

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងក្រុមសកម្មជនសង្គមនៅតែស្នើដល់តុលាការ និងស្ថាប័នអាជ្ញាធរពាក់ព័ន្ធដោះលែងសកម្មជនមាតាធម្មជាតិ ៥នាក់ និងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យមានសេរីភាព។ ពួកគាត់យល់ថា ការបន្តឃុំខ្លួនសកម្មជនបរិស្ថាន និងសង្គមគឺជារូបភាពសម្លុតគំរាមកំហែងដល់ពលរដ្ឋដទៃទៀតដែលហ៊ានឈឺឆ្អាលនិយាយរឿងបញ្ហាបរិស្ថាន និងសង្គម។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី០២ ខែធ្នូ នៅតែបន្តផ្សព្វផ្សាយរូបភាពសាច់ញាតិ អ្នកនយោបាយគណបក្សក្រៅរដ្ឋាភិបាល និងពលរដ្ឋមួយចំនួនលើកបដាតវ៉ាទាមទារឱ្យសាលាឧទ្ធរណ៍ដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥នាក់ ឱ្យមានសេរីភាព បន្ទាប់ពីតុលាការជាន់ខ្ពស់មួយនេះបដិសេធសំណើសុំនៅក្រៅឃុំរបស់ពួកគាត់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សេង សុវឌ្ឍនា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សកម្មភាពរបស់សកម្មជនបរិស្ថានទាំង ៥នាក់គឺជាស្មារតីក្នុងការការពារធម្មជាតិ និងរួមចំណែករាយការណ៍ពីការបំផ្លិចបំផ្លាញដល់សមត្ថកិច្ចដែលអាជ្ញាធរគួរយកចិត្តទុកដាក់ជាជាងចាប់ចងបំបិទសំឡេងពួកគេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ព្រួយបារម្ភចំពោះលំហសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូចចង្អៀតដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១ ខែធ្នូ បន្តតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងសកម្មជនមាតាធម្មជាតិទាំង ៥នាក់ទុកជាបានការដដែល។ សកម្មជនបរិស្ថានទាំង ៥នាក់ រួមមានលោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ដែលកំពុងជាប់ឃុំជាង ១ឆ្នាំ ៤ខែហើយ។ សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ពីបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» កាលពីខែកក្កដា ឆ្នាំ២០២៤ ដោយសារតែភាពសកម្មក្នុងការការពារបរិស្ថាន និងហ៊ាននិយាយលាតត្រដាងពីវិនាសកម្មធនធានធម្មជាតិនៅកម្ពុជា។
ក្រៅពីសំណុំរឿងសកម្មជនមាតាធម្មជាតិទាំង ៥នាក់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានបន្តស្នើឱ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធដោះលែងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យមានសេរីភាព។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា អ្នកការពារសិទ្ធិមនុស្ស លោក កើត សារ៉ាយ បានជាប់ពន្ធនាគារអស់រយៈពេលជាង ៦០០ថ្ងៃមកហើយ ខណៈសាលាឧទ្ធរណ៍ភ្នំពេញមិនទាន់កំណត់ពេលបើកសវនាការលើបណ្ដឹងឧទ្ធរណ៍ក្នុងសំណុំរឿងរបស់លោកពីបទ «ញុះញង់» នៅឡើយ។ សាលាដំបូងក្រុងភ្នំពេញបានផ្ដន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំពីបទញុះញង់ បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយអំពីការបណ្តេញពលរដ្ឋចេញដោយបង្ខំក្នុងជម្លោះដីធ្លីនៅស្រុកគូលែន ខេត្តព្រះវិហារ កាលពីដើមឆ្នាំ២០២៤។

ជុំវិញរឿងនេះ អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា លើកឡើងថា ការបន្តឃុំខ្លួនសកម្មជនការពារបរិស្ថានមាតាធម្មជាតិទាំង ៥នាក់ និងសកម្មជនការពារសិទ្ធិមនុស្សលោក កើត សារ៉ាយ រដ្ឋាភិបាលកម្ពុជានឹងមិនទទួលផលចំណេញអ្វីឡើយ ផ្ទុយទៅវិញគឺបានបង្កការឈឺចាប់ដល់សាច់ញាតិជនជាប់ឃុំ និងធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលលើរដ្ឋាភិបាល។
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន និងបានផ្ទេរអំណាចឱ្យកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត នៅតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិចំពោះការដឹកនាំបែបផ្ដាច់ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធតាមរយៈការប្រើប្រាស់គ្រប់វិធីក្ដៅបង្ក្រាបសំឡេងអ្នកនយោបាយប្រឆាំង សកម្មជនសង្គម បរិស្ថាន ពលរដ្ឋទូទៅដែលមានមតិផ្ទុយហ៊ានរិះគន់រដ្ឋាភិបាល ក្រោយមានការរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
អង្គការការពារសិទ្ធិមនុស្ស (LICADHO) លីកាដូរកឃើញថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សជិត ១០០នាក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ឃុំក្នុងពន្ធនាគារ ដោយសារតែពួកគាត់បានប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងរិះគន់ទៅលើរដ្ឋាភិបាល។ អង្គការលីកាដូបញ្ជាក់ថា មនុស្សដែលអាជ្ញាធរបានចាប់ខ្លួន រួមមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម៕









