

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ខេត្តកោះកុងមកពីគណបក្សប្រជាជនកម្ពុជាម្នាក់ និងបក្ខពួកចំនួន ៣នាក់ពាក់ព័ន្ធនឹងរឿងស៊ីសំណូក និងរៀបចំដឹកនាំដំណើរមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ ក្នុងចំណោមបក្ខពួក ៣នាក់ ក៏មានជនជាតិចិនម្នាក់កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។
មេឃុំព្រែកខ្សាច់ ខេត្តកោះកុងមកពីគណបក្សប្រជាជនកម្ពុជាលោក រៀម រុំ និងបក្ខពួកចំនួន ៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ចំនួន ៣បទល្មើស ពាក់ព័ន្ធនឹងសំណុំរឿងឆបោកតាមអនឡាញ។
សេចក្ដីប្រកាសព័ត៌មានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែកញ្ញា ឱ្យដឹងថា មេឃុំព្រែកខ្សាច់ ខេត្តកោះកុងលោក រៀម រុំ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទ ស៊ីសំណូក សមគំនិតក្នុងការៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់។ ចំណែក បក្ខពួក ២នាក់ទៀតឈ្មោះ ជា វាសនា និងឈ្មោះ ជា សុទ្ធ ហៅម៉េង ក៏ត្រូវបានចោទប្រកាន់ចំនួន ៣ បទល្មើសដូចគ្នាក្នុងនាមជាអ្នកសមគំនិត។
ដោយឡែក បក្ខពួកមេឃុំព្រែកខ្សាច់លោក រៀម រុំ ម្នាក់ទៀតជាជនជាតិចិនឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) ត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។ ជនត្រូវចោទជនជាតិចិនរូបនេះរួមទាំងបក្ខពួកខ្លួនផ្សេងទៀតកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ជនត្រូវចោទ លោក រៀម រុំ និងបក្ខពួកត្រូវបានតំណាងអយ្យការចោទប្រកាន់ផ្អែកតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
តុលាការរាជធានីភ្នំពេញ មិនបានបង្ហាញជាសាធារណៈអំពីចំនួនទឹកប្រាក់ដែលមេឃុំព្រែកខ្សាច់ លោក រៀម រុំ ទទួលជាសំណូកពីក្រុមឆបោកតាមអនឡាញនោះឡើយ។
សមាជិកក្រុមប្រឹក្សាខេត្តកោះកុងមកពីគណបក្សឆន្ទៈខ្មែរ លោក ប៉ាល កែប សោកស្ដាយដែលមន្ត្រីអនុវត្តច្បាប់មួយចំនួននៅតែបន្ត ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើឆបោកតាមអនឡាញដែលពិភពលោកកំពុងព្យាយាមរួមគ្នាប្រឆាំង និងលុបបំបាត់។ លោកឱ្យដឹងទៀតថា ទោះបីអភិបាលខេត្តកោះកុងបានបញ្ជាឱ្យចាត់វិធានការតឹងរ៉ឹងក៏ដោយ ក៏ភូមិសាស្ត្រខេត្តកោះកុងនៅតែមានប្រតិបត្តិការឆបោកតាមអនឡាញ ហើយសមត្ថកិច្ចនៅតែបន្តបង្ក្រាបមិនចេះអស់។
លោក ប៉ាល កែប៖ «អ៊ីចឹង យើងរួមគ្នាទប់ស្កាត់ឈានទៅការបំបាត់ទាំងស្រុងនៃការ (Scam Online) ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ការងារបន្តបន្ទាប់ទៀតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងនាមខ្ញុំជាសមាជិកក្រុមប្រឹក្សាខេត្តមួយរូប ខ្ញុំនឹងសួរលម្អិតទៅកាន់អង្គភាពដែលពាក់ព័ន្ធដូចជាស្នងការនគរបាលខេត្តជាដើម ក៏ដូចជាគណបញ្ជាការឯកភាពរដ្ឋបាលខេត្តជាដើម ពាក់ព័ន្ធនឹងស្ថានភាពនៃការបង្ក្រាប (Scam Online) ក្នុងមូលដ្ឋានខេត្តកោះកុងនេះ»។
របាយការណ៍វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានចំណងជើងថា «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» បានលាតត្រដាងថា ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា មិនមែនជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនបរទេសតែម្នាក់ឯងនោះទេ។ ប៉ុន្តែវាជាប្រព័ន្ធដែលមានការចូលរួមពីដើមទុនបរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និងឥស្សរជនជិតស្និទ្ធនឹងគ្រួសាររដ្ឋអំណាច។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការកើនឡើងនៃអំពើឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា កើតចេញពីការឃុបឃិតគ្នារវាងមន្ត្រីមានអំណាច អ្នកមានទ្រព្យធន និងឧកញ៉ា ជាមួយនឹងក្រុមឧក្រិដ្ឋជន។ លោកបន្ថែមទៀតថា ប្រព័ន្ធតុលាការ និងស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ក៏មិនទាន់មានឯករាជ្យភាពចាត់វិធានការលើអ្នកមានអំណាចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនោះនៅឡើយ ដោយសារតែតុលាការនៅតែស្ថិតក្រោមឥទ្ធិពល និងការគ្រប់គ្រងរបស់មេដឹកនាំនយោបាយ។
លោក ស៊ឹង សែនករុណា៖ «បើសិនជាមានការចាត់វិធានការឱ្យតឹងរ៉ឹងច្បាស់លាស់ទៅលើអ្នកមានអំណាចដែលពាក់ព័ន្ធទាំងអស់នោះ ខ្ញុំគិតថា អ្នកខាងក្រោមនឹងមិនហ៊ានទេ ហើយឬក៏អាចថា អ្នកដែលមានតួនាទីនៅថ្នាក់ក្រោមនេះ ដោយសារតែមានការធានាពីអ្នកមានអំណាចទាំងអស់ហ្នឹងឯងថា កុំបារម្ភ កុំខ្លាច ដោយមានខ្លួនការពារនៅពីក្រោយអ៊ីចឹង ទើបពួកគាត់ហ្នឹងនៅតែបន្តហ៊ានការពារ ការឆបោកអនឡាញជាបន្តបន្ទាប់អ៊ីចឹងទៅ»។
ថ្វីត្បិតរដ្ឋាភិបាលនៃគ្រួសារត្រកូល ហ៊ុន បានចាត់វិធានការចាប់ខ្លួនមន្ត្រីពាក់ព័ន្ធមួយចំនួនក៏ដោយ ក៏មេខ្លោងសំខាន់ៗដែលអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ជាមេខ្លោងកាងឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាដូចជា សមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងលោក កុក អាន រួមទាំងក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាដើម នៅមិនទាន់ត្រូវបានអាជ្ញាធរកម្ពុជាបង្ហាញចំណាត់ការស៊ើបអង្កេតជាសាធារណៈនៅឡើយ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ កាលពីឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ធ្វើទារុណកម្ម និងបណ្ដាញក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ បន្ទាប់មកនៅខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិកបានបន្តដាក់ទណ្ឌកម្មលើលោក កុក អាន និងបណ្ដាញ រួមទាំងក្រុមហ៊ុនពាក់ព័ន្ធដោយចោទថា លោកបានគ្រប់គ្រងបរិវេណមជ្ឈមណ្ឌលឆបោកតាមអនឡាញជាច្រើនកន្លែងនៅកម្ពុជា៕









