អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ និង​តុលាការ ស៊ើបអង្កេត​លើ​ប្រភព​ទ្រព្យសម្បត្តិ​របស់​លោក ឡេង ណាវ៉ាត្រា

0
8
ពលរដ្ឋ​រងគ្រោះ​ពី​ការទិញ គម្រោង​ដី​ឡូ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​តវ៉ា បិទផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋ​រងគ្រោះ​ពី​ការទិញ គម្រោង​ដី​ឡូ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​តវ៉ា បិទផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នកឃ្លាំមើល លើកឡើង​ថា អាជ្ញាធរ​ជំនាញ និង​តុលាការ គួរតែ​បើក​ការស៊ើបអង្កេត​លើ​ប្រភព​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្រុមហ៊ុន ហ្គាឡាក់​ស៊ី ណាវ៉ាត្រា (Galaxy Navatra Group Co., Ltd) លោក ឡេង ណាវ៉ាត្រា ក្រោយពី​លោក​ប្រកាស​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​លោក និង​ព្រម​ទទួលទោស​តាមច្បាប់ ក្រោយពី​គម្រោង ៦ A របស់​លោក​បាន​បរាជ័យ ដោយ​ក្រុមហ៊ុន​មិនអាច​សាងសង់​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជន​ទៅតាម​កិច្ចសន្យា​ទិញ​-​លក់​។ ការ​លើកឡើង​បែបនេះ គឺ​បន្ទាប់ពី​ពួកគាត់​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ និង​តុលាការ ហាក់​មិន​ទាន់​បាន​ស៊ើបអង្កេត​ករណីនេះ​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ឡើយ ខណៈ​ជនរងគ្រោះ​រាប់ពាន់​ម៉ឺន​នាក់​កំពុង​រង់ចាំ​យុត្តិធម៌។

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រសិនបើ​ប្រទេស​កម្ពុជា មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​តាមរយៈ​គម្រោង​លក់​អចលនទ្រព្យ​នោះ មិន​អាច​មាន​សេរីភាព​បង្ហោះ​សារ​បកស្រាយ​លើ​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់​នោះ​ឡើយ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រឿង​របស់​ឧកញ្ញា ឡេង ណា​វ៉ា​ត់​ត្រា ហាក់​គួរឱ្យ​សង្ស័យ​ខ្លាំង​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់ ព្រោះ​លោក ឡេង ណាវ៉ាត្រា បាន​ប្រកាស​ថា ខ្លួន​អស់​លទ្ធភាព​បន្ត​គម្រោង​ផ្ទះ ដី​របស់​លោក​ហើយ ខណៈ​អតិថិជន​ជាច្រើន​នៅ​មិនទាន់​ទទួល​បាន​ផ្ទះ ឬ​ដី​នៅឡើយ​។​លោក​ថា ការប្រកាស «​ក្ស័យធន​» របស់​ឧកញ្ញា​រូប​នេះ មិនមែន​មានន័យថា អាច​រួចខ្លួន​ពី​ការទទួលខុសត្រូវ​ទេ ពោល ប្រសិនបើ​ក្រុមហ៊ុន​ពិតជា​មិនអាច​បង់​បំណុល ត្រូវ​មាន​នីតិវិធីតុលាការ ដោយ​ត្រូវ​បង្ហាញ​ទ្រព្យ បំណុល និង​ម្ចាស់បំណុល​ឱ្យ​ច្បាស់​។ រដ្ឋ​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជំរៅ មិនមែន​ទុក​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ប្រកាស​ដោយ​ខ្លួនឯង​ហើយ​បញ្ចប់រឿង​នោះ​ទេ។

លោក សេង វណ្ណលី អះអាង​ថា ចំណុច​ដែល​គួរតែ​ស៊ើប​ខ្លាំង​ជាង​គេ គឺ​ប្រភព​លុយ បើសិន​គម្រោង​បាន​ទទួល​ប្រាក់​រាប់​រយ​លាន​ដុល្លារ ត្រូវ​ស្រាវជ្រាវ​ពី​ប្រភព​លំហូរ​សាច់ប្រាក់ ចំណូល និង​ចំណាយ មកពី​ខាង​ណាខ្លះ ហើយនឹង​ទឹកប្រាក់​ដែល​នៅសល់​ថា នៅ​កន្លែង​ណាខ្លះ​។ លោក​ថា អាជ្ញាធរ និង​តុលាការ ត្រូវ​ពិនិត្យ​គណនី​ធនាគារ ការទិញ​លក់​ដី កម្ចី ការ​បង់ពន្ធ និង​ការផ្ទេរ​ទ្រព្យ​ជាដើម​។ រដ្ឋ​ត្រូវធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់ និង​បើក​ព័ត៌មាន​សំខាន់ៗ​ឱ្យ​ពលរដ្ឋ​ដឹង​។ បើ​រដ្ឋ​មិន​បង្ហាញ​ទិន្នន័យ​ទាំងនេះ ការ​សង្ស័យ​ថា មានការ​ការពារ ឬ​ការអនុវត្ត​ច្បាប់​មិន​ស្មើគ្នា នឹង​កើតមាន​កាន់តែ​ខ្លាំង​។​

លោក សេង វណ្ណលី៖ «​ដូច្នេះ​ខ្ញុំ​គិតថា​រដ្ឋាភិបាល​គួរ​បើក​ការស៊ើបអង្កេត​ដោយ​ចំហ និង​ឯករាជ្យ បើ​រក​ឃើញ​ភស្តុតាង​ថា មានការ​ឆបោក អឺ​លាក់បាំង​ទ្រព្យ គេចពន្ធ ឬក៏​លាងលុយកខ្វក់ អឺ​ត្រូវ​បញ្ជូន​ទៅ​តុលាការ និង​ផ្ដន្ទាទោស​តាមច្បាប់ អឺ​មិន​ថា បុគ្គល​នោះ​មានទ្រព្យ​ច្រើន មាន​គោរមងារ ជា​ឧកញ៉ា ឬក៏​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​អំណាច​ក៏ដោយ​។ អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​មិនមែន​ការ​បកស្រាយ​តាម Facebook ទេ ប៉ុន្តែ​គឺ​ការពិត អឺ​អ្នកទទួលខុសត្រូវ និង​ដំណោះស្រាយ​សម្រាប់​ជនរងគ្រោះ​បាទ»។

កាលពី​ថ្ងៃទី​៨ ខែកញ្ញា ម្ចាស់​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា (Galaxy Navatra Group Co., Ltd) លោក ឡេង ណាវ៉ាត្រា បាន​ប្រកាស​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​លោក និង​ព្រម​ទទួលទោស​តាមច្បាប់ ក្រោយពី​គម្រោង ៦ A របស់​លោក​បាន​បរាជ័យ និង​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​រាប់​លាន​ដុល្លារ​។ លោក ថែមទាំង​អះអាង​ថា លោក​ព្រម​ទទួលទោស​តាមច្បាប់ ទោះ​ប្រឈម​នឹង​ការ ដាក់ទោស​លោក​មួយ​ជីវិត​ក៏ដោយ​។ បន្ថែម​លើ​នេះ បងប្អូន​របស់​លោក ចំនួន ៤​នាក់​ទៀត ដែល​បាន​ឡើង​ឧកញ៉ា​ងាយៗ ដូចជា លោក ឡេង ប្រុស អ្នកស្រី ឡេង និមល អ្នកស្រី ឡេង បញ្ចា​ពណ៌ និង​លោក សុន តារ៉ាវុធ ក៏​ត្រូវ​ទទួលខុសត្រូវ ចំពោះ​បរាជ័យ នៃ​គម្រោង ៦​អា ដែរ​។ ទោះជា​យ៉ាងណា លោក ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន ម៉ា​ណែ​ត កុំ​ដាក់ទោស​ប្រពន្ធ​និង​កូនៗ​របស់​លោក ហើយ​ទុក​ឲ្យ​កូនៗ​របស់​លោក រៀន​បាន​ចប់​ចុង​ចប់​ដើម​។ ការប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​ផ្ទុះឡើង បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី គ្រោង​បង្កក​ទ្រព្យសម្បត្តិ​របស់​ឧកញ៉ា​រូប​នេះ​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។

ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហាក់​មិនបាន​បង្ហាញ​ចំណាត់ការ​ផ្លូវច្បាប់ និង​មិនបាន​បង្ហាញ​ព័ត៌មាន​ច្បាស់លាស់​អំពី​ចំនួន​ពលរដ្ឋ​រងគ្រោះ ព្រមទាំង​ប្រភព​ទ្រព្យសម្បត្តិ​របស់​លោក ឡេង ណាវ៉ាត្រា នៅឡើយ​។

ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ កាលពី​ថ្ងៃទី​១០ ខែកញ្ញា បាន​បញ្ចេញ ទិន្នន័យ ឱ្យឃើញ​ថា ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា ទើបតែ​បាន​ផ្ដល់​ឱ្យ​អតិថិជន ជិត ៦០០​ផ្ទះ​ប៉ុណ្ណោះ ហើយ​នៅ​ជំពាក់​អតិថិជន ជាង ៣៨ ០០០ គ្រួសារ​ទៀត​។​ប៉ុន្តែ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចេញ​មុខ​បដិសេធ​របាយការណ៍​របស់ ក្រសួង​រៀបចំ​ដែនដី​នេះ។

យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ លើកឡើង​ក្នុង​ពិធី​មួយ​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ថា លោក​មិន​ចង់​ឆ្លើយតប​វែងឆ្ងាយ​ជាមួយ​ក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទេ​។ លោក សាយ សំអាល់ បន្ត​ថា ចំណុច​សំខាន់ គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​អ្នកឧកញ៉ា​មាន​ប្រភព​ហិរញ្ញវត្ថុ គ្រប់គ្រាន់ សម្រាប់​បញ្ចប់​ការសាងសង់ ឬ​នៅ ព្រោះ​ការងារ​នេះ ត្រូវការ​ថវិកា​រហូត ដល់​រាប់​លាន​ដុល្លារ​។ ក្រសួង​ដែនដី ថែមទាំង​ចាត់ទុកថា សកម្មភាព​របស់​លោក ឡេង ណា​វ៉ា​ត្រា និង​ក្រុម​របស់​លោក​កន្លងមក កំពុង​បំពុលសង្គម និង​បំភ្លៃ​ការពិត​ជាដើម​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ឡេង ណាវ៉ាត្រា នៅតែ​មាន​សេរីភាព​ដដែល និង​ថែមទាំង​ប្រកាស​បន្ត​លក់​ដី​តាម​បណ្តាញ​សង្គម​ទៀត​ផង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា លោក​គ្មាន​ជំនឿ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​ចាត់វិធានការ​លើ​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នោះ​ទេ ដោយសារ​ឧកញ៉ា​រូប​នេះ ជា​អ្នក​លាង​លុយ និង​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ផ្ទាល់​។ លោក​ថា អាជ្ញាធរ អាច​ចាប់ខ្លួន​ឧកញ៉ា​រូប​នេះ​បាន នៅ​ពេលដែល​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​តែប៉ុណ្ណោះ​។ លោក​ថា តាម​របាយការណ៍​របស់​ក្រសួង​ដែល​បង្ហាញថា មាន​ពលរដ្ឋ​រងគ្រោះ ៣៨.០០០​គ្រួសារ ដែល​រងគ្រោះ នោះ​ឧកញ៉ា​រូប​នេះ បាន​បោកប្រាស់​លុយ​ពលរដ្ឋ​រាប់ពាន់​លាន​ដុល្លារ​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ចង​ចាត់វិធានការ​នោះ​ត្រូវ​បង្ហាញ​ពី​ទិន្នន័យ​ទឹកប្រាក់​ក្នុង​ធនាគារ​របស់​លោក​ថា បាន​ផ្ទេរ​ទៅ​កន្លែង​ណាខ្លះ ឲ្យ​អ្នក​ណា​ខ្លះ ហើយ​ស្រាវជ្រាវ​ចំណូល​របស់​លោក​តាំងពី​ដំបូង​មក​គឺ​ស្អាតស្អំ​ដែរឬទេ ហើយ​ត្រូវ​បង្ហាញ​ប្រកាស​ឲ្យ​ពលរដ្ឋ​បានដឹង​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត​ទាំង​ក្រុម​គ្រួសារ​របស់​លោក និង​អ្នក​ជិតដិត​នឹង​លោក​ជាដើម ថា មាន​ពាក់ព័ន្ធ​នឹង​ករណី​បោកប្រាស់​នេះ ដែរឬទេ​។​

លោក ម៉ែន ណាត អះអាង​ថា គ្មាន​នរណា​ម្នាក់​អាច​យក​ច្បាប់​មក​អនុវត្ត​លើ​បុគ្គល​បោកប្រាស់​ទាំងនេះ បាន​នោះ​ទេ ដោយសារ​បុគ្គល​ទាំងអស់​នោះ​ជា​អ្នករក​លុយ​ឲ្យ​មេដឹកនាំ​កំពូល​។ លោក​ថា ករណី​នៅ​លោក​សេរី ប្រសិន​មាន​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​បែបនេះ អាជ្ញាធរ នឹង​ចាប់​ឃុំខ្លួន​ជាមុន និង​បើក​ការស៊ើបអង្កេត​ជា​បន្តបន្ទាប់​ទៀត​នៅ​តាម​ក្រោយ ហើយ​ប្រសិនបើ​រក​ឃើញ​ថា ប្រព្រឹត្ត​កំហុស នោះ​នឹង​ត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ។

លោក ម៉ែន ណាត៖ «សម្រាប់​ស្ថានភាព​កម្ពុជា​សព្វថ្ងៃ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នេះ ខ្ញុំ​វា​អត់​ជឿ​… អត់​ជឿ​ថា រដ្ឋាភិបាល ហ៊ុន ម៉ា​ណែ​ត ហ្នឹង អាច​ស៊ើបអង្កេត​ត្រឹមត្រូវ សង​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​បានទេ​។ បើសិនជា ហ៊ុន ម៉ា​ណែ​ត ចេះ​សង​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ ប្រហែលជា ណ​ក៎​… ពួក​ដែល​ជំពាក់​អតិថិជន​ដូច​តាមរយៈ​ក្រុមហ៊ុន ឡេង ចាន់ណា តាមរយៈ​ក្រុមហ៊ុន CIC Partner អីចឹង​… ដូចជា​ក្រុមហ៊ុន CIC Partner មាន​អ្នកខ្លះ​ហ្នឹង​ដែល​ទៅ​បោក​គេ​ហើយ ចុងក្រោយ ចុះចូល​គណបក្សកាន់អំណាច តែងតាំង​ឱ្យ​ធ្វើ​ជា​មន្ត្រីជាន់ខ្ពស់ ឬក៏​ទីប្រឹក្សា​រដ្ឋាភិបាល​ថែមទៀត វា​អញ្ចឹង​ហាស៎​។ អញ្ចឹង អាច​បញ្ជាក់​បាន​ថា​រដ្ឋាភិបាល​ហ្នឹង​គឺ​លើក​បន្តុប លើកស្ទួយ​តែ​ពួក​មនុស្ស​ខិលខូច វា​អត់​លើកស្ទួយ​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទេ អញ្ចឹង​ហាស៎»។

ករណី​ស្រដៀង​គ្នា​នេះ​មួយ​នៅ​ឯ​ប្រទេស​ចិន ថ្មីៗ​នេះ តុលាការ​ចិន បាន​កាត់ទោស​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​ចិន ឈ្មោះ Evergrande Group របស់​លោក Hui Ka Yan ដែល​បាន​ដួល​រលំ​ឲ្យ​ជាប់​ពន្ធនាគារ អស់​មួយ​ជីវិត និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​ទាំង​អស់ ព្រមទាំង​ពិន័យ​ប្រាក់​បុគ្គល​រូ​វ​ប​នេះ រាប់ពាន់​លាន​ដុល្លារ ពី​បទ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ និង​អំពើពុករលួយ​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​លោក។ មិនតែប៉ុណ្ណោះ​កូនៗ​របស់​ម្ចាស់​ក្រុមហ៊ុន​ដ៍​ធំ​មួយ​នេះ​ក៍​ត្រូវ​ជាប់ពន្ធ​ធានា​គារ​ចន្លោះ​ពី​២២​ខែ ទៅ​១៨​ឆ្នាំ​ផង​ដែរ ពាក់ព័ន្ធ​រឿង​នេះ។

ពលរដ្ឋ និង​អ្នកវិភាគ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ដាក់ទោស ឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យ​បាន​ធ្ងន់ធ្ងរ ដូច​ករណី​នេះ​ដែរ ចំពោះ​ទង្វើ​បោកប្រាស់​របស់​លោក ដើម្បី​ជា​មេរៀន មិន​ឲ្យ​ឧកញ៉ា​រូបនេះ និង​ឧកញ៉ា​ដ​ទៃ​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​បាន​ទៀត។

ក្រោម​ការដឹកនាំ​របស់ ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន មាន​ក្រុមហ៊ុន ឆបោក​ជាច្រើន​ទៀត ដែល​តុលាការ និង​រដ្ឋាភិបាល មិនទាន់​ដោះស្រាយ​នៅឡើយ ហើយ​ទុក​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រងគ្រោះ យូរ​ឆ្នាំ ដូចជា ក្រុមហ៊ុន ពិភព​ដី​មាស របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុន​អតីត​ឧកញ៉ា ជា សារ៉ន និង ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី (CIC) របស់​លោក គុយ វ៉ាត ជាដើម។

ជាក់ស្តែង ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ដែល​បាន​ចាញ់បោក​ឧកញ៉ា ហ៊ី គឹមហុង តែងតែ​ត្អូញត្អែរ អំពី​ទុក្ខសោក និង​ការ​រង់ចាំ​យុត្តិធម៌​របស់​ពួកគេ ជិត​៣​ឆ្នាំ​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​២០២៣​មក ប៉ុន្តែ​មិន​ទាន់​មាន​ពន្លឺ​ទាល់តែសោះ​។ មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​រងគ្រោះ​ជិត ៤០​នាក់ បាន​បាត់​បង់ជីវិត ដោយសារតែ​ការ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ បន្ទាប់ពី​បានដឹង​នូវ​ការ​ចាញ់បោក​លោក ហ៊ី គឹមហុង។

ក្រៅពីនោះ ក៏​មាន​ក្រុមហ៊ុន​មួយចំនួន​ទៀត ជាប់​ក្នុង​បញ្ជី​ឆបោក និង លាងលុយកខ្វក់​ដែរ រួមមាន ក្រុមហ៊ុន​ហួយវ័ន ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដែល​ជា​បងជីដូនមួយ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប របស់​សាច់ញាតិ លោក ដួង ដារា ដែល​ជា​អតីត​ជំនួយការ​របស់​លោក ហ៊ុន សែន និង ក្រុមហ៊ុន ប្រ៊ី​លាន​ស៊ី​ធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​។ ចំណែក​ពលរដ្ឋ​ដែល​រងគ្រោះ​ខ្លះ​ជួប​វិបត្តិ​ផ្លូវចិត្ត​ជាច្រើន និង​ខ្លះទៀត​សម្លាប់​ខ្លួន និង​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ទិញ​ផ្ទះ​មិនបាន​ផ្ទះ ទិញ​ដី​មិនបាន​ដី និង​ត្រូវ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក វិបត្តិ​គ្រួសារ គ្រួសារ​ព្រាត់​ប្រាស់ ហើយ​កូនៗ​ត្រូវ​បោះបង់​ការសិក្សា​ដោយសារ​ពុំ​មាន​លទ្ធភាព​ផ្គត់ផ្គង់។

ទោះជា​យ៉ាងណា​អ្នកវិភាគ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​។ អ្នកឃ្លាំមើល​យល់ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​ជនរងគ្រោះ នឹង​មិន​អាច​ជួយ​ឲ្យ​មាន​ដំណោះស្រាយ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ