

ក្រុមហ៊ុនទូទាត់សាច់ប្រាក់ «ហួយវ័ន ផេ» ដែលរងការចោទប្រកាន់ជាច្រើនឆ្នាំពាក់ព័ន្ធនឹងប្រតិបត្តិការលាងលុយកខ្វក់រាប់សិបពាន់លានដុល្លារ សម្រាប់ក្រុមសង្គមងងឹត និងក្រុមឆបោកអនឡាញ (Online) ពេលនេះបានប្ដូរឈ្មោះយីហោក្រុមហ៊ុននៅទីស្នាក់ការកណ្ដាលស្ថិតនៅផ្លូវនរោត្តមភ្នំពេញទៅជា «អេច ផេ» (H-Pay) វិញ។
ក្រុមហ៊ុនទូទាត់សាច់ប្រាក់ «ហួយវ័ន ផេ» (Huione Pay) របស់ក្មួយប្រុសប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានប្ដូរឈ្មោះក្រុមហ៊ុនដោយស្ងាត់ៗក្រោយរងទណ្ឌកម្មពីសហអាមេរិក និងសម្ពន្ធមិត្ត។ ទន្ទឹមគ្នានេះ អតិថិជនជាច្រើននាក់កំពុងប្រឈមនឹងការដកប្រាក់មិនបាន។
ការប្តូរឈ្មោះនេះបានកើតឡើងក្នុងអំឡុងពេលក្រុមហ៊ុនកំពុងរងការដាក់ទណ្ឌកម្មអន្តរជាតិ និងការប្រកាសផ្អាកអាជីវកម្មប្រតិបត្តិការសាច់ប្រាក់របស់ខ្លួន ខណៈអតិថិជនរាប់រយនាក់ដែលមានលុយក្នុងកម្មវិធីទូទាត់ «ហួយវ័ន ផេ» ក៏ត្រូវបានក្រុមហ៊ុនបង្កក់ ដកលុយមិនបាន។ ក្រុមហ៊ុន ហួយវ័ន ផេ បានប្រកាសនៅថ្ងៃទី១ ខែធ្នូ ចំពោះការផ្អាកសេវាកម្មបណ្ដោះអាសន្ន និងការិយាល័យសេវាកម្មទាំងអស់របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយក្រុមហ៊ុនពន្យល់ថា ប្រតិបត្តិការទីផ្សារខាងក្រៅធ្វើប្រតិបត្តិការពិបាក ទើបក្រុមហ៊ុនមិនអាចទូទាត់សាច់ដល់អតិថិជនទាន់ពេលវេលាបាន។

ក្រុមហ៊ុន ហួយវ័ន ផេ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ដែលមានក្មួយបង្កើតប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាសហប្រធាននៃក្រុមហ៊ុននេះ។ ក្រុមហ៊ុនទាំងនេះក៏បានបង្កើតកម្មវិធីទីផ្សារអនឡាញជាច្រើនទៀត ដើម្បីបង្វិលលុយទូទាត់តាមអនឡាញមានឈ្មោះដូចជា ហួយវ័ន ផេ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) ដែលក្រុមអ្នករកស៊ីឆបោកតាមអនឡាញ អាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានទាំងកម្ពុជា ដើម្បីលាងលុយកខ្វក់។
ក្រសួងរតនាគារអាមេរិកកាលពីខែតុលា កន្លងទៅបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុន ហួយវ័ន គ្រុប ដោយអាមេរិកបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ក្រសួងរតនាគារអាមេរិករកឃើញថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ និងបណ្ដាញក្រុមហ៊ុនជាបុត្រសម្ព័ន្ធបានជួយលាងលុយកខ្វក់ចំនួនយ៉ាងតិច ៤ពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជនក្រុមចោរបច្ចេកវិទ្យារបស់កូរ៉េខាងជើង (North Korea) និងក្រុមឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។
ទាក់ទងនឹងរឿងនេះ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣ ខែធ្នូ បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ជាថ្មីទៀតចំពោះការដកអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុន ហួយវ័ន ផេ និងបានបញ្ជាក់ពីការបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ជាស្ថាពរដោយយោងតាមសេចក្ដីសម្រេចរបស់ក្រសួងពាណិជ្ជកម្មកាលពីខែមិថុនា ឆ្នាំ២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា រាល់កាតព្វកិច្ចទូទាត់ដល់ម្ចាស់បំណុលដែលក្នុងនោះរួមមានអតិថិជនផងរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ត្រូវបានបំពេញរួចរាល់ស្របតាមច្បាប់។ សេចក្ដីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាដដែលសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ (Crypto) ដែលផ្ទុយពីខ្លឹមសារប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ អាចបង្កហានិភ័យដល់ប្រព័ន្ធធនាគារជាតិនៃកម្ពុជា និងសាធារណជន។ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានគ្រឹះស្ថានណាទទួលបានអាជ្ញាប័ណ្ណសេវាទូទាត់ទ្រព្យសកម្មគ្រីបតូនៅឡើយ និងបានព្រមានដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យគ្រីបតូ។

ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រុមហ៊ុន ហួយវ័ន ផេ គឺជាទីកន្លែងដ៏ងាយស្រួលសម្រាប់ធ្វើប្រតិបត្តិការលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជន។ លោកបន្ថែមថា ថ្វីត្បិតធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ ក៏គ្មានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេត និងមានចំណាត់ការលើអ្នកពាក់ព័ន្ធដែរ ព្រោះលោកថា ស្ថាប័នមានសមត្ថកិច្ចទាំងនោះកំពុងជួយការពារ និងស្ថិតនៅក្រោមឥទ្ធិពលក្រុមគ្រួសារត្រកូលហ៊ុនដែលកំពុងបើកក្រុមហ៊ុនប្រតិបត្តិការលាងលុយកខ្វក់។
លោក គឹម សុខ៖ «ការការពារក្រុមហ៊ុន ហួយវ័ន ផេ របស់ឧកញ៉ា ហ៊ុន តូ ក្ដីក្រុមហ៊ុនព្រីនស៍ (Prince) របស់ ចេន ហ្សី (Chen Zhi) ក្ដី ដោយក្រុមគ្រួសារហ៊ុន គឺជាឧទាហរណ៍ពីរដែលបញ្ជាក់ថា ប្រទេសកម្ពុជាដែលដឹកនាំដោយបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលមានក្រុមគ្រួសារ ហ៊ុន ជាឆ្អឹងខ្នងប្រតិបត្តិម៉ាហ្វីយ៉ា (Mafia) ឧក្រិដ្ឋកម្មឆ្លងដែនហ្នឹង។ ដូច្នេះគ្មានវិធីកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅប្រទេសកម្ពុជាបាននោះទេ ដរាបណាមិនប្ដូរអំណាចក្រុមគ្រួសារហ៊ុន»។
ទូរទស្សន៍អាស៊ីសេរីមិនទាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីឆ្លើយតបនឹងបញ្ហានេះបានទេនៅថ្ងៃទី៣ ខែធ្នូ។ ចំណែក បងជីដូនមួយលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ក៏ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។

ក្រុមហ៊ុន ហួយវ័ន ផេ ក្រៅពីបង្កើតកម្មវិធីទូទាត់សាច់ប្រាក់តាមអនឡាញ ក្រុមហ៊ុននេះក៏បានបង្កើតទីផ្សារតាមបណ្ដាញសង្គមតេឡេក្រាម (Telegram marketplace) ដែលត្រូវបានគេកំណត់ថា ជាកន្លែងដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការសាច់ប្រាក់ខុសច្បាប់ក្នុងទំហំរហូតដល់ ២៤ពាន់លានដុល្លារ។ របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ឱ្យដឹងថា ទីផ្សារនៅតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) របស់ក្រុមហ៊ុន ហួយវ័ន ផេ បានក្លាយជាសរសៃឈាមដ៏សំខាន់មួយនៃដំណើរការពាណិជ្ជកម្មខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់កំពុងប្រឈមការរីករាលដាលនៃការជួញដូរមនុស្ស និងការឆបោកតាមអនឡាញកាន់តែខ្លាំង៕









