

អតិថិជនទិញផ្ទះនិងដីឡូតិ៍ របស់ក្រុមហ៊ុនភូមិខ្មែរ អះអាងថា អាជ្ញាធរខេត្តស្វាយរៀងលែងឆ្លើយតបនឹងការទាមទារដំណោះស្រាយរបស់ពលរដ្ឋរងគ្រោះ ហើយបង្ខំឱ្យអតិថិជនទៅយកដី ដែលមានតម្លៃថោកជិត ព្រំដែនវៀតណាមជាសំណង។ សង្គមស៊ីវិលថា បើរដ្ឋាភិបាលមិនដោះស្រាយ ឱ្យ មានតម្លាភាពទេ នោះនឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ ហើយនឹងប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិទាំងមូល។
ពលរដ្ឋរងគ្រោះ ដែលទិញផ្ទះនិងដីឡូតិ៍ ពីក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង អះអាងថា ជម្លោះរវាងក្រុមហ៊ុននេះ ជាមួយអតិថិជនរាប់ពាន់នាក់ មានរយៈពេល ៦ឆ្នាំហើយ ប៉ុន្តែ មកដល់ពេលនេះ អាជ្ញាធរខេត្តស្វាយរៀង ធ្វើមិនដឹងមិនឮនឹង ការទាមទាររបស់ពលរដ្ឋរងគ្រោះឡើយ។ ក្រុមហ៊ុនភូមិខ្មែរគ្រុប មានលោក សោម សុធា ជាអគ្គនាយក ហើយលោកនេះ ជាសាច់ញាតិរបស់លោក ដូង តារា ដែលជាជំនួយការអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពលរដ្ឋរងគ្រោះ នៅខេត្តស្វាយរៀង លោក ប៊ូ ឡន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅ ថ្ងៃទី១៦ ខែកក្កដា ថា លោកនិយាយអ្វីលែងចេញហើយ ពីព្រោះ អាជ្ញាធរខេត្តស្វាយរៀងស្ងាត់ឈឹង និងមិនអើពើ រហូតដល់លែងឆ្លើយតប នឹងសារទាមទារ របស់ពលរដ្ឋរងគ្រោះ និងទុកឱ្យជម្លោះ នៅតែគ្មានដំណោះស្រាយដដែល។ លោកថា បញ្ហានេះ ធ្វើឱ្យពលរដ្ឋមួយចំនួន ស្ទើរតែគិតខ្លីលែងចង់រស់ផង ដោយ សារតែទិញផ្ទះមិនបានផ្ទះ ទិញដីមិនបានដី ហើយត្រូវវ័ណ្ឌកដោយបំណុលដ៏ច្រើន សន្ធឹកសន្ធាប់។
លោក ប៊ូ ឡន ឱ្យដឹងថា ដោយមូលហេតុសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ សព្វថ្ងៃ លោកគ្មានប្រាក់ចំណូលទៀងទាត់ទេ ហើយត្រូវជាប់បំណុលធនាគារ ជាង ៣ម៉ឺនដុល្លារ និងត្រូវបង់សងធនាគារ ជាង ៤០០ដុល្លារ ក្នុងមួយខែ ដែលជាបន្ទុកដ៏ធ្ងន់។ លោកអះអាងថា ពលរដ្ឋតូចតាច និងគ្មានអំណាចដូចលោក ពិតជាពិបាកណាស់ ពីព្រោះ រងតែភាពអយុត្តិធម៌ ពីការដោះសារបស់អាជ្ញាធរ ដែលចេះតែបោកប្រាស់ពលរដ្ឋ ឱ្យរង់ចាំ ហើយពន្យារពេលរាប់ឆ្នាំ គ្មានដំណោះស្រាយ។
លោក ប៊ូ ឡន៖ «រាប់ពាន់នាក់អត់ទាន់ដោះស្រាយ សាលាខេត្តចេះតែថា ដោះស្រាយឱ្យរង់ចាំមើលស្ងាត់ឈឹងរហូត អត់មានរវល់ការងារហ្នឹងផង ចេះតែពន្យារៗឱ្យតែរួចៗទៅ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តស្វាយរៀងលោក ប៉េង ពោធិ៍សា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៦ ខែកក្កដា។
ពលរដ្ឋរងគ្រោះ លើកឡើងថា ពួកគាត់នាំគ្នាយកលុយទៅទិញដីនិងផ្ទះ ពីក្រុមហ៊ុនរបស់លោក សោម សុធា ដោយសារពួកគាត់ឃើញអ្នកជំនួញរូបនេះជិតស្និទ្ធ ជាមួយអតីតជំនួយការរបស់លោក ហ៊ុន សែន គឺលោក ដួង តារា។ លោក ដួង តារា នេះហើយ ដែលបានថ្លែងការពារគម្រោងលក់ដីឡូតិ៍និងផ្ទះរបស់លោក សោម សុធា ដោយចំហ ធ្វើឱ្យពលរដ្ឋមានទំនុកចិត្តជាខ្លាំង។ បច្ចុប្បន្ន អ្នកទាំងពីរកំពុង ជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងអំពើឆបោកពលរដ្ឋ។
អតិថិជនរងគ្រោះម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែកក្កដាថា លោកស្រី បង្ខំចិត្តទទួលយកដី នៅកន្លែងផ្សេង ដែលមានតម្លៃ ថោកខ្លាំង ជាងទីតាំងដែលអ្នកស្រីបានទិញពីក្រុមហ៊ុន តាមការណែនាំពីអាជ្ញាធរ ខេត្ត ពីព្រោះលោកស្រីបារម្ភថា បើមិនទទួលយក លោកស្រីនឹងមិនបានអ្វីទាំងអស់។ លោកស្រីថា លោកស្រីបានចំណាយប្រាក់ជាង ១ម៉ឺនដុល្លារ ទិញដី ៣ប្លង់ នៅតំបន់មរតកថ្មស ស្ថិតក្នុងឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង តែអាជ្ញាធរ ឱ្យដីនៅតំបន់បាវិត ជិតព្រំដែនវៀតណាម ដែលមានតម្លៃថោកជំនួសវិញ។
ពលរដ្ឋ៖ «ដីដែលខ្ញុំទិញនៅជិតផ្សារ ដីនៅនោះឆ្ងាយដែរ វាអត់តម្លៃប៉ុណ្ណា គ្នាទេតម្លៃធូរថ្លៃជាងគ្នាដែលខ្ញុំខំតវ៉ាយូរហើយ តែខ្ញុំខ្លាចអត់ខ្ញុំក៏ទទួលយកនិយាយទៅមិនយុត្តិធម៌ទេ ខ្ញុំទទួលយកទាំងមិនចង់ តែបើខ្ញុំមិនយកមានតែអត់»។
អតិថិជនម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះដែរ លើកឡើងថា លោកខកចិត្ត ដែលរដ្ឋាភិបាល បែរជារុញឱ្យពួកគាត់ដែលរងគ្រោះហើយ ទៅទទួលយកដីនៅ ជិតព្រំដែនវៀតណាម ដែលឆ្ងាយដាច់សង្វែងពីផ្ទះ និង មិនដែលស្គាល់។ លោកថា ដំណោះស្រាយបែបនេះ គឺជាការរងគ្រោះមួយជាន់ទៀត។
ពលរដ្ឋ៖ «សំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយ ឱ្យបានជិតដីនៅស្រួល ប្រជាពលរដ្ឋអាចប្រកបអាជីវកម្មអីបាន ហើយទៅព្រំដែនមនុស្ស នៅកណ្ដាលប្រទេសព្រំដែន ទៅយកធ្វើអី ឱ្យរដ្ឋាភិបាលជួយដោះបន្ទុកប្រជាពលរដ្ឋ ច្រើនបន្តិចទៅ កុំឱ្យថា រងគ្រោះហើយទៅពិបាក ដីគេមិនដែលស្គាល់ គេមិនដែលអី»។
លោក សោម សុធា បានបង្កើតក្រុមហ៊ុនភូមិខ្មែរគ្រុប កាលពីឆ្នាំ២០១៦ និងរកស៊ីយ៉ាងផុលផុសក្នុងឆ្នាំ២០២២ ដោយវិនិយោគលើវិស័យកសិកម្ម ភោជនីយដ្ឋាន គម្រោងដីឡូត៍ និងផ្ទះល្វែង ដែលឈរជើងនៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះមាន បុត្រសម្ព័ន្ធជាច្រើនទៀត រួមមាន ភូមិពងទាខ្មែរ ភូមិកាហ្វេ និងភូមិមរតក ដែលជាវិស័យអចលនទ្រព្យ។
ក្រោយដំណើរការបានប្រហែល ៥ឆ្នាំ ក្រុមហ៊ុនមួយនេះ បានអះអាងថា មានបញ្ហា សេដ្ឋកិច្ច ខណៈអគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមបទចោទឆបោក ពលរដ្ឋ ទាក់ទងរឿងប្រមូលលុយពីពលរដ្ឋក្រោមរូបភាពវិនិយោគឱ្យការប្រាក់ ៤.៤ ភាគរយក្នុងមួយខែ និងពាក់ព័ន្ធការលក់ដីខ្យល់ ឱ្យអ្នកភូមិរាប់រយគ្រួសារ នៅខេត្តស្វាយរៀង។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុកលោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែកក្កដា ថា ប្រជាពលរដ្ឋច្រើនពាន់គ្រួសារណាស់ ដែលបានចំណាយប្រាក់សន្សំ ប្រាក់ចំណូលប្រចាំខែ និង ប្រាក់ជំពាក់ធនាគារជាដើម ដើម្បីទិញផ្ទះ និងដី ពីក្រុមហ៊ុននានា ដោយសង្ឃឹមថា នឹងទទួលបានជម្រកសមរម្យ និងផលចំណេញខ្លះ។ លោកថា មូលហេតុដែលប្រជាពលរដ្ឋ ហ៊ានចំណាយវិនិយោគដូច្នេះ ពីព្រោះ ពួកគាត់មើលឃើញថា ក្រុមហ៊ុនទាំងនោះ មានដំណើរការក្រោមអាជ្ញាប័ណ្ណរបស់រដ្ឋ។
លោក យិន ម៉េងលី ថា ករណីបែបនេះ ទាមទារឱ្យអ្នកដឹកនាំរដ្ឋាភិបាលចេញមុខដោះស្រាយ ឱ្យមានតម្លាភាព។ លោកថា បើមិនដូច្នោះទេ អ្នកវិនិយោគល្អៗ និងប្រជាពលរដ្ឋខ្មែរ បាត់ជំនឿលើប្រព័ន្ធពាណិជ្ជកម្មកម្ពុជា ហើយនេះនឹងបង្កើតបញ្ហា ដល់សេដ្ឋកិច្ចជាតិទាំងមូល។
លោក យិន ម៉េងលី៖ «ក្រសួងឬប្រមុខរដ្ឋាភិបាលលោកលូកដៃ ដើម្បីធ្វើអន្តរាគមន៍ ដើម្បីស្ដារបញ្ហានេះឡើងវិញ ។ បញ្ហានេះ មិនមែនប៉ះពាល់ដល់អ្នកវិនិយោគប៉ុណ្ណឹងទេ មួយក្រុមតូចដែលធ្វើឱ្យប៉ះពាល់នេះប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ប៉ះពាល់ដល់អ្នកវិនិយោគនៅក្នុងប្រទេសយើងទាំងមូល។ អ៊ីចឹងរដ្ឋាភិបាល ត្រូវតែ ចេញមុខ ដើម្បីធ្វើយ៉ាងណាស្ដារ ទី១ ស្ដារមុខមាត់ ទី២ ស្ដារជំនឿឡើងវិញពី ប្រជាពលរដ្ឋ ពីអ្នកវិនិយោគផ្សេងៗទៀត»។
អ្នកឃ្លាំមើលលើកឡើងថា បញ្ហាក្រុមហ៊ុនទិញលក់ផ្ទះ និងដី នៅប្រទេសកម្ពុជាបង្កើតជាបញ្ហាផលប៉ះពាល់សេដ្ឋកិច្ចជាតិផង និងក្លាយជាវិបត្តិសង្គមផង។ ពួកគាត់ថា វាធ្វើឱ្យមានបញ្ហាសេដ្ឋកិច្ចជាតិ ពីព្រោះ ជារឿងអាស្រូវ នៃអំពើបក្ខពួកនិយម និងពុករលួយ ហើយវាជាវិបត្តិសង្គម ដោយសារបន្សល់ទុកនូវពលរដ្ឋ ក្រីក្ររាប់ម៉ឺន គ្រួសារ ត្រូវវ័ណ្ឌកដោយបំណុល ដោះស្រាយមិនចេញ។
ក្នុងរយៈពេលចុងក្រោយនេះ មានឧកញ៉ាជាច្រើននាក់ ដែលមានខ្នងបង្អែកជាអ្នកមានអំណាច បានបើកក្រុមហ៊ុន រកស៊ីបោកប្រាស់លុយពីប្រជាពលរដ្ឋ រាប់ពាន់លានដុល្លារ តាមជំនាញរបស់ពួកគេរៀងៗខ្លួន ជាពិសេស ក្នុងវិស័យដីធ្លី និង អចលនទ្រព្យ។ ក្រុមហ៊ុនបោកប្រាស់ទាំងនេះ រួមមាន ក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុនស៊ីអាយស៊ី (CIC)របស់លោក គុយ វ៉ាត និងក្រុមហ៊ុន ហ៊ួយវ័ន ផេ (Huione Pay) របស់ឧកញ៉ា ហ៊ុន តូ ដែលជា បងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាដើម៕









