

ពលរដ្ឋរស់នៅលើកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បារម្ភពីសុវត្ថិភាព ក្រោយពីច្រាំងទន្លេមេគង្គ បន្តបាក់ស្រុត ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់នៅលំនៅឋាន និងសុវត្ថិភាពសម្រាប់ពលរដ្ឋ ដោយសារតែ សកម្មភាព បូមខ្សាច់ កាន់តែកើនឡើង។ អ្នកការពារបរិស្ថានរិះគន់ថា ការបណ្ដែតបណ្ដោយឱ្យសកម្មភាពបូមខ្សាច់បន្តកើនឡើងដោយគ្មានការត្រួតពិនិត្យពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ជាកម្សោយនៃប្រព័ន្ធអភិបាលកិច្ច របស់រដ្ឋាភិបាល។
បើទោះពីជាអាជ្ញាធរពាក់ព័ន្ធ រួមនឹងក្រសួងរ៉ែ និងថាមពល តែងតែចេញមុខអះអាងថា ការបូមខ្សាច់ ដើម្បីទប់ស្កាត់មិនឱ្យបាក់ច្រាំងទន្លេក្ដី បញ្ហានេះនៅតែរងការរិះគន់ពីសំណាក់ពលរដ្ឋដោយសារតែ ករណីបាក់ច្រាំងចេះតែកើតមានឡើង ក្រោយពីមានសកម្មភាពបូមខ្សាច់តាមដងទន្លេមេគង្គ កាន់តែគគ្រឹកគគ្រេងជាងមុន។ ពលរដ្ឋថាប្រសិនបើអាជ្ញាធរមិនទប់ស្កាត់សកម្មភាពទាំងនេះឱ្យបានត្រឹមត្រូវទេ លំនៅឋានរបស់ពលរដ្ឋ និងបរិស្ថាន កាន់តែរងផលប៉ះពាល់ច្រើន។
ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ព្រោះបារម្ភពីសុវត្ថិភាពលើកឡើងថាថ្មីៗនេះច្រាំងតាមដងទន្លេកោះដាច់ បន្តបាក់ស្រុតជាបន្តបន្ទាប់ ដែលមានប្រវែងចន្លោះពី៤០ ទៅ៥០ម៉ែត្រ ដែលបង្កផលប៉ះពាល់ ដល់ផ្ទះអ្នកភូមិ និងដំណាំមួយចំនួន។ លោកបានរៀបរាប់ថា ប៉ុន្មានខែចុងក្រោយនេះ ឃើញមាន សកម្មភាពសាឡង់បូមខ្សាច់កើនឡើងជាងមុន ដូច្នេះលោកសន្និដ្ឋាន ថាការបាក់ច្រាំងនេះ បណ្ដាលមកពីការបូមខ្សាច់ ពុំមែនជាគ្រោះធម្មជាតិនោះទេ។
លោកសង្កេតឃើញថា ចាប់តាំងពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានអះអាងថា ការបូមខ្សាច់មិនប៉ះពាល់ដល់ការបាក់ច្រាំងមក ពលរដ្ឋ មិនហ៊ានរិះគន់ថា ការបាក់ច្រាំងបណ្ដាលមកពីបូមខ្សាច់នោះឡើយ ព្រោះខ្លាច អាជ្ញាធរហៅព្រមាន។ លោកបន្តថា នៅរដូវវស្សាទឹកទន្លេកើនឡើង ធ្វើឱ្យច្រាំងទន្លេក៏កាន់តែ បាក់ជាញឹកញាប់ ហើយពលរដ្ឋក៏កាន់តែបារម្ភពីសុវត្ថិភាព។
ការលើកឡើងនេះ ក្រោយពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបាននាំគ្នាបង្ហោះរូបភាព និងវីដេអូជាច្រើន បង្ហាញពីទិដ្ឋភាពបាក់ច្រាំងទន្លេនៅចំណុចរមណីយដ្ឋាន ឆ្នេរខ្សាច់កោះដាច់ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះ ខណ្ឌជ្រោយចង្វា ដែលមានប្រវែងបណ្ដោយ៥០ម៉ែត្រ និងជម្រៅ ៣០ម៉ែត្រ ។នៅក្នុងវីដេអូទាំងនោះ ក៏បានបង្ហាញពីទិដ្ឋភាព សាឡង់បូមខ្សាច់ពីរទៅបីគ្រឿង នៅក្បែរៗនោះ ទើបពលរដ្ឋអះអាងថា ការបាក់ច្រាំង គឺបណ្ដាលមកពីការបូមខ្សាច់។

ទោះជាយ៉ាងណា ក្រោយហេតុការណ៍កើតឡើង អាជ្ញាធរកោះដាច់បានប្រាប់ពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងស្រុកថា អាជ្ញាធរកំពុងតែតាមដាន ហើយចាត់ទុកការបាក់ច្រាំងនេះ គឺបណ្ដាលមកពីទឹកឡើងខ្លាំង នៅរដូវវស្សា។ ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងចៅសង្កាត់កោះដាច់ លោក ប៉ិច ចាម ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែសីហា ។ ចំណែក អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៊ូឡា ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
កន្លងទៅ លោក អ៊ឹង ឌីប៉ូឡា បានថ្លែងថា ការបូមខ្សាច់តាមដងទន្លេមេគង្គ ធ្វើតាមលក្ខណៈបច្ចេកទេស ស្របតាមដែនអាជ្ញាប័ណ្ណកំណត់ត្រឹមត្រូវ ហើយ មិនបណ្ដាលឱ្យបាក់ច្រាំងទន្លេនោះទេ ហើយថែមទាំងជួយកាត់បន្ថយលំហូរទឹកមិនឱ្យបុកបាក់ច្រាំង និងជួយឱ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ ប៉ុន្តែ ការអះអាងបែបនេះ ត្រូវបានអ្នកជំនាញ ពលរដ្ឋ និងសកម្មជនបរិស្ថានរិះគន់ថា ជារឿងមិនត្រឹមត្រូវ ព្រោះការបូមខ្សាច់ធ្វើឱ្យបាត់ទន្លេកាន់តែជ្រៅ ហើយបណ្ដាលឱ្យច្រាំងទន្លេបាក់ស្រុត។ ដូច្នេះ ពួកគាត់ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់ និងតាមដានឱ្យបានដិតដល់ កុំឱ្យក្រុមហ៊ុនបន្តបូមខ្សាច់លើសកម្រិត បង្កផលប៉ះពាល់បរិស្ថាន និងពលរដ្ឋ។
បច្ចុប្បន្នក្រុមហ៊ុនដែល កំពុងអាជីវកម្មប្រមូលខ្សាច់តាមដងទន្លេមេគង្គ រួមមាន ក្រុមហ៊ុនចតុមុខ ខេមពូជា (Chaktomuk Campuchia)។ ក្រុមហ៊ុននេះនាំចេញខ្សាច់ ទៅកាន់ប្រទេសវៀតណាមចន្លោះពី ៤ម៉ឺន (៤០,០០០ ទៅ ៦ម៉ឺន (៦០,០០០) ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ចំណែកក្រុមហ៊ុនឈ្មោះ សុខ ធារ៉ា (Sok Theara) ក៏មានសិទ្ធិបូម និងនាំចេញខ្សាច់ទៅកាន់ទីផ្សារវៀតណាមផងដែរ ក្នុងមួយថ្ងៃរាប់សិបម៉ែត្រគួប។ រីឯក្រុមហ៊ុន ក្រុមហ៊ុន គ្លូប៊ល គ្រីន អែនឺជី (Global Green Energy Development) របស់កូនឧកញ៉ា ទ្រី ភាព គឺ ឧកញ៉ា ទ្រី ដាលុច ក៏រដ្ឋាភិបាលអនុញ្ញាតឱ្យបូមខ្សាច់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំទៅវៀតណាម ក្នុងមួយថ្ងៃប្រមាណ១០ម៉ឺន(១០ ០០០) ម៉ែត្រគូប ផងដែរ។
លើសពីនេះ ក៏មានសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានរាយការណ៍ថា ក្រុមហ៊ុនបូមខ្សាច់នៅតាមដងទន្លេមេគង្គពុំមែន តែប៉ុណ្ណឹងនោះទេ គឺមានក្រុមហ៊ុនជាច្រើនទៀត ដែលពុំទាន់ទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែខ្សាច់នោះឡើយ ដោយមានត្រឹមតែអាជ្ញាប័ណ្ណរុករក ប៉ុន្តែក្រុមហ៊ុនទាំងនោះ បានបំពានច្បាប់ដោយប្រើប្រាស់អាជ្ញាធរប័ណ្ណរុករក ទៅធ្វើអាជីវកម្មបូមខ្សាច់ទៅលក់ យ៉ាងអានាធិបតេយ្យ តាមរយៈអំពើពុករលួយ។
នាយកប្រតិបត្តិនៃអង្គការPED លោក សាន់ ម៉ាឡា យល់ថា ក្ដីបារម្ភ ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋពាក់ព័ន្ធផលប៉ះពាល់ទីលំនៅ និងមុខរបរជាដើម នៅតាមបណ្ដោយច្រាំងទន្លេ គួរតែជាកម្មវត្ថុចម្បងដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ នៅពេលមានសកម្មភាពបូមខ្សាច់។ លោកបន្តថា កន្លងទៅ ទាំងអ្នកការពារបរិស្ថាន និងពលរដ្ឋ តែងតែបង្ហាញក្ដីបារម្ភពាក់ព័ន្ធការបាក់ច្រាំងទន្លេ ដោយសារតែការបូមខ្សាច់ ខណៈអាជ្ញាធរតែងតែច្រានចោលថាបាក់ច្រាំងព្រោះបញ្ហាធម្មជាតិ។
លោកសង្កត់ធ្ងន់ថា បើទោះបីជាអាជ្ញាធរអះអាង នៅក្នុងហេតុផលណាក៏ដោយ ការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ ដោះស្រាយបញ្ហា និងបំពេញនូវតម្រូវការចាំបាច់របស់ពួកគាត់ ជារបៀបវារៈចម្បងដែល ពលរដ្ឋ ឃើញ ឱ្យអាជ្ញាធរទទួលខុសត្រូវ ហើយព្យាយាមដោះស្រាយប្រកបដោយតម្លាភាព។ ទន្ទឹមគ្នានោះ លោក ជំរុញឱ្យក្រសួង ពាក់ព័ន្ធត្រូវតែផ្ដល់ព័ត៌មានឱ្យទូលំទូលាយពាក់ព័ន្ធក្រុមហ៊ុនបូមខ្សាច់ទាំងនោះ ថាតើ មានឈ្មោះអ្វី ហើយមានអាជ្ញាប័ណ្ណត្រឹមត្រូវឬទេ។ លោកថា ប្រសិនបើក្រសួងនៅតែលាក់បាំងព័ត៌មាន ហើយពលរដ្ឋនៅតែរងគ្រោះ ព្រោះការបាក់ច្រាំង គឺធ្វើឱ្យ ពលរដ្ឋលែងសូវមានជឿចិត្តលើអាជ្ញាធរក្នុងការដោះស្រាយបញ្ហា។
លោក សាន់ ម៉ាឡា៖ «ការបូមខ្សាច់ក៏ត្រូវបានធ្វើឡើងដោយខ្វះនូវការបើកចំហព័ត៌មានជាសាធារណៈ ខ្វះនូវការបង្ហាញអំពីការសិក្សាវាយតម្លៃអំពីហេតុប៉ះពាល់បរិស្ថានជាទូទៅផងដែរ ដែលទាមទារឲ្យអាជ្ញាធរពិចារណាឡើងវិញ ហើយធ្វើយ៉ាងម៉េចផ្ដល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ភាគីពាក់ព័ន្ធ និងទទួលយកនូវមតិយោបល់រិះគន់ ឬក៏សំណូមពរទាំងឡាយផងដែរ»។
ពាក់ព័ន្ធករណីមួយខ្សាច់កង្វះតម្លាភាពនេះដែរ កាលពីថ្ងៃទី០៨ ខែសីហា ចលនាមាតាធម្មជាតិបានបង្ហោះវីដេអូខ្លីដោយរៀបរាប់អំពី សាឡង់បូមខ្សាច់តូចៗជាច្រើន និងកប៉ាល់ចាំដឹកខ្សាច់ចំនួន ៥គ្រឿងដែលមានប្រវែងនីមួយៗ ១៩០ម៉ែត្រ ហើយ អាចផ្ទុកខ្សាច់បានដល់ទៅ៦០ម៉ឺនតោនក្នុង១គ្រឿង ដែលកំពុងតែធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងនៅតាមដងព្រែក ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។ ក្រុមហ៊ុនដឹកខ្សាច់នេះ ជារបស់ប្រទេសសិង្ហបុរី ឈ្មោះថា ខាតលីស ម៉ារីន អេនដ៍ រីសសស៍ (Catalyst Marine and Resources PTE.LTD)។
តាមរយៈវីដេអូខ្លីនោះ សកម្មជនមាតាធម្មជាតិ គឺកញ្ញា មាន លីសា បង្ហាញពីក្ដីបារម្ភ ជាខ្លាំងដែលរដ្ឋាភិបាល កម្ពុជា បានបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនបូមខ្សាច់របស់ ប្រទេសសិង្ហបុរី បន្តធ្វើសកម្មភាពយ៉ាងស្ងាត់ស្ងៀម ដោយ ពុំបានបញ្ចេញព័ត៌មានឱ្យបានទូលំទូលាយនោះទេ។ ករណីនេះ កញ្ញាបារម្ភថា លុយដែលរកបានពីការលក់ខ្សាច់នោះទំនងជាមិនបានចូលជាតិនោះទេ អាចនឹងចូលហោប៉ៅរបស់មន្ត្រីខិលខូច ឬជួញទុច្ចរិតប៉ុណ្ណោះ។
កញ្ញា មាន លីសា៖ «តើទឹកដីខ្មែរប៉ុន្មានតោនទៀតត្រូវបាត់បង់? ហេតុអ្វីបានជាលោក កែវ រតនៈ មិនហ៊ានបង្ហាញអាជ្ញាប័ណ្ណជាសាធារណៈ នៃក្រុមហ៊ុនសិង្ហបុរីមួយនេះ? លក់ដីខ្មែរ ពង្រីកដីគេ យកជីវិត ផ្ទះសម្បែង និងធនធានធម្មជាតិខ្មែរជាចំណាប់ខ្មាំង ខណៈអាជីវកម្មខ្មៅងងឹតនេះ គ្មានប្រជាពលរដ្ឋខ្មែរណាត្រេកអរ និងស្វាគមន៍សោះឡើយ»។
នេះជាលើកទី២ហើយ ដែលសកម្មជនមាតាធម្មជាតិបានចេញវីដេអូ ទាមទារក្រសួង និងរដ្ឋាភិបាលបង្ហាញព័ត៌មានប្រកបដោយតម្លាភាព អំពីសកម្មភាពបូមខ្សាច់លើតាមដែនសមុទ្រកម្ពុជា។ ការទាមទារនេះព្រោះថា កាលពីឆ្នាំ២០១៧កម្ពុជាធ្លាប់បានផ្ដល់ឱ្យក្រុមហ៊ុនបូមខ្សាច់ ទៅលក់នៅប្រទេសប្រទេសសិង្ហបុរី ម្ដងហើយ ដោយខុសច្បាប់។ ក្រោយមក រដ្ឋាភិបាលកម្ពុជាបានចេញវិធានការហាមឃាត់ជាផ្លូវការ និងអចិន្ត្រៃយ៍លើការនាំចេញខ្សាច់ ជាពិសេស ខ្សាច់ទន្លេ និងសមុទ្រ ទៅលក់នៅក្រៅប្រទេស ក្រោយពីពលរដ្ឋបង្ហាញពីការបារម្ភ អំពីផលប៉ះពាល់បរិស្ថាន និងការបាក់ស្រុតច្រាំងទន្លេ និងសមុទ្រជាដើម។ ជាមួយគ្នានោះពលរដ្ឋក៏បារម្ភ ដែរ ជុំវិញការបូមខ្សាច់តាមដងទន្លេមេគង្គនាពេលសព្វថ្ងៃ ព្រោះការបូមដោយគ្មានការត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ នឹងបង្កហានិភ័យខ្ពស់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៕









