

អតិថិជនរងគ្រោះរងគ្រោះទាមទារឱ្យឱ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោះស្រាយសងសំណង ឬ សង់ផ្ទះ និង រៀបចំដីតាមកិច្ចសន្យា ហើយ ដាក់ទោសឧកញ៉ា ឡេង ណាវ៉ាត្រា តាមច្បាប់។ រីឯ អ្នកឃ្លាំមើល ស្នើឱ្យសមត្ថកិច្ច ជំនាញ ស៊ើបអង្កេតឱ្យស៊ីជម្រៅ ពាក់ព័ន្ធបណ្ដាញទុនវិនិយោគដ៏ស្មុគស្មាញ របស់ លោក ឡេង ណាវ៉ាត្រា ដែលពួកគាត់ជឿជាក់ថា លោក ឡេង ណាវ៉ាត្រា មានអ្នក មានអំណាច ជាខ្នងបង្អែក។ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធនគម្រោងសង់ផ្ទះ និងលក់ដីឡូតិ៍ ៦អា (6A) ហើយប្រកាសប្រគល់ទ្រព្យសម្បត្តិទាំងអស់ របស់លោករួមទាំងដីផ្នូរម្តាយរបស់លោក និងកង ម៉ូតូ ឡាន ឱ្យរដ្ឋាភិបាល ដោះស្រាយវិញ។
ទស្សនាវីដេអូលម្អិតរបស់លោក យ៉ង ចាន់តារា តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ
ក្រោយទទួលបានដំណឹង អំពីការប្រកាសក្ស័យធនគម្រោងសង់ផ្ទះ របស់លោក ឡេង ណាវ៉ាត្រា ក្រុមអតិថិជនរងគ្រោះ បានបញ្ចេញប្រតិកម្មព្រោងព្រាតលើបណ្ដាញសង្គម ។អតិថិជនមួយចំនួន ចង់បានលុយត្រឡប់មកវិញ ហើយអ្នកខ្លះទៀត ចង់បានដី និងផ្ទះទៅតាមកិច្ចសន្យា ព្រមទាំងទាមទារឲ្យសមត្ថកិច្ច និងតុលាការ ចាប់ខ្លួន និងកាត់ទោសម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយនេះ ទៅតាមច្បាប់។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្រី វីន (Srey Vin) និយាយថា មេរៀនទិញផ្ទះ ឬដី ៦ឆ្នាំមកនេះ អត់ន័យ អស់លុយ ខាតពេល អត់ផ្ទះ ហើយជីវិត កំសត់មុន វេទនាក្រោយ។ ស្រី វីន សរសេរផុសលើហ្វេសប៊ុកបែបនេះ នៅថ្ងៃទី០៩ ខែកញ្ញា ដោយភ្ជាប់រូបថត លោក ឡេង ណាវ៉ាត្រា និង គ្រួសារ ព្រមទាំង លិខិតរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែសីហា ដែលស្នើឱ្យមន្ទីរក្រោមចំណុះក្រសួង បង្កកអចលនទ្រព្យរបស់ក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវ៉ាត្រា គ្រុប។
អតិថិជនម្នាក់ទៀត ប្រាប់ទូរទស្សន៍អាស៊ីសេរី ដែលសុំមិនបញេញឈ្មោះ នៅថ្ងៃទី៩ ខែកញ្ញា ដោយទទូចឱ្យក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ដោះស្រាយ សង់ផ្ទះ និង រៀបចំដី ឱ្យលោក និង អតិថិជនរងគ្រោះ តាមកិច្ចសន្យា និងចាត់ការ លោក ឡេង ណាវ៉ាត្រា ទៅតាមផ្លូវច្បាប់។ លោក បានទិញផ្ទះមួយល្វែង តម្លៃជិត ៣ម៉ឺនដុល្លារ និង ដីមួយប្លង់ ដែលមានតម្លៃជិត ១ម៉ឺនដុល្លារ ដោយបានបង់ផ្ដាច់ ទាំងអស់ ចាប់តាំងពីឆ្នាំ២០២១ម្ល៉េះ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា មិនទាន់សង់ផ្ទះ និង ចាក់ដីបំពេញឱ្យត្រឹមត្រូវ ឱ្យលោក នៅឡើយទេ។
អតិថិជន៖ «បើសិនជាបានធ្វើការបង្កនូវទ្រព្យសម្បត្តិឡេងណាវ៉ាត្រាហើយ ហើយក្រសួងបានចូលខ្លួននៅក្នុងការដោះស្រាយហើយ សូមឱ្យក្រសួងធ្វើការ ដោះស្រាយ ឱ្យជាប្រញាប់ជាបន្ទាន់ ដោយសារតែអតិថិជនម្នាក់ៗ រកចាំ ៥ ទៅ៦ ឆ្នាំហើយវារង់ចាំរយៈពេលយូរមែនទែន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានឈ្មោះដើម «ឡេង ភត្រា» បានប្រកាសទាំងយប់ កាលពីថ្ងៃទី០៨ ខែកញ្ញា ថា ក្រុមហ៊ុនរបស់លោកមិនអាចបញ្ចប់គម្រោងសង់ផ្ទះ ៦អា (6A)បានទេ ហើយបានស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយ។
អតិថិជនរងគ្រោះឱ្យដឹងថា គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា បែង ចែកជាច្រើនប្លុក និង គ្រោងសង់ផ្ទះជាង ៥ពាន់ខ្នង(៥០០០ខ្នង) តែសព្វថ្ងៃ ប្លុកខ្លះ ត្រូវបានសងសង់រួច ដោយមិនពេញលេញ រីឯប្លុកខ្លះ ទើបសង់បានប្រហែលពាក់ កណ្ដាល ខណៈប្លុកខ្លះទៀត នៅទទេស្អាត។ ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស ដាក់បងប្អូនរបស់លោកមួយពូជ និង ទ្រព្យសម្បត្តិទាំងអស់ រួមទាំងដី កង់ ម៉ូតូ និង ឡាន រហូតដល់ផ្នូរម្ដាយរបស់លោក ប្រគល់ជូនក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ ចាត់ចែង និងស្នើថ្វាយព្រះមហាក្សត្រ បញ្ចប់គោរមងារឧកញ៉ា របស់បង ប្អូនលោក ទាំង ៥នាក់។
ឧកញ៉ា ឡេង ណាវ៉ាត្រា អះអាងថា នេះជាដំណាក់កាល ត្រូវវះកាត់ ។ ដូច្នេះដើម្បីបង្ហាញ ការទទួលខុសត្រូវ ហើយលោកព្រមទទួលទោសតាមច្បាប់ ទោះប្រឈមនឹងការ ដាក់ទោសលោក មួយជីវិតក៏ដោយ។ បន្ថែមលើនេះ បងប្អូនរបស់លោក ចំនួន ៤នាក់ទៀត ដែលបានឡើងឧកញ៉ាងាយៗ ដូចជា លោក ឡេង ប្រុស អ្នកស្រី ឡេង និមល អ្នកស្រី ឡេង បញ្ចាពណ៌ និង សុន តារ៉ាវុធ ក៏ត្រូវទទួលខុសត្រូវ ចំពោះបរាជ័យ នៃគម្រោង ៦អា ដែរ។ ទោះជាយ៉ាងណា លោក ស្នើសុំឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែត កុំដាក់ទោសប្រពន្ធនិងកូនៗរបស់លោក ហើយទុកឲ្យកូនៗរបស់លោក រៀនបានចប់ចុងចប់ដើម។
លោក ឡេង ណាវ៉ាត្រា សរសេរថា បញ្ហាគម្រោងសង់ផ្ទះ ៦អា របស់លោក គឺជា គម្រោងដែលផុងជ្រៅ ដោយលោកលក់បានចំណូល ១៨៥លាន ដុល្លារ ប៉ុន្តែត្រូវ ចំណាយ មកដល់ពេលនេះ ចំនួន ២២១លានដុល្លារ។ លោកថា សព្វថ្ងៃ ត្រូវការ ប្រហែល ពី ២០ ទៅ ៣០ លានដុល្លារទៀត ទើបអាចដោះស្រាយបញ្ចប់គម្រោង បាន ដែលទិន្នន័យនេះ មានក្នុងដៃរដ្ឋាភិបាល ហើយលោកថា នេះមិនរាប់បញ្ចូល បញ្ហាដែលក្រសួងកំពុងដោះស្រាយបន្តផងទេ។
លោក ឡេង ណាវ៉ាត្រា សារភាពថា លោកមានកំហុសពីរ គឺភាពយឺតយ៉ាវនៃការ អនុវត្តគម្រោង និង ការជំពាក់បំណុល។ ឧកញ៉ារូបនេះ ត្អូញត្អែរថា លោកប្រៀប ដូចជាអ្នកម៉ៅការខាតចុងខាតដើម ឬ ឡុងចុងម្នាក់។ លោកថា ទ្រព្យសម្បត្តិជាច្រើន ទៀត រួមមាន ដីធ្លី ទាំងខេត្តនៅក្នុងក្រុង មានការជំពាក់វាក់វិនច្រើនពាន់ហិចតា ហើយដីធ្លី និងគម្រោងទាំងនោះ បច្ចុប្បន្ន មិនមានតម្លៃគ្រប់គ្រាន់ដើម្បីទូទាត់ បំណុល និងបញ្ចប់គម្រោងឡើយ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និង ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៩ ខែកញ្ញាថា រដ្ឋាភិបាលត្រូវពិនិត្យផ្ទៀងផ្ទាត់មើលឡើងវិញ ទាក់ទងនឹង ប្រតិបត្តិការគម្រោងរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ហើយសមត្ថកិច្ចជំនាញ ក៏ត្រូវស្រាវជ្រាវឱ្យស៊ីជម្រៅ ពាក់ព័ន្ធនឹងបណ្ដាញទុនវិនិយោគដ៏ស្មុគស្មាញ របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរដើម្បីបង្ហាញតម្លាភាព ក្នុងការប្រតិបត្តិច្បាប់។ លោកថា មិនត្រូវជឿតែលើការប្រកាសរបស់លោក ឡេង ណាវ៉ាត្រា តែម្នាក់នោះទេ។
លោក យិន ម៉េងលី៖ «តើរឿងនេះ ជាការគេចវេសមិនទទួលខុសត្រូវទេ បានជាធ្វើ ការប្រកាសបែបនេះ ហើយការប្រកាសទាំងអស់នេះ ក្នុងគោលបំណងអី ដើម្បីឱ្យខ្លួនរួចផុតពីការទទួលខុសត្រូវផ្លូវច្បាប់ឬក៏យ៉ាងម៉េច។ បើសិនជាការប្រកាស ហើយ ផុតការទទួលខុសត្រូវ ហើយបន្ទុកធ្លាក់ទៅលើខាងណាជាអ្នកដោះស្រាយ»។
លោក ឡេង ណាវ៉ាត្រា ប្រកាសថា ខ្វះទុនប្រហែល ពី ២០ ទៅ ៣០ លានដុល្លារ ដើម្បីបញ្ចប់គម្រោងសង់ផ្ទះ ៦អា។ ប៉ុន្តែអំឡុងពេលលោកល្បីឈ្មោះ ជាឧកញ៉ាវ័យ ក្មេង តែក្នុងរយៈពេល ៥ឆ្នាំ លោក ឡេង ណាវ៉ាត្រា បានបរិច្ចាគជាសាច់ប្រាក់សុទ្ធ ប្រមាណ ២៥លានដុល្លារ ទៅឱ្យរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនកាកបាទ ក្រហមកម្ពុជារបស់អ្នកស្រី ប៊ុន រ៉ានី ជាភរិយារបស់លោកហ៊ុន សែន សមាគមគ្រូពេទ្យស្ម័គ្រចិត្តរបស់ អ្នកស្រី ពេជ ចន្ទមុន្នី ជាភរិយារបស់លោកហ៊ុន ម៉ាណែតព្រមទាំងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន ម៉ាណែត និងរហូតដល់ជួយប្រទេសឡាវ ២លានដល្លារ ក្នុងសម័យកូវីដ-១៩ផង។
កន្លងមក លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត សុទ្ធតែធ្លាប់ថ្លែងជាសាធារណៈ សរសើរឧកញ៉ា ឡេង ណាវ៉ាត្រា។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន សែន ធ្លាប់លើកយោបល់ពេញចិត្តគាំទ្រលោក ឡេង ណាវ៉ាត្រា ឱ្យឈរឈ្មោះជាប្រធានសមាគមសិល្បៈថែមទៀត ហើយកាលក្នុងឆ្នាំ២០២៣វិញ លោក ឡេង ណាវ៉ាត្រា ក៏ធ្លាប់ត្រូវបានលោក ហ៊ុន សែន ឱ្យធ្វើដំណើរក្នុងយន្តហោះពិសេស ក្នុងគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលទៅប្រទេសឡាវ។
សូម្បីតែក្នុងពេលក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា ឈូសបំផ្លាញព្រៃភ្នំតាម៉ៅ អស់ប្រមាណ ៥៣០ហិកតារ ក្នុងខែសីហា ឆ្នាំ២០២២ លោក ហ៊ុន សែន បានរារាំង មិនឱ្យចាត់ការលោក ឡេង ណាវ៉ាត្រា តាមផ្លូវច្បាប់ទេ។ ចំណែក លោក ហ៊ុន ម៉ាណែត ដែលកាលនោះ ជាមេបញ្ជាការកងទ័ពជើងគោក ក៏បានចេញមុខការពារលោក ឡេង ណាវ៉ាត្រា ដែរ។
លោក ហ៊ុន ម៉ាណែត៖ «ឡេង ណាវ៉ាត្រានេះ គេធ្វើរកស៊ីមានបានតាំងមុនគ្នាជា ពលករនៅកូរ៉េត្រឡប់មកវិញ ទៅរកស៊ីឈ្នួលគេមួយ ថៅកែអភិវឌ្ឍន៍ដីឡូតិ៍ ក្រោយមកថៅកែហ្នឹង បណ្ដុះបណ្ដាលគ្នាចេះ បែកគំនិតរកស៊ីចំណេញ។ គេរកស៊ី ចំណេញរឿងដីធ្លី ពេលដែលមានក្រុមការងារយុវជន គេស្គាល់ តាមក្រុមការងារ យុវជនខ្ញុំមិនដឹងណាទេ ស្គាល់បន្តបន្ទាប់គេសុំចូលរួមជួយទៅ»។
ក្រៅពីការបរិច្ចាគលុយសុទ្ធ ទាំងលានដុល្លារ ទៅឱ្យក្រុមគ្រួសារត្រកូលហ៊ុននោះ អ្នកឃ្លាំមើលកត់សម្គាល់ដែរថា គម្រោងយក្សរបស់លោក ឡេង ណាវ៉ាត្រា ត្រូវបានប្រកាសបិទ ខណៈជំនួញធំៗរបស់ឧកញ៉ា ហ៊ុន តូ ដូចជា ជំនួញធនាគារជាដើម ចាប់ផ្ដើមដួលរលំ ដោយសារការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ ដោយបស្ចិមប្រទេស។ ពួកគាត់ថា ដំណើររឿងនេះ អាចជាប់ពាក់ព័ន្ធគ្នា ពីព្រោះ លោក ឡេង ណាវ៉ាត្រា និងបក្ខពួក ធ្លាប់ចេញមុខការពារ ឧកញ៉ា ហ៊ុន តូ ជាចំហ ទាំងនៅលើទឹកដីកម្ពុជា និងដល់បរទេស។
ទោះជាយ៉ាងណាក៏ដោយ អតិថិជន ដែលបានទិញផ្ទះ និងដី ក្នុងគម្រោងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទទូចជាអាទិភាព ទាមទារប្រាក់សំណងត្រឹមត្រូវ ឬ បានផ្ទះ និង ដី ដែលពួកគាត់បានទិញ តាមកិច្ចសន្យា ជាមុនសិន។
អ្នកទិញផ្ទះម្នាក់ ឈ្មោះ សួន គឹមឡេង (Soun Kimleng) ឱ្យដឹងលើហ្វេសប៊ុក នៅថ្ងៃទី០៩ ខែកញ្ញាថា ខ្លួនបានទិញផ្ទះវីឡាទោល ពីក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ៦ឆ្នាំហើយ តែលុយសំណងក៏មិនទាន់បាន រីឯផ្ទះក៏សង់មិនចប់។ អតិថិជន រូបនេះ ថា ពេលនេះ ខ្លួនក្លាយជាម្ចាស់បំណុលរបស់ក្រុមហ៊ុនហើយ បន្ទាប់ពីលោក ឡេង ណាវាត្រា ប្រកាសក្ស័យធន កាលពីថ្ងៃ៨ ខែកញ្ញា។ ដូច្នេះ អ្នកទិញផ្ទះរូបនេះ ទាមទារថា រាល់ការទូទាត់បញ្ជី ត្រូវមានចំណែកនៃការបែងចែក ស្របតាមក្រមរដ្ឋប្បវេណី និងច្បាប់ជម្រះបញ្ជី៕









