អ្នកវិភាគ​ជំរុញ​ឲ្យ​រដ្ឋាភិបាល បកស្រាយ​ជំហរ​របស់​ខ្លួន​ចំពោះ​កោះគុជ ក្នុង​ដំណើរការ UNCLOS

0
26
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ កញ្ញា ២០២៦។ រូប៖ ក្រសួងការបរទេស
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ កញ្ញា ២០២៦។ រូប៖ ក្រសួងការបរទេស

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឱ្យ​កាន់តែ​ច្បាស់​អំពី​ជំហរ​ផ្លូវការ​របស់​ខ្លួន​ចំពោះ​កោះ​គុជ និង​ការកំណត់​ព្រំដែន​សមុទ្រ ដើម្បី​កាត់បន្ថយ​ការ​យល់​ច្រឡំ​ក្នុងចំណោម​សាធារណជន​។ ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ផ្សះផ្សា​ក្រោម​ក្របខណ្ឌ UNCLOS បាន​បញ្ចប់​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា មិនបាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ​ចំពោះ​បញ្ហា​កោះ​គុជ​នោះ​ទេ ខណៈ​រដ្ឋមន្ត្រី​ការ​ប្រទេស​ថៃ បាន​ទាមទារ​យក​កោះ​គុជ​ផ្ដាច់មុខ​។​

អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ភាពខុសគ្នា​នៃ​ជំហរ​របស់​កម្ពុជា និង​ថៃ​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​នៃ​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ ឬ UNCLOS អាច​ក្លាយជា​បញ្ហា​ប្រឈម​សំខាន់​មួយ​នៅពេល​ដំណើរការ​ចូល​ដល់​ការពិភាក្សា​ផ្នែក​ច្បាប់ និង​បច្ចេកទេស​កាន់តែ​ស៊ីជម្រៅ​។ លោក យល់ថា ចំណុច​សំខាន់​បំផុត​សម្រាប់​ភាគី​ទាំងពីរ គឺ​ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាង​បញ្ហា​អធិបតេយ្យភាព​លើ​កោះ​គជ់​គុត និង ការកំណត់​ព្រំដែន​សមុទ្រ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ទីតាំង​ភូមិសាស្ត្រ​របស់​កោះ។

លោក សេង វណ្ណលី បន្ថែម​ថា ការ​បញ្ជាក់​របស់​ថៃ គួរ​ត្រូវ​បាន​យល់ថា​ជា ជំហរ​របស់​ភាគី​ថៃ មិនមែន​ជា​ការសម្រេច​របស់​គណៈកម្មការ​ផ្សះផ្សា​នោះ​ទេ​។ លោក​ថា ចំណុច​ដែល​ត្រូវ​យល់​ឱ្យ​ច្បា​ស់គឺ គណៈកម្មការ​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្រេច​ថា “ កោះ​គជ់ ជា​របស់​អ្នកណា​” នោះ​ឡើយ​។ ប៉ុន្តែ​ការ​មិន​សម្រេច​លើ​អធិបតេយ្យភាព​លើ​កោះ មិន​មានន័យថា ទីតាំង​របស់​កោះ​នោះ​មិន​ពាក់ព័ន្ធ​នឹង​ការកំណត់​ព្រំដែន​សមុទ្រ​ទាំងស្រុង​ឡើយ។

លោក សេង វណ្ណលី យល់​ថា នេះ​មានន័យ​ថា កិច្ចប្រជុំ​លើក​ទី​១ មិនទាន់​អាច​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​រក​ឃើញ​ដំណោះស្រាយ​លើ​វិវាទ​នោះ​ទេ​។ ផ្ទុយទៅវិញ វា​ជា​ការ​បើកផ្លូវ​ឱ្យ​ភាគី​ទាំងពីរ​ចូល​ទៅ​ក្នុង​ដំណាក់​កាលដែល​ត្រូវ​បង្ហាញ​ភស្តុតាង ផែនទី កូអរដោនេ ខ្សែ​មូលដ្ឋាន និង​ទឡ្ហីករណ៍​ផ្លូវច្បាប់ ដើម្បី​គាំទ្រ​ជំហរ​របស់​ខ្លួន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ អះអាង​ថា ប្រសិនបើ​ថៃ​ចាត់ទុក​រាល់​ការ​លើកឡើង​អំពី​ឥទ្ធិពល​របស់​កោះ​គុត​លើ​ព្រំដែន​សមុទ្រ ថា​ជា​បញ្ហា​អធិបតេយ្យភាព នោះ​អាច​បង្ក​ការ​ខ្វែងគំនិត​ជាមួយ​កម្ពុជា ដែល​ចង់​ឱ្យ​មាន​ការពិនិត្យ​បញ្ហា​ព្រំដែន​សមុទ្រ​ទាំងមូល​។ ដូច្នេះ ចំណុច​សំខាន់​បំផុត គឺ​ត្រូវ​បំបែក​រឿង​ពីរ​ឱ្យ​ដាច់​ពី​គ្នា​គឺ អធិបតេយ្យភាព​លើ​កោះ​គុត និង​ការកំណត់​ព្រំដែន​សមុទ្រ​ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​កោះ​គជ់។

លោក សេង វណ្ណលី៖ «ដូច្នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គួរតែ​ចេញ​មក​បកស្រាយ ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​ជំហរ​ផ្លូវការ​របស់​កម្ពុជា​ចំពោះ បញ្ហា​កោះ​គុត​។ ជាពិសេស ត្រូវ​បញ្ជាក់​ថា នៅ​ក្នុង​ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដី​អំពី​ច្បាប់​សមុទ្រ កម្ពុជា​បាន​លើក ឬក៏​រក្សា​ការ​អះអាង​អ្វីខ្លះ​ពាក់ព័ន្ធ​នឹង​កោះ​គុត និង​សិទ្ធិ​លើ​ធនធាន​សមុទ្រ​នៅ​តំបន់​ជុំវិញ​កោះ​នោះ​។ ការ​បកស្រាយ​ដោយ​ជំហរ និង​មាន​តម្លាភាព អឺ ក៏ដូចជា​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ គឺ​សំខាន់​ណាស់ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​មាន​មន្ទិលសង្ស័យ»។

នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​នៃ​គណៈកម្មការ​ផ្សះផ្សា​បាន​ធ្វើ​ឡើង​នៅ​សិង្ហបុរី​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ដោយមាន​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ី​ហា​ស័ក ភួងកេតកែវ ចូលរួម​បង្ហាញ​ជំហរ​របស់​ប្រទេស​រៀងៗ​ខ្លួន​។ ដំណើរការ​នេះ​ធ្វើឡើង​ក្រោម​មាត្រា ២៩៨ និង​ឧបសម្ព័ន្ធ​ទី​៥ នៃ UNCLOS​។​

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន លោក ស៊ី​ហា​ស័ក បាន​បញ្ជាក់​ថា វិសាលភាព​នៃ​ដំណើរការ​ផ្សះផ្សា​គឺ​ផ្តោត​លើ​ការកំណត់​ព្រំដែន​សមុទ្រ​នៅ​ឈូង​សមុទ្រ​ថៃ ហើយ​មិន​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​លើ​ដី​គោក រួម​ទាំង​កោះ​គជ់​ឡើយ​។ ថៃ​ក៏បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​តាម​សេចក្តី​ប្រកាស​ឆ្នាំ​១៩៧៣ និង​បដិសេធ​ខ្សែ​ទាមទារ​ខ្ពង់រាប​បាតសមុទ្រ​របស់​កម្ពុជា​ឆ្នាំ​១៩៧២។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ប្រាប់​អ្ន្​ក​សារព័ត៌មាន​បន្ទាប់ពី​លោក​វិលត្រឡប់​ពី​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ថា កម្ពុជា​ចង់​ឱ្យ​មាន​សន្ធិសញ្ញា​មួយ​សម្រាប់​កំណត់ ព្រំដែន​សមុទ្រ​តែមួយ និង​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ ស្របតាម​ច្បាប់​អន្តរជាតិ​។ ប្រសិនបើ​មិនអាច​ឈាន​ដល់​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​បាន កម្ពុជា​ក៏បាន​បង្ហាញ​ជម្រើស​សម្រាប់​ការ​អភិវឌ្ឍ​រួម និង​ការបែងចែក​ធនធាន​ដោយ​សមធម៌ ខណៈ​រង់ចាំ​ការកំណត់​ព្រំដែន​ចុងក្រោយ​។ កម្ពុជា​ក៏បាន​ស្នើ​ថា ប្រសិនបើ​មិនអាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ទាំង​ការកំណត់​ព្រំដែន និង​ការ​អភិវឌ្ឍ​រួម គណៈកម្មការ​អាច​រៀប​ចំ​របាយការណ៍ និង​អនុសាសន៍​សម្រាប់​ប្រើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចរចា​នា​ពេល​ក្រោយ​។​ទោះជា​យ៉ាងណា លោក មិនបាន​ប្រាប់​សាធារណជន​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាមទារ​កោះ​គជ់​ឡើយ។

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ី​ហា​ស័ក ភួង​កេ​ត​កែវ បាន​ថ្លែងប្រាប់​សារព័ត៌មាន khaosodenglish នៅថ្ងៃ​នេះ​ថា ថៃ​នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កំណត់ព្រំដែន​សមុទ្រ​របស់​ខ្លួន​ជាមួយ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់ មុន​ពេល​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ធនធាន​រួម ឬ​ការបែងចែក​ផលប្រយោជន៍​ពី​ធនធាន​ទាំងនោះ​។ លោក ថា សម្រាប់​ប្រទេស​ថៃ ដំណោះស្រាយ​ប្រកបដោយ​ចីរភាព មានន័យថា ត្រូវ​កំណត់ព្រំដែន​សមុទ្រ​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ឲ្យ​ដឹង​ថា តាម​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​១​នេះ កម្ពុជា​អាច​បាត់បង់​អធិបតេយ្យ​លើ កោះ​គជ់ ហើយ​និង​ដែនសមុទ្រ ៤.០០០​គីឡូម៉ែត្រ​ការ៉េ ដែល​លោក ហ៊ុន សែន និង​លោក សុខ អាន កាត់​ឱ្យ​ថៃ សម័យ​លោក ថាក់ស៊ីន ដែល​បាន​និយាយ​គ្នា​បាន​ត្រឹមតែ​ជា​ការ​ចែក​ផលប្រយោជន៍ លើ​ដែនសមុទ្រ​ត្រួតស៊ីគ្នា ២៦.០០០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។

លោក គឹម សុខ៖ «​ច្បាស់​ណាស់​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គ្រាន់តែ​ស្រេកឃ្លាន​ចូល​តុ​ចរចា ចង់​បូម​យក​ប្រេង​ក្នុង​ដែនសមុទ្រ​ត្រួតស៊ីគ្នា ទៅ​ចែក​ផលប្រយោជន៍​ជាមួយ​ថៃ​ប៉ុណ្ណោះ ដែល​អាច​មាន​ខ្លឹមសារ​អន់​ជាង​អនុសារណៈ​យោគយល់​គ្នា MOU ឆ្នាំ​២០០១ ផង​។ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ខ្លាច​ការ​គំរាមកំហែង ឬក៏​សម្ពាធ​របស់​ថៃ​រហូត ជាពិសេស​នៅ​ពេល​ដែល​ថៃ​គំរាម​ធ្វើ​សង្គ្រាម​លើ​ដែន​គោក»។

លោក គឹម សុខ យល់ឃើញ​ថា កម្ពុជា​របស់​កំពុងតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បាត់​បង់​ផលប្រយោជន៍​ច្រើន​លើ​ដែនសមុទ្រ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត តាមរយៈ​លោក ប្រាក់ សុខុន មិនបាន​ថ្លែង ឬក៏​និយាយ​ទាមទារ​ឱ្យ​ច្បាស់ សូម្បីតែ​បញ្ចេញ​ឈ្មោះ ​កោះ​គជ់។

កម្ពុជា​បាន​ដាក់​ជម្រើស​អភិវឌ្ឍ​រួម និង​ការបែងចែក​ធនធាន​ដោយ​សមធម៌ ខណៈ​ថៃ​បាន​សង្កត់ធ្ងន់​ថា ការកំណត់​ព្រំដែន​សមុទ្រ​គួរ​ត្រូវ​បាន​ដោះស្រាយ​ជាមុន មុន​ពេល​ពិភាក្សា​អំពី​ការ​ចែករំលែក​ធនធាន។

កិច្ចប្រជុំ​លើក​ទី​១ បាន​បញ្ចប់​ដោយ​ភាគី​ទាំងពីរ​យល់ព្រម​លើ​លក្ខខណ្ឌ​នៃ​ការតែងតាំង និង​វិធាន​នៃ​នីតិវិធី​សម្រាប់​ដំណើរការ​ផ្សះផ្សា​។ កិច្ចប្រជុំ​បន្ត​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែតុលា ឆ្នាំ​២០២៦ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ