

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា មេដឹកនាំកម្ពុជា-ថៃ បានយល់ព្រមលើបទឈប់បាញ់គ្រប់ទម្រង់ទាំងអស់ ដែលចូលជាធរមាននៅល្ងាចនេះម៉ោងនៅអាមេរិក ត្រូវនឹងពេលព្រឹកម៉ោងនៅកម្ពុជា បន្ទាប់ពីលោកបានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។
លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញ Truth Social ថា កម្ពុជា-ថៃនឹងវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាជាមួយលោក និងប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ហើយលោកក៏បញ្ជាក់ថា ទាហានថៃជាច្រើននាក់ដែលជាន់គ្រាប់មីនតាមព្រំដែន ជាឧបទ្ទវហេតុកើតឡើងដោយខ្លួនឯង ប៉ុន្តែប្រទេសថៃបានបើកការវាយប្រហារសាងសឹកយ៉ាងខ្លាំងក្លាលើប្រទេសកម្ពុជា។
លោក ត្រាំ បន្ថែមថា កម្ពុជា-ថៃ បានត្រៀមខ្លួនដើម្បីទទួលបានសន្តិភាព និងបន្តការជជែករឿងពន្ធគយជាមួយសហរដ្ឋអាមេរិក ហើយវាកិត្តិយសរបស់លោក ដើម្បីធ្វើការងារដោះស្រាយសង្គ្រាមរវាងកម្ពុជានិងថៃ។
ទោះបីជាមានការប្រកាសពីប្រធានាធិបតីសហរដ្ឋអាមេរិកបែបនេះក្ដី តាំងពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៣ ធ្នូ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន២គ្រឿងទម្លាក់គ្រាប់បែកចំនួន៧គ្រាប់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដូចជានៅតំបន់កាស៊ីណូចំនួន២គ្រាប់ និងទម្លាក់ដើម្បីកម្ទេសស្ពានជ័យជំនះ ឬស្ពានមេទឹកចំនួន៣គ្រាប់។
ចំណែកលោក ហ៊ុន ម៉ាសែត ស្នើកងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មាន ដូចជារូបភាពផ្កាយរណបដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន កាលពីថ្ងៃទី៧ ធ្នូ ដែលយោធាថៃប្រើជាលេសវាយប្រហារកម្ពុជារហូតមកដល់ពេលនេះ៕









