

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) បង្ហាញក្តីព្រួយបារម្ភអំពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ព្រមទាំងអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនាដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េ លើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៨ ធ្នូ ថា វិវាទព្រំដែនរវាងកម្ពុជា និងថៃបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការភៀសខ្លួននៅសងខាងព្រំដែន។ លោកជំរុញឲ្យភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងជួយសម្រួលដល់ការជួយសង្គ្រោះមនុស្សធម៌។ បន្ថែមពីនេះ លោកអំពាវនាវឲ្យភាគីទាំងពីរប្រើប្រាស់គ្រប់យន្តការទាំងអស់សម្រាប់ការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងនៃជម្លោះតាមរយៈមធ្យោបាយសន្តិវិធី។ អង្គការសហប្រជាជាតិក៏ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ទន្ទឹមគ្នានេះ ប្រទេសបារាំង និងអូស្ត្រាលី ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។ ប្រទេសទាំងនេះអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង៕








