

ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) គឺជាអ្នកជំនួញខ្មែរដើមកំណើតចិនម្នាក់ក្នុងចំណោមឧក្រិដ្ឋជនចិនមួយចំនួនទៀតដែលគេចពីការទទួលទោសនៅស្រុកចិន ដើម្បីមកពូនសម្ងំលាក់ខ្លួនបន្តអាជីវកម្មបនល្បែងនៅកម្ពុជា។ អាជីវកម្មជាច្រើនរបស់លោក តុង លីឆឹង រួមមាន អគារបនល្បែងកាស៊ីណូ សណ្ឋាគារ និងមជ្ឈមណ្ឌលឆបោកតាមអនឡាញជាច្រើននៅកម្ពុជាបានរីកលូតលាស់យ៉ាងឆាប់រហ័សគឺដោយសារតែមានការគាំទ្រ និងការកាងការពារពីរដ្ឋាភិបាលត្រកូល ហ៊ុន និងឧកញ៉ាទុច្ចរិតមួយចំនួនដែលមានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបក្សកាន់អំណាច។
ក្រៅពីរដ្ឋាភិបាលត្រកូល ហ៊ុន តើឧក្រិដ្ឋជន តុង លីឆឹង មានបណ្ដាញទំនាក់ទំនងរកស៊ីជាមួយមន្ត្រីឧកញ៉ាណាខ្លះ?
ក្រៅពីមេដឹកនាំកំពូលនៃក្រុមគ្រួសារត្រកូល «ហ៊ុន» ជាអ្នកកាងការពារ អ្នកជំនួញខ្មែរដើមកំណើតចិន លោក តុង លីឆឹង មានដៃគូសហការយ៉ាងរឹងមាំជាមួយឧកញ៉ាឈ្មួញគ្រាក់ៗដែលល្បីមានកេរ្តិ៍ឈ្មោះអាក្រក់ ដើម្បីពង្រីកវិស័យបនល្បែងកាស៊ីណូ និងមជ្ឈមណ្ឌលឆបោកតាមអនឡាញក្នុងកម្ពុជា។
ដៃគូសហការសំខាន់ៗរកស៊ីជាមួយលោក តុង លីឆឹង ទាំងនោះរួមមានសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច និងជាម្ចាស់កាស៊ីណូក្រោន (Crown Casino) គឺលោក កុក អាន ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងមេឈ្មួញកាប់ឈើខុសច្បាប់គឺលោក ទ្រី ភាព ជាដើម។ ក្រុមមនុស្សទាំងនេះគឺជាឥស្សរជនកំពូលដែលរកស៊ីផ្ដោតលើវិស័យអចលនទ្រព្យ កាស៊ីណូ សណ្ឋាគារ និងជាប្រភពលុយសំខាន់របស់គណបក្សកាន់អំណាចដែលបានរងការចោទប្រកាន់ថា ពាក់ព័ន្ធដោយផ្ទាល់នឹងអំពើឆបោកតាមអនឡាញ។
ក្រុមឈ្មួញឧកញ៉ាខ្លះវិនិយោគដោយផ្ទាល់ និងអ្នកខ្លះទៀតផ្ដល់ជាអគារកាស៊ីណូ សណ្ឋាគារ និងអចលនទ្រព្យ ជួលឱ្យបណ្ដាញដឹកនាំដោយលោក តុង លីឆឹង ដើម្បីបង្កើតជាមជ្ឈមណ្ឌលឆបោកអនឡាញដំណើរការដោយរលូននៅកម្ពុជា។
ក្រោយពេលតុលាការចិនកាត់ទោសពីបទលាងលុយកខ្វក់ និងបើកបនល្បែងស៊ីសងខុសច្បាប់ (Illegal Gambling) កាលពីឆ្នាំ២០០៨ លោក តុង លីឆឹង (Dong Lecheng) បានរត់គេចខ្លួនចូលមកកម្ពុជាទិញសញ្ជាតិខ្មែរ ហើយទទួលបានដីវិនិយោគជាង ៥៥ហិកតារនៅខេត្តព្រះសីហនុពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្កើតអាណាចក្រកាស៊ីណូ និងបណ្ដាញភ្នាល់ល្បែងអនឡាញ (Online Gambling) ក្នុងតំបន់ឆៃណាថោន (Chinatown)។ ស្របពេលបង្កើតបណ្ដាញរកស៊ីជាមួយឈ្មួញឧកញ៉ានៅកម្ពុជា លោក តុង លីឆឹង បានចុះកិច្ចព្រមព្រៀងជាមួយអ្នកជំនួញចិនម្នាក់ទៀត។ ក្នុងឆ្នាំ២០១៨ លោកបានសហការជាមួយស្ថាបនិកក្រុមហ៊ុន សាន់ស៊ីធី គ្រុប (Suncity Group) គឺលោក អាល់វីន ចូវ (Alvin Chau) ដើម្បីកសាងគម្រោង ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co., Ltd.) ក្នុងផ្ទៃដីដែលទទួលបានសិទ្ធិវិនិយោគក្នុងទំហំទឹកប្រាក់ជាង ៣៦០លានដុល្លារ ដោយមានគោលដៅពង្រីកវិស័យកាស៊ីណូ និងមជ្ឈមណ្ឌលកម្សាន្តធំៗនៅព្រះសីហនុ។ ដៃគូរបស់លោក តុង លីឆឹង គឺលោក អាល់វីន ចូវ (Alvin Chau) មានរហស្សនាមថា ជា «ស្ដេចល្បែងស៊ីសង» នៅម៉ាកាវ (Macau) និងត្រូវបានតុលាការក្នុងប្រទេសចិនផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ឆ្នាំកាលពីឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាង ១០០ករណីរួមមាន ការរៀបចំល្បែងស៊ីសងខុសច្បាប់ បង្កើតបណ្ដាញភ្នាល់ល្បែងអនឡាញ (Online Gambling Network) និងអំពើលាងលុយកខ្វក់ជាដើម។
បរិវេណនៃអគារក្នុងតំបន់ឆៃណាថោន និងគម្រោងនៃក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន របស់ លោក តុង លីឆឹង ក្នុងខេត្តព្រះសីហនុក៏មានការរួមចំណែកវិនិយោគដោយសមាជិកព្រឹទ្ធសភាលោក កុក អាន និងកូនប្រសាគឺលោក ឫទ្ធី សំណាង ដែលទទួលមរណភាពកាលពីឆ្នាំ២០២២។ ក្នុងនោះរួមមានសណ្ឋាគារ និងកាស៊ីណូ ខេប៊ី (KB Hotel & Casino) សណ្ឋាគារ សាន់សាញ់ បេ (Sunshine Bay) និងអគារទីស្នាក់ការសម្រាប់រៀបចំវេទិកាភ្នាល់ល្បែងស៊ីសងតាមអនឡាញដ៏ធំក្នុងប្រទេសកម្ពុជា។
របាយការណ៍ស៊ើបអង្កេតមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក អ៊ីនហ្វូប្លុក (Infoblox) សហការជាមួយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២៥ លាតត្រដាងថា «ស្ដេចល្បែងស៊ីសង» នៅម៉ាកាវ គឺលោក អាល់វីន ចូវ បានសហការជាមួយលោក តុង លីឆឹង បាននាំយកទាំងសម្ភារៈ និងអ្នកជំនាញបច្ចេកវិទ្យាតាំងពីឆ្នាំ២០១៨ ដើម្បីប្រែក្លាយតំបន់ព្រះសីហនុជាអាណាចក្របនល្បែង និងជាទីកន្លែងវេទិកាភ្នាល់ស៊ីសងតាមអនឡាញដ៏ធំប្រចាំតំបន់ដែលគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន អា អេស អិច អ៊ីនវេសមេន (RSX Investment) របស់កូនប្រសាលោក កុក អាន គឺលោក ឫទ្ធី សំណាង និងប្អូនប្រុសឈ្មោះ ឫទ្ធី រស្មី។ ប្រភពដដែលបញ្ជាក់ថា បណ្ដាញវេទិកាល្បែងភ្នាល់ស៊ីសងតាមអនឡាញរបស់កូនប្រុសលោក កុក អាន អាចឱ្យអ្នកលេងភ្នាល់ចាប់ពី ៥ម៉ឺនដុល្លាររហូតដល់ជាង ១០ម៉ឺនដុល្លារក្នុងមួយដៃ និងមានលំហូរដកដាក់ប្រាក់ក្នុងមួយខែរាប់សិបលានដុល្លារ។ បណ្ដាញអាជីវកម្មទាំងនេះបង្កើតឡើងមិនត្រឹមតែជួយគាំទ្រ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាញឆបោកតាមអនឡាញនោះទេ ប៉ុន្តែវាគឺជាវិធីសាមញ្ញមួយដែលអាចឱ្យពួកគេលាងលុយកខ្វក់បាន។
ប្រជាពលរដ្ឋខ្មែរបានឃើញការផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញស្ទើរមិនលុះថ្ងៃ ដោយសារតែបណ្ដាញឧក្រិដ្ឋជនបានបង្កើតគេហទំព័រ និងគណនីក្លែងក្លាយរាប់សិបគណនី ដើម្បីផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមនានា។ វេទិកាល្បែងភ្នាល់តាមអនឡាញទាំងនោះមានជាអាទិ៍ដូចជា ចាក់បៀ ចាក់បាល់ ជល់មាន់ និងឡូតូ ជាដើម ដែលបណ្ដាញឧក្រិដ្ឋជនជួលចាប់តាំងពីពលរដ្ឋសាមញ្ញធម្មតារហូតដល់តារាម៉ូដែល (Model) អ្នកសិល្បៈល្បីៗ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមនៅកម្ពុជាក្នុងគោលបំណងទាក់ទាញ និងបង្កើនទំនុកចិត្តឱ្យជនរងគ្រោះដាក់លុយភ្នាល់លេង។ កន្លងមកក៏មានពលរដ្ឋខ្មែរមួយចំនួនផុងខ្លួនរងគ្រោះនឹងល្បែងស៊ីសងតាមអនឡាញរហូតឈានការធ្វើអត្តឃាតខ្លួនឯង និងសម្លាប់សាច់ញាតិក្នុងគ្រួសារថែមទៀតផង។
របាយការណ៍ស៊ើបអង្កេតក្រុមហ៊ុនបច្ចេកវិទ្យា អ៊ីនហ្វូប្លុក (Infoblox) រកឃើញថា ចង្កោមនៃវេទិកាល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធឺណិតទាំងនោះ គឺដំណើរការចេញពីបណ្ដាញឧក្រិដ្ឋជននៅកម្ពុជាដោយផ្ទាល់ និងគ្មានចំណាត់ការរាំងខ្ទប់ពីអាជ្ញាធររដ្ឋាភិបាលនោះទេ។ កាន់តែអាក្រក់ជាងនេះ អ្នកជំនាញនៃក្រុមហ៊ុនដដែលព្រមានថា បណ្ដាញវេទិកាភ្នាល់ល្បែងស៊ីសងតាមអនឡាញទាំងនោះមិនត្រឹមតែក្លែងបន្លំប្លន់លុយប្រជាជន និងបង្កជាហានិភ័យដល់សន្តិសុខក្នុងតំបន់នោះទេ បណ្ដាញឧក្រិដ្ឋជនក៏អាចលួច (Hack) ចូលទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកចូលលេងថែមទៀតផង។
ក្រៅពីមានទំនាក់ទំនងអាជីវកម្មជាមួយលោក កុក អាន អ្នកជំនួញខ្មែរដើមកំណើតចិនលោក តុង លីឆឹង ក៏ត្រូវបានរាយការណ៍ថា មានបណ្ដាញរកស៊ីពាក់ព័ន្ធវិស័យល្បែងស៊ីសងខុសច្បាប់ (Illegal Gambling) និងការពង្រីកមណ្ឌលឆបោកតាមអនឡាញ (Online Scam Center) នៅកម្ពុជាជាមួយឧកញ៉ាខ្មែរដែលស្និទ្ធនឹងត្រកូល ហ៊ុន ចំនួន ២រូប គឺលោក ទ្រី ភាព និងលោក យ៉ុងផាត់ (Ly Yong Phat)។ ឧកញ៉ាទាំងនេះបានដើរតួនាទីសំខាន់ក្នុងការត្រួសត្រាយផ្លូវ និងគាំទ្រឱ្យលោក តុង លីឆឹង អាចពង្រីកប្រតិបត្តិការឆបោកតាមអនឡាញរបស់ខ្លួនដោយរលូន តាមរយៈការផ្ដល់ ឬជួលអចលនទ្រព្យដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ និងមជ្ឈមណ្ឌលកម្សាន្ត ដើម្បីបម្លែងទៅជាមូលដ្ឋានប្រតិបត្តិការសម្រាប់បណ្ដាញឆបោកអនឡាញ (Online Scam Operations)។
អាមេរិករកឃើញថា បណ្ដាអគារកាស៊ីណូរួមទាំងអគារមជ្ឈមណ្ឌលកម្សាន្តជាច្រើននៅក្រុងបាវិតខេត្តស្វាយរៀង និងខេត្តពោធិ៍សាត់របស់ក្រុមហ៊ុន អឹម.ឌី.អេស ហេង ហ៊ី អ៊ីនវេសមិន (MDS Heng He Investment) ដែលវិនិយោគក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារគឺមានការដឹកនាំដោយផ្ទាល់ដោយមហាសេដ្ឋីខ្មែរគឺលោក ទ្រី ភាព។ អគារកាស៊ីណូ និងអគារពាណិជ្ជកម្មជាច្រើននៃក្រុមហ៊ុននេះក៏ពាក់ព័ន្ធ និងបានគាំទ្របណ្ដាញលោក តុង លីឆឹង សម្រាប់បង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ ជារឿយៗជនរងគ្រោះជាទាសករតាមអនឡាញក្នុងអគារនៃក្រុមហ៊ុននេះបានរាយការណ៍ពីការបង្ខាំងជនរងគ្រោះធ្វើទារុណកម្មដោយឃោរឃៅ និងអំពើឃាតកម្មជាដើម។ អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុននេះចូលក្នុងបញ្ជីខ្មៅដោយសាររកឃើញថា ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំ តាមរយៈការក្លែងបន្លំរូបិយប័ណ្ណគ្រីបតូ (Crypto)។
ជាមួយគ្នានេះ លោក លី យ៉ុងផាត់ ដែលមានរហស្សនាមអ្នកជំនួញស្ករអំពៅឈាម ក៏ជាបណ្ដាញដ៏សំខាន់លើអាជីវកម្មខុសច្បាប់របស់លោក តុង លីឆឹង ក្នុងការផ្គត់ផ្គង់ជាអគារសណ្ឋាគារ និងផ្ដល់ជាទ្រព្យសម្បត្តិមហាសាលសម្រាប់រៀបចំដល់ភ្ញៀវជាតិ និងអន្តរជាតិដែលចំណាយដើមទុនធំភ្នាល់ល្បែងតាមកាស៊ីណូ។ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោក លី យ៉ុងផាត់ និងក្រុមហ៊ុនសំខាន់ៗរបស់លោកយ៉ាង ៥ ដោយសារតែពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយបង្ខំ និងប្រតិបត្តិការឆបោកតាមអនឡាញ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ក្រៅពីនេះ ឧក្រិដ្ឋជន ចេន ហ្ស៊ី លោក តុង លីឆឹង គឺជាមនុស្សមានឥទ្ធិពលមួយរូបដែលបានសហការជាមួយក្រុមឧកញ៉ាទុច្ចរិតរកស៊ីអំពើឧក្រិដ្ឋកម្ម ដើម្បីផ្ដល់លុយចិញ្ចឹមគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
លោក គឹម សុខ៖ «តុង លីឆឹង នេះ គឺជាបុគ្គលក្នុងចំណោមអ្នកដឹកនាំយុទ្ធសាស្ត្រក្នុងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៅប្រទេសកម្ពុជាជាមួយ ចេន ហ្ស៊ី លោក ហ៊ុន សែន ជាដើម។ ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនហ៊ានចាប់ តុង លីឆឹង ទេ លុះត្រាតែមានការបង្ខំពីភាគីចិនដូចករណីលោក ចេន ហ្ស៊ី អ៊ីចឹង»។
ក្រៅពីការចោទប្រកាន់ថា មានការឃុបឃិតជាមួយឈ្មួញឧកញ៉ាខ្មែរដែលមានប្រវត្តិអាស្រូវ លោក តុង លីឆឹង ដែល ជាឧក្រិដ្ឋជនរត់គេចពីការទទួលទោសនៅប្រទេសចិននោះ ក៏ទទួលបានការកាងការពារតាមរយៈការផ្ដល់សញ្ជាតិខ្មែរពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមគ្នានេះដែរ បណ្ដាញក្រុមហ៊ុនបុត្រសម្ព័ន្ធដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់លោកទទួលបានការគាំទ្រ និងជ្រោមជ្រែងពីមន្ត្រីរដ្ឋាភិបាលចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។
ទោះបីជាកន្លងទៅ លោក តុង លីឆឹង ធ្លាប់ចេញសេចក្ដីប្រកាសច្រានចោលចំពោះការចោទប្រកាន់ ក៏ភស្តុតាងជាច្រើនបង្ហាញដោយសារព័ត៌មានអន្តរជាតិធំៗ និងស្ថាប័នស៊ើបអង្កេតជំនាញលើជនរងគ្រោះរាប់សិបនាក់រងការបង្ខាំង ធ្វើទារុណកម្មឃោរឃៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅអគារកាស៊ីណូរបស់ក្នុងខេត្តព្រះសីហនុ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក (US) និងចក្រភពអង់គ្លេស (UK) បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើឧក្រិដ្ឋជន ដុង លីឆេង និងបណ្ដាញក្រុមហ៊ុនធំៗចំនួន ៦ក្នុងនោះរួមទាំងក្រុមហ៊ុន ធី.ស៊ី ខាប់ពីតូល (T.C Capital Co. Ltd) ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co.Ltd) និងធនាគារ អេច.អេច ខេបូឌា (H.H Bank Cambodia) ចូលក្នុងបញ្ជីខ្មៅ ដោយសារពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ លាងលុយកខ្វក់ និងការបង្ខាំងមនុស្សខុសច្បាប់។ អាមេរិក និងអង់គ្លេសរកឃើញថា បណ្ដាអគារកាស៊ីណូនៃក្រុមហ៊ុនរបស់ឧក្រិដ្ឋជន តុង លីឆេង ត្រូវបានបម្លែងទៅជាមូលដ្ឋានមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំក្នុងប្រទេសកម្ពុជា និងមានជនរងគ្រោះជាច្រើននាក់ត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការងារបោកប្រាស់តាមអនឡាញក្រោមរូបភាពទទួលរងការធ្វើទារុណកម្មដោយអមនុស្សធម៌។
ទោះបីមិនមានទិន្នន័យច្បាស់លាស់អំពីចំណូលសរុបរបស់លោក តុង លីឆឹង និងបណ្ដាញពាក់ព័ន្ធរបស់លោក ក៏វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) បានប៉ាន់ស្មានថា បណ្ដាញឧក្រិដ្ឋជនរកស៊ីលើឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាអាចលួចប្លន់លុយពិភពលោកយ៉ាងហោចណាស់ប្រមាណ ១២ពាន់ ៥រយលានដុល្លារក្នុងមួយឆ្នាំៗ។
ករណីដែលក្រុមឧក្រិដ្ឋជនម៉ាហ្វីយ៉ាចិន (Mafia) និងឥស្សរជននយោបាយរងការចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Online Scam) អាចដំណើរការដោយសេរី គ្មានប្រព័ន្ធច្បាប់ស៊ើបអង្កេតត្រឹមត្រូវបែបនេះ អាចជាហេតុផលចម្បងមួយដែលសហគមន៍ជាតិ និងអន្តរជាតិ គ្មានទំនុកចិត្តចំពោះការអនុវត្តច្បាប់ និងវិធានការបង្ក្រាបរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលតែងតែប្រកាសពីយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា៕









