យុវជន មូន ពេជ្រ ដាក់​លិខិត​ជូន​ប្រធានាធិបតី​អាមេរិក​ដើម្បី​ឱ្យ​ដាក់​សម្ពាធ​លើ​ភាគី​ថៃ

0
224
យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ។ រូបពីហ្វេសប៊ុកលោក មូន ពេជ្រ
យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ។ រូបពីហ្វេសប៊ុកលោក មូន ពេជ្រ

យុវជន​ខ្មែរ​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក​លោក មូន ពេជ្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ទាំងអស់ សរសេរ​លិខិត ឬ​ញត្តិ​ទៅកាន់​សមាជិកសភា ព្រឹទ្ធសភា ដែល​ជា​តំណាង​របស់​ពួកគេ​នៅ​តាម​រដ្ឋ​នីមួយៗ​និង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ជំរុញ​ឱ្យ​ពួកគេ ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​។ ការ​អំពាវនាវ​នេះ​គឺ បន្ទាប់ពី​លោក មូន ពេជ្រ បាន​ដាក់​លិខិត ជូន​ប្រធានាធិបតី អាមេរិក​លោក ដូណាល់ ត្រាំ ជំរុញ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​អរិភាព ហើយ​វិល​ត្រឡប់​មក​គោរព​សេចក្តី​ប្រកាស​រួម​សន្តិភាព ដើម្បី​ការពារ​ស្ថិរភាព​ក្នុង​តំបន់ និង​ធានា​ថា សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ បាន​ជួយ​បង្កើត​មិន​បាត់បង់។

លោក មូន ពេជ្រ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា នៅក្នុង​គ្រា​ដ៏​លំបាក​នេះ សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ទាំងអស់ បន្ត​សរសេរ​លិខិត ឬ​ញត្តិ​ទៅកាន់​សមាជិកសភា ព្រឹទ្ធសភា ដែល​ជា​តំណាង​របស់​ពួកគេ ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​យកចិត្តទុកដាក់ ជួយ​ដោះស្រាយ​វិបត្តិ​ដែល​មាតុភូមិ​របស់​ពួកគេ​កំពុង​ប្រឈមមុខ និង​ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​។ លោក​ថា នេះ ជា​អ្វី​ដែល​អាច​ធ្វើ​បាន​សម្រាប់​មាតុភូមិ​កំណើត។ លោក​ថា ការ​លំបាក​របស់​បងប្អូន​ជនរួមជាតិ​នៅ​ឯ​មាតុភូមិ​កំណើត ក៏​ជា​ការ​លំបាក​របស់​ពួក​លោក​ដែរ ព្រោះ​ពួក​លោក​គឺជា​ខ្មែរ។

នៅក្នុង​លិខិត​ដាក់​ជូន​ប្រធានាធិបតី អាមេរិក​លោក ដូណាល់ ត្រាំ លោក មូន ពេជ្រ ស្នើ​លោក ដូណាល់ ត្រាំ ជំរុញ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​អរិភាព ហើយ​វិល​ត្រឡប់​មក​គោរព​សេចក្តី​ប្រកាស​សន្តិភាព ដើម្បី​ការពារ​ស្ថិរភាព​ក្នុង​តំបន់ និង​ធានា​ថា សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ បាន​ជួយ​បង្កើត​មិន​បាត់បង់។ លោក​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តូច​មួយ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ពេញ​មួយ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ប្រជាជន​កម្ពុជា​ចង់បាន​សន្តិភាព មិនមែន​ជម្លោះ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​អន្តរាគមន៍​ជា​រឿង​មួយ​ល្អ ទោះបីជា​បាន​លទ្ធផល​តិច​ក៏ដោយ តែ​យ៉ាងណា លោក​ថា​ដរាបណា​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន គឺ​ពិបាក​នឹង​រក​យុត្តិធម៌​ឲ្យ​កម្ពុជា​ណាស់។

លោក គឹម សុខ៖ «យ៉ាងណា​ខ្ញុំ​គិតថា​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​ជាងគេ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទូរ​ទាំង​ពិភពលោក​គួរតែ​ប្រ​ម៉ែ​ប្រមូល​ផ្តុំគ្នា ស្នើ​ឲ្យ​រដ្ឋាភិបាល​របប​ក្រុងភ្នំពេញ​គ្រួសារ​ហ៊ុន សរសេរ​លិខិត​ទៅ​សហប្រធាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្នើ​ឲ្យ​មានការ​កោះ​ប្រជុំ​សន្និសីទ​ប៉ារីស​ឡើង​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា ហើយក៏​ប្តឹង​ករណី​ព្រំដែន​ទៅកាន់​តុលាការ​អន្តរជាតិ ធ្វើ​បែប​ហ្នឹង​ទើប​ជា​ការ​បើក​ច្រក​ឲ្យ​សហរដ្ឋអាមេរិក​រួម​ទាំង​សហគមន៍​អន្តរជាតិ ជា​រួម​អាច​ជួយ​កម្ពុជា​បាន​ទូលំទូលាយ​ជាង»។

ទាក់ទង​នឹង​ការ​វាយប្រហារ​ឈ្លានពាន​កម្ពុជា​ដោយ​យោធា​ថៃ​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន និង​ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខ សរសេរ​លើ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​៩ ធ្នូ ថា ក្រោយ​ការ​អត់ធ្មត់​លើស​២៤​ម៉ោង ហើយ​គឺ​ដើម្បី​គោរព​នូវ​បទ​ឈប់ និង​ត្រូវការ​ពេលវេលា​ដើម្បី​ជម្លៀស​ប្រជាជន​ចេញ​មក​តំបន់​មាន​សុវត្ថិភាព។ លោក​អះអាង​ថា បាន​បញ្ជា​កងកម្លាំង​វាយបក​គ្រប់​ទីតាំង​សមរភូមិ​ដែល​យោធា​ថៃ​ឈ្លានពាន​កម្ពុជា។ លោក​ថា កម្ពុជា​ត្រូវការ​សន្តិភាព តែ​កម្ពុជា​បង្ខំចិត្ត វាយ​តបត​ដើម្បី​ការពារ​ទឹកដី។

គិត​ត្រឹម​ថ្ងៃទី​៩ ធ្នូ នេះ ពលរដ្ឋ​សរុប​ចំនួន​ជាង ១៥០០​គ្រួសារ ឬ​ស្មើនឹង ៥៦០០​នាក់ ក្នុងស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​បាន​ភៀស​ខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។ ចំណែកឯ​ខេត្ត​ឧត្តរមានជ័យ​វិញ មាន​ពលរដ្ឋ​ភៀស​សឹក​ជិត ៣៥០០​គ្រួសារ ឬ​ស្មើនឹង ១១០៦០​នាក់ ខណៈ​ខេត្ត​បន្ទាយមានជ័យ មាន​ពលរដ្ឋ​ចំនួន ៤៥៦២​នាក់ បាន​ជម្លៀស​ទៅកាន់​តំបន់​មាន​សុវត្ថិភាព និង​តាម​ផ្ទះសំបែង​សាច់ញាតិ​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ