ពលរដ្ឋ​ខេត្តមណ្ឌលគិរី​បារម្ភ​សាជាថ្មី​ជុំវិញ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣

0
105
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ Photo Courtesy of RFA
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ Photo Courtesy of RFA

ពលរដ្ឋ​រស់នៅ​ស្រុក​កោះញ៉ែក ខេត្ត​មណ្ឌលគិរី បារម្ភ​សាជាថ្មី ជុំវិញ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣ ខណៈ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រងគ្រោះ។ សង្គម​ស៊ីវិល នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ពលរដ្ឋ និង​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌។

ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត​មួយឆ្នាំ ជុំវិញ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​បី នៅ​ចំណុច​ព្រំប្រទល់​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះញ៉ែក ខេត្ត មណ្ឌលគិរី ពលរដ្ឋ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ចាប់ផ្ដើម​សាងសង់ ខណៈ​រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រងគ្រោះ​នោះ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ លោក មាស មិត្ត អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ថា ចាប់តាំងពី​អាជ្ញាធរ​ចុះ​គំរាមកំហែង​ពលរដ្ឋ​តាម​ផ្ទះ​ឲ្យ​ផ្លាស់​ទីលំនៅ អស់​រយៈពេល​ជិត​មួយឆ្នាំ​ហើយ មិនទាន់​ឃើញ​មាន​សកម្មភាព ឬ​ការ​ជូនដំណឹង​ផ្លូវការ​ណាមួយ​ពី​ភាគី​ពាក់ព័ន្ធ​នោះ​ឡើយ​។ លោក​ថា ពលរដ្ឋ​បារម្ភ​ខ្លាច​ស្ងាត់ៗ ស្រាប់តែ​ក្រុមហ៊ុន​ដាក់​គ្រឿង​ច្រក​សាងសង់ និង​ឈូស​ឆាយ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដូច​ខេត្ត​ដ៏​ទៃ​ដែរ​។ លើស​ពី​នោះ លោក​ថា កន្លងទៅ​អាជ្ញាធរ​ធ្លាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​យក​សំណង និង​បង្ខំ​ឲ្យ​ចាក​ចេញពី​តំបន់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​នោះ​ឡើយ ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​មួយ​ថែមទៀត។

លោក មាស មិត្ត៖ «​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​គឺ​សំណូមពរ​ថា គេ​មិន​ចង់​បានទេ​រឿង វា​រី​អគ្គិសនី​នេះ ព្រោះ​ការ​ផល​ប៉ះពាល់​ការរស់នៅ​របស់​គេ រឿង​ដំណាំ​ដាំ​ដុះ​ក៏​ខាង​ក្រុមហ៊ុន​ក៏​អត់​ឃើញ​សិក្សា​អី​ដែរ ការ​សំណូមពរ​របស់​គេ គឺ​គេ​មិន​ចង់​ចាក​ចេញពី​ទីលំនៅ​នឹង​ដែរ ទោះបី​អាជ្ញាធរ​បង្ខំ​យ៉ាងម៉េច​ក៏​អត់​ចាកចេញ​ដែ»

កន្លងទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេស្រែពក​ថា មាន​ពលរដ្ឋ​ចំនួន​៨​ឃុំ រួមមាន ឃុំ​សេ​ដា ឃុំ​កា​ឡែ​ង ឃុំ​ជ័យ​ឧត្ដម ស្ថិតនៅ​ស្រុក​លំផាត់ និង​ឃុំ​បរខាំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី និង ឃុំ​ណងឃីលិក ឃុំ​រយ៉ និង​ឃុំ​ស្រែ​ហ៊ុយ ស្ថិត​ក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នឹង​រង​ផល​ប៉ះពាល់​ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្រែ​ពក​ក្រោម​៣ ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​លំផាត់ ខេត្តរតនគិរី។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អភិបាលខេត្ត​មណ្ឌលគិរី លោក គង់ គីមនី ដើម្បី​សុំ​ការអធិប្បាយ​បានទេ នៅ​ថ្ងៃទី​១៦ ខែ​កក្កដា។ ចំណែក​ខាង​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក គិត ម៉េង ក៏​ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា កាលពី​ខែធ្នូ ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង នឹង​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ផ្ទះ​ធ្វើ​ពី​ឈើ​ចំនួន​១​ខ្នង ដែល​មាន​ទំហំ ទទឹង​៨​ម៉ែត្រ បណ្ដោយ​១០​ម៉ែត្រ ដី​លំនៅឋាន​ទទឹង​២៥​ម៉ែត្រ បណ្ដោយ​៥០​ម៉ែត្រ និង​ដីស្រែ​ចម្ការ​ចំនួន​៥​ហិកតារ ស្ថិតនៅ​តំបន់​៩៥ ក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវភាព​គ្រួសារ​។ ចំណែក​ពលរដ្ឋ​ដែល​រុះរើ​ផ្ទះសម្បែង​តាម​ផែនការ​របស់​ក្រុមហ៊ុន និង​គោលការណ៍​របស់​អាជ្ញាធរ នឹង​ទទួល​បាន​ប្រាក់​២​ពាន់ (២.០០០) ដុល្លារ និង​ប្រាក់​ថ្លៃ​ដឹកជញ្ជូន​សម្ភារៈ​ចំនួន​២​ពាន់​ដុល្លារ​ថែមទៀត​។ នេះ​បើ​តាម​លិខិត ស្ដី​អំពី​ដំណោះស្រាយ​ផល​ប៉ះពាល់​មួយ​ច្បាប់ ដែល​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ នៅ​ឃុំ​ណងឃីលិក ស្រុក​កោះញែក ខេត្តមណ្ឌលគិរី ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រមយក​សំណង​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​នេះ​ឡើយ។

គម្រោង​វារីអគ្គិសនី​ស្រែពក​ក្រោម​៣ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ។ គម្រោង​នេះ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ជាង ៣០០​មេហ្កាវ៉ាត់។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​គួរ​ស្ដាប់​មតិ​របស់​ពលរដ្ឋ និង​ការ​ចង់​បាន​របស់​ពល​រដ្ឋ ដើម្បី​ស្វែងរក​ដំណោះស្រាយ មិន​គួរ​នាំគ្នា​ដើរ​គំរាមកំហែង​ពលរដ្ឋ និង​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង ដែល​ជា​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល និង​ច្បាប់​នោះ​ឡើយ​។ លោក​ជំរុញ​ឲ្យ​គ្រប់​ភាគី ត្រូវ​ជជែក និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ។

លោក យិន ម៉េងលី៖ «សូមកុំ​ឲ្យ​មានការ​គំរាមកំហែង សូមកុំ​ឲ្យ​មានការ​បោះពាក្យ​សម្ដី ព្រម​ក៏​យក មិន​ព្រម​ក៏​យក ឬក៏​ថា​មិន​ព្រម​នឹង​ចាប់​ដាក់គុក យើង​មិន​ចង់​ឃើញ មិន​ចង់​លឺ​ពាក្យ​ទាំងអស់​នឹង​ទេ យើង​ចង់​ឲ្យ​មាន​បន្ត​ការ​ចរចារ​ដោយ​សន្តិវិធី​ពាក់ព័ន្ធ​រឿង​ដីធ្លី ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​នេះ យើង​គិតថា​ល្អ​ប្រសើរ​ជាង ព្រោះ​ការប្រើប្រាស់​នូវ​ពាក្យ​ទាំងនេះ​លេចចេញ​ទ្បើង​ពុំ​មែន​ជា​រឿង​ល្អ​ទេ​នៅក្នុង​សង្គម​នេះ»។

បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​ទំនប់​វារីអគ្គិសនី​ជាង ១០​កន្លែង ស្ថិតនៅ​ខេត្ត​កោះកុង ពោធិ៍សាត់ កំពត កំពង់ស្ពឺ និង​ខេត្តស្ទឹងត្រែង ហើយ​កំពុង​សាងសង់​ចំនួន​៣​កន្លែង​ផ្សេងទៀត ក្នុង​ខេត្តកោះកុង និង​ពោធិ៍សាត់​។ ចំណែក​គម្រោង​ទំនប់​វារី​អគ្គិសនី​ចំនួន​២​ទៀត នៅ​តាម​ដង​ទន្លេសេសាន និង​ទន្លេស្រែពក ក្នុង​ខេត្ត​រតនគីរី កំពុង​សិក្សា និង​គ្រោង​សាងសង់​នៅពេល​ខាងមុខ​។ ការសាងសង់​ទំនប់​វារី​អគ្គិសនី កន្លងទៅ​តែងតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទឹក​លិច​លំនៅឋាន ដីស្រែ​ចម្ការ និង​ផលដំណាំ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ ហើយ​ទទួលយក​សំណង​មិន​សមរម្យ​ពី​ក្រុមហ៊ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ