

អ្នកឃ្លាំមើលលើកឡើងថា កម្ពុជាមិនអាចមានដំណើរការប្រជាធិបតេយ្យពិតប្រាកដទេ ប្រសិនបើអ្នកនយោបាយចូលចិត្តប្រើវិធីសាស្ត្រសម្របសម្រួលគ្នាដើម្បីផលប្រយោជន៍បុគ្គលឬក្រុម ប៉ុន្តែមិនមែនដើម្បីប្រយោជន៍រួមរបស់ជាតិ ជាពិសេសគឺការបើកចំហសេរីភាពប្រកួតប្រជែងនយោបាយ ឲ្យទូលំទូលាយពីគ្រប់ភាគី តាមស្មារតីរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលជួបជជែកការងារជាមួយកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក្រោយលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន លើកលែងទោសកាលពីពេលថ្មីៗនេះ។
កូនស្រីច្បង របស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលស្ងប់ស្ងាត់យូរឆ្នាំ បន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏ធំនេះ កាលពីចុងឆ្នាំ២០១៧នោះ នៅពេលនេះស្រាប់តែលេចមុខ ជួបពិភាក្សាការងារ នយោបាយជាលើកដំបូង ជាមួយកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា នេះជាជំនួបក្នុងនាមអ្នកនយោបាយជំនាន់ថ្មីដូចគ្នា។
លោក ហ៊ុន ម៉ាណែត ឲ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា នៅថ្ងៃទី១៤ ខែសីហានេះ លោកបានជួបជជែកគ្នាជាមួយកញ្ញា កឹម មនោវិទ្យា។ ភ្ជាប់ជាមួយ រូបថតមួយសន្លឹកថតជាមួយកញ្ញា កឹម មនោវិទ្យា លោក ហ៊ុន ម៉ាណែត សរសេរយ៉ាងខ្លីថា «ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួន ដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ»។
ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីកញ្ញា កឹម មនោវិទ្យា អំពីខ្លឹមសារ នៃជំនួបនេះបានទេ នៅថ្ងៃទី១៤ ខែសីហានេះ។
ជុំវិញរឿងនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា ជំនួបនេះជារឿងល្អ ដែលអ្នកនយោបាយ ជំនាន់ថ្មី ចាប់ផ្ដើមរៀន ជជែកគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងការវាយប្រហារគ្នា។ យ៉ាងណា លោកថា អ្នកនយោបាយជំនាន់ថ្មី គួរតែជំរុញឲ្យមានការប្រកួតប្រជែងឲ្យស្មើភាព និងបើក ចំហ ហើយចំណុចសំខាន់ នៅពេលនេះ គឺការបើកសេរីភាពនយោបាយ។
លោក ឯម សុវណ្ណរ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែសីហា ថា ប្រសិនបើអ្នកនយោបាយជំនាន់ថ្មី មានសុទិដ្ឋិនិយមពិតប្រាកដ ក្នុងការបើកចំហសេរីភាពនយោបាយ និង សេរីភាពបញ្ចេញមតិ ទើបជាជំហានវិជ្ជមាន។ លោកថា ជំហានបឋម ដែលត្រូវធ្វើឲ្យបាន គឺការធ្វើតាមគោលការណ៍ច្បាប់ ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំង កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ។ លោកថា បើលេងនយោបាយ បើកមួយក្រុម និងបិទក្រុមផ្សេងទៀត នោះកម្ពុជានៅ តែមិនមានប្រជាធិបតេយ្យ។
លោក ឯម សុវណ្ណរ៉ា៖ «ខ្ញុំគិតថា បើសិនជាទម្លាក់មួយក្រុម គ្រាន់តែជារូបភាព ដើម្បីបង្ហាញមតិជាតិ មតិអន្តរជាតិ ថា កម្ពុជាមានលំហសេរីភាពនយោបាយ ប្រជាធិបតេយ្យពិតប្រាកដ គ្រាន់តែជារូបភាពមិនអាចកើតមានពិតប្រាកដទេ ពីព្រោះក្រោយឆ្នាំ១៩៩៣ មក យើងឃើញស្គាល់រសជាតិប្រជាធិបតេយ្យបាន ប្រហែលជាមួយអាណត្តិដែរ។ ឆ្នាំទី១៩៩៣ ១៩៩៨ ចាប់ពីពេលនោះមក លំហសេរីភាពឬក៏កម្រិតប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះរហូត»។
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង កញ្ញា កឹម មនោវិទ្យា ធ្វើឡើងបន្ទាប់ ពីលោក កឹម សុខា មានជំនួបទល់មុខទ្វេភាគីជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពជាលោក ដឺរិក យីប (Derek Yip ) កាលពីថ្ងៃទី១០ ខែសីហា ដើម្បីពិភាក្សា អំពីសារៈ សំខាន់នៃកិច្ចសន្ទនានយោបាយនិងការចូលរួមក្នុងដំណើរការនយោបាយ។ ភ្លាមៗក្រោយលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ផ្តល់ការលើកលែងទោស កញ្ញា កឹម មនោវិទ្យា ក៏បានសរសេរសារនៅលើបណ្តាញសង្គមអរគុណលោក ហ៊ុន សែន និ ងលោក ហ៊ុន ម៉ាណែត ផងដែរ។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន សម្ដែងការគាំទ្រចំពោះជំនួបរវាងកូនលោក ហ៊ុន សែន និងលោក កឹម សុខា នៅពេលនេះ ព្រោះពួកគាត់ចង់ឃើញការរួបរួមរវាងខ្មែរនិងខ្មែរ។
ទោះជាយ៉ាងណា ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះសម្តែងការសាទរផង និង បារម្ភផង។ អ្នកប្រើប្រាស់ហ្វេសប៊ុកលោក មិន ពៅ (Min Pov) បានបង្ហោះរូបថត ចំនួនបីសន្លឹក គឺរូបជំនួបរវាងលោក ហ៊ុន សែននិងលោក សម រង្ស៊ី រូបលោក ហ៊ុន សែន និងលោក សុខា និង រូបលោក ហ៊ុន ម៉ាណែត ថតជាមួយកញ្ញា កឹម មនោវិទ្យា ដោយលោកលើកឡើងថា រំភើបជាមួយរូបភាពទាំងនេះ តែក៏អាចខូច ចិត្តដោយសាររូបភាពបែបនេះដែរ។ លោក មិន ពៅ ថា រូបរបៀបនេះ កើតមាន បន្តបន្ទាប់ហើយ ក៏សាបទៅវិញ។ លោកថា បញ្ហាច្រើនក្នុងសង្គម ត្រូវការដំណោះស្រាយពិត កំណែទម្រង់ពិត មិនមែនបន្លំៗ ហើយក៏ស្ងាត់បន្តនោះទេ។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែសីហា ថា ជំនួប រវាងលោក ហ៊ុន ម៉ាណែត និង កញ្ញា កឹម មនោវិទ្យា ជាការវិវត្តវិជ្ជមានមួយ ប៉ុន្តែលោកក៏ចង់ឃើញអ្នកនយោបាយជំនាន់ថ្មីទាំងពីរជជែកពីការប្រកួតប្រជែងនយោបាយ ដោយសមធម៌ និងយុត្តិធម៌ដែរ។
លោក មាស នី៖ «បើសិនជាជំនួបនេះ វាដើរនូវវប្បធម៌ចាស់ ដែលគ្រាន់តែសម្រាប់ជំនួប ដើម្បីយកប្រៀបគ្នា ផ្នែកនយោបាយទេនោះ អាហ្នឹងវា មិនមានអ្វីប្រសើរទៀតទេ ប៉ុន្តែបើសិនជំនួបនេះ វានឹងនាំឈានទៅរកដូចអ្វីជាសារដែលលោកនាយករដ្ឋមន្ត្រីបានសរសេរមែននោះ។ ខ្ញុំគិតថា វាជាដំណាក់កាលមួយ ដែលនឹង ឈានទៅរកការផ្សះផ្សាជាតិ ពិតប្រាកដ ហើយនឹងការលើកកម្ពស់ ឡើងវិញ នៅដំណើរការប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាផងដែរ។ អ៊ីចឹងយើងនឹងរង់ចាំមើលបន្តទៅទៀត ថាតើនឹងអាចមានអ្វីថ្មី ដែលខុសពីវប្បធម៌ចាស់លើកមុនដែរឬអត់?»។
ក្នុងពេលកញ្ញា កឹម មនោវិទ្យា ធ្វើដំណើរពីបរទេសទៅជួបជជែកនយោបាយ ជាមួយលោក ហ៊ុន ម៉ាណែត លោក សម រង្ស៊ី និង សហការការីសំខាន់ៗ របស់លោក នៅក្រៅប្រទេស ត្រូវបានរដ្ឋាភិបាលគ្រួសារ ត្រកូលហ៊ុន បិទមិន ឲ្យចូលប្រទេសកម្ពុជានៅឡើយ។
មកដល់ពេលនេះ មេដឹកនាំនយោបាយកំពូលៗ នៅកម្ពុជា មានតែលោក កឹម សុខា ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការកាត់ឲ្យមានទោសជាប់ពន្ធនាគារហើយ ត្រូវបានដោះលែងឲ្យមានសេរីភាពធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេស ហើយ អាចជួបប្រជាពលរដ្ឋ និងថ្លែងសារជាសាធារណៈ ទោះបីសិទ្ធិនយោបាយ របស់ លោក នៅតែត្រូវបានរឹតត្បិតក៏ដោយ ។ លោក កឹម សុខា មានឱកាសជួប និងថ្លែង សារជាចំហលើកដំបូង ទៅកាន់ប្រជាពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ កាលពី ចុង ខែកក្កដា បន្ទាប់ពីខកខានអស់រយៈពេល ជិត១០ឆ្នាំ។
ចំណែក លោក ថាច់ សេដ្ឋា នៅជាប់ពន្ធនាគារ ទាំងធ្លាក់ខ្លួនឈឺ ខណៈ លោក រ៉ុង ឈុន ជាប់ការហាមធ្វើដំណើរចេញពីភ្នំពេញ និងមិនអាចជួបប្រជុំជាមួយ ប្រជាពលរដ្ឋ បន្ថែមលើការបិទសិទ្ធិសេរីភាពនយោបាយ ៥ឆ្នាំ។ រីឯ អ្នកទោស នយោបាយ និង អ្នកទោសមនសិការជាង ១០០ នាក់ កំពុងជាប់ពន្ធនាគារ ដោយសារសកម្មភាពនិង ការប្រើសិទ្ធិសេរីភាពសម្ដែងមតិរបស់ពួកគាត់ ស្របតាមរដ្ឋធម្មនុញ្ញ៕







