តុលាការ​លើក​ពេល​សវនាការ​សកម្មជន​សង្គម​លោក ធី ថន និង​សកម្មជន​នយោបាយ​ពីរ​នាក់​ទៀត

0
108
សកម្មជន​សង្គម កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន។ រូប​បណ្ដាញសង្គម

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​លើក​ពេល​សវនាការ សំណុំរឿង​សកម្មជន​សង្គម លោក ធី ថន និង​សកម្មជន​នយោបាយ​ពីរ​នាក់​ទៀត ទៅ​ពេល​ក្រោយ​។ សង្គម​ស៊ីវិល លើកឡើង​ថា ការ​លើក​ពេល​សវនាការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ទទួល​យុត្តិធម៌ របស់​ជនជាប់ចោទ​ទាំង​បី​នាក់ ។

សវនាការ​អង្គសេចក្ដី លើ​សកម្មជន​សង្គម លោក ធី ថន និង​សកម្មជន​នយោបាយ លោក មាន ចាន់ថុន និង​អ្នកស្រី ស៊ឹង គន្ធា ពី​បទ «​រួមគំនិត​ក្បត់​» នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល ដោយ​គ្មាន​កំណត់ ។ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រក​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​សាលាដំបូង រាជធានី ភ្នំពេញ​លោក អ៊ី រិន្ទ ជុំវិញ​មូលហេតុ​នៃ​ការ​លើក​ពេលនេះ បាន​ទេ ។

យ៉ាងណា នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ថា មូលហេតុ ដែល​តុលាការ​ភ្នំពេញ លើក​ពេលនេះ​សវនាការ​នេះ គឺ​ដោយសារតែ​អវត្តមាន​មេធាវី​សកម្មជន នយោបាយ​លោក មាន ចាន់ថុន និង អ្នកស្រី ស៊ឹង គន្ធា ។ លោក​បន្ថែម​ថា ការ ពន្យារពេល​សវនាការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រង់ចាំ​យុត្តិធម៌ របស់​សកម្មជន​ទាំង​បី​នាក់។

លោក អំ សំអាត៖ «យើង​ឃើញថា សិទ្ធិ​ដែល​ទទួល​បាន​យុត្តិធម៌​ចំពោះមុខ​ច្បាប់ ហើយ​ស្មើភាព គ្នា​ចំពោះមុខ​ច្បាប់ បើ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ជាតិ គេ​និយាយ​ថា សវនាការ​ហ្នឹង ធ្វើ​ឲ្យ​បាន​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​គេ​មិន ចង់​ឲ្យ​មាន ការ​ប៉ះពាល់​ទៅលើ​សិទ្ធិ​របស់​ពួកគាត់​។ កាលណា​ពន្យារ​ពេល​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​របស់​ពួកគាត់»។

សមាជិក​ជាន់ខ្ពស់ នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចំនួន​៤​នាក់ រួមមាន ប្រធាន​ស្ដីទី​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន អគ្គលេខាធិការ សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា និង​យុវជន ២​រូប​ទៀត គឺ​កញ្ញា នឿន ស្រីណែត និង​កញ្ញា កាត់ ស៊ីណាត ត្រូវ​បាន​សមត្ថកិច្ច ក្រុង​ភ្នំពេញ ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​រួមគំនិត​ក្បត់​» យោង​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។ រីឯ ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត បញ្ញវន្ត​ខ្មែរ​ក្នុង សង្កត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ ក៏​ត្រូវ​បាន​បិទ។

លោក ធី ថន និង​កញ្ញា រៀម ស្រីពេជ្ររតនា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​បញ្ចេញ​មតិ ឬ​គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា វៀតណាម និង​ឡាវ (CLV-DTA) ដែល​ជា​កិច្ចព្រមព្រៀង សហប្រតិបត្តិការ ក្នុង​តំបន់ ហើយ​ដែល​កម្ពុជា​បាន​សម្រេច​ដកខ្លួន​ចេញ​ក្រោយ​ការ​តវ៉ា​

ប៉ុន្តែ កញ្ញា រៀម ស្រីពេជ្ររតនា និង​សកម្មជន​មួយ​ចំនួន​ទៀត ដូចជា កញ្ញា នឿន ស្រីណែត និង​កញ្ញា កាត់ ស៊ីណាត ជាដើម បាន​សុំទោស​រដ្ឋាភិបាល ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ ។ រីឯ លោក ធី ថន ដែល​មិន​ព្រម​សុំទោស​រដ្ឋាភិបាល ត្រូវ​បន្ត​ជាប់ឃុំ ហើយ​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា ប្រសិនបើ​ត្រូវ​តុលាការ​ផ្ដន្ទាទោស សកម្មជន​ធី ថន នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ រយៈពេល​រហូតដល់​១០​ឆ្នាំ។

ឪពុក​សកម្មជន​សង្គម លោក ធី ថន គឺ​លោក មឿន ធី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែធ្នូ ថា លោក​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទៀត​ទេ ពីព្រោះ ពន្យារពេល​សវនាការ​តាមតែ​តុលាការ​ចង់ ដោយ​គ្មាន​គិត​ពី​ការឈឺចាប់ របស់​ជន រងគ្រោះ ។ លោក​ថា កូន​របស់​លោក គ្មាន​កំហុស​សោះ តែ​បែរជា​យក​ទៅ​ឃុំ​ចោល​យ៉ាង​អយុត្តិធម៌។

លោក មឿន ធី៖ «ដល់​វា​ខក​គ្រាន់តែ​សវនាការ​ឡើង ៦​ទៅ​៧ ដង​លើក​ហ្នឹង បើ​ទៅ​តុលាការ​កំពូល​៣​ដង​បាត់​ហើយ ចេះតែ​លើក​បន្ត​រហូត​ហ្នឹង។ វា​កប់យោបល់​ទោស កំហុស​ក៏​អត់​មាន ហើយ​ចេះតែ​នៅ​ឃុំ​បន្តៗ​រហូត​លើក​ទៅ​រហូត​។ ដូច​ខ្ញុំ​លែង​ជឿជាក់​តុលាការ មិនដឹង​ជឿជាក់​យ៉ាងម៉េច»។

ក្រៅពី​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន ប្រធាន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ក៏​កំពុងតែ​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ​រយៈពេល​៤ ឆ្នាំ​បន្ទាប់ពី​ការ​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ​២០២៤ ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ «​មិន​រាងចាល ក្នុង​បទមជ្ឈិម បន្ទាប់ ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​» យោង​តាម​មាត្រា ៤៩៤ ៤៩៥ និង​មាត្រា​៨៨ នៃ​ក្រម ព្រហ្មទណ្ឌ​។ អង្គការ​លីកាដូ ធ្លាប់​សរសេរ​ក្នុង​របាយការណ៍ របស់​ខ្លួន​ថា លោក ធី ថន និង​លោក កើត សារ៉ាយ គឺជា​អ្នក​ជាប់ឃុំ ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ដោយ ប្រើ​សិទ្ធិ​បញ្ចេញមតិ និង​ភាព​សកម្ម​និយម​នៅក្នុង​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ