

អ្នកឃ្លាំមើលសង្គម រិះគន់រដ្ឋាភិបាលក្រុងភ្នំពេញថា អសកម្ម និងទន់ជ្រាយក្នុងការការពារទឹកដីខ្មែរ ទើបយោធាថៃ កាន់តែចូលឈ្លានពាន និងចុះទៅវាស់វែងបែងចែកទឹកដីខ្មែរនៅតំបន់ភូមិជោគជ័យ ឲ្យពលរដ្ឋថៃកាន់កាប់ជាឯកតោភាគី ដែលផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។ ការអះអាងនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានចេញមកប្រកាសតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានចុះវាស់វែង និងបោះបង្គោលព្រំដីនៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដើម្បីបែងចែកឲ្យពលរដ្ឋថៃ កាន់កាប់និងអាស្រ័យផល។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា សកម្មភាពជាឯកតោភាគីរបស់យោធាថៃ ក្នុងការវាស់វែងរំលោភយកដីខ្មែរជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការមើលស្រាល និងមិនគោរពកិច្ចព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នា ក៏ដូចជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក សេង វណ្ណលី៖ «ទង្វើដ៏គឃ្លើនមិនឈប់ឈររបស់ភាគីថៃ ឆ្លុះបញ្ចាំងពីមហិច្ឆតាវាតទីនិយមមិនចេះចប់មិនចេះរបស់ភាគីថៃ ដែលតែងតែឆ្លៀតឱកាសប្រើប្រាស់កម្លាំងយោធា និងឥទ្ធិពលនយោបាយ ដើម្បីបង្ខំឱ្យមានការប្រែប្រួលខ្សែបន្ទាត់ព្រំដែនតាមចិត្តចង់»។
លោក សេង វណ្ណលី បានបន្ថែមថា នេះបង្ហាញអំពីភាព អសកម្មរបស់របបក្រុងភ្នំពេញ ក៏ជាកត្តាបង្ហាញឱ្យឃើញពីភាពកំសាកក្នុងការការពារបូរណភាពទឹកដីផងដែរ។ លោកថា ការដែលរបបភ្នំពេញធ្វើបានត្រឹមតែចេញលិខិតថ្កោលទោស តាមផ្លូវការទូតម្ដងហើយម្ដងទៀត គឺជាយុទ្ធសាស្ត្រទន់ជ្រាយ និងគ្មានប្រសិទ្ធភាពទាល់តែសោះ ក្នុងការទប់ស្កាត់ការឈ្លានពានជាក់ស្ដែងនៅលើដីខ្មែរ។ ហើយប្រតិកម្មនេះ គ្រាន់តែដើម្បីបង្គ្រប់កិច្ចនៅលើក្រដាស និងការខ្វះវិធានការឆ្លើយតបឱ្យបានម៉ឺងម៉ាត់ ក្នុងលំនាំផ្លូវច្បាប់ និងផ្លូវយោធា បានធ្វើឱ្យភាគីថៃកាន់តែមានចិត្តហ៊ានក្នុងការបន្តបំពានយកទឹកដីខ្មែរដោយគ្មានការខ្លាចញញើត។
អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះបន្ថែមទៀតថា ដើម្បីបញ្ចប់សកម្មភាពរំលោភបំពាននេះ កម្ពុជាត្រូវតែលះបង់ចោលនូវវប្បធម៌ការទូតអង្វរករ ហើយជំនួសមកវិញនូវការអនុវត្តច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់បំផុត គឺកម្ពុជាត្រូវតែនាំយកបញ្ហាព្រំដែន និងការរំលោភកិច្ចព្រមព្រៀងពីសំណាក់ភាគីថៃនេះ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ (ICC។
ការអះអាងនេះបន្ទាប់ពីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយចេញមុខប្រកាសតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពអាជ្ញាធរនិងយោធាថៃ ដែលបានចុះវាស់វែង និងបោះបង្គោលព្រំដីនៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលយោធាថៃ បានធ្វើសង្គ្រាមឈ្លានពានកន្លងមកនោះ យកទៅបែងចែកឲ្យពលរដ្ឋថៃ ដើម្បីកាន់កាប់និងអាស្រ័យផល។ ក្រសួងការបរទេសកម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងត្រូវងាកទៅរកដំណោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់វិញ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយពលរដ្ឋថៃចំនួន ២៥នាក់ និងមានរថយន្តចំនួន៩គ្រឿង បានបោះបង្គោលព្រំដីនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជា ប្រកាសមិនទទួលស្គាល់ដាច់ខាតចំពោះខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃ និងថា សកម្មភាពរបស់ភាគីថៃថ្មីៗនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិដែរ។
រដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមិនស្របច្បាប់ និងសកម្មភាពជាឯកតោភាគីបន្ថែមទៀត ដើម្បីបន្ថយភាពតានតឹង បង្កើនទំនុកចិត្ត និងរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំង២។
ទាក់ទងទៅនឹងបញ្ហានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការដែលក្រសួងការបរទេសកម្ពុជា ចេញលិខិតតវ៉ា ដែលអាជ្ញាធរថៃបានចែកដីរបស់ខ្មែរនៅភូមិជោគជ័យទៅឱ្យពលរដ្ឋថៃ ជាការល្អ។ ប៉ុន្តែ លោកយល់ថាការគ្រាន់តែចេញលិខិតតវ៉ាមិនគ្រប់គ្រាន់នោះទេ។ អ្វីដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវធ្វើគឺប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ៩១។
លោក អ៊ុំ សំអាន៖ «ហើយបើគ្រាន់តែចេញលិខិតតវ៉ា លិខិតថ្កោលទោសហ្នឹង ថៃគេមិនស្ដាប់នោះទេ គេនៅតែឈ្លានពានទឹកដីខ្មែរយើង គេនៅតែបន្តចែកដីខ្មែរយើងហ្នឹងទៅឱ្យពលរដ្ឋថៃ»។
លោក អ៊ុំ សំអាន បន្ថែមថា កម្ពុជាត្រូវប្រើសិទ្ធិស្វ័យការពារ ទប់ស្កាត់កុំឱ្យថៃរុល មកឈ្លានពានទឹកដីខ្មែរបន្ថែមទៀត។ លោកថា លោក ហ៊ុន ម៉ាណែត សព្វថ្ងៃនេះ មិនមានវិធានការទប់ស្កាត់ការឈ្លានពានរបស់ថៃនោះទេ។ លោកមិនសង្ឃឹមថា របបក្រុងភ្នំពេញ នឹងអាចទាមទារទឹកដីខ្មែរយើងបានមកវិញនោះទេ។ ប៉ុន្តែលោកយល់ថា ជម្រើសដែលល្អបំផុតនោះគឺមានតែការផ្លាស់ប្ដូរត្រកូល ហ៊ុន ចេញពីអំណាចទេ បើសិនជាត្រកូល ហ៊ុន នៅកាន់អំណាចគឺមិនសង្ឃឹមថាបានទឹកដីខ្មែរចំនួន ៦៧ ទីតាំងត្រឡប់មកវិញឡើយ។
យ៉ាងណាក៏ដោយ យោធាថៃបានអង្កន់កាត់ឆ្វៀលដីនៅភូមិជោគជ័យ របស់ពលរដ្ឋខ្មែរ អស់ជាច្រើនលើកមកហើយ តាំងពីក្រោយផ្ទុះសង្គ្រាមនៅតាមព្រំដែនលើកទី១បន្ទាប់ពីយោធាថៃបានបំពានបទឈប់បាញ់ ហើយបានយកទូកុងតឺន័រ និងបន្លាលួសមកព័ទ្ធយកទឹកដីកម្ពុជា និងបណ្ដេញពលរដ្ឋខ្មែរនៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ចេញពីលំនៅឋាន។ ក្រោយពីបានចូលកាន់កាប់បានមួយរយៈ យោធាថៃបានឈូសឆាយកម្ទេចសំណង់ និងផ្ទះរបស់ពលរដ្ឋខ្មែរចោលគ្មានសល់ ហើយបានប្រែក្លាយតំបន់មួយចំនួនទៅជាមូលដ្ឋានយោធា និងដូរឈ្មោះទៅជាភាសាថៃ៕





