ទស្សនៈ​ជុំវិញ​ការ​​តែងតាំង​កញ្ញា កឹម មនោវិទ្យា ជា​ប្រេសិត​ពិសេស របស់​លោក​ហ៊ុន ម៉ាណែត

0
115
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ពលរដ្ឋ អ្នកវិភាគ និង​មន្ត្រី​រដ្ឋាភិបាល បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ ជុំវិញ​ការតែងតាំង​កូនស្រី​ច្បង​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​កញ្ញា កឹម មន​វិទ្យា ជា​ប្រេសិត​ពិសេស របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត។ អ្នកខ្លះ​យល់ថា​នេះ​ជា​របត់​​នយោបាយ​ថ្មី នៃ​ការផ្សះផ្សា​ជាតិ​ខណៈ អ្នកខ្លះ​ទៀត​ថា ជា​ការ​បញ្ចប់ជីវិត​នយោបាយ​របស់​លោក កឹម សុខា។

មហាជន​បាន​លើកយក​ករណី​កូនស្រី​ច្បង​របស់​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ទទួល​បាន​តួនាទី​ជា​ប្រេសិត​ពិសេស​របស់​លោក ហ៊ុន ម៉ា​ណែ​ត មក​ជជែក​វែកញែក ដោយ​អ្នកខ្លះ​សាទរ និង​ខ្លះទៀត​ខកចិត្ត។

អនុប្រធាន​ស្ថាប័ន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​រដ្ឋាភិបាល​កម្ពុជា ឯករាជ្យ ២៣​តុលា លោក ទេព មនោរម្យ បាន​សរសេរ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក ថា​ជំនួប​លោក ហ៊ុន សែន និង​លោក កឹម សុខា និង​ការ​ផ្ដល់​តួនាទី​ដល់​កូនស្រី លោក កឹម សុខា មិនអាច​ឈាន​ទៅ​ការផ្សះផ្សា​ជាតិ ដើម្បី​ទទួល​បានការ​សាទរ ពី​ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ​ឡើយ ព្រោះ​ជំនួប​នេះ ជា​ការ​រៀបចំ​សម្របសម្រួល​ផ្ដល់​តួនាទី​និង ដើម្បី​ប្រយោជន៍​ទៅវិញទៅមក​ក្នុង​គ្រាអាសន្ន «​ឯង​ជួយ​អញ អញ​ជួយ​ឯង»។

ស្រដៀង​គ្នា​នេះ អតីត​អ្នក​ទោស​នយោបាយ លោក នង ធារ៉ា យល់ថា ការ​ព្រម​ទទួលយក​តួនាទី ជា​ប្រេសិត​ពិសេស​របស់​កញ្ញា កឹម មនោ​វិទ្យា បង្ហាញថា ដំណើរ​នយោបាយ​លោក កឹម សុខា និង​កូនស្រី កំពុងតែ​បំផ្លាញ​ប្រជាប្រិយភាព​ខ្លួនឯង តាមរយៈ​ការ​បន្ទាន់​ឥរិយាបថ​ដើម្បី​ដោះដូរ សេរីភាព បុគ្គល និង​គ្រួសារ​។ លោក​យល់ថា នេះ​ជា​ការ​បំបាក់ទឹកចិត្ត​អ្នកគាំទ្រ និង សកម្មជន​ដទៃទៀត ដែល​បាន​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ «»

រីឯ មេធាវី​ការពារ​ក្ដី​ឱ្យ លោក កឹម សុខា គឺ អ្នកស្រី ម៉េង សុធារី (Sopheary Meng)​បាន​សរសេរ សារ​នៅ​លើ​ហ្វេសប៊ុក ថា​ច្បាប់​៣​ក្នុង​ជីវិត​គឺ បើ​គេ​ស្រលាញ់​អ្នក អ្នក​កុំ​ក្បត់​គេ បើ​គេ​ជឿ​អ្នក អ្នក​កុំ​កុហក​គេ ហើយ​បើគេ​ជួយ​អ្នក អ្នក​កុំ​ភ្លេចគុណ​គេ​។ ជាមួយគ្នា​នោះ អ្នកគាំទ្រ​លោក កឹម សុខា លោក មុត ចន្ថា បង្ហោះ​លើ​ហ្វេសប៊ុក​ថា ទោះ​ត្រូវ​ស្លាប់ ក៏​ត្រូវ​រក្សា​តម្លៃ​មនសិការ​និង​ឧត្ដមគតិ​!» ។

ចំណែក មេធាវី​ការពារ​ក្ដី លោក កឹម សុខា ម្នាក់ទៀត លោក ផេង ហេង បានចេញ​សារ​ហាក់​ចង់​ការពារ លោក កឹម សុខា ដោយ​លើកយក​ករណី​សម្ដេចក្រុមព្រះ​មក​បកស្រាយ​។ លោក​ថា កន្លងទៅ​សម្ដេច​ក្រុង​ព្រះ​មិនបាន​ក្បត់​សហការី និង​ប្រជារាស្ត្រ​ខ្មែរ​ទេ មានតែ​សហការី និង​អតីត​សហការី ដែល​មិន​ស្មោះត្រង់ ហើយ​បង្កើត​ព័ត៌មាន​ឲ្យ​មានការ​ភាន់ច្រឡំ និង​ការរើសអើង​។ ទន្ទឹមគ្នា​នោះ លោក​ហាក់​សំដៅលើ ករណី​លោក កឹម សុខា ថា អ្នក​អាច​មើលឃើញ​អាប៉ោង​ពេលនេះ​ថា​បើកគ្រប ប៉ុន្តែ​សម្រាប់​លោក អាប៉ោង​នេះ មិនទាន់​ទាំង​ក្រឡុក​នោះ​ទេ ដូចនេះ អ្នក​កុំ​ប្រញាប់​ចាក់។

ជាមួយ​គ្នា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​PED លោក សាន់ ម៉ាឡា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​បែប​ឌឺដង ថា អ្នកខ្លះ នាំគ្នា​ទៅ​សោយសុខ នៅ​ស្រុក​ប្រជាធិបតេយ្យ​អស់ រួច​ស្រែក​ខឹង​លោក កឹម សុខា ថា​ធ្វើ​ឱ្យ​ខូច​ប្រជាធិបតេយ្យ​។ លោក​បន្ត​ថា គេ​នាំគ្នា​រត់ចោល​លោក កឹម សុខា ទុក​ឱ្យ​គាត់​នៅ​ប្រឈម​ក្នុង​ទ្រុង​នយោបាយ​តែម្នាក់ឯង បន្ទាប់មក​គេ​នាំគ្នា​បន្ទោស​គាត់ ថា​បែបនេះ​ឬ​បែប​នោះ ដូចជា មិន​យុត្តិធម៌ សម្រាប់​គាត់​ទេ​ដឹង​? លោក​យល់ថា តួនាទី ប្រេសិត​ពិសេស គឺ​បាន​ន័យថា អ្នកតំណាង​ពិសេស ដូច្នេះ តួនាទី​របស់​កូនស្រី លោក កឹម សុខា ទំនងជា​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​យើង​គួរតែ​សាទរ។

ចំណែក សកម្មជន​សង្គម ដែល​កំពុង​រស់នៅ​ប្រទេស អូស្ត្រាលី​លោក អួត ឡាទីន យល់ឃើញ​ថា ការដែល លោក កឹម សុខា បន្ទន់ឥរិយាបថ ជាមួយ លោក ហ៊ុន សែន ដើម្បី​រក​ច្រកចេញ​ផ្នែក​នយោបាយ របស់ លោក កឹម សុខា នេះ​មិន​ទទួល​បាន​ផល​ចំណេញ​ទេ បើ​ទោះ​ជា​អនាគត​លោក​អាច​បានការ​លើកលែងទោស​ក្ដី ក៏​លោក​បាន​បាត់បង់​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​បក្ស​ប្រឆាំង​។​

ជាមួយគ្នា​នោះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី វង់ សារ៉េម យល់​ថា ការ​ផ្ដល់​តួនាទី​ឱ្យ​កូនស្រី លោក កឹម សុខា មិនមែន​ជា​ការផ្សះផ្សា​ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើឡើង ដើម្បី​ប្រយោជន៍​បុគ្គល និង​បក្ស​កាន់អំណាច។ «»

​ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ដែល​រដ្ឋាភិបាល ផ្ដល់​តួនាទី​ជា​ប្រេសិត​ពិសេស​ឱ្យ កូនស្រី លោក​កឹម សុខា គឺ​បង្ហាញ​ពី​ចេតនា​ដ៏​ល្អ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ជា​ឱកាស​ជួយ​ប្រទេសជាតិ ក្នុងនាម​ជា​នយោបាយ​ជំនាន់​ថ្មី។ «»

ជុំវិញ​រឿង​នេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យជឿនលឿន របស់​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ជា​អតីត​សហការី​ជិត​ស្និទ្ធិ​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ដដែល​នេះ​បាន ចេញ​លិខិត​អំពាវនាវ ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ និង​ពលរដ្ឋ បញ្ញវន្ត និង​យុវជន ឱ្យ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ប្រកាន់ខ្ជាប់ នូវ​សុចរិត​ភាព និង​ឆន្ទៈ​រួម ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយគ្នា​ដើម្បី​ត្រៀម ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​–​សង្កាត់ នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៧ ខាងមុខនេះ​។​

ចំណែក​ស្ថាបនិក​វត្តភ្នំ​សេរី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ វិញ ព្រះអង្គ​បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ថា ព្រះអង្គ​នៅ​ជាមួយ​ជាតិខ្មែរ មិន​រត់​តាម​ព្រឹត្តិការណ៍​របស់​គ្រួសារ​លោក កឹម សុខា និង​លោក ហ៊ុន សែន ទេ​។ ព្រះអង្គ​បន្ត​ថា កុំថាឡើយ​ប្រេសិត​ពិសេស ទោះជា​កញ្ញា កឹម មនោ​វិទ្យា ត្រូវបាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​មិនអាច​បង្រួបបង្រួម​ជាតិខ្មែរ និង​ទាមទារ​ទឹកដី​ពី​ចោរ​បាន​មក​វិញ​ទេ​។ ព្រះអង្គ​បញ្ចប់​សំណេរ​មួយ​នេះ​ថា សូម​ជនរួមជាតិ​ខ្មែរ កុំ​រត់​តាម​ត្រកូល​កឹម និង​ត្រកូល​ហ៊ុន ដោយ​ព្រះអង្គ​ចោទ​ថា ត្រកូល​ទាំងពីរ​នេះ​ជា​ត្រកូល​អ្នកទោស​រួមគ្នា​បំផ្លាញ​ជាតិខ្មែរ។

ចំណែក ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក សម រង្សី វិញ ក្រោយ​កូនស្រី​លោក កឹម សុខា ទទួល​បាន​តំណែង​ធំ​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន​នេះ លោក​បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ១៨ សីហា​ថា ទោះជា​ឆ្ងាយ​យ៉ាងណា​ពី​ប្រទេស​កំណើត ភក្ដីភាព​ចំពោះ​មាតុភូមិ និង​សេចក្ដីថ្លៃថ្នូរ​ផ្ទាល់ខ្លួន គឺជា​គុណ​តម្លៃ​ដ៏​សំខាន់​ពីរ ដែល​យើង​ត្រូវតែ​ថែរក្សា​ឱ្យ​បាន​ជា​ដាច់ខាត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ