

រយៈពេល ២៧ ឆ្នាំបន្ទាប់ពីតារាភាពយន្ត និងអ្នករាំរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញ អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានបាញ់ប្រហារ សំណុំរឿងឃាតកម្មនេះនៅតែមិនទាន់ត្រូវបានដោះស្រាយ ខណៈគ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួន ឬផ្ដន្ទាទោសនៅឡើយ។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ការដែលឃាតកអាចរួចផុតពីការទទួលខុសត្រូវអស់រយៈពេលជាច្រើនទសវត្សរ៍ ឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា។ ពួកគេអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ទោះបីសំណុំរឿងឃាតកម្មនេះបានកន្លងទៅផុតទៅអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា សំណុំរឿងអ្នកស្រី ពិសិដ្ឋ ពិលីកា បើពិនិត្យអំពីដំណើរការនីតិវិធីច្បាប់ មន្ត្រីអនុវត្តច្បាប់ទាំងឡាយ ហាក់ដូចជាបំភ្លេចចោល និងកប់ទុកចោលបាត់ទៅហើយ។ លោក ក៏មិនដឹងថា ត្រូវរំពឹងទៅលើការស្វែងរកយុត្តិធម៌តាមរបៀបណានោះដែរ ពីព្រោះវាបានបង្ហាញអំពីភាពទន់ខ្សោយនៃការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា គឺតុលាការគ្មានសមត្ថភាព គ្រប់គ្រាន់ក្នុងការស្វែងរកយុត្តិធម៌ ទៅលើអ្នកទាំងឡាយណាដែលត្រូវបានសម្លាប់ក្រៅច្បាប់នោះទេ។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា លុះត្រាតែមានកំណែទម្រង់ ទៅលើប្រព័ន្ធអនុវត្តច្បាប់ ឱ្យច្បាស់លាស់ ម៉ឺងម៉ាត់ គឺត្រូវពិនិត្យមើល សមត្ថភាពអ្នកអនុវត្តច្បាប់ដែលគ្មានសមត្ថភាព ដែលមានតួនាទីដោយការសូកប៉ាន់ គឺត្រូវដកមន្ត្រីទាំងអស់នោះចេញ ហើយជ្រើសរើសអ្នកអនុវត្តច្បាប់ ដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងត្រូវផ្ដល់សិទ្ធិអំណាចឱ្យពួកគេ អនុវត្តច្បាប់ដោយពុំមានការភ័យខ្លាច នោះទើបអាចរកយុត្តិធម៌ទៅដល់ជនទាំងឡាយដែលត្រូវបានរងគ្រោះដោយការបាញ់សម្លាប់ក្រៅច្បាប់បាន។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង យើងនិយាយអំពីការរំពឹងទៅលើរដ្ឋាភិបាលបច្ចុប្បន្ន គឺយើងមើល ឃើញទាំងអស់គ្នាហើយ គឺ អឺបញ្ហាត្រង់ទៅលើការអនុវត្តច្បាប់ ពីព្រោះថាបើករណីពាក់ព័ន្ធសំណុំរឿងធំៗ ហើយរឿងនេះត្រូវជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ទៅលើមេដឹកនាំទៅទៀត គ្រួសារមេដឹកនាំប្រទេសទៅទៀត អ៊ីចឹង វាកាន់តែរឹតតែឆ្ងាយទៅហើយ ដោយសារគ្មានមន្ត្រីណាហ៊ានបើកការស៊ើបអង្កេតទេ បើមន្ត្រីណាហ៊ានបើកការស៊ើបអង្កេត ត្រូវត្រៀម ចិត្តប្រឈមទៅនឹងការដកតំណែង ហើយការរងការបំផ្លិចបំផ្លាញ អឺគាបសង្កត់ផ្សេងៗទៅទៀត អាចថា នឹងត្រូវរងទុក្ខ ដោយសារតែការអនុវត្តច្បាប់របស់ខ្លួនឯងហ្នឹងឯង»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះបន្ថែមទៀតថា មន្ត្រីអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធទៅនឹងសំណុំរឿងធំៗ គឺមន្ត្រីតែងតែមិនអើពើ ឬក៏មិនហ៊ានធ្វើ ពីព្រោះខ្លាច ប៉ះពាល់ទៅដល់ខ្លួនឯង និងគ្រួសារខ្លួនឯង។ ដូច្នេះលោកថា កុំរំពឹងថា រដ្ឋាភិបាលឬក៏ប្រព័ន្ធនៃការដឹកនាំនៅក្នុងសង្គមបច្ចុប្បន្ន អាចស្វែងរកយុត្តិធម៌បានទៅលើអ្នកទាំងឡាយដែលត្រូវបានឃាតករបាញ់សម្លាប់។
អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩ នៅក្បែរផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ។ អ្នកស្រីត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបានទទួលមរណភាពនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ ក្នុងវ័យ ៣៤ ឆ្នាំ ដោយសាររបួសធ្ងន់ធ្ងរ។
ការស្លាប់របស់អ្នកស្រីបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសង្គមកម្ពុជា និងត្រូវបានចាត់ទុកថាជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យសិល្បៈ។ ក្រៅពីជាតារាភាពយន្ត អ្នកស្រីក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអ្នករាំរបាំព្រះរាជទ្រព្យផងដែរ។
ទោះជាយ៉ាងណា រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរមិនទាន់បានបង្ហាញលទ្ធផលស៊ើបអង្កេតដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ ឬការផ្តន្ទាទោសជនដៃដល់ក្នុងសំណុំរឿងនេះនៅឡើយ។
ជុំវិញមូលហេតុនៃឃាតកម្មនេះ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់អះអាងកន្លងមកថា ករណីនេះពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ ហើយបានចោទប្រកាន់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថាមានជាប់ពាក់ព័ន្ធ ដោយផ្អែកលើឯកសារដែលលោកអះអាងថា ទទួលបានពីក្រុមគ្រួសារជនរងគ្រោះ។
រដ្ឋាភិបាលកម្ពុជា និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបដិសេធការចោទប្រកាន់ទាំងនេះជាបន្តបន្ទាប់ ដោយចាត់ទុកថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការកេងចំណេញផ្នែកនយោបាយ។
អ្នកឃ្លាំមើលសង្គមមួយចំនួនបានលើកឡើងថា ការដែលឃាតកអាចរួចផុតពីការទទួលខុសត្រូវអស់រយៈពេលជាច្រើនទសវត្សរ៍ ឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា។ ពួកគេអះអាងថា ករណីនេះបានប៉ះពាល់ដល់ទំនុកចិត្តសាធារណៈលើស្ថាប័នយុត្តិធម៌ និងបង្ហាញពីបញ្ហានិទ្ទណ្ឌភាពក្នុងសំណុំរឿងឃាតកម្មដែលមានការចាប់អារម្មណ៍ខ្ពស់។
អ្នកឃ្លាំមើលសង្គមទាំងនោះ ក៏បានប្រៀបធៀបសំណុំរឿងនេះទៅនឹងឃាតកម្មលើបុគ្គលល្បីៗមួយចំនួនទៀត រួមមានមេដឹកនាំសហជីព លោក ជា វិជ្ជា អ្នកការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលពួកគេអះអាងថា នៅតែពិបាកក្នុងការស្វែងរកយុត្តិធម៌។
ក្រោយរយៈពេល ២៧ ឆ្នាំ សំណុំរឿងឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពិលីកា នៅតែស្ថិតក្នុងចំណោមសំណុំរឿងដ៏ល្បីមួយដែលមិនទាន់ត្រូវបានបិទបញ្ចប់នៅកម្ពុជា ខណៈក្រុមសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលសង្គម បន្តអំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយឯករាជ្យ និងតម្លាភាព ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ៕









