

ក្រសួងការពារជាតិកម្ពុជា អះអាងថា យោធាថៃ បានផ្ទុះអាវុធចំនួន ៥លើក ក្នុងពេលក្រសួងការពារជាតិ បាននាំក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែមេសានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា លើកឡើងថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ ប៉ុន្តែអ្នកស្រី បញ្ជាក់ថា ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។
ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។
ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកថៃ វីនថៃ ស៊ូវ៉ារី បានអះអាងថា សំឡេងផ្ទុះនៅតំបន់អូរស្មាច់ ដែលភាគីកម្ពុជាអះអាងថា ជាផ្ទុះអាវុធប្រភេទអាវុធ M79 និង M16 នោះ តាមពិតទៅគឺជាសំឡេងផាវ ដែលទាហានថៃបានដុតចំនួនបីគ្រាប់ ដើម្បីព្រមានកម្ពុជាកុំឱ្យចូលមកក្បែរតំបន់បន្លាលួសដែលយោធាថៃបានដាក់ពង្រាយ។ ទន្ទឹមគ្នានេះ យោធាភូមិភាគទី២ របស់ថៃ បានប្រកាសថា នឹងដាក់បណ្ដឹងតវ៉ាមកកម្ពុជា ដោយយោធាថៃបានចោទថា ភាគីកម្ពុជា បានចូលទៅតំបន់អូរស្មាច់នេះ ដោយគ្មានការអនុញ្ញាតពីភាគីថៃ ខណៈតំបន់នេះ ត្រូវយោធាថៃចូលកាន់កាប់អស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីមានបទឈប់បាញ់បណ្ដោះអាសន្ន កាលពីចុងខែធ្នូ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា ជាការកត់សម្គាល់ នៅក្នុងលិខិតបដិសេធដ៏វែងនេះ យោធាថៃបានហៅតំបន់អាគារកាស៊ីណូអូរស្មាច់របស់កម្ពុជាថា ជាតំបន់ឆងចម ដោយយោធាថៃមិនបានហៅតំបន់នេះថា អូរស្មាច់ នោះឡើយ៕









