

អ្នកជំនាញផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ បានបញ្ចេញរបាយការណ៍ស្រាវជ្រាវថ្មីមួយដោយរកឃើញថា ការផ្សាយពាណិជ្ជកម្មការងារឆបោកជិត៥ពាន់ករណី នៅតែបន្តកើតមានក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលជិត១ឆ្នាំមកនេះ។
របាយការណ៍ដែលមានចំណងជើងថា «កាត់ស្មៅ តែមិនកាត់ឬស» ចុះផ្សាយថ្ងៃទី ១៧ កញ្ញា របស់លោក ង៉ែត ម៉ូសេ ឲ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦ លោកបានស្រាវជ្រាវរកឃើញ ឆានែល និងក្រុម Telegram សាធារណៈចំនួន ៣៧ ដែលផ្សព្វផ្សាយពាណិជ្ជកម្មការងារជ្រើសរើសបុគ្គលិកពាក់ព័ន្ធនឹងសកម្មភាពឆបោក ពីអ្នកជ្រើសរើសបុគ្គលិក(HR)។ ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។
របាយការណ៍បង្ហាញទៀតថា ឆានែល និងក្រុមតេឡេក្រាម ដែលផ្សព្វផ្សាយដោយអ្នកជ្រើសរើសទាំងនោះ មានតម្រូវការជ្រើសរើសបុគ្គលិកភាគច្រើនជាស្ត្រីវ័យក្មេង អាយុចន្លោះ ពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ សញ្ជាតិ ហ្វីលីពីន និងមីយ៉ាន់ម៉ា ប៉ុន្តែមិនមែនខ្មែរ។ ពួកគេអាចទទួលបានអត្ថប្រយោជន៍ដូចជា គ្រែគេង អាហារ វេនធ្វើការ ១២ ម៉ោង ការឈប់សម្រាក ២ ថ្ងៃក្នុងមួយខែ និងក្នុងករណីខ្លះ ក្រុមហ៊ុនរក្សាទុកលិខិតឆ្លងដែនរបស់ពួកគេផងដែរ។ ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ បានប្រើប្រាស់ភាសាចំនួន៣ ក្នុងការជ្រើសរើសបុគ្គលិក រួមមាន ភាសាខ្មែរ ចិន និងអង់គ្លេស។ តួនាទីការងារដែលត្រូវជ្រើសរើសរួមមាន រកអតិថិជន (Add Contact) តារាម៉ូដប្រើមុខពិត (Model real face) អ្នកដែលធ្វើអោយជនរងគ្រោះបង់លុយ (Killer)។
អ្នកជ្រើសរើសបុគ្គលិក (recruiter) ភាគច្រើន មានតម្រូវការខ្ពស់លើតួនាទី តារាម៉ូដប្រើមុខពិត (Model real face) ដែលសំដៅលើអ្នកទំនាក់ទំនងបោកប្រាស់ទៅអតិថិជនឬជនរងគ្រោះដោយបង្ហាញមុខមាត់ពិត ហើយពួកគេអាចទទួលបានប្រាក់ខែចន្លោះពី ៤ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ ឬអាចឡើងដល់ ៧ពាន់ដុល្លារ សម្រាប់ស្ត្រីដែលមានទម្រង់មុខដូចប្រជាជននៅប្រទេសលោកខាងលិច (Western faces) និងបន្ទប់ស្នាក់នៅផ្ទាល់ខ្លួនមួយផងដែរ។
របាយការណ៍របស់លោក ង៉ែត ម៉ូសេ បង្ហាញទៀតដា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋាភិបាលបានប្រាប់អ្នកទូតបរទេសថា «បច្ចុប្បន្ននេះ មិនមានមជ្ឈមណ្ឌលស្កេមអនឡាញនៅសេសសល់ក្នុងប្រទេសទៀតទេ»។ ប៉ុន្តែ អ្វីដែលលោក បានរកឃើញ គឺការផ្សាយពាណិជ្ជកម្មការងារនៅ Telegram បានបង្ហាញថា ករណីបោកប្រាស់ទាំងនេះ មិនទាន់អស់ពីកម្ពុជានោះទេ។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងសង្គមជាតិទាំងមូលផងដែរ។ លោកបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា បញ្ហាអនឡាញស្កេម (Online Scams) បានឈានដល់ «បន្ទាត់ក្រហម» ហើយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែបង្ក្រាប និងកម្ទេចចោលជាដាច់ខាត ដោយគ្មានការលើកលែង។
ទោះបីជាមជ្ឈមណ្ឌលស្កេមទាំងនោះត្រូវបិទទ្វារជាបន្តបន្ទាប់ ចាប់តាំងពីមានការចុះបង្ក្រាប តាំងពីខែមេសា ឆ្នាំ២០២៦ ក្តី ក៏ការផ្សាយពាណិជ្ជកម្មទាំងនោះនៅតែបន្តកើតមានរហូតដល់បច្ចុប្បន្ន។
ដោយឡែក កាលពីពេលថ្មីៗនេះ ជាអ្នកស្រាវជ្រាវ និងវិភាគឯករាជ្យ លោក ជេកុប ស៊ីមស៍ (Jacob Sims) ក៏បានចេញរបាយការណ៍ស្រាវជ្រាវថ្មីមួយដែរពាក់ព័ន្ធនឹងបញ្ហាឆបោកតាមអនឡាញនិងការជួញដូរមនុស្ស។ របាយការណ៍ដែលមានចំណងជើងថា «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» បង្ហាញថា ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា មិនមែនជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនបរទេសតែឯងនោះទេ ប៉ុន្តែជាបណ្ដាញដ៏ស្មុគស្មាញដែលមានទំនាក់ទំនងជាមួយម្ចាស់ដី កាស៊ីណូ ក្រុមហ៊ុនហិរញ្ញវត្ថុ មន្ត្រីមានអំណាច និងឥស្សរជនជិតស្និទ្ធនឹងគ្រួសារកាន់អំណាច។
នៅថ្ងៃចេញផ្សាយរបាយការណ៍នេះដែរ ប្រធានគណៈកម្មាធិការសភាអាមេរិកពីររូប ក៏បានស្នើជាផ្លូវការឱ្យរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតបុគ្គល និងក្រុមហ៊ុនដែលត្រូវបានភ្ជាប់ទៅនឹងមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ ហើយដាក់ទណ្ឌកម្ម ប្រសិនបើរកឃើញថា ពួកគេបំពេញលក្ខខណ្ឌតាមច្បាប់អាមេរិក៕









