្លួនមែននោះ ភាគីថៃគួរតែយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។

ដូចគ្នានេះដែរ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thom Andrews) បានលើកឡើងពីស្ថានភាពជនភៀសសឹកខ្មែរ និងទទួលស្គាល់ថា ពួកគេមិនអាចវិលត្រឡប់ទៅភូមិកំណើតវិញបាន ដោយសារកងទ័ពថៃ នៅតែបន្តកាន់កាប់ភូមិរបស់ពួកគេ។

ជុំវិញរឿងនេះ ប្រធានក្រុមអ្នកច្បាប់អមរិន្ទលោកមេធាវី សុក សំអឿន ដែលជាអតីតអ្នកជំនាញបណ្ដុះបណ្ដាលប៉ូលិស នៅតាមជុំរុំ​ព្រំដែន បានប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរថា លោកបានរស់នៅតាមជុំរុំជាយដែនក្នុងទឹកដីខ្មែរតាំងពីឆ្នាំ១៩៧៩ រហូតដល់ថ្ងៃបិទជុំរុំសាយធូក្នុងទឹកដីថៃ នៅខ្សែឡានចុងក្រោយកាលពីឆ្នាំ១៩៩៣។ លោកបានពន្យល់ថា ជុំរុំ​ណងចាន់ គឺស្ថិតនៅក្នុងទឹកដីខ្មែរ ព្រោះជុំរុំ​នេះមានចលនាតស៊ូខ្មែរ ខណៈជុំរុំ​ក្នុងទឹកដីថៃគឺគេមិនអនុញ្ញាតិឱ្យមានកងទ័ពតស៊ូនោះទេ ដោយកត្តានេះ ភាគីកម្ពុជាអាចមានភស្តុតាងរឹងមាំសម្រាប់ប្ដឹងថៃបាន។

អតីតជនភៀសខ្លួន និងអតីតយុទ្ធជន ដែលធ្លាប់តស៊ូនៅជុំរុំណងចាន់ចាស់ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់ប្ដឹងថៃក្នុងករណីឈ្លានពានទឹកដីកម្ពុជានេះ ទៅកាន់ស្ថាប័នតុលាការអន្តរជាតិ ឱ្យទាន់ពេលពួកគាត់នៅមានជីវិត ដែលពួកគាត់អាចចូលរួមធ្វើជាសាក្សីបង្ហាញពីការពិតបាន។ ពួកគាត់ថា ការណ៍ដែលរដ្ឋាភិបាលបណ្ដោយឱ្យភាគីថៃ បំភ្លៃប្រវត្តិសាស្ត្របែបនេះ បានធ្វើឱ្យពួកគាត់ឈឺចាប់ បន្ថែមពីលើសកម្មភាពឈ្លានពានរបស់យោធាថៃ។

យ៉ាងណាក៏ដោយចុះ អតីតកងកម្លាំងតស៊ូមួយចំនួនបានសង្ស័យថា រដ្ឋាភិបាលមានចេតនា កប់រឿងជុំរុំជនភៀសខ្លួននៅតំបន់ព្រំដែនចោល ដោយសាររឿងនេះមានជាប់ពាក់ព័ន្ធនឹងរឿងដែលវៀតណាម ដែលត្រូវបានគេចោទថា បានព្យាយាមដាក់អាណានិគមមកលើកម្ពុជា តាមរយៈការបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅជុំរុំណងចាន់ចាស់ ដែលបង្កឡើងដោយកងទ័ពវៀតណាម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ