

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញដាក់ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំនោះ បានទៅជួបម្ដាយ ដែលកំពុង ដេកឈឺធ្ងន់ដោយផ្ទាល់ហើយ ក្រោយពីបានស្នើសុំតុលាការ កាលពីថ្ងៃទី១៩ ខែឧសភា។ អំឡុងពេលជួប ជាមួយម្ដាយ លោក កឹម សុខា បានរៀបរាប់ពីភាពស្អាតស្អំរបស់លោក ដោយថា លោកមិនដែលបានទៅបៀតបៀន ឬគុំកួនជាមួយ អ្នកណានោះទេ ហើយអ្នកដែលចងពៀរនឹងលោកឱ្យទទួលកម្មចុះ។
ក្រោយពីមានការអនុញ្ញាតពីតុលាការ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានមន្ត្រីនគរបាល ដឹកលោក ចេញពីផ្ទះរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យទៅជួបសួរទុក្ខអ្នកម្ដាយ ដែលកំពុងតែសម្រាកព្យាបាលជំងឺ នៅផ្ទះប្អូនស្រីរបស់លោកហើយ រួមដោយអារម្មណ៍ក្ដុកក្ដួល ខណៈអ្នកម្ដាយមិនអាចនិយាយបាន ក្រៅតែពីយកដៃស្ទាប់ផ្ទៃមុខកូន ដោយអារម្មណ៍រំភើប។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២០ ឧសភា ថា អំឡុងពេលលោក កឹម សុខា ជួបជាមួយម្ដាយ លោកបានសន្យា នៅចំពោះមុខម្ដាយថា ពេលលោក មានសេរីភាពវិញ លោកនឹងទៅសាងផ្នួសជាព្រះសង្ឃ ដើម្បីសងគុណអ្នកម្ដាយ ហើយថែមទាំង រំលឹកថា លោកតែងតែ គោរពតាមដំបូន្មានអ្នកម្ដាយ តាំងពីក្មេង រហូតមកដល់សព្វថ្ងៃនេះ គឺមិនដែលសម្លាប់សត្វ មិនដែលបៀតបៀនអ្នកដទៃ ឬ ចងគុំកួនសងសឹក អ្នកដែលបានបំពាន លើលោកនោះទេ។ លោកថាសព្វថ្ងៃលោក តែងតែប្រតិបត្តិធម៌ កាន់សីល និងសមាធិ ដូច្នេះលោកជឿថា ដោយអំណាចនៃបុណ្យនេះ បានជួយឱ្យ លោកបានមកជួបមុខម្ដាយដែលកំពុងដេកឈឺ រង់ចាំផ្លូវកូន។
លោក កឹម សុខា៖ «ម៉ែ! ម៉ែធ្លាប់ធ្វើធម៌[បដិបត្តិ]ដឹងហើយថា កូនមិនដែលទៅបៀតបៀនអ្នកណា ហើយ អ្នកណាបៀតបៀនកូនឱ្យគេទទួលកម្មរបស់គេទៅចុះ យើងអត់ធ្វើអីគេទេម៉ែ»។
សាច់ញាតិ របស់លោក កឹម សុខា អះអាងថា កាលពីម្សិលមិញ ស្ថានភាពជំងឺ និងកម្លាំងកំហែងម្ដាយលោក កឹម សុខា គឺ លោកយាយ សៅ ង៉ែត មានអាការៈល្ហិតល្ហៃ ដៃកម្រើកមិនរួច មាត់និយាយមិនកើត ហើយភ្នែកបិទរហូត ស្ទើរតែជិតដាច់ដង្ហើម ប៉ុន្តែ ភ្លាមៗនោះ លោក កឹម សុខា បានស្រែកហៅ ម្ដាយតាមរយៈទូរស័ព្ទ ឱ្យរង់ចាំមើលមុខកូនជា លើកចុងក្រោយ រួមដោយអារម្មណ៍ក្ដុកក្ដួលផងនោះ លោកយាយ ក៏ហាក់មានស្មារតីឡើងវិញ។
តាមវីដេអូខ្លីដែលលោក ផែង ហេង បានបង្ហោះលើបណ្ដាញសង្គម លោក កឹម សុខា បានផ្ដាំឱ្យអ្នកម្ដាយ សម្រាកឱ្យបានស្រួល ហើយទុកឱ្យកូនៗដទៃទៀតចាំមើលថែជំនួសលោក ដោយលោកសន្យាថា នឹងរកពេលមកមើលអ្នកម្ដាយម្ដងទៀត។ ភ្លាមៗនោះសាច់ញាតិ លោក កឹម សុខា បានរៀបរាប់ទាំងអារម្មណ៍ខ្សឹកខ្សួល និងស្រក់ទឹកភ្នែកថាលោកយាយ សៅ ង៉ែត តែងតែហៅរកលោក កឹម សុខា ហើយចង់ឱ្យលោក កឹម សុខា មកមើលថែដោយផ្ទាល់។
លោក ផែង ហេង៖ «គាត់ត្រូវការឈ្មោះកូននេះ (កឹម សុខា)ជាងគេ ពេលឮសំឡេងកូនម៉ែមានកម្លាំងហ្មង។ កម្លាំងកាយកម្លាំងចិត្តម៉ែមាន ហេតុនេះហើយបានម៉ែមានដល់អាយុប៉ុននេះ។ មើលកូនបែកពីម៉ែប៉ុន្មានឆ្នាំហើយ ម៉ែនៅតែត្រដររស់ដល់ថ្ងៃនេះ ដែលម៉ែគ្មានពេលសប្បាយទល់តែ សោះម៉ែនឹកកូន រហូត។ ពេលណាក៏ម៉ែខ្ញុំនឹកដែរ ។ ម៉ែសួររកអាចារ្យ (កឹម សុខា)ថ្ងៃណាក៏សួររកអាចារ្យដែរ»។
បើទោះបីជាស្ថានភាពសុខភាពនិងស្មារតី លោកយាយ សៅ ង៉ែត ហាក់កាន់តែទន់ខ្សោយ និងមិនសូវមានសង្ឃឹមថា នឹងរស់នៅបានយូរ ព្រោះវ័យកាន់តែជរា និងទ្រុឌទ្រោម ក្ដី លោក កឹម សុខា បានមកជួបសួរសុខទុក្ខ អ្នកម្ដាយ បានប្រហែលតែ១ម៉ោង ប៉ុណ្ណោះ មន្ត្រីនគរបាលក៏បាននាំខ្លួនលោក កឹម សុខា ទៅឃុំនៅក្នុងផ្ទះលោកវិញ។ ទោះជាយ៉ាងណា ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហានយោបាយ និងពលរដ្ឋជំរុញឱ្យរដ្ឋាភិបាល គួរតែដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យលោកបានមើលថែ និងបម្រើ អ្នកម្ដាយជាលើកចុងក្រោយ។
ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោកស្រី វង់ សារ៉ែម យល់ឃើញថា រដ្ឋាភិបាល ត្រកូល«ហ៊ុន» គួរតែបញ្ឈប់ទម្លាប់ធ្វើនយោបាយជិះជាន់ កៀបសង្កត់ និងគុំកួនខ្មែរ គ្នាឯងព្រោះការធ្វើនយោបាយបែបនេះ មិនចំណេញដល់ជាតិនោះទេ។ លោកស្រីថា ដូចករណី លោក កឹម សុខា គួរតែដោះលែងឱ្យមានសេរីភាព ដើម្បីគាត់បាន មើលថែអ្នកម្ដាយជាលើកចុងក្រោយ។
លោកស្រីថា កន្លងមកនេះ លោក ហ៊ុន សែន តែងតែបង្ហាញពីមនោសញ្ចេតនា រៀបរាប់ពីការ ឈឺចាប់ សោកសៅ នឹករលឹកពីការបាត់បង់កូនប្រុស ម្ដាយឪពុក ដូច្នេះ លោក ហ៊ុន សែន គួរតែយកការឈឺចាប់របស់ខ្លួន ប្រៀបធៀបជាមួយអ្នកដទៃ ដែលត្រូវបានព្រាត់ប្រាសគ្រួសារ ក្រោមការដឹកនាំរបស់លោក ដូចជាការ ចាប់សកម្មជននយោបាយ សកម្មជនបរិស្ថាន និង សកម្មជនសិទ្ធិមនុស្ស ដាក់ពន្ធនាគារ គឺពួកគាត់ក៏ចេះឈឺចាប់ និងចង់ជួបជុំគ្រួសារផងដែរ។
លោកស្រី វង់ សារ៉ែម៖ «លោក ហ៊ុន សែន ក៏គាត់ជាមនុស្សមានមនោសញ្ចេតនា ស្រឡាញ់ គ្រួសារ។ សូម្បីតែកូនគាត់ស្លាប់តាំងពីសម័យ ប៉ុល ពត នៅតែគាត់មានមនោសញ្ចេតនា។ ដូចដែលយើង មើលឃើញស្រាប់ហើយ គឺតែងតែ អាឡោះអាល័យ ជាមួយកូនខ្លាំង ។ មិនគួរណា បំបែកបំបាក់ក្រុមគ្រួសារគេ មិនឱ្យជួបគ្នា នេះជាការសាងបាបដែរ។ សង្គមយើងវាធ្លាក់ដល់ចំណុចនេះវាគួរណាតែ មានការផ្សះផ្សាជាតិ ព្រោះប្រសិនបើ យើងអត់ផ្សះផ្សាជាតិ យើងអត់អាចទប់ទល់ជាមួយ សត្រូវឈ្លានពានបានទេ»។
រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ខែ ឧសភា យ៉ាងខ្លីថា ការធ្វើទុក្ខបុកម្នេញ លើអ្នកនយោបាយដូចគ្នា មិនអាចជាផ្លូវដើរ ទៅរកការផ្សះផ្សាជាតិ បានឡើយ តែវានឹងបន្ត នាំមកនូវ ភាពខ្លោចផ្សា ការសងសឹកគ្នា តជំនាន់ រហូតដល់ លែងខ្វល់ពីជាតិ ទឹកដី ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២០ ខែឧសភា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ការដែលលោក កឹម សុខា នៅតែមិនអាចមានសេរីភាពឡើងវិញ ដើម្បីបានមកបម្រើម្ដាយជាលើកចុងក្រោយនេះ គឺជារឿងមួយ ដែលគួរឱ្យអាណិតអាសូរ និង ខ្លោចចិត្តណាស់ ក្នុងនាមជាកូនដែល បានលះបង់សិទ្ធិសេរីភាព ដើម្បីប្រទេសជាតិ តែបែរជារងការធ្វើទុក្ខបុកម្នេញ ទាំងផ្លូវចិត្ត និងផ្លូវកាយ ព្រោះមិនអាចមើលថែ អ្នកម្ដាយឱ្យបានពេញលេញ សូម្បីតែដង្ហើមចុងក្រោយ។ លោកថា ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែបែកបាក់ និងរងការឈ្លានពានពីប្រទេសជិតខាងផងនោះ រដ្ឋាភិបាល គួរតែដោះលែង លោក កឹម សុខា ឱ្យមានសេរីភាព តាមគោលការណ៍មនុស្សធម៌។
លោក នី សុខា៖ «ទាំងអស់នេះ ជារឿងមួយសោកសៅណាស់ សម្រាប់អ្នកនយោបាយខ្មែរ យើងដែលមកដល់ពេលនេះ ហើយដែលប្រទេសយើងនៅក្នុងស្ថានភាពមួយដែល កំពុងតែមានសត្រូវឈ្លានពានហើយ បែរជាខ្មែរ យើងនៅមានរូបភាពមួយ ជាពិសេស អ្នកនយោបាយ សំខាន់ៗ។ អ្នកនយោបាយដែលគួរជាទីពឹងរបស់ប្រជាពលរដ្ឋ ខ្មែរបែរជាមានការបែកបាក់គ្នា បែរជាមានការផ្ដន្ទាទោសគ្នា ដែលនាំឱ្យមានវិបត្តិដល់សង្គមជាតិខ្មែរទាំងមូល»។
សមត្ថកិច្ចបានចាប់ខ្លួន ប្រធានគណបក្សប្រឆាំងដ៏លេចធ្លោ គឺលោក កឹម សុខា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានផ្ដន្ទាទោស លោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ពោលគឺសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយអស់មួយជីវិត មិនឱ្យចេញពីផ្ទះ និងមិនឱ្យជួបភ្ញៀវបរទេស លើកលែងតែមានការអនុញ្ញាត ពីតុលាការជាមុន។
កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅថ្មីៗនេះទៀត សាលាឧទ្ធរណ៍ភ្នំពេញ នៅតែតម្កល់ការផ្ដន្ទាទោសមេបក្សប្រឆាំងរូបនេះឲ្យជាប់ពន្ធនាគារ២៧ឆ្នាំដដែល ហើយបន្ថែមទោសមិនឲ្យ លោក កឹម សុខា ចាកចេញពីប្រទេសកម្ពុជា រយៈពេល ៥ឆ្នាំទៀត។ ទោះជាយ៉ាងណា សំណុំរឿង លោក កឹម សុខា នេះត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ រិះគន់យ៉ាងខ្លាំងថា ជារឿង«នយោបាយ» ជាជាងការអនុវត្តច្បាប់ ហើយជំរុញឱ្យរដ្ឋាភិបាលត្រកូល«ហ៊ុន» ដោះលែង លោក កឹម សុខា ឱ្យមានសេរីភាព ដើម្បីជាការផ្សះផ្សា ជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យ៕

ទិដ្ឋភាពលោក កឹម សុខា (អាវសមុខគេលើកដៃសំពះ) ប្រធានគណបក្សសង្គ្រោះជាតិ ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិលោក នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទិដ្ឋភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិលោក នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទិដ្ឋភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិលោក នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទិដ្ឋភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិលោក នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទិដ្ឋភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិលោក នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទិដ្ឋភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិលោក នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ









