អ្នកឃ្លាំមើល​ទាមទារ​ឲ្យ​មន្ត្រី​បញ្ចូល​សមាជិកគ្រួសារ និង​សាច់ញាតិ​កងទ័ព​ក្នុង​ក្របខ័ណ្ឌ ដោយ​តម្លាភាព

0
4
មន្ត្រីទាហានព្រំដែន​ខេត្ត​ប៉ៃលិន។ រូប៖ រដ្ឋបាលខេត្តប៉ៃលិន
មន្ត្រីទាហានព្រំដែន​ខេត្ត​ប៉ៃលិន។ រូប៖ រដ្ឋបាលខេត្តប៉ៃលិន

អ្នកឃ្លាំមើល​សង្គម​កម្ពុជា អះអាង​ថា ការសម្រេច​បញ្ចូល សមាជិកគ្រួសារ និង​សាច់ញាតិ​កងទ័ព​ពលី និង​របួសធ្ងន់​ចំនួន ៤១​នាក់ ក្នុង​ក្របខ័ណ្ឌ​កងទ័ព គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​ទាមទារ​ឲ្យ​ធ្វើឡើង​ដោយ​តម្លាភាព ដើម្បី​ចៀសវាង​កុំ​ឲ្យ​មន្ត្រី​ខិល​ខួច​មួយចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ត​នូវ​អំពើ​ពួក​រលួយ ដាក់បញ្ចូល​សាច់ញាតិ​របស់​ពួកគេ​។ ការ​អះអាង​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេច​បញ្ចូល សមាជិកគ្រួសារ និង​សាច់ញាតិ​កងទ័ព​ពលី និង​របួសធ្ងន់ ក្នុង​ក្របខ័ណ្ឌ​កងទ័ព។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា​បាន​ឲ្យ​ដឹង​ថា ការ​បញ្ចូល​ក្រុម​គ្រួសារ​កងទ័ព​ដែល​បាន​ពលី​ការពារ​ជាតិ គឺជា​រឿង​មួយ​ល្អ ដែល​នេះ​គឺជា​ការ​លើកទឹកចិត្ត​ទៅដល់​គ្រួសារ​កងទ័ព ប៉ុន្តែ​ក៏​ប្រាកដ​ថា អ្នក​ទាំងអស់​នោះ​គាត់​បាន​ចូល​ទៅ​បម្រើ​ការងារ ជា​មន្ត្រី​យោធា​ឬ​ជា​ទាហាន​ដោយ​ស្ម័គ្រចិត្ត ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ​ពី​អ្នកណា​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «​អ៊ីចឹង​យើង​ចង់​ឲ្យ​មាន​អ្វី​ដែល​ធ្វើ​កិច្ច​ការងារ​ទាំងអស់​នេះ គួរតែ​មាន​ការ​ធ្វើ​ដោយ​ភាព​ត្រឹមត្រូវ ដោយ​ភាព​ច្បាស់លាស់ ដោយមាន​ការ​ត្រួតពិនិត្យ​ជាក់លាក់ ចៀសវាង​ការបង្កើត​នូវ​ឱកាសនិយម ហើយ​លើក​បន្តុប​តែ​ក្រុម​គ្រួសារ​បក្ខពួក​និយម​បែប​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​ដំណើរការ​នៅក្នុង​ការ​ជ្រើសរើស និង​តម្លាភាព​ក្នុង​ការ​ដាក់​បញ្ចូល អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​បម្រើ​ជាតិ ហើយ​ចៀសវាង​គ្រាន់តែ​ជា​ក្រុម​គ្រួសារ បាន​តួនាទី​ហើយ​គ្មាន​សមត្ថភាព មានតែ​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង កិច្ច​ការងារ​ជាតិ ដែល​មិនអាច​យក​ទៅ​បម្រើការ​ក្នុង​ផ្នែក​ណាមួយ​បាន ហើយ​ចាយ​ថវិកាជាតិ​អត់​ប្រយោជន៍ អាហ្នឹង​គឺជា​រឿង​មួយ​ដែល​មិន​គួរ​ធ្វើ​ទេ»។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រធាធិបតេយ្យ​ខ្មែរ​រូប​នេះ គឺ​បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ និង​ប្រគល់​ឋានន្តរស័ក្តិ ពលទោ ដល់​សមាជិកគ្រួសារ សាច់ញាតិ វីរ​កងទ័ព​ពលី និង​របួសធ្ងន់​នៅក្នុង​សមរភូមិ​ចំនួន ៤១​នាក់​ទៅតាម​បណ្តា​កងឯកភាព​ចំណុះ​ឲ្យ​កងទ័ពជើងគោក។

កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ពី​ការរៀបចំ និង​អនុវត្ត​នូវ​កញ្ចប់​គោលនយោបាយ​សម្រាប់​គ្រួសារ​យោធិន​ពលី រងរបួស ពិការ និង​កងកម្លាំង​នគរបាល​ជាតិ ដែល​បាន​ពលី ឬ​ធ្លាក់ខ្លួន​ពិការ​មិនអាច​បំពេញភារកិច្ច​បន្ត​បាន រដ្ឋាភិបាល​នឹង​ផ្ដល់​ក្របខ័ណ្ឌ​ឲ្យ​សាច់ញាតិ​បង្កើត​របស់​ពួកគេ​មួយ​រូប​បាន​ចូល​បម្រើ​ប្រទេសជាតិ​នៅ​អង្គភាព​។​

ជុំវិញ​បញ្ហា​នេះ អ្នកឃ្លាំមើល​សង្គម ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គិតគូរ​តបស្នង​នឹង​គុណបំណាច់​របស់​យុទ្ធជន​ខ្មែរ ដែល​កាន់​អាវុធ​ប្រយុទ្ធ​ការពារ​ទឹកដី​កម្ពុជា​នៅ​សមរភូមិ​មុខ ដោយ​រៀបចំ​ដំឡើង​ប្រាក់ខែ បុណ្យស័ក្តិ និង​សង់ផ្ទះ​ជូន​ក្រុមគ្រួសារ​របស់​កងទ័ព ដែល​បាន​ពលី ការពារ​បូរណភាព​ទឹកដី​នៅ​សមរភូមិ។

អ្នកឃ្លាំមើល​សង្គម ក៏​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​ឱកាស​ឲ្យ​កូនៗ​របស់​យុទ្ធជន​ទទួល​បាន​ការរៀនសូត្រ​ខ្ពង់ខ្ពស់​រហូតដល់​បញ្ចប់​ថ្នាក់​ឧត្ដមសិក្សា ដោយ​ឥតគិតថ្លៃ​ព្រមទាំង​ឧបត្ថម្ភ​ជីវភាព​សិក្សា​ឲ្យ​បាន​គ្រប់គ្រាន់។

យ៉ាងណា អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ប្រធាន​ព្រឹទ្ធសភា និង​ជា​អគ្គ​ភស្តុភារ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ុន សែន ហាក់​ពុំបាន​អើពើ​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​កងទ័ព នោះ​ឡើយ។ ចាប់តាំងពី​កម្ពុជា​ត្រូវ​បាន​យោធា​ថៃ​ឈ្លានពាន​ទឹកដី និង​បង្ក​សង្គ្រាម​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​កងទ័ព នៅ​តាម​ព្រំដែន អស់​ជាច្រើន​នាក់​មក លោក ហ៊ុន សែន នៅ​មិនទាន់​ចុះ​ជួប​សួរសុខទុក្ខ​គ្រួសារ​កងទ័ព​ពលី កងទ័ព​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​ជនភៀសសឹក​នោះ​ទេ​។ លោក ហ៊ុន សែន ហាក់​ខ្វល់ តែ​ពី​រឿង​បង្ហោះ​វីដេអូ និង បទ​ចម្រៀង​រៀបរាប់ ពី​គ្រួសារ​ត្រកូល​«​ហ៊ុន​» បែប​មនោសញ្ចេតនា ស្នេហា និង​កោតសរសើរ​ពី​ការដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ