សហជីព​ដាក់​ញត្តិ​សុំដំឡើងប្រាក់ឧបត្ថម្ភការ​ធ្វើ​ដំណើរ​៨ដុល្លារ​បន្ថែម​ដល់​កម្មករ​វិស័យ​កាត់ដេរ

0
14
សហព័ន្ធ​សហជីព​ចំនួន​៧ មាន​គ្នា​ប្រមាណ​៣០​នាក់ យកញត្តិជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សហព័ន្ធ​សហជីព​ចំនួន​៧ មាន​គ្នា​ប្រមាណ​៣០​នាក់ យកញត្តិជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហជីពចំនួន៥ ដាក់ញត្តិនៅក្រសួងការងារ​ជាលើកទី០២  ដើម្បីស្នើសុំឲ្យដំឡើងប្រាក់​ឧបត្ថម្ភ​ការ​ធ្វើដំណើរ ឬស្នាក់នៅចំនួន ៨ដុល្លារ​បន្ថែម​ដល់​កម្មករ​វិស័យ​កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប។ ការស្នើសុំនេះ គឺស្របពេល​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី០៤  របស់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧។

សហជីពចំនួន៥ រួមមាន សហព័ន្ធសហជីពបេះដូងកម្មករ (WHU) សហព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា (CYPUF) សហពន្ធ័សហជីពកម្ពុជាឯករាជ្យ (ClTUFED) សហព័ន្ធសហជីព​ឥទ្ធិពល​ការងារ (FULI) និងសហពន្ធ័សហជីពឯករាជ្យ (INTUFED) បានជួបជុំគ្នាជាថ្មី​នៅ​មុខ​ក្រសួងការងារ ដាក់ញត្តិជំរុញឲ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូលរបៀបវារៈស្តីពី​ការ​ដំឡើង​បន្ថែម​ចំនួន ៨ដុល្លារអាមេរិកក្នុងមួយខែលើប្រាក់ឧបត្ថម្ភការធ្វើដំណើរ  ឬស្នាក់នៅដែល​មានស្រាប់​ទៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាជុំចុងក្រោយនៅថ្ងៃនេះ និងថ្ងៃទី៣០ ខែកញ្ញា ខាងមុខ។ មន្ត្រីក្រសួងការងារបានទទួលញត្តិរបស់តំណាងសហព័ន្ធសហជីពទាំង៥រួចហើយ នៅព្រឹកថ្ងៃទី ២៨ កញ្ញានេះ។

ប្រធាន​សហព័ន្ធសហជីព​បេះដូងកម្មករ (WHU) អ្នកស្រី ម៉ន ចន្នា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រាក់ឧបត្ថម្ភការធ្វើដំណើរ២.៥ដុល្លារ  និងស្នាក់នៅកន្លងមកចំនួន ៧ដុល្លារ នៅមានកម្រិតទាប ពុំទាន់ឆ្លើយតបទៅនឹងការចំណាយជាក់ស្តែងនាពេលបច្ចុប្បន្ននៅឡើយ។ អ្នកស្រីថា កម្មករកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ ដោយសារទំនិញឡើងថ្លៃ ចំណាយច្រើន ប្រាក់ចំណូលទាប ធ្វើឲ្យកម្មករទ្រាំរស់នៅហូបចុកត្បិតត្បៀត មិនគ្រប់គ្រាន់និងខ្វះអាហាររូបត្ថម្ភ​ជាដើម។ អ្នកស្រីលើកឡើងទៀត​ថា ប្រាក់ឧបត្ថម្ភដែលរាជរដ្ឋភិបាលផ្តល់ជូន​កម្មករ ចំនួន ២.៥ ដុល្លារ នោះ​មិនច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ខណៈកម្មករជាច្រើន បន្តជិះឡានទ្រុងឈរបញ្ច្រៀតគ្នាណែន ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិត និងពិការភាពគ្រប់ពេលវេលាដោយសារ «កង្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុ» ក្នុងការបង់ថ្លៃសេវារថយន្ត ដែលមានកៅអីអង្គុយត្រឹមត្រូវ និងសុវត្ថិភាព។

អ្នកស្រី ម៉ន ចន្នា៖ «ពាក់ព័ន្ធនឹងកម្មករដែលគាត់ធ្វើដំណើរមក អ្នកខ្លះគាត់នៅតាមខេត្ត ឬក៏អឺ… អ្នកជួលផ្ទះនៅទីក្រុងភ្នំពេញ លើកមុន ផ្ទះមួយបន្ទប់តែ ៣០ ដុល្លារទេអាចជួលបាន តែឥឡូវឡើងដល់ ៧០ ៥០ ៦០ ៧០ ដុល្លារ។ កម្មករនៅតាមខេត្តហ្នឹង គាត់ជិះឡានមិនសមរម្យទេ គឺគាត់ជិះឡានទ្រុងសម្រាប់ដឹកសម្ភារ ដឹកជ្រូកអីចឹងណា។ ហើយគាត់អត់មានឡានណាដែលមានកៅអី ដែលអង្គុយដើម្បីឱ្យគាត់មានសុខសុវត្ថិភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍របស់គាត់ទេ ហើយជួនណា មេឃភ្លៀងណា ពេលដែលយើងឃើញគាត់ជិះឡានទៅ គឺអារម្មណ៍របស់យើងគឺខ្លោចចិត្តមែនទែន គាត់តោងរនែងរនោង ហើយត្រូវគ្របកៅស៊ូ ឡាននោះគឺអត់មានដំបូល អត់មានកៅអីអង្គុយ គឺវាពិបាកមែនទែន។»

កាលពីថ្ងៃទី១០ ខែកញ្ញា សហព័ន្ធសហជីពទាំង៥ក្នុងចំណោមសហព័ន្ធសហជីពចំនួន ៧ បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ម្តងរួច​មក​ហើយ ដើម្បីស្នើសុំឱ្យក្រសួងដំឡើងប្រាក់ឧបត្ថម្ភការធ្វើដំណើរ ឬស្នាក់នៅដល់កម្មករ​វិស័យ​កាត់ដេរ ឲ្យដល់ ១៥ ដុល្លារ​ក្នុងមួយខែ ទៅក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ  ជារៀងរាល់ឆ្នាំ ដូចការចចារប្រាក់ឈ្នួលកម្មករ សម្រាប់កម្មករ​និយោជិត​គ្រប់វិស័យ។ នៅក្នុងញត្តិនោះ ក្រុមសហជីពយល់ថា តម្លៃទំនិញនៅលើទីផ្សារ ជាពិសេសតម្លៃប្រេងឥន្ធនៈ និងថ្លៃស្នាក់នៅបន្តកើនឡើងជាបន្តបន្ទាប់ ជាបន្ទុក​ចំណាយ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កម្មករនិយោជិត។

រហូតមកដល់ពេលនេះ ក្រសួងមិនមានការឆ្លើយតប​ណាមួយ​ជូន​ប្រធានសហព័ន្ធ​សហជីព​ទាំងនោះ​នៅឡើយ។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីសួរនាំពីករណីនេះបានទេ នៅថ្ងៃទី២៨ កញ្ញា ដោយទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំមានអ្នកទទួល។

នៅថ្ងៃដដែលនេះ ក្រុម​ប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា បាន​បើកកិច្ចប្រជុំ​លើកទី៤ ដើម្បី​ពិភាក្សា​កំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ ជាលទ្ធផលនៅថ្ងៃនេះ ភាគីកម្មករនិយោជិត បានស្នើតួលេខកំណើន ចំនួន ១៥ដុល្លារ ដែលស្មើនឹង ២២៥ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧។ ដោយឡែក ភាគីនិយោជក ស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាមេរិកដដែល និងរក្សាប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២.៥ដុល្លារ ឲ្យនៅដូចដើម តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។

ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា អ្នកស្រី​គាំទ្រ​ចំពោះក្រុមតំណាងសហជីពទាំង៥ដែលបានដាក់ញត្តិទៅក្រសួងការងារ ដើម្បី​ស្នើសុំប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ ដែលកំពុងប្រឈមការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។ អ្នកស្រីបន្តថា ក្រៅពី​ចរចារឿងប្រាក់ឈ្នួល អ្នកស្រីក៏បានលើកយកករណីប្រាក់អត្ថប្រយោជន៍ សោហ៊ុយ​ធ្វើ​ដំណើរ បញ្ហាប្រឈមរបស់កម្មករនៅក្នុងរោងចក្រ កត្តាជីវភាព រួមទាំងកត្តាប្រឈមហានិភ័យសុវត្ថិភាព និងសុខភាពរបស់កម្មករ ទៅ​ជជែកនៅក្នុងកិច្ចប្រជុំនោះ​ផង​ដែរ។ អ្នកស្រីអះអាងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ភាគីកម្មករ​និយោជិតគឺមានសំឡេង២ផ្សេងៗគ្នា គឺសម្លេងគាំទ្រឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ២២៥ដុល្លារក្នុង១ខែ និងមួយទៀតគឺ ២៥០.៦៦ដុល្លារក្នុង១ខែសម្រាប់ឆ្នាំ២០២៧ ដែល​ជាហេតុតម្រូវ​ឲ្យ​មាន​ការបោះឆ្នោតរកតួលេខតែមួយប៉ុណ្ណោះក្នុងការដាក់ចចា។ អ្នកស្រីថា សំឡេងដែលទទួលបានការគាំទ្រច្រើនជាងគេគឺ​សំឡេង​គាំទ្រឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ២២៥​ដុល្លារក្នុង ១ខែ។

អ្នកស្រី យ៉ាង សុភ័ណ្ណ៖ «បើសិនណាប្រាក់ឈ្នួលរបស់កម្មករអត់អាច​តម្លើង​បានទៅ​តាមអ្វី​ដែល​ជាការស្នើសុំរបស់កម្មករនិយោជិត ភាគី​កម្មករនិយោជិត​ប្រាកដ​ណាស់​គាត់នឹងប្រឈម​មុខ​ទៅនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់កាន់តែធ្ងន់ធ្ងរទៅចឹងណា។ ហើយ​អាពាក់ព័ន្ធ​ជាមួយនិងរឿងតម្លៃអតិផរណាទីផ្សារ ត្រូវ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ព្យាយាម​នៅក្នុងការពិនិត្យមើល​ឡើង​វិញ ជុំវិញទៅលើអតិផរណាទីផ្សារ ត្រូវ​ព្យាយាម​ទប់​តម្លៃ​ម៉េចកុំឱ្យវាមាន​ការ​កើនឡើង​ខ្ពស់​ជាងហ្នឹង បើខ្ពស់ជាងហ្នឹងទេ ប្រឈម​កម្មករប្រាកដជាមានបញ្ហាហើយ ពលរដ្ឋប្រាកដជាមាន​បញ្ហា ព្រោះប្រាក់ឈ្នួលហ្នឹងអត់ឆ្លើយតបទៅនឹងការរស់នៅរបស់កម្មករ ហើយបើសិន​ជាកាន់​តែឡើង អតិផរណាទីផ្សារវាកាន់តែឡើង ហក់ឡើងៗទៅ គឺប្រជាពលរដ្ឋ​អត់អាច​ទប់នូវ​សេដ្ឋកិច្ច​គ្រួសារ​របស់គាត់បានទេ ចឹងរឹតតែប្រឈមមុខខ្លាំងទៅទៀតចឹងណា»។

កន្លង​មក ក្រុមមេដឹកនាំសហព័ន្ធសហជីព និងសហជីពចំនួន១១ស្ថាប័ន ក៏​ធ្លាប់​បានដាក់​ញត្តិ​ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើសុំដំឡើងប្រាក់ខែគោលចំនួន៤០.៦៦ដុល្លារ បន្ថែមលើប្រាក់ខែ គោលបច្ចុប្បន្នចំនួន២១០ដុល្លារ សម្រាប់ឆ្នាំ២០២៧ ជូន​ដល់កម្មករ​និយោជិត​ក្នុងវិស័យកាត់ដេរសំលៀក បំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបផងដែរ ដោយពួកគាត់មើលឃើញដូចៗគ្នាថា ប្រាក់ឈ្នួលបច្ចុប្បន្ន ២១០ដុល្លារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ នៅមានកម្រិតទាបពេក។ កម្មករបានត្អូញត្អែរ ពីការលំបាកលើបន្ទុកជាច្រើន ដូចជា តម្លៃទំនិញឡើងថ្លៃខ្ពស់ ថ្លៃអាហារ បន្ទប់ជួលបន្តកើនឡើង បំណុលធនាគារ បញ្ហាសុខភាពនិង ការផ្គត់ផ្គង់គ្រួសារជាដើម ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅបានសមរម្យ និងថ្លៃថ្នូរក្នុងសង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ