លោក ហ៊ុន សែន និយាយ​ថា ចិន​ជា​មិត្ត​ទុកចិត្ត​បំផុត

0
156
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសចិន កាលពីថ្ងៃទី២៦ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសចិន កាលពីថ្ងៃទី២៦ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើកឡើង​នៅ​ចំពោះមុខ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង (Xi Jinping) ថា ចិន​គឺជា «​មិត្ត​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​» របស់​កម្ពុជា និង​ប្ដេជ្ញា​បន្ត​រឹតចំណង​មិត្តភាព​ដែកថែប និង​កសាង​សហគមន៍​ជោគវាសនា​រួម​ជាមួយ​ចិន។ លោក ហ៊ុន សែន ក៏បាន​ស្នើ​ឱ្យ​ទីក្រុង​ប៉េកាំង​បន្ត​ផ្ដល់​ប្រាក់​កម្ចី និង​ទុន​វិនិយោគ​បន្ថែម ដោយ​អះអាង​ថា កម្ពុជា​មិនអាច​រស់​ខ្វះ​ចិន​បាន​ឡើយ ជាពិសេស​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បង្ហាញ​ជំហរ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ចិន​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច និង​ធ្លាក់​ក្រោម​ឥទ្ធិពល​ចិន​កាន់តែ​ខ្លាំង​ដែល​អាច​ទាញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​អន្ទាក់​កាន់តែ​ជ្រៅ​ក្នុង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច លោក ហ៊ុន សែន បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​មេដឹកនាំ​កំពូល​ចិន និង​បន្ត​សុំ​ឱ្យ​ភាគី​ចិន​ធ្វើជា​ខ្នងបង្អែក​គាំទ្រ​កម្ពុជា​ទាំង​ផ្នែក​នយោបាយ ជំនួយ​ហិរញ្ញវត្ថុ ការ​វិនិយោគ និង​សន្តិសុខ។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ទំព័រ​ហ្វេក​ប៊ុក​របស់លោក​ថា ទោះ​ស្ថានការណ៍​ពិភពលោក​ប្រែប្រួល​យ៉ាងណាក៏ដោយ​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន នឹង​មិន​ប្រែប្រួល​ឡើយ និង​ចាត់ទុក​ប្រទេស​ចិន​ថា ជា​មិត្ត​ពិត និង​ជាទី​ទុកចិត្ត​បំផុត​របស់​កម្ពុជា​។ លោក ហ៊ុន សែន ក៏បាន​ស្នើ​សុំ​ឱ្យ​ភាគី​ចិន​ជួយ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​ថា សេដ្ឋកិច្ច​កម្ពុជា​ពិតជា​មិនអាច​រស់​ខ្វះ​ចិន​បាន​ឡើយ ជាពិសេស​ជំនួយ និង​កម្ចី​ទៅលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។​

លោក ហ៊ុន សែន លើកឡើង​បែបនេះ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង នៅ​ថ្ងៃទី​២៦ ខែមិថុនា ក្នុង​ដំណើរ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ ៣​ថ្ងៃ​ក្នុង​ប្រទេស​ចិន​។ ក្នុង​ជំនួប​នោះ លោក ស៊ី ជីនពីង អះអាងថា ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ភាពរឹងមាំ «​ដូច​ផ្ទាំង​ថ្ម​» និង​បន្ត​ជំរុញ​ឱ្យ​ប្រទេស​ទាំងពីរ​កសាង «​សហគមន៍​ជោគវាសនា​រួម​គ្រប់​រដូវ​កាល​»។

ក្រៅពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច មេដឹកនាំ​កម្ពុជា និង​ចិន​ក៏បាន​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ការផ្លាស់ប្ដូរ​ព័ត៌មាន​សម្ងាត់ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​មន្ត្រីជាន់ខ្ពស់ និង​ការ​សម្របសម្រួល​លើ​បញ្ហា​អន្តរជាតិ ដែល​ភាគី​ទាំងពីរ​អះអាង​ថា នឹង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​ឆាក​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនិស្ត​ចិន ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ថ្មី ស្ដីពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស​ទាំងពីរ រួម​ទាំង​ការ​បណ្ដុះបណ្ដាល​យុវជន​គណបក្ស និង​ការពង្រីក​កិច្ច​សន្ទនា​នយោបាយ។

ទន្ទឹម​មេដឹកនាំ​កម្ពុជា​បង្ហាញ​ពី​ការ​រឹតចំណង​មិត្តភាព និង​ស្មោះស្ម័គ្រ​ទុកចិត្ត​ចិន​នេះ លោក ហ៊ុន សែន បាន​ប្រែ​ក្លាយ​កម្ពុជា​ឱ្យទៅ​ទីជម្រក​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​តាម​អនឡាញ​នៅ​កម្ពុជា​ដែល​ដំណើរការ​ដោយ​ឧក្រិដ្ឋជន​ចិន​កំពុង​រីកសាយ​ភាព​ពេញ​ប្រទេស​។ ភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន លោក ស៊ី ជីនពីង ក៏បាន​សន្យា​ថា នឹង​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផ្នែក​សន្តិសុខ​ជាមួយ​កម្ពុជា។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ចិន លើក​នេះ​ភាគី​ចិន​ចំណេញ​ទាំង​ផលប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ការពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​។ លោក​ថា ចំណែកឯ​កម្ពុជា​វិញ​នឹង​បន្ត​ក្លាយជា «​កូនជឹង​» ស្ថិត​ក្រោម​ឥទ្ធិពល​ចិន និង​ប្រឈម​ជាប់អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​ដកខ្លួន​មិន​រួច។

លោក អ៊ុំ សំអាន បន្ថែម​ថា ចិន​មិន​ចង់ឱ្យ​កម្ពុជា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​លោក​សេរី​នោះ​ទេ​។ លោក​យល់ថា ទីក្រុង​ប៉េកាំង​នឹង​បន្ត​ប្រើប្រាស់​កម្ពុជា​ជា​ឈ្នាន់ ដើម្បី​ពង្រីក​ឥទ្ធិពល និង​បម្រើ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នៅក្នុង​តំបន់​។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​មេដឹកនាំ​ចេះ​គិតគូរ ផលប្រយោជន៍​ជាតិ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ភាពរឹងមាំ ហើយ​រដ្ឋាភិបាល​ក៏​មិន​ចាំបាច់​ពឹងផ្អែក​លើ​ការ​ស្នើសុំ​ប្រាក់កម្ចី ឬ​ជំនួយ​ពី​ចិន​ដែល​នាំ​ឱ្យ​ប្រជាជាតិ​ខ្មែរ​អាម៉ាស់​ដូចជា​ពេលនេះ​ឡើយ។

លោក អ៊ុំ សំអាន៖ «​លោក ហ៊ុន សែន គាត់​ទៅណា គឺ​គាត់​ដើរ​តែ​សុំទាន​គេ​អ៊ីចឹង​ហើយ​។ ហើយ​ធ្វើ​ម៉េច​អត់​ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស បោះឆ្នោត​ដោយ​សេរី​យុត្តិធម៌ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​អាច​រស់​ដោយ​ខ្លួនឯង​បាន ដោយ​មិនបាច់​សុំ​គេ​។ កាលណា​យើង​មាន​ប្រជាធិបតេយ្យ​ទៅ ប្រទេស​លោកខាងលិច​គេ​ជួយ​ទៅ ហើយ​យើង​នាំ​ទំនិញ​ទៅ​អឺរ៉ុប​មិនបាច់​បង់ពន្ធ មក​អាមេរិក​អី​មិនបាច់​បង់ពន្ធ​អី ពេល​ហ្នឹង​យើង​អាច​មាន​សេដ្ឋកិច្ច​ជឿនលឿន យើង​មិនបាច់​ទៅ​សុំ​ពី​ចិន​នូវ​ជំនួយ ឬក៏​កម្ចី ហើយ​ឱ្យ​ចិន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​កម្ពុជា​នោះ​ទេ»។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ដាស់តឿន​ដល់​របប​ក្រុងភ្នំពេញ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក​ក៏​មិន​ចង់​ឃើញ​មេដឹកនាំ​បច្ចុប្បន្ន​បម្រើ​ផលប្រយោជន៍​ចិន និង​កាប់សម្លាប់​ធ្វើបាប​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ដូច​សម័យមុន​ឡើយ​។ លោក ស៊ឹង សែន​ករុណា បន្ថែម​ថា ក្នុង​ទំនាក់ទំនង​កម្ពុជា និង​ចិន​សព្វថ្ងៃ​នេះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន និង​បាន​បន្សល់​កេរ្តិ៍ឈ្មោះ​អាក្រក់​ជាច្រើន​នៅ​កម្ពុជា​។ ក្នុង​នោះ​ដូចជា​លំហូរ​ឧក្រិដ្ឋជន​ចិន​ដែល​ចូល​មក​បង្កើត​ជម្រក​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជាដើម។

លោក ស៊ឹង សែនករុណា បន្ថែមទៀត​ថា ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​នយោបាយ​ពី​ចិន​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​កាន់តែ​ដុនដាប រីឯ​សំឡេង​អ្នក​រិះគន់​នឹង​កាន់តែ​រង​ការ​បង្ក្រាប​តាម​យាយី​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន កាន់តែ​ខ្លាំង​ឡើង។

លោក ស៊ឹង សែនករុណា៖ «ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត ហើយ​វា​ធ្វើឱ្យ​ពលរដ្ឋ​ច្បាស់​ជា​រស់នៅ​ក្នុង​រង​ទុក្ខ រស់​ដោយ​គ្មាន​អំណាច​គ្មាន​សិទ្ធិ​សេរីភាព​ទេ ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​គេ​ដឹកនាំ​តាម​បែប​គ្រប់គ្រង​ត្រួតត្រា​ទៅលើ​ពលរដ្ឋ ដកហូត​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ មិន​ផ្ដល់​នូវ​សិទ្ធិ​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​ផ្នែក​នយោបាយ​ហ្នឹង​ពេញលេញ​ទេ ទាំង​អ្នកនយោបាយ​ក៏​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ដែរ​។ អញ្ចឹង​ការ​ទៅ​ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​ហ្នឹង ច្បាស់​ណាស់​អ្វី​ដែល​ជា​បញ្ហា​គឺ​ពលរដ្ឋ​នឹង​រង​ទុក្ខ​ហើយ និង​សិទ្ធិ​សេរីភាព​ផ្សេងៗ​ចំពោះ​អ្នកនយោបាយ សកម្មជន​សង្គម សារព័ត៌មាន​ឯករាជ្យ​អី​ផ្សេងៗ​ច្បាស់​ជា​រង​សម្ពាធ​មិនខាន​ឡើយ ហើយ​រូបភាព​បែបនេះ​គឺជា​រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​របស់​យើង»។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត មិនបាន​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​ដុំកំភួន​សម្រាប់​កម្ពុជា​នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគាត់​ថា កម្ពុជា​រង​ឥទ្ធិពល និង​ការពឹងផ្អែក​ផ្នែក​នយោបាយ ជាប់បំណុល​ចិន​កាន់តែ​ច្រើន ខណៈ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក៏​បន្ត​មាន​រូបភាព​កាន់តែ​អាក្រក់​។ ពួកគាត់​ចង់​ឃើញ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​ប្រកបដោយ​តុល្យភាព​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី ដើម្បី​ទាក់ទាញ​ការ​វិនិយោគ បង្កើន​ឱកាស​ពាណិជ្ជកម្ម ជាង​ជា​ការ​ផ្ដេកផ្ដួល​ខ្លាំង និង​ពឹង​ដង្ហើម​ចិន​ដើម្បី​រស​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ