
សហរដ្ឋអាមេរិកលើកឡើងថា ខ្លួននៅតែបន្តស្វែងរកឱកាសដើម្បីស្ដារ និងពង្រឹងទំនាក់ទំនងវិស័យការពារជាតិជាមួយកម្ពុជាឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងដោយឈរលើស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមក។ អ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា ជំហររបស់សហរដ្ឋអាមេរិកពេលនេះមិនត្រឹមតែជាយុទ្ធសាស្ត្រពង្រឹងវត្តមានក្នុងតំបន់ឡើយ ប៉ុន្តែគឺជាការដាក់សម្ពាធជាក់ស្ដែងលើរដ្ឋាភិបាលក្រុងភ្នំពេញឱ្យបញ្ឈប់ការផ្ដេកផ្ដួលលើចិនតែម្ខាង និងស្ដារគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងដើរថយក្រោយ។
សហរដ្ឋអាមេរិកនៅតែបន្តស្វែងរកឱកាស ដើម្បីស្ដារ និងពង្រឹងទំនាក់ទំនងវិស័យការពារជាតិជាមួយកម្ពុជាឡើងវិញ តាមរយៈការរៀបចំផែនការធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ បន្ទាប់ពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស និងផ្អាកអស់រយៈពេលជាច្រើនឆ្នាំ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកលោក អេលប្រ៊ីដ ខូលប៊ី (Elbridge Colby) ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា ក្នុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីសប្ដាហ៍មុន។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៦ ខែសីហាថា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ និងការគាំទ្រដល់កំណែទម្រង់យោធារបស់កម្ពុជាដែលមានលក្ខណៈសមហេតុផល និងជាក់ស្ដែង។ យោងតាមស្ថានទូតអាមេរិកលោក អេលប្រ៊ីដ ខូលប៊ី អរគុណលោក ទៀ សីហា ចំពោះការគាំទ្ររបស់កម្ពុជាក្នុងអំឡុងពេលនាវាចម្បាំងអាមេរិក យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ចូលចតនៅកម្ពុជា និងបានស្វាគមន៍ឱកាសសម្រាប់ការធ្វើទស្សនកិច្ចនាពេលអនាគត ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីអាទិភាព និងផែនការសំខាន់ៗ រួមមាន ការរៀបចំគម្រោងសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ ការពង្រីកការហ្វឹកហ្វឺនកងទ័ពទ្វេភាគី និងកម្មវិធីអប់រំវិជ្ជាជីវៈយោធា ព្រមទាំងការអនុវត្តកំណែទម្រង់កងកម្លាំងយោធារបស់កម្ពុជា។
ស្ថានទូតអាមេរិកវាយតម្លៃថា កម្ពុជាមានភាពរឹងមាំ មានសមត្ថភាព និងមានអធិបតេយ្យភាព អាចចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកក៏រំពឹងថា នឹងបន្តធ្វើឱ្យមានវឌ្ឍនភាពជាក់ស្ដែងជាមួយកម្ពុជា លើកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធាបន្ថែមទៀត។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ឧបសគ្គសំខាន់ដែលអាមេរិកពិបាកក្នុងការស្ដារទំនាក់ទំនងស៊ីជម្រៅជាមួយកម្ពុជាឡើងវិញ គឺដោយសារតែភាគីទាំងពីរមិនទាន់មានទំនុកចិត្តលើគ្នានៅឡើយ ជាពិសេសភាពចម្រូងចម្រាសនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាដែលកសាងក្រោមជំនួយរបស់ចិន។ លោកថា បើកម្ពុជាអនុវត្តនយោបាយការបរទេសស្របតាមច្បាប់ កម្ពុជាអាចបង្កើតទំនាក់ទំនងស្មើភាពជាមួយបណ្ដាប្រទេសមហាអំណាច និងមិនរងសម្ពាធ ឬមន្ទិលសង្ស័យពីសហគមន៍អន្តរជាតិឡើយ។
លោក ឯម សុវណ្ណារ៉ា វាយតម្លៃទៀតថា ជំហររបស់សហរដ្ឋអាមេរិកចុងក្រោយនេះ ក៏ជាយុទ្ធសាស្ត្រដាក់សម្ពាធឱ្យរដ្ឋាភិបាលក្រុងភ្នំពេញគិតគូរការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងដើរថយក្រោយ។
លោក ឯម សុវណ្ណារ៉ា៖ «ប្រទេសប្រជាធិបតេយ្យគឺចង់រាប់អានទាក់ទងជាមួយ និងរដ្ឋដទៃទៀតដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ។ ហើយកម្ពុជាជារដ្ឋប្រជាធិបតេយ្យដែលមានចែងនៅក្នុងសន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងប៉ារីស ប៉ុន្តែអ្វីដែលនៅខ្វះខាតគឺការអនុវត្តជាក់ស្ដែង។ ហើយប្រសិនបើទម្រង់ប្រជាធិបតេយ្យបើកចំហអនុវត្តតាមគោលការណ៍ច្បាប់ពេញលេញ វាត្រូវមានការលើកលែងទោស ឬក៏ដកបម្រាមទៅអ្នកនយោបាយប្រឆាំង ឬអ្នកនយោបាយនៅក្រៅប្រទេសជាដើម ដោះលែងចោទប្រកាន់ ឬលែងអ្នកនយោបាយនៅកំពុងឃុំឃាំង ដូចលោក ថាច់ សេដ្ឋា លោក រ៉ុង ឈុន ដែលជាប់បម្រាមនយោបាយ លោក កឹម សុខា នៅក្រោមបម្រាមនយោបាយ អាចធ្វើបានហើយ។ ព្រំដែនកម្ពុជាថៃហ្នឹងក៏ជាបញ្ហាក្ដៅអ៊ីចឹង គណបក្សកាន់អំណាចអាចបារម្ភលើគោលការណ៍ដែលប្រជាជនមានសិទ្ធិពេញលេញនៅក្នុងការសួរនាំរឿងហ្នឹងផងដែរ»។
ចំណែក អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី មើលឃើញថា សហរដ្ឋអាមេរិកកំពុងព្យាយាមបើកទំព័រថ្មីក្នុងទំនាក់ទំនងការពារជាតិជាមួយកម្ពុជា។ លោកថា មូលហេតុសំខាន់នោះគឺអាមេរិកមិនចង់ឃើញកម្ពុជាពឹងផ្អែកខ្លាំងពេកលើចិនក្នុងវិស័យសន្តិសុខ និងយោធា។ ទោះជាយ៉ាងណា លោក សេង វណ្ណលី ថា ការស្ដារទំនាក់ទំនងនេះនឹងមិនងាយស្រួលឡើយ ដោយសារតែបញ្ហាទំនុកចិត្ត ជាពិសេសការព្រួយបារម្ភអំពីឥទ្ធិពលចិននៅមូលដ្ឋានជើងទឹករាមកម្ពុជា។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចបង្ហាញ ដោយបើកចំហលើមូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់ប្រទេសដៃគូពាក់ព័ន្ធ និងមិនផ្ដល់សិទ្ធិផ្ដាច់មុខដល់ចិននោះ គឺអាចជួយបន្ថយការសង្ស័យរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានមួយកម្រិត។
លោក សេង វណ្ណលី៖ «នៅក្នុងពេលជាមួយគ្នានេះ ខ្ញុំមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចប្រឈមសម្ពាធកាន់តែច្រើនពីអាមេរិកលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមអនឡាញ ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងបញ្ហាសិទ្ធិមនុស្ស និងនយោបាយ។ ទោះអាមេរិកចង់ពង្រឹងទំនាក់ទំនងយោធាជាមួយកម្ពុជា ដើម្បីរក្សាតុល្យភាពជាមួយចិនក៏ដោយ វ៉ាស៊ីនតោនក៏ទំនងមិនបោះបង់ការទាមទារឱ្យកម្ពុជាបង្ហាញលទ្ធផលជាក់ស្ដែង ឬបញ្ហាទាំងទាំងអស់ខាងលើដែរ។ ដូច្នេះ ទំនាក់ទំនងថ្មីនេះអាចក្លាយជាឱកាសសម្រាប់កម្ពុជា ប៉ុន្តែក៏អាចក្លាយជាសម្ពាធ បើរដ្ឋាភិបាលបង្ហាញតម្លាភាព កំណែទម្រង់ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពជាងមុនផងដែរ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដួចផ្ដើមឱ្យមានកិច្ចសន្ទនា និងស្វែងរកឱកាស ដើម្បីស្ដារទំនាក់ទំនងកម្ពុជាឡើងវិញចាប់តាំងពីខែសីហា ឆ្នាំ២០២៤ មក។ កិច្ចសន្ទនា និងការបន្តស្វែងរកឱកាសជាង ២ឆ្នាំមកនេះ អាមេរិកក៏បានបញ្ជូនមន្ត្រីយោធាកំពូលៗប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមកបំពេញទស្សនកិច្ចនៅកម្ពុជាជាហូរហែ ដើម្បីបង្កើនកិច្ចសន្ទនា ជាមួយរដ្ឋាភិបាលកម្ពុជាលើការពង្រឹងទំនាក់ទំនងយោធាទ្វេភាគី និងកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញបានលុបចោលការធ្វើសមយុទ្ធ «ឆ្មាំអង្គរ» ដោយឯកតោភាគីកាលពីឆ្នាំ២០១៧។
ទន្ទឹមនឹងមានទំនាក់ទំនងល្អក់កករជាមួយអាមេរិកប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាក៏បានបង្កើនកិច្ចសហប្រតិបត្តិយោធាយ៉ាងស្អិតល្មួត និងធ្វើសមយុទ្ធយោធា «នាគមាស» ជាមួយចិនស្ទើរជារៀងរាល់ឆ្នាំ។ លើសពីនេះ រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ក៏មិនបានបន្ធូរដៃក្នុងការកម្ទេចសំឡេងអ្នកប្រជាធិបតេយ្យ និងចាប់ពលរដ្ឋទូទៅដែលមាននិន្នាការផ្ទុយដាក់គុកឡើយ។ ការដឹកនាំបែបជិះសេះលែងដៃរបស់រដ្ឋាភិបាលត្រកូល ហ៊ុន នេះបន្តិចម្ដងៗបានប្រែក្លាយឱ្យកម្ពុជា ជាប្រទេសឋានសួគ៌សម្រាប់ក្រុមចោរឆបោកតាមអនឡាញ និងបានធ្វើឱ្យប្រទេសថៃមើលងាយប្រមាថ បើកការវាយប្រហារឈ្លានពាន និងធ្វើរបងឡោមព័ទ្ធយកដីខ្មែរតាមអំពើចិត្ត៕









