សង្គម​ស៊ីវិល ២៥​ស្ថាប័ន​​រួម​គ្នា​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កូដករ​ណាហ្គាវើលដ៍

0
40
ទិដ្ឋភាព​កូដករ​ណាហ្គាវើលដ៍ (Naga World) លើកបដាតវ៉ានៅមុខក្រុមហ៊ុន។ រូប៖ លីកាដូ
ទិដ្ឋភាព​កូដករ​ណាហ្គាវើលដ៍ (Naga World) លើកបដាតវ៉ានៅមុខក្រុមហ៊ុន។ រូប៖ លីកាដូ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សមាគម សហព័ន្ធ​សហជីព ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​ការងារ សិទ្ធិ​ស្ត្រី ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​កូដករ​ណាហ្គាវើលដ៍។ ពួកគេ​ក៏​ស្នើសុំ​ឲ្យ​តុលាការ​លើកលែង​បទចោទប្រកាន់​ទាំងអស់​លើ​ថ្នាក់ដឹកនាំ​សហជីព​កម្មករ​ណាហ្គាវើលដ៍​ទាំង​នោះ​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ ចំនួន ២៥​ស្ថាប័ន បង្ហាញ​ការ​ខកចិត្ត​ដែល​តុលាការ​បន្ត​កោះហៅ​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៅ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) មក​សាកសួរ​ពាក់ព័ន្ធ ដំណើររឿង​ដែល​ក្រុមហ៊ុន​ប្តឹង​ពួកគាត់​ពី​បទ «​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​» បន្ទាប់ពី​ពួកគាត់​បាន​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​អហិង្សា និង​សន្តិវិធី នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ក្រុម​សង្គម​ស៊ីវិល និង​សហជីព មើលឃើញ​ថា រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ អាជ្ញាធរ និង​តុលាការ នៅតែ​មិនទាន់​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​សហជីព​ណាហ្គាវើលដ៍​នៅឡើយ​។ ពួកគាត់ ទាមទារ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​ពួកគាត់​ឡើងវិញ​។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ងាក​មក​ដោះស្រាយ​វិវាទ​ការងារ​ដ៏​រ៉ាំ​រៃ​នេះ ជាជាង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើទុក្ខបុកម្នេញ​ដល់​ជនរងគ្រោះ​និង​អូស​បន្លាយ​ពេលវេលា​ដោយ​រំពឹង​ថា កម្មករ​នឹង​អស់​លទ្ធភាព​តវ៉ា​រួច​បោះបង់ចោល​ការ​ទាមទារ​យុត្តិធម៌។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ទាំងនេះ រួមមាន​៖ សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា (CTWUF) អង្គការសិទ្ធិមនុស្ស​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ ព្រមទាំង​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​ជាដើម។

ក្រុម​សង្គម​ស៊ីវិល និង​សហជីព​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​៣ ខែ​កក្កដា​ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ ក្រុម​កូដករ​ណាហ្គាវើលដ៍​មាន​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព បាន​ទទួលរង​ភាព​អយុត្តិធម៌ និង​ការ​ធ្វើបាប​យ៉ាង​ខ្លាំង​ពី​តុលាការ ពី​អាជ្ញាធរ និង​ក្រុម​សន្តិសុខ ដូចជា​ការ​ចាប់​ដាក់គុក អំពើ​ហិង្សា វាយដំ ទាត់​ធាក់ ការ​បៀតបៀន​ផ្លូវភេទ រហូត​មាន​ករណី​កូដ​ករ​ម្នាក់ បាត់បង់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៅ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា តុលាការ​បាន​កោះហៅ​សមាជិក​សហជីព​កម្មករ​ណាហ្គាវើលដ៍​ជាច្រើន​នាក់​ទៅ​សាកសួរ ក្រោយ​ពួកគាត់​ចេញ​សកម្មភាព​តវ៉ា​ជាថ្មី។ កញ្ញា​យល់ថា ករណីនេះ ជា​រឿង​អយុត្តិធម៌ និង​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធ​សេរីភាព​របស់​កម្មករ និង​ពលរដ្ឋ​។​កញ្ញា​លើកឡើង​ទៀត​ថា កម្មករ​សហជីព​ណាហ្គាវើលដ៍ ជា​ជនរងគ្រោះ​ពី​ក្រុមហ៊ុន​ផ្ទាល់ និង​ពី​តុលាការ​នៅ​កម្ពុជា រីឯ​ជនខិលខូច​ដូចជា​ក្រុមហ៊ុន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

កញ្ញា ឈឹម ស៊ីថរ៖ «នៅ​ពេល​ដែល​រឿង​អយុត្តិធម៌​កើតឡើង ដើម្បី​អាច​បញ្ឈប់ ការ​តវ៉ា ឬក៏​មិន​ចង់​ឲ្យ​កម្មករ​ចេញ​តស៊ូ​មតិ​អី​ទាំងអស់​ហ្នឹង ត្រូវ​ផ្តល់​យុត្តិធម៌​ឲ្យ​គាត់​មិនមែន​ទៅ​បង្កើត​រឿង​អយុត្តិធម៌​ថ្មី​មក​ឲ្យ​គាត់​ហើយ​រួច​រំពឹង​ថា​ពួកគាត់​ឈប់​តវ៉ា ឈប់​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​នៅក្នុង​ការ​ចេញ​ទាមទារ​ទេ»។

កញ្ញា ឈឹម ស៊ីថរ ប្តេជ្ញា​ថា នឹង​បន្ត​ការ​តវ៉ា​នេះ​រហូត​ទទួល​បាន​យុត្តិធម៌ ទោះបីជា​មានការ​រារាំង និង​ធ្វើទុក្ខ​ម្នេញ​ពី​តុលាការ និង​អាជ្ញាធរ​ក្តី។

កាលពី​ថ្ងៃទី​២ កក្កដា ម្សិលមិញ​នេះ កូដករ​ណាហ្គាវើលដ៍​ប្រមាណ ៥០​នាក់ បាន​ចេញ​តវ៉ា​ជាថ្មី ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ឲ្យ​ពួកគេ ចំនួន ៧​ចំណុច ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មកនេះ ក្នុង​នោះ កូដករ ៩​នាក់ ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់ ក្រោម​បណ្តឹង​របស់​ក្រុមហ៊ុន។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បាន​ឡើយ​នៅ​ថ្ងៃទី​០៣ កក្កដា​នេះ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ថា កំពុង​រវល់​ប្រជុំ។

កូដករ​ណាហ្គា​វើលដ៍​បាន​ធ្វើ​តវ៉ា​ជិត​៥​ឆ្នាំ មក​ហើយ គឺ​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច ក្នុង​នោះ​មាន​ដូចជា ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga world) ត្រូវ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើ​ការ​វិញ ត្រូវ​គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​គិត​ប្រាក់​បញ្ចប់​កិច្ចសន្យាការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ ២០២០ និង​ដើមឆ្នាំ​២០២១​។ ប៉ុន្តែ​ការ​តវ៉ា​រយៈពេល​ជិត​៥​ឆ្នាំ មកនេះ មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA Cambodia) លោក វន់ ពៅ លើកឡើង​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គាំពារ​លើ​ក្រុម​កម្មករ​ដែល​រងគ្រោះ​ទាំងនោះ​។ ហើយ​ទម្លាក់​បទ​ចោទ​ទាំងស្រុង​ទៅលើ​សហជីព​កម្មករ​ណាហ្គាវើលដ៍​ទាំងអស់​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តាម​ការ​អះអាង​របស់​ខ្លួន ដែល​បាន​លើកឡើង​លើ​ឆាក​អន្តរជាតិ​កន្លងមក។

លោក វន់ ពៅ៖ «យើង​មិន​ចង់​ឃើញ​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ចលនា​សហជីព​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌ ទាមទារ​សិទ្ធ​ការងារ ទាមទារ​លក្ខខណ្ឌ​ការងារ​ទេ​។ យើង​មិន​ចង់​ឃើញ​បែប​ហ្នឹង​តទៅទៀត​។ សរុប​សេចក្តី​មក​យើង​ចង់​ឃើញ សេរីភាព​សហជីព សេរីភាព​នៃ​ការអនុវត្ត​សិទ្ធ​កម្មករ​មាន​លក្ខណៈ​ពេញលេញ ទទួល​បាន​យុត្តិធម៌ ទទួល​បាន​ការគោរព ស្រលាញ់ យកចិត្តទុកដាក់​ពី​អាជ្ញាធរ​រដ្ឋ ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ជាតិ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព សមាគមន៍​ទាំង​២៥​នោះ ស្នើសុំ​ឲ្យ​តុលាការ ផ្តល់​សេរីភាព​ពេញលេញ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឲ្យ​ពួកគេ​រស់នៅ​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​ការ​ជាប់ពន្ធនាគារ ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ណាមួយ ហើយ​ងាក​មក​រក​ដំណោះស្រាយ​យុត្តិធម៌​ឲ្យ​កម្មករ​ទាំងនោះ និង​ផ្តល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដល់​កម្មករ​និយោជិក និង​បញ្ឈប់​អំពើ​ហិង្សា​នានា​លើ​កូដករ​ពី​សំណាក់​សន្តិសុខ​ក្រុងភ្នំពេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ