អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត​ដាក់​ពន្ធនាគារ​ក្រោយ​ចែករំលែក​ព័ត៌មាន​រំលោភសិទ្ធិ​ខ្មែរក្រោម

0
226
សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ម្នាក់ លោក ថាច់ ចាន់ត្រា (ស្ដាំគេ) ដែលត្រូវអាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​លង់ហោរ​ ចាប់​ខ្លួន​កាល​ពីថ្ងៃទី​២៩ ខែមេសា ២០២៦។ រូប៖ congan.vinhlong.gov.vn
សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ម្នាក់ លោក ថាច់ ចាន់ត្រា (ស្ដាំគេ) ដែលត្រូវអាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​លង់ហោរ​ ចាប់​ខ្លួន​កាល​ពីថ្ងៃទី​២៩ ខែមេសា ២០២៦។ រូប៖ congan.vinhlong.gov.vn

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​លង់ហោរ​នៅ​ថ្ងៃទី​២៩ ខែមេសា បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ម្នាក់ទៀត គឺ​លោក ថាច់ ចាន់ត្រា ដាក់​ពន្ធនាគារ​ក្រោយពី​លោក​បាន​ចែករំលែក​ព័ត៌មាន​ដែល​អាជ្ញាធរ​វៀតណាម​រំលោភ​បំពាន​សិទ្ធិមនុស្ស​ខ្មែរក្រោម​នៅ​លើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់។ អាជ្ញាធរ​ចោទប្រកាន់​លោក​ពី​បទ​កេង​ចំណេញ​សេរីភាព​ប្រជាធិបតេយ្យ​តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ ២០១៥ របស់​វៀតណាម។

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​បន្ត​អនុវត្ត​កណ្តាប់​ដៃ​ដែក​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ និង​ចែករំលែក​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ជុំវិញ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ខ្មែរក្រោម។

លោក ថាច់ ចាន់ត្រា អាយុ ៥៤ ឆ្នាំ គឺជា​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​ដែល​តែង​ឈឺឆ្អាល​ពី​បញ្ហា​សង្គម និង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម​។ លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចុះ​ឆែកឆេរ និង​ចាប់​ខ្លួន​ដល់​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ទ្រ​ព្រះបាទ ខេត្ត​ព្រះ​ត្រពាំង បច្ចុប្បន្ន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ខេត្ត​លង់ហោរ។

អាជ្ញាធរ​វៀតណាម​អះអាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នគរបាល​វៀតណាម​ខេត្ត​លង់​ហោរ​ថា ក្នុង​រយៈពេល​កន្លងមក លោក ថាច់ ចាន់ត្រា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បង្ហោះ ចែករំលែក និង​ផ្សាយ​ផ្ទាល់​ជា​ញឹកញាប់​ជាមួយនឹង​ពាក្យពេចន៍ និង​ការ​និយាយ​មិន​ត្រឹមត្រូវ​តាម​ការពិត ព្រមទាំង​ចូលរួម​ពិភាក្សា​អំពី​មាតិកា​ដែល​ផ្សព្វផ្សាយ និង​បំភាន់​ទិស​នយោបាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​វៀតណាម ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​វៀតណាម​បាន​បង្ក្រាប​មក​លើ​ជនជាតិ​ខ្មែរ​ក្រោម​ជាដើម​។ ដូច្នេះ​អាជ្ញាធរ​ត្រូវ​ចាប់​ឃុំ​ខ្លួន​លោក ថាច់ ចាន់ត្រា បណ្ដោះអាសន្ន​ដើម្បី​ដំណើរការ​ទៅតាម​បទប្បញ្ញត្តិ​ច្បាប់។

មុន​ពេល​ត្រូវ​បាន​ចាប់ខ្លួន លោក ថាច់ ចាន់ត្រា បាន​ចែករំលែក​ព័ត៌មាន​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ក្នុង​នោះ​ក៏​មាន​ព័ត៌មាន​ដែល​និយាយ​ពី​តុលាការ​វៀតណាម​ខេត្ត​លង់​ហោរ ដែល​កាលពី​ថ្ងៃទី​២២ មេសា បាន​កាត់ទោស​សកម្មជន​ស្ត្រី​ខ្មែរក្រោម​អ្នកស្រី ថាច់ ធីវ៉ារី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ៦​ខែ ពី​បទ​កេង​ចំណេញ​សេរីភាព​ប្រជាធិបតេយ្យ​តាម​មាត្រា ៣៣១ ដដែល​នេះ និង​ព័ត៌មាន​អំពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​លាតត្រដាង​ពី​អាជ្ញាធរ​វៀតណាម​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ប្រាប់​សហគមន៍​អន្តរជាតិ​ជាដើម​។ ក្នុង​ពេល​កន្លងទៅ លោក ថាច់ ចាន់​ត្រា និង​ក្រុម​គ្រួសារ​ក៏​ធ្លាប់​បាន​ចេញមុខ​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម​ដែល​បាន​លើកគ្នា​ជាច្រើន​មក​អនុវត្ត​សាលដីកា​របស់​តុលាការ​ដើម្បី​រឹបអូស​យក​ដីស្រែ​ជា​កេរ​ដំណែល​គ្រួសារ​ដោយ​លោក​បាន​ចោទប្រកាន់​អាជ្ញាធរ​វៀតណាម​ថា​បាន​ឃុបឃិត​ជាមួយ​អ្នកដាក់ពាក្យ​បណ្តឹង​ដើម្បី​ប្លន់​យក​ដីស្រែ និង​ធ្វើបាប​មក​លើ​គ្រួសារ​របស់​លោក។

សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ម្នាក់ លោក ថាច់ ចាន់ត្រា (កណ្ដាល) ដែលត្រូវអាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​លង់ហោរ​ ចាប់​ខ្លួន​កាល​ពីថ្ងៃទី​២៩ ខែមេសា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ចាន់ត្រា

ដោយសារតែ​អាជ្ញាធរ​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​មក​លើ​ក្រុម​គ្រួសារ និង​ដោយ​មើលឃើញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម​មក​លើ​ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ជា​បន្តបន្ទាប់ លោក ថាច់ ចាន់ត្រា ក៏បាន​បង្កើន​សកម្មភាព​ចូលរួម​កិច្ច​ការងារ​សង្គម និង​សកម្មភាព​សិទ្ធិមនុស្ស​ជាច្រើន​រហូត​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​កត់សម្គាល់ និង​ចាប់ខ្លួន​នៅ​ពេល​នេះ។

បច្ចុប្បន្ន​ប្រទេស​វៀតណាម​គឺជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែល​មាន​កាតព្វកិច្ច​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​របស់​អង្គការសហប្រជាជាតិ​លើក​កំពស់ និង​គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​ខ្លួនឯង​កំពុងតែ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិ​ផ្សេងៗ​ដែល​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន រួម​ទាំង​ខ្មែរក្រោម​ផង​ដែរ។

អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍ថា អាជ្ញាធរ​វៀតណាម​កំពុងតែ​ផ្គើន​សហគមន៍​អន្តរជាតិ និង​កំពុងតែ​រំលោភបំពាន​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​វៀតណាម​ជា​រដ្ឋ​ភាគី ហើយក៏​កំពុង​បន្ត​ធ្វើ​សកម្មភាព​គំរាមកំហែង និង​បំភិតបំភ័យ​ទៅលើ​ខ្មែរក្រោម​មិន​ឱ្យ​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​ទង្វើ​រំលោភបំពាន​សិទ្ធិ​ខ្មែរក្រោម​។ លោក​ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​គឺជា​ការអនុវត្ត​ផ្ទុយ​ទៅ​នឹង​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ។

លោក​បណ្ឌិត សឺន ជុំជួន៖ «​យើងខ្ញុំ​នៅតែ​ប្ដេជ្ញា​ធ្វើការ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​គោរព​ទៅតាម​គោលការណ៍​សិទ្ធិមនុស្ស​ជាដាច់ខាត ហើយ​ស្មារតី​នៃ​ការ​តស៊ូ​ទាមទារ​របស់​យើងខ្ញុំ​នៅតែ​មិន​បោះបង់ចោល​ទេ បន្ត​ទៅ​មុខជា​និច្ច​ដរាប​ណា​រដ្ឋាភិបាល​វៀតណាម​មានការ​កាត់បន្ថយ ឬក៏​លុបបំបាត់​រាល់​ទង្វើ​ទាំងឡាយ​នៃ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នេះ»។

នៅក្នុង​កិច្ចប្រជុំ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​នៅ​បុរី​ញូវយ៉ក (New York) សហរដ្ឋអាមេរិក​ដែល​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ខែមេសា ដល់​ថ្ងៃទី​១ ខែឧសភា តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឡើង​ថ្លែងប្រាប់​សហគមន៍​អន្តរជាតិ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ប្រព្រឹត្ត​មក​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ជាពិសេស​គឺ​ការ​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ដាក់​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​នៅក្នុង​សេចក្តី​ប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុក​យុទ្ធនាការ​របស់​រដ្ឋអំណាច​វៀតណាម​គឺជា​ការ​ព្យាយាម​បំបិទ​សំឡេង និង​ជា​ការ​សងសឹក​របស់​វៀតណាម​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​មិន​ឱ្យ​ហ៊ាន​ងើបឡើង​តស៊ូ​មតិ​ការពារ​សិទ្ធិ​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹកដី​កំណើត​ដូនតា​របស់​ខ្លួន។

លោក ថាច់ ចាន់ត្រា គឺជា​សកម្មជន​ខ្មែរក្រោម​ទី​១៨ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០២៣​មក​ដោយសារតែ​ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បង្ហោះ ចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​។ បូករួម​ទាំង​លោក ថាច់ ចាន់​ត្រា ដែល​ទើប​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពេល​នេះ​បច្ចុប្បន្ន​នៅ​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ៣​អង្គ និង​សកម្មជន​ខ្មែរក្រោម​ចំនួន ៨​នាក់​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​នៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ