

អាមេរិកសម្ដែងការខកចិត្តចំពោះការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងបន្តទាមទារឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ថូម៉ាស ថូមី ភីហ្គត (Thomas Tommy Pigott) និយាយក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ឧសភា ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះការសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសលោក កឹម សុខា។ លើសពីនេះ លោកអះអាងថា ការចោទសហរដ្ឋអាមេរិកចូលរួមក្នុងគម្រោងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងមិនពិតទេ ហើយអាមេរិកចាត់ទុកការចោទប្រកាន់នេះថា ជាការមិនទទួលទទួលខុសត្រូវសោះឡើយ។
អ្នកនាំពាក្យរូបនេះលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា ធានាឱ្យប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់បានដោយសេរី។ លើសពីនេះសហរដ្ឋអាមេរិកបន្តអំពាវនាវឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។
លោក កឹម សុខា ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៣០ មេសា សម្រេចហាមមិនឱ្យចាកចេញទៅក្រៅប្រទេស ៥ឆ្នាំ បន្ថែមទៀត និងតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ជុំវិញការផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។
ការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញគឺធ្វើឡើងតាមការចង់បានរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបញ្ជាឱ្យចុះចាប់ខ្លួនលោក កឹម សុខា ទាំងកំពុងមានអភ័យឯកសិទ្ធិសភា ទាំងកណ្ដាលយប់ នៅផ្ទះរបស់លោកកាលពីឆ្នាំ២០១៧។ ការចាប់ខ្លួន និងចោទប្រកាន់នេះ លោក ហ៊ុន សែន បានចោទសហរដ្ឋអាមេរិកចំៗថា ជាអ្នកនៅក្រោយខ្នងលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកតែងតែច្រានចោលការចោទប្រកាន់នេះ ហើយក្រោយមកតុលាការ និងមន្ត្រីបក្សកាន់អំណាចប្រើត្រឹមពាក្យថា សន្ទិដ្ឋិភាពជាមួយបរទេសដែលលែងប្រើចំឈ្មោះប្រទេសអាមេរិកទៀត។
ការណ៍នេះត្រូវបានគេមើលឃើញថា គណបក្សប្រជាជនកម្ពុជាធ្វើឡើងដើម្បីរំលាយគណបក្សប្រឆាំងដ៏មានឥទ្ធិពល មុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ហើយបានក្លាយជាសភាឯកបក្ស ដែលគ្មានសំឡេងជំទាស់ត្រួតពិនិត្យ រហូតបក្សកាន់អំណាចអាចជិះសេះលែងដៃបានដល់បច្ចុប្បន្ន។ ចំណែកអ្នកឃ្លាំមើលចាត់ទុកការដឹកនាំរបស់បក្សកាន់អំណាចថា បានធ្វើឱ្យជាតិកាន់តែចុះខ្សោយ រហូតដល់ប្រទេសថៃអាចឈ្លានពាន និងកាន់កាប់ទឹកដីខ្មែរនៅតាមបណ្ដោយព្រំដែនជាច្រើនកន្លែងបានស្រេចតែចិត្ត៕









