មន្ត្រី​ក្រសួង​កសិកម្ម​ថា កម្ពុជា​មិន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សត្វ​ស្វា​ក្ដាម​ខុសច្បាប់​ពី​ប្រទេស​ថៃ​ទេ

0
88
សត្វស្វាក្តាម គឺជា​ប្រភេទសត្វព្រៃ​ដែលជិតផុតពូជមួយ​នៅលើ​ពិភពលោក ដែលត្រូវបាន​ការពារ​ដោយអនុសញ្ញា​ស្តីពី​ការហាមប្រាម​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែលប្រឈម​នឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES) និង​ដោយ​ច្បាប់​របស់​សហរដ្ឋអាមេរិក។ (រូប៖ ក្រសួងកសិកម្ម)
សត្វស្វាក្តាម គឺជា​ប្រភេទសត្វព្រៃ​ដែលជិតផុតពូជមួយ​នៅលើ​ពិភពលោក ដែលត្រូវបាន​ការពារ​ដោយអនុសញ្ញា​ស្តីពី​ការហាមប្រាម​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែលប្រឈម​នឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES) និង​ដោយ​ច្បាប់​របស់​សហរដ្ឋអាមេរិក។ (រូប៖ ក្រសួងកសិកម្ម)

ក្រសួង​កសិកម្ម​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា កម្ពុជា​បម្រុង​នាំចូល​សត្វ​ស្វា​ក្តាម​ពី​ប្រទេស​ថៃ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ជា​សំណេរ​តាម​បណ្ដាញ​តេឡេក្រាម កាលពី​ថ្ងៃទី​៣ ខែធ្នូ ថា កម្ពុជា​ពុំ​មាន​តម្រូវការ​នាំចូល​ស្វា​ក្តាម​ព្រៃ​ពី​ប្រទេស​ដទៃ ឬ​ចាប់​ស្វា​ក្តាម​ពី​ព្រៃ​មក​ជួញដូរ​ឡើយ ព្រោះ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្របច្បាប់​ជាច្រើន ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់ និង​បម្រើ​ឱ្យ​ការ​នាំចេញ។

លោក ឃឹម ហ្វីណង់ បញ្ជាក់​ថា រាល់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​ក្តាម​ទាំងអស់​នៅ​កម្ពុជា សុទ្ធតែ​មានការ​ចុះបញ្ជី​ទទួលស្គាល់​ច្បាស់លាស់ និង​មានការ​អនុញ្ញាត​នាំ​ចេញពី​អាជ្ញាធរ​គ្រប់គ្រង​សាយតេស (CITES) កម្ពុជា និង​តម្រូវ​ឱ្យ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​អនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់។ រូប៖ ហ្វេសប៊ុកលោក ឃឹម ហ្វីណង់

ការ​ចេញ​មក​អះអាង​របស់​មន្ត្រី​ក្រសួង​កសិកម្ម រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​ផ្នែក​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​ជនជាតិ​ខ្មែរ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា នៅ​ខេត្ត​ប្រាជីនបុរី (Prachin Buri) ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វព្រៃ​អន្តរជាតិ​ខុសច្បាប់ ដោយ​រឹបអូស​បាន​សត្វ​ស្វា​ក្ដាម ៦៣​ក្បាល ដែល​កំពុង​រៀបចំ​នាំចេញ​ទៅ​កម្ពុជា។ អាជ្ញាធរ​ថៃ អះអាង​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សត្វ​ស្វា​ក្ដាម​ទាំងនេះ ត្រូវ​បាន​ដឹកជញ្ជូន​ពី​ខេត្ត​ភាគ​ខាងជើង​ប្រទេស​ថៃ និង​បម្រុង​នាំ​ឆ្លងដែន​មក​ប្រទេស​កម្ពុជា ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​កាន់កាប់​សត្វព្រៃ​ការពារ​នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម របស់​កម្ពុជា លើក​ឡើង​ថា កម្ពុជា​ប្រកាន់​ជំហរ​ប្រឆាំង​រាល់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​សម្រាប់​ករណី​នៅ​ប្រទេស​ថៃ​នេះ បើ​មានការ​នាំចូល​ដោយ​ខុសច្បាប់​មក​កម្ពុជា អាជ្ញាធរ​កម្ពុជា​នឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​បង្ក្រាប​រាល់​បទល្មើស​ជួញដូរ​សត្វព្រៃ​ឆ្លងដែន​គ្រប់​រូបភាព។

យ៉ាងណា​ក៏ដោយ​ចុះ របាយការណ៍​ស៊ើបអង្កេត​របស់​សារព័ត៌មាន ម៉ុងហ្គាបេ (Mongabay) ដែល​ចុះផ្សាយ​កាលពី​ខែ​មេសា ឆ្នាំ​២០២៥ បាន​បង្ហាញថា សត្វ​ស្វា​ក្ដាម ឬ​ស្វា​កន្ទុយ​វែង​ជាច្រើន​ក្បាល ដែល​នាំចូល​ទៅកាន់​សហរដ្ឋអាមេរិក​(USA) ពី​តំបន់​អាស៊ីអាគ្នេយ៍ អាច​ត្រូវ​បាន​ប្រមាញ់​ពី​ព្រៃ និង​លក់​ទៅ​ឱ្យ​ស្ថាប័ន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​។ ក្នុង​នោះ ការនាំចេញ​សត្វ​ស្វា​របស់​កម្ពុជា ត្រូវ​បាន​អង្គការ សាយតេស (CITES) ព្រមាន បន្ទាប់ពី​រក​ឃើញ​ថា កម្ពុជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការនាំចេញ​សត្វ​ស្វា​ក្ដាម​ដោយ​ខុសច្បាប់ ដោយ​ប្រមូល​ទិញ​សត្វ​ស្វា​ពី​ក្នុង​ព្រៃ រាប់​ម៉ឺន​ក្បាល​សម្រាប់​នាំចេញ ដើម្បី​ជំនួស​សត្វ​ស្វា​បង្កាត់​ពូជ​នៅក្នុង​កសិដ្ឋាន ដែល​មាន​ចំនួន​តិច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ