អាជ្ញាធរ​ខេត្ត​ក្រចេះ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ហ្គ្រេតវ័នឌើ ឈប់​ឈូស​ឆាយ​ផ្ទះ​និង​ផលដំណាំ​ពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ

0
9
អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន។ រូប៖ គេហទំព័រ CPP
អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន។ រូប៖ គេហទំព័រ CPP

អាជ្ញាធរ​ខេត្តក្រចេះ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ហ្គ្រេតវ័នឌ័រ អេហ្គ្រីខលឈ័រ ឌឺវេឡូបមេន (Great Wonder Agriculture development) បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះ និង​ផលដំណាំ ដែល​កំពុង​មាន​វិវាទ ជាមួយ​ពលរដ្ឋ​រស់នៅ​ស្រុក​អូរ​គ្រៀងសែនជ័យ។ ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់​ពលរដ្ឋ​ជាង​៣០០​គ្រួសារ បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​៣១ ខែ​កក្កដា។

​ក្រោយ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី នៅ​ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ ជាង​៣០០​គ្រួសារ ដាក់​លិខិត​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​អាជ្ញាធរ​ខេត្តក្រចេះ​បាន​ចេញ​សេចក្ដីប្រកាស​ពន្យារ​ពេល មិន​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ​ហ្គ្រេតវ័នឌើរ អេហ្គ្រីខលឈ័រ ឈូសឆាយ​បំផ្លាញ​ផ្ទះសម្បែង និង​ផលដំណាំ​របស់​ពលរដ្ឋ នៅ​ឃុំ​រលួស​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ដោយ​ត្រូវ​រង់ចាំ​ដំណោះស្រាយ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្វែងរក​ទីតាំង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ស្របច្បាប់​ដល់​ពលរដ្ឋ​ទាំងអស់​នោះ​។ នេះ​បើ​តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ កាលពី​ថ្ងៃទី​០៥ ខែសីហា ដែល​ទូរទស្សន៍​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃទី​១៣ ខែ​សីហា។

នៅក្នុង​លិខិត​នេះ អាជ្ញាធរ​ក៏បាន​ព្រមាន​ពលរដ្ឋ​រងគ្រោះ មិន​ឲ្យ​ទៅ​កាប់​រុករាន​ទន្ទ្រាន​ដី​របស់​រដ្ឋ ដែល​បាន​ផ្តល់​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន ហ្គ្រេតវ័នឌើរ អេហ្គ្រី​ខលឈ័​រ ដើម្បី​ធ្វើការ​វិនិយោគ​នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី តំណាង​ពលរដ្ឋ​រងគ្រោះ នៅ​ឃុំ​រលួស​សែន​ជ័យ លោកស្រី យ៉ា រ៉មី អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែសីហា​ថា ពលរដ្ឋ​មិនទាន់​ស្ងប់ចិត្ត ឬ​ឈប់​ចេញ​តវ៉ា​នោះ​ឡើយ ពីព្រោះ​ក្នុង​លិខិត​នោះ​មិនបាន​បញ្ជាក់​ថា នឹង​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ទុក​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​នោះ​ទេ។ លោកស្រី​អះ​អា​ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា​នេះ ពលរដ្ឋ​បាន​ដាក់​លិខិត​មួយ​ផ្សេងទៀត ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ទាំងនោះ​ទុក​ឲ្យ​ពលរដ្ឋ​ជាង​២០០​គ្រួ​សារបាន​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ។

លោកស្រី យ៉ា រ៉មី៖ «​ចង់បាន​រស់នៅ​ខាង​ខ្ញុំ នៅ​កន្លែង​នឹង អត់​ចង់​ដោះដូរ​ទៅណា អត់​មាន​ត្រូវ​ប្តឹង​ពួក​ខ្ញុំ​ទៅណា​ទៀត ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មិនដឹង​ទៅ​រស់​នៅឯណា​ទៀត បើ​បណ្តេញ​ពួក​ខ្ញុំ​ទៅ ព្រោះ​ផ្ទះ ដំណាំ ខ្ញុំ​បាន​ដាំ​ដុះ អាស្រ័យ​នៅ​កន្លែង​នឹង​ហើយ​រយះពេល​៩​ឆ្នាំ​ហើយ បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្នាក់ដឹកនាំ​ក្រោម​នឹង​ជួយ​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ដោះស្រាយ​ជី​វិភា​ពពួក​ខ្ញុំ​ផង ខ្ញុំ​ចង់បាន​ដីធ្លី​នេះ​រស់នៅ​តកូនតចៅ»។

តំណាង​ពលរដ្ឋ​រូប​នេះ បន្ថែម​ទៀត​ថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​មិនទាន់​បង្ហាញ​ឯកសារ​ផ្លូវការ​ណាមួយ ដល់​ប្រជាពលរដ្ឋ ថា​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ប៉ុន្មាន​នោះ​ឡើយ​។ ផ្ទុយទៅវិញ អាជ្ញាធរ​បាន​ប្រើ​ល្បិច ប្រាប់​ពលរដ្ឋ​ថា សកម្មភាព​ឈូស​ឆាយ​ទាំងនោះ គឺ​គម្រោង​ធ្វើ​ផ្លូវ​ឆ្ពោះទៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ក្រោយមក​ស្រាប់តែ អាជ្ញាធរ​ចេញ​លិខិត​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះសម្បែង និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​១៣ ខែសីហា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល ចិញ្ចឹម​ជីវភាព​គ្រួសារ​របស់​ពួកគាត់ ហើយ​អាជ្ញាធរ​គួរតែ​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជាជាង​គិតគូរ​តែ​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។

លោក យិន ម៉េងលី៖ «យើង​សង្កេត​ឃើញ​ថា អ្នក​ខុស​គឺ​ប្រជាពលរដ្ឋ​រហូត ជា​អ្នក​ខុស ហើយ​យើង​អត់​ដែរ​លឺ​សូរ​ថា មន្ត្រី​នេះ​ខុស​ចេះ មន្ត្រី​នោះ​ខុស​ចោះ អត់​ដែរ​ឃើញ​មាន​មន្ត្រី​ខុស​ទេ អ៊ីចឹង​មន្ត្រី​មិន​ដែរ​ចេះ​ខុស​ទេ ខុស​តែ​ប្រជាពលរដ្ឋ ជា​ការ​សង្កេត​របស់​យើង សូម​កុំ​ភ្លេច​ថា មន្ត្រី​ក៏​ជា​មនុស្ស ប្រជាពលរដ្ឋ​ក៏​ជា​មនុស្ស​ដែរ​អ៊ីចឹង​ឲ្យ​តែ​ជា​មនុស្ស​តែងតែមាន​កំហុស​ដូចគ្នា តែ​សំខាន់​ត្រូវ​មាន​វិធានការ​ហើយ​កែប្រែ នេះ​ជា​ចំនុច​វិជ្ជមាន​ដែរ​យើង​ចង់​ឃើញ»។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ ដែល​តំណាង​ឱ្យ​ពលរដ្ឋ​៣០០​គ្រួសារ រស់នៅ​ភូមិ​ទុង ឃុំ​រលួស​មានជ័យ ស្រុក​អូរ​គ្រៀងសែនជ័យ ខេត្តក្រចេះ បាន​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ក្រោយ​រដ្ឋបាល​ខេត្តក្រចេះ​បាន​ដាក់​ឱសានវាទ​បង្ខំ​ឱ្យ​ពួកគាត់​ចាកចេញ​ពី​លំនៅឋាន ហើយ​ប្រគល់​ដីធ្លី​ទាំងនោះ​ឲ្យ​ទៅ​ក្រុមហ៊ុន។

ពលរដ្ឋ​លើកឡើង​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​រក​ដំណោះស្រាយ​សមរម្យ ពួកគាត់​ក៏​មិន​ព្រម​ឈប់​ចេញ​វ៉ា​នោះ​ឡើយ ពីព្រោះ​ពួកគាត់​ចាត់ទុក​ដីធ្លី​ទាំងនោះ​ជា​អាយុជីវិត​របស់​ពួកគាត់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ