

យោធាថៃបានដាក់ពង្រាយកម្លាំង និងបង្កើតអង្គភាពយោធាថ្មីបន្ថែមទៀត ដោយអះអាងថា ដើម្បីត្រៀមទប់ទល់នឹងកងកម្លាំងរបស់កម្ពុជានៅតំបន់ព្រំដែន ប្រសិនបើមានករណីប៉ះទង្គិចគ្នាណាមួយកើតឡើង។ ក្នុងនោះ យោធាថៃបានធ្វើទំនើបកម្មទាំងផ្នែកបច្ចេកវិទ្យា និងសព្វាវុធសម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹក និងប្រកាសពីការត្រៀមប្រយុទ្ធ២៤ម៉ោង។
កងកម្លាំងស៊ូរ៉ាក់ណារី ឬទាហានឈុតខ្មៅថៃ បានប្រកាសពីការបង្កើតកងកម្លាំងថ្មី និងកែសម្រួលអង្គភាពចាស់ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា។
អ្នកនាំពាក្យរងក្រសួងការពារជាតិថៃ អ្នកស្រី នុតសារ៉ា .វ.រ៉ា. ផាត់ត្រាថន (Nusra Vorapatratorn) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមិថុនា ថា យោធាថៃកំពុងពង្រឹងសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ ដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ធ្វើប្រតិបត្តិការរួមគ្នា រវាងកងទ័ពជើងគោក ជើងទឹក អាកាស និងក្រុមបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធឺណិត។
អ្នកនាំពាក្យរងរបស់កងទ័ពថៃរូបនេះបន្ថែមថា លើសពីនេះយោធាថៃបានកែសម្រួល និងពង្រីកកម្លាំងឈរជើងរបស់ទាហានស៊ូរ៉ាក់ណារី ឬទាហានឈុតខ្មៅថៃទៅកាន់តំបន់ព្រំដែនមួយចំនួនទៀតដូចជា តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ជាំតែ អូរស្មាច់ ប្រាសាទតាក្របី អានសេះ និងតំបន់មុំបី ដែលកំពុងមានស្ថានភាពតានតឹងខ្លាំង។
យ៉ាងណាមិញ នៅមុនសេចក្ដីប្រកាសនេះ យោធាថៃបានចល័តទ័ពមកកាន់តំបន់ព្រំដែនកម្ពុជា ជាបន្តបន្ទាប់មកហើយ ដោយនាំមកនូវអាវុធធុនធ្ងន់មកជាមួយទៀតផង។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) ក៏បានប្រកាសកាលពីម្សិលមិញដែរថា យោធាថៃបានដាក់ចេញនូវគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈសុខរបស់កងទ័ពថៃនៅតំបន់ព្រំដែនកម្ពុជា ដោយចាប់ផ្ដើមពីការសាងសង់ផ្លូវត្រង់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្កើនភាពងាយស្រួលក្នុងការដឹកជញ្ជូនកម្លាំងទ័ព បរិក្ខារយោធា សព្វាវុធគ្រប់ប្រភេទ និងជួយសង្គ្រោះទាហានដែលត្រូវរបួសឱ្យបានលឿនទាន់ពេល។
រដ្ឋមន្ត្រីការពារជាតិថៃរូបនេះបន្តថា ក្រៅពីសាងសង់ផ្លូវយុទ្ធសាស្ត្រ យោធាថៃក៏នឹងតភ្ជាប់បណ្ដាញអគ្គិសនី ពង្រីកប្រព័ន្ធសេវាទូរស័ព្ទដៃ និងបណ្ដាញអ៊ីនធឺណិតបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទៅកាន់កងទ័ព ដើម្បីឱ្យពួកគេអាចទាក់ទងជាមួយសមាជិកគ្រួសារបាន ដែលធ្វើឱ្យពួកគេអាចបន្តឈរជើងនៅតំបន់ព្រំដែនបានកាន់តែយូរ និងគ្មានសម្ពាធផ្លូវចិត្ត។
ការលើកឡើងពីគម្រោងអភិវឌ្ឍតាមព្រំដែន របស់លោក អាឌល នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់មេទ័ពថៃដើម្បីកែសម្រួលយុទ្ធសាស្ត្រតាំងមូលដ្ឋានទ័ពនៅតាមតំបន់ព្រំដែន។ ក្រុមមេទ័ពថៃបានលើកឡើងថា ទាហានថៃភាគច្រើនបានចាញ់ប្រៀបទាហានខ្មែរ នៅត្រង់ការកំណត់ភូមិសាស្ត្រក្នុងតំបន់ព្រំដែន ដោយសារទាហានថៃតែងតែត្រូវបានចល័តពីតំបន់មួយទៅតំបន់មួយជាច្រើនទីតាំង ខណៈទាហានខ្មែរភាគច្រើន បានប្រចាំការនៅតំបន់ព្រំដែននីមួយៗអស់រយៈពេលច្រើនឆ្នាំ និងស្គាល់ពីទីតាំងភូមិសាស្ត្រច្បាស់ជាងទាហានថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែមិថុនា។
ចំណែក អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយបានរម្លឹកអំពីលក្ខខណ្ឌនៅក្នុងបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃបានព្រមព្រៀងគ្នាកាលពី៦ខែមុន ថា ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ដោយចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀតនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបន្តថា ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត និងមិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលក្នុងទីតាំងរបស់ភាគីម្ខាងទៀតនោះឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពពង្រីកកម្លាំងទ័ពរបស់យោធាថៃ គឺជាការព្រមានដើម្បីប្រឆាំងយុទ្ធសាស្ត្រការទូតរបស់កម្ពុជា។ ទោះជាយ៉ាងណា លោកបន្តថា ក្នុងស្ថានភាពបែបនេះ ភាគីកម្ពុជា និងថៃគួរតែធ្វើការទំនាក់ទំនងព័ត៌មានជាមួយគ្នា ដើម្បីបញ្ជាក់ពីការពង្រីកកងទ័ពនេះ ស្ថិតក្នុងលក្ខខណ្ឌបែបណា ដើម្បីបញ្ចៀសការយល់ច្រឡំ ដែលនាំឱ្យស្ថានការណ៍ព្រំដែន កាន់តែមានភាពតានតឹង។
លោក ម៉ែន ណាត៖ «ប៉ុន្តែយើងបារម្ភ បារម្ភរឿងប្តឹងថៃទៅតុលាការអន្តរជាតិក៏មិនប្តឹង រាយការណ៍ទៅអង្គការអន្តរជាតិ អំពីសកម្មភាពថៃឈ្លានពានកម្ពុជាជាថ្មីហ្នឹងក៏អត់រាយការណ៍អីឱ្យច្បាស់លាស់។ អ៊ីចឹងទៅតើកម្ពុជាកំពុងធ្វើអ្វី? កំពុងត្រៀមលក្ខណៈការពារទឹកដីមែនទែន ឬគ្រាន់តែជាធ្វើនយោបាយលួងចិត្តប្រជាពលរដ្ឋ ឬក៏លួងចិត្តខ្លួនឯង»។
ក្រៅពីពង្រឹងកម្លាំងទ័ពជើងគោក យោធាថៃក៏បានពង្រឹងសាច់ដុំវិស័យទ័ពអាកាសផងដែរ ដោយកងទ័ពអាកាសថៃបានធ្វើសមយុទ្ធប្រតិបត្តិការយន្តហោះចម្បាំង F-16 និង Gripen ដោយធ្វើប្រតិបត្តិការហោះហើរជាក្រុម ដែលមានយន្តហោះ២គ្រឿង ពង្រីកទៅដល់៤គ្រឿង និងបំពាក់ដោយមីស៊ីល រួមជាមួយអាវុធទំនើបៗផ្សេងទៀត។ អ្នកនាំពាក្យរបស់កងទ័ពអាកាសថៃបានអះអាងប្រាប់សារព័ត៌មានថៃនៅពេលថ្មីៗនេះថា ការធ្វើសមយុទ្ធនេះគឺដើម្បីហ្វឹកហាត់បច្ចេកទេសត្រៀមទុកមុន នៅពេលទ័ពអាកាសថៃទទួលបានយន្តហោះចម្បាំងស៊េរី Gripen E/F នៅឆ្នាំ២០២៧ ដែលថៃបានបញ្ជាទិញពីប្រទេសស៊ុយអែត(Sweden) ពីមុនផ្ទុះសង្គ្រាមតាមព្រំដែន។
មន្ត្រីទ័ពអាកាសថៃរូបនេះបានអះអាងថា យោធាថៃកំពុងពង្រីកការផលិតសព្វាវុធនៅក្នុងស្រុក ដោយមានការសហការពីក្រុមហ៊ុនផលិតយន្តហោះរបស់ប្រទេសស៊ុយអែត ហើយបច្ចុប្បន្នទ័ពអាកាសថៃបានដាក់បញ្ឈរជើងយន្តហោះចម្បាំងជាច្រើនគ្រឿងនៅទីតាំងមូលដ្ឋានទ័ពអាកាសថៃ ក្នុងខេត្តនគររាជសីមា (Nakorn Rachasima) និងខេត្តរ៉ាក់យ៉ង (Rayong) ដើម្បីត្រៀមប្រយុទ្ធ២៤ម៉ោង៕









