

អ្នកឃ្លាំមើលសង្គមព្រួយបារម្ភ ថា ការអនុវត្តច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» គឺអាចនឹងអនុវត្តទៅលើកូនអ្នកក្រ កូនសកម្មជនសង្គម រឺកូនសកម្មជនគណបក្សដែលមានសំឡេងផ្ទុយមុនគេ។ ការបារម្ភដូច្នេះ ធ្វើឡើងបើទោះជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ប្រកាសថា បានត្រៀមបញ្ជូនចៅៗរបស់លោកដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ព ឱ្យទៅអនុវត្តច្បាប់«កាតព្វកិច្ចយោធា» ដោយស្មើភាពគ្នាក្តី។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ជាគោលការណ៍ច្បាប់គឺត្រូវអនុវត្ត មិនចំពោះបុគ្គលណាមួយនោះទេ មិនថាអ្នកមាន អ្នកក្រ អ្នកមានអំណាច ឬក៏គ្មានអំណាចនោះទេ ដូច្នេះការលើកឡើងរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដូច្នេះគឺ មិនខុសនោះទេ ក៏ប៉ុន្តែលោកថាអ្វីដែលជាបញ្ហា គឺនៅពេលអនុវត្ត តើមន្ត្រីរូបណាហ៊ានអនុវត្តច្បាប់លើកូនចៅ សែស្រឡាយ របស់អ្នកធំ ឬខ្សែស្រឡាយរបស់គ្រួសារមេដឹកនាំប្រទេស។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា បើមើលទៅក្នុងប្រព័ន្ធគ្រប់គ្រងដឹកនាំប្រទេសរបស់កម្ពុជាដែល ពោរពេញទៅដោយបក្ខពួកនិយម អំពើពុករលួយចាក់ស្រេះ ហើយភាពលម្អៀង ដោយសារតែការភ័យខ្លាចអំណាចមេដឹកនាំ ដូច្នេះបើសិនជាអ្នកណាមានសែស្រឡាយ បក្ខពួក និងមានអំណាច អាជ្ញាធរគឺមិនហ៊ានអនុវត្តទៅលើអ្នកទាំងអស់នោះទេ។ ដូច្នេះហើយទើបលោកព្រួយបារម្ភថា អាជ្ញាធរអាចអនុវត្តទៅលើ កូនអ្នកក្រីក្រ ក្រុមសកម្មជនបក្សប្រឆាំង សកម្មជនសង្គមច្រើនជាង។ បើតាមការសង្កេតរបស់លោក ស៊ឹង សែនករុណា លោកថា ក្នុងបទពិសោធន៍សង្គ្រាមជាមួយថៃចំនួនពីរលើកក្នុងឆ្នាំ២០២៥កន្លងមក លោកឃើញទាហានវ័យក្មេងនៅជួរមុខភាគច្រើន គឺជាកូនរបស់អ្នកក្រីក្រ ប៉ុណ្ណោះដែលនៅជួរមុខការពារទឹកដី។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងអ្វីៗទាំងអស់ដែលយើងឃើញថា ការនិយាយវាអាចជាការនិយាយ វាហាក់ដូចជាធ្វើឲ្យពលរដ្ឋមើលឃើញថា ហ្ន មិនមែនតែកូនចៅយើងទេ កូនចៅមេដឹកនាំប្រទេសក៏ត្រូវអនុវត្តដែរ ប៉ុន្តែសួរថាអ្នកណាជាអ្នកតាមដាន អ្នកណាជា ត្រួតពិនិត្យទៅលើការអនុវត្តហ្នឹង។ ច្បាស់ទេ ថាច្បាស់ជាមានការអនុវត្តឲ្យបានត្រឹមត្រូវច្បាស់លាស់ទៅរួច អាហ្នឹងគឺជាសំណួរ អ៊ីចឹងហើយបានជាយើងមិនមានជំនឿជឿជាក់ទាំងស្រុងទៅលើការលើកឡើងហ្នឹងទេ ក៏ប៉ុន្តែបើសិនជាអនុវត្តទៅបាន យើងពិតជាសាទរ»។
ការអះអាងនេះ បន្ទាប់ពីប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែឧសភា អះអាងថា លោកបានត្រៀមបញ្ជូនចៅៗ ដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ពឱ្យទៅ អនុវត្តច្បាប់«កាតព្វកិច្ចយោធា»។ លោកលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ គឺធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់លោកក៏បានត្រៀមអនុវត្តដោយគ្មានការលើកលែងនោះទេ។
កាលពីឆ្លងឆ្នាំសកល ឆ្នាំ២០១៩ លោក ហ៊ុន សែន បានបង្ហាញនៅលើហ្វេសប៊ុករបស់លោក ដែលកាលនោះលោកថាមានចៅ១៨នាក់។ ប៉ុន្តែក្នុងចំណោមចៅៗទាំងអស់នេះ មានចៅរបស់លោកមួយចំនួនដូចជាកូនប្រុសរបស់លោក ហ៊ុន ម៉ានី ជាដើម ទើបបានបញ្ចប់ការសិក្សានៅសាលាយោធាមួយក្នុងប្រទេសអង់គ្លេស ហើយដែលត្រូវបានលោក ហ៊ុន សែន ដឹកដៃដើរតាមនៅពេលលោកចុះជួបមន្ត្រីនៅតាមខេត្តនានា រួមទាំងនៅខេត្តកំពង់ឆ្នាំងនៅពេលនេះផង។ ការដឹកនាំចៅៗចុះតាមមូលដ្ឋាននេះ ត្រូវបានលោក ហ៊ុន សែន អះអាងថាដើម្បីឱ្យចៅៗដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បើទោះជាជំនួបរវាងលោក ហ៊ុន សែន ជាមួយមន្ត្រី ជាទូទៅ ធ្វើឡើងនៅក្នុងសាល ឬអគារបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ក្តី។ មួយវិញទៀត ការដឹកដៃចៅៗចុះទៅតាមលោក និងឱ្យអង្គុយលើវេទិកាស្ទើរតែមានឋានៈស្មើនឹងមន្ត្រីចាស់ៗមួយចំនួននៅក្នុងជួររដ្ឋការដែរនោះ ត្រូវបានគេមើលឃើញថា លោក ហ៊ុន សែន កំពុងត្រួសត្រាយផ្លូវ បើកច្រកឱ្យចៅៗរបស់លោកឈោងទៅកាន់អំណាចកំពូលៗនៅក្នុងប្រទេសនៅពេលខាងមុខ បន្ទាប់ពីលោកបានរៀបចំឱ្យកូនៗរបស់លោកមានតួនាទីធំៗ និងមានកន្លែងអង្គុយខ្ពស់ៗស្ទើរតែគ្រប់គ្នារួចហើយនោះ។
ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើ ដោយប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច។ ច្បាប់ថ្មីនេះតម្រូវឲ្យពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំចូលបម្រើកាតព្វកិច្ចយោធាក្នុងបុព្វហេតុការពារប្រទេស។ ច្បាប់នេះ មាន៨ជំពូក និង២០មាត្រា មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។
ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ថ្មីដែលធ្វើឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ អាចនឹងបង្កភាពស្មុគស្មាញនៅពេលអនុវត្តទៅលើយុវជន ដោយបារម្ភពីការអនុវត្តគ្មានតម្លាភាព មិនស្មើភាព និងបង្កប់ដោយអំពើពុករលួយ។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធារបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងគ្មានតម្លាភាពនោះទេ រវាងកូនអ្នកមានលុយមានអំណាច ប្រសិនបើគ្មានការរៀបចំប្រព័ន្ធគ្រប់គ្រង និងការហ្វឹកហ្វឺន ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ៕









