

ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានបង្កផលប៉ះពាល់ផ្ទះពលរដ្ឋជាង១ពាន់ខ្នង និងផលដំណាំរាប់សិបហិកតារ នៅក្នុងឃុំចំនួន៤ នៃស្រុកឯកភ្នំ ក្រោយពីអាជ្ញាធរខេត្តបានបើកទំនប់ទឹកសាលាតាអន ដែលតភ្ជាប់នឹងដងស្ទឹងសង្កែ។ ពលរដ្ឋព្រួយបារម្ភថា ប្រសិនបើទឹកនៅតែបន្តលិចយូរនឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋ ហើយផលដំណាំនឹងត្រូវរលួយអស់។
ទឹកជន់លិចនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង់នៅរដូវវស្សាឆ្នាំនេះ ហាក់ធ្ងន់ជាឆ្នាំមុនៗ ដែលធ្វើឱ្យប៉ះពាល់ផ្ទះពលរដ្ឋ វត្តអារាម និងសាលារៀន ជាច្រើនកន្លែង ខណៈដែលផលដំណាំស្រូវ ពោត សណ្ដែក និងត្រសក់ជាដើម នឹងត្រូវរងការខូចខាតស្ទើរតែទាំងស្រុង ប្រសិនបើទឹកបន្តលិច។
តាមរយៈរូបភាព និងវីដេអូជាច្រើនដែលពលរដ្ឋនៅស្រុកឯកភ្នំបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញផ្ទះអ្នកភូមិជាច្រើន លិចទឹក ធ្វើឱ្យអ្នកភូមិខ្លះ ព្រួយបារម្ភពីសុវត្ថិភាព ខ្លាចមានសត្វអាសិរពិស និងទឹកបន្តកើនឡើង ក៏សម្រេចចាក់សោផ្ទះចោល ហើយទៅរស់នៅជាមួយសាច់ញាតិនៅភូមិផ្សេង។ ទន្ទឹមគ្នានោះ គេក៏ឃើញមានសាលារៀន វត្តអារាម និងវាលស្រែចម្ការមួយចំនួន របស់អ្នកភូមិនៅក្នុងឃុំព្រែកនរិន្ទ ឃុំ ព្រែក ហ្លួង ឃុំព្រែកខ្ពប និងឃុំសំរោង ក្នុងស្រុកឯកភ្នំ បានលិចលង់ទៅ។
អាជ្ញាធរស្រុកឯកភ្នំ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៣១ ខែសីហាថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំ ពលរដ្ឋ ចំនួន ០៤ឃុំ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ហើយមានផ្ទះពលរដ្ឋជាង១ពាន់៤រយ(១,៤៦៧) ខ្នងផ្ទះ និងដំណាំស្រូវ ជាង១ពាន់ (១,១៤១) ហិកតារ ហើយដំណាំពោត សណ្ដែក ជាដើម ជាង១ហិកតារ និង ផ្លូវថ្នល់ចំ នួន ៤៨ទីតាំង បានរងផលប៉ះពាល់។
បន្ថែមពីលើនោះ នៅថ្ងៃទី០១ កញ្ញានេះ អាជ្ញាធរខេត្តបាត់ដំបង បានបង្ហោះនៅលើហ្វេសប៊ុកថា ស្ថានភាពទឹកស្ទឹងសង្កែ បានស្រកចុះ ជាងមុន ប៉ុន្តែផ្ទះពលរដ្ឋខាងក្រោមនៃដងស្ទឹងសង្កែ នៅតែរងការលិចលងដដែល។ ករណីនេះ អាជ្ញាធរស្រុកឯកភ្នំ នៅថ្ងៃដដែល ក៏បានជូនដំណឹងឱ្យពលរដ្ឋបន្តប្រុងប្រយែង ហើយរក្សាសុវត្ថិភាព ដើម្បីបង្ការបញ្ហាផ្សេងៗ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក ខៃ សុជា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ការលិចលង់របស់អ្នកភូមិស្រុកឯកភ្នំ គ្រាន់តែជាការលិចលង់តិចតួច ដោយលោកថា ទឹកទាំងនេះនឹងស្រក់ទៅវិញក្នុងពេលឆាប់ៗ។ ប៉ុន្តែលោកផ្ដាំ ឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់។
លោក ខៃ សុជា៖ «ទឹកមកវាខ្លាំងហួសហេតុពេក យើងក៏បានបើកមកតាមស្ទឹងសង្កែនេះបាទ ហើយធ្វើឱ្យកម្រិតកម្ពស់ទឹកស្ទឹងនេះវាហក់ឡើងខ្ពស់បង្គួរដែរ បាទ។ អញ្ចឹងមានផ្នែកខ្លះៗនៅស្រុកឯកភ្នំ គឺមានការលិចលង់ខ្លះៗតាមផ្លូវដងស្ទឹងបាទ។ នេះជាមូលហេតុដែលធ្វើឱ្យមានការលិចខ្លះៗនៅស្រុកឯកភ្នំនេះបាទ»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងអភិបាលស្រុកឯកភ្នំ លោក ប៊ី សុភាព ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែកញ្ញា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ថា បញ្ហាទឹកជន់លិច នៅតាមបណ្ដាខេត្ត ក៏ដូចជាខេត្តបាត់ដំបង់ នៅឆ្នាំនេះ ហាក់មានសភាពខ្លាំងជាងមុន។ លោកសង្ឃឹមថា អាជ្ញាធរនឹងជួយរកដំណោះស្រាយជូនពលរដ្ឋឱ្យបានលឿនរហ័ស ជាពិសេស ការគិតគូរពីសុវត្ថិភាព និងសុខភាពពលរដ្ឋជាចម្បង។ ក្រៅពីនោះ ក្រោយពីទឹកស្រកវិញ លោកថា អាជ្ញាធរ ត្រូវជួយផ្ដល់ថវិកា និងជំនួយផ្សេងៗដើម្បីស្ដារជីវភាពពលរដ្ឋឡើងវិញ មិនត្រូវទុកពលរដ្ឋឱ្យរស់នៅវេទនានោះឡើយ។
លោក យិន ម៉េងលី៖ «អាជ្ញាធរត្រូវតែត្រៀមលក្ខណៈនៅក្នុងរដូវទឹកសម្រកឡើងវិញ បាទ ជួយដល់ប្រជាពលរដ្ឋដូចជាបញ្ហាទៅលើពូជស្រូវ បញ្ហាស្បៀងរយៈពេលខ្លី បញ្ហាការផ្ដល់ផ្នែកសុខាភិបាល បាទ។ ហើយបើមានជាការលិចលង់នោះមានលក្ខណៈធ្ងន់ធ្ងរនៅចំពោះមុខ អាជ្ញាធរក៏ត្រូវតែត្រៀមលក្ខណៈក្នុងការរំដោះ ក្នុងការជួយ រកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ…»។
ពលរដ្ឋ និងសង្គមស៊ីវិលលើកឡើងថា គ្រោះទឹកជំនន់ ថ្វីត្បិតថាជាគ្រោះធម្មជាតិក្ដី អាជ្ញាធរពាក់ព័ន្ធត្រូវទទួលខុសត្រូវលើផលប៉ះពាល់របស់ពលរដ្ឋឱ្យបានត្រឹមត្រូវ ជាពិសេសផលប៉ះពាល់ដំណាំ និងផ្ទះសម្បែង។ ពួកគាត់ថា កន្លងទៅ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ គេតែងតែឃើញអាជ្ញាធរចុះផ្ដល់អំណោយ ដូចជាអង្ករ ត្រីខ និងសម្ភារៈមួយចំនួនក៏ចប់ ប៉ុន្តែការជួយស្ដារជីវភាពពលរដ្ឋឡើងវិញ តាមរយៈការផ្ដល់ដើមទុនឱ្យប្រកបរបររកស៊ីឡើងវិញបែរជាគ្មាន ដែលធ្វើឱ្យពលរដ្ឋមិនអាចរួចផុតពីជីវភាពក្រីក្រ ខណៈដែលពួកគាត់ត្រូវតស៊ូយ៉ាងខ្លាំងដើម្បីក្រោកឈរដោយខ្លួនឯង៕









