អ្នកឃ្លាំមើល​ថា ចំណូល​ពី​ធនធាន​រ៉ែ​មិន​បាន​ដល់​ពលរដ្ឋ ដោយសារ​តែ​អំពើពុករលួយ និង​បក្ខពួក​និយម

0
11
រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ។ រូប៖ ហ្វេសប៊ុក
រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ។ រូប៖ ហ្វេសប៊ុក

អ្នកឃ្លាំមើល​ថា ចំណូល​បាន​ពី​ពន្ធ​នៃ​ធនធាន​រ៉ែ​ច្រើន​លើសលុប ប៉ុន្តែ​ផលប្រយោជន៍​ទាំងនោះ មិន​បាន​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន ដោយសារ​អំពើពុករលួយ និង​បក្ខពួក​និយម ដែល​បង្កើត​ឡើង​ដោយ​បក្ស​កាន់អំណាច។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា ពន្ធ​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ គឺ​បាន​យក​ទៅ​ប្រើប្រាស់​អភិវឌ្ឍន៍​តាម​មូលដ្ឋាន ក្នុង​ខេត្ត​ចំនួន ១០​ទូទាំង​ប្រទេស។

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រាក់ចំណូល​បាន​ពី​ការ​បង់ពន្ធ នៃ​អាជីវកម្ម​រ៉ែ​បាន​ច្រើន​លើសលុប ប៉ុន្តែ​ការ​ប្រមូល​ពន្ធ​ទាំងនោះ​មិនបាន​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​នៅ​តាម​មូលដ្ឋាន​នោះ​ឡើយ ដោយសារ​សួយសារ​អាក​ទាំងនោះ បាន​ហូរ​ទៅ​ចូលក្នុង​គណបក្ស​កាន់អំណាច និង​បក្ខពួក​របស់​ពួកគេ​។ ក្រៅពីនោះ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បន្ត​ជាប់បំណុល​ធនាគារ និង​កាន់តែ​ក្រីក្រ ដោយសារ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មាន​អំពើពុករលួយ​ច្រើន​លើសលុប។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែកក្កដា​ថា ប្រាក់ចំណូល​ដែល​បាន​ពី​ការ​បង់ពន្ធ ក្នុង​វិស័យ​រ៉ែ​មាន​ច្រើន​លើសលុប ប៉ុន្តែ​លុយ​ទាំងនោះ​មិនបាន​យក​ទៅ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​នោះ​ទេ ផ្ទុយទៅវិញ​លុយ​ទាំងនោះ គឺ​ធ្លាក់​ទៅលើ​ក្រុម​អ្នកគ្រប់គ្រង​អំណាច និង​បក្ខ​ពូក​របស់​ពួកគេ ចំណែក​ពលរដ្ឋ​ទទួល​បាន​តិចតួច​បំផុត​។ លោក​ថា ការ​ប្រមូល​ពន្ធ និង​ការចាត់ចែង​ផលប្រយោជន៍​ទាំងនោះ​មិន​មាន​តម្លាភាព​នោះ​ទេ ដោយសារតែ​អំពើពុករលួយ​នៅ​កម្ពុជា បាន​ចាក់ស្រេះ​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ជាតិ។

លោក សេង វណ្ណលី៖ «ភាពផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​រវាង​ភាព​សំបូរ​បែប​នៃ​ធនធានធម្មជាតិ​របស់​ខ្មែរ និង​ជីវភាព​រស់នៅ​ដ៏​ករ​របស់​ប្រជាពលរដ្ឋ​គឺជា​របួស​ស្នាម​ដល់​ជ្រៅ​មួយ​ទាក់ទង​ពី​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​ទន់ខ្សោយ និង​ខ្វះ​តម្លាភាព ខ្ញុំ​គិតថា​ផលប្រយោជន៍​ពី​ការ​ទាញ​យក​ពី​ធនធាន​រ៉ែ​កម្រ​ទាំងនេះ​ភាគច្រើន​ត្រូវ​បាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​បក្ខ​ពួក​និយម និង​មន្ត្រី​មានអំណាច​ថ្នាក់លើ ជាជាង​បែក​ចែង​ទៅ​ក្នុង​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​សង្គម​ទាំងមូល មូលហេតុ​ចម្បង​គឺ​ការ​រីក​រាលដាល​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​សម្បទាន និង​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ផ្សេងៗ​ត្រូវ​បាន​ធ្វើ​ទ្បើង​ដោយ​សម្ងាត់ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​ឯករាជ្យ ឬ​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ពី​មតិ​សាធារណជន»។

ចំណែក​អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល និង​ការ​ចំណាយ ដើម្បី​បង្ហាញ​អំពី​តម្លាភាព និង​យុត្តិធម៌​។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​បន្ត​លាក់បាំង​នូវ​ប្រាក់ចំណូល​ដែល​បាន​ពី​ការ​បង់​ពន្ធ នៃ​អាជីវកម្ម​រ៉ែ ពលរដ្ឋ​នឹង​ចោទ​មន្ត្រី​ថា ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ។

លោក សេង សុខហេង៖ «ដូច្នេះ​ការ​កង្វះ​ការ​ចែកចាយ​ព័ត៌មាន​ឬ​បង្ហាញ​ព័ត៌មាន​មិន​ពិត​ទៅដល់​សាធារណជន​វា បង្ហាញ ឬក៏​ធ្វើ​ឲ្យ​សាធារណជន​មានការ​មន្ទិលសង្ស័យ អំពី​កា​ពិត​បែងចែក​ផលប្រយោជន៍ នៅ​តែ​មាន​អារម្មណ៍​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ទៅលើ​គម្រោង​វិនិយោគ​ធនធាន​រ៉ែ»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​រដ្ឋ លោក អ៊ឹង ឌីប៊ូឡា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​១៣ ខែកក្កដា​។ ទោះជា​យ៉ាងណា កាសែត​ក្នុងស្រុក​បាន​ចុះផ្សាយ ដោយ​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៊ូ​ឡា ដោយ​អះអាង​ថា ក្នុង​រយៈពេល​៦​ខែ នៅ​ដើមឆ្នាំ​២០២៦ ក្រសួង​បាន​ប្រមូល​ពន្ធ​សួយ​សារ​ពី​វិស័យ​រ៉ែ​ទូទាំង​ប្រទេស​បាន​ជិត​១០០​លាន​ដុល្លារ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​នោះ​ទេ ថា លុយ​ទាំងនោះ រដ្ឋាភិបាល​យក​ទៅ​ប្រើប្រាស់​ទៅ​លើ​អ្វីខ្លះ​នោះ​ទេ។

ដោយឡែក កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ក្រសួង​រ៉ែ និង​ថាមពល​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​អនុវត្ត​គម្រោង​មូលនិធិ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ក្នុង​ឆ្នាំ​២០២៦ ដោយ​ក្នុង​សេចក្ដីប្រកាស​នោះ លើកឡើង​ថា ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ ត្រូវ​អនុញ្ញាត​ឲ្យ​យក​ទៅ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ចំនួន​១០ រួមមាន ខេត្ត ព្រៃវែង កំពង់ចាម កណ្ដាល កំពង់ស្ពឺ កោះកុង និង​ខេត្តកំពត​ជាដើម​។ នៅក្នុង​លិខិត​ដដែល​បញ្ជាក់​ទៀត​ថា ប្រាក់​ទាំងនេះ គឺ​មិន​រាប់​បញ្ចូល​ជាមួយ ប្រាក់​បង់​សួយ​សារ​នៃ​អាជីវកម្ម​រ៉ែ​នោះ​ទេ គឺ​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ត្រូវ​បង់​មូលនិធិ​ផ្សេងទៀត។

អ្នកឃ្លាំមើល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ មិន​ត្រូវ​ឃុបឃិត​គ្នា​យក​លុយ​ទាំងនោះ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រុម​បក្ខពួក​របស់​ខ្លួន​នោះ​ឡើយ​។ ពួកគាត់​ថា អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រុម​មេដឹកនាំ​កេងប្រវ័ញ្ច​យក​ទ្រព្យសម្បត្តិ​ជាតិ ទុក​ធ្វើជា​ទ្រព្យសម្បត្តិ​បុគ្គល ចំណែក​ពលរដ្ឋ​រស់នៅ​វេទនា ក្នុង​ភាព​ក្រីក្រ រីឯ​បំណុល​បរទេស​បែរជា​កើនឡើង​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ