យោធា​ថៃ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា ដោយ​មិន​គោរព​បទ​ឈប់​បាញ់

0
133
ទិដ្ឋភាព​​ទម្លាក់​គ្រាប់​បែក​​បំផ្លាញ​ស្ពាន​មេទឹក នៅ​ខេត្ត​ពោធ៍សាត់ ដោយ​យន្តហោះ​ចម្បាំង​ថៃ F-16 នៅ​ពេល​​យោធា​ថៃ​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ Fresh News
ទិដ្ឋភាព​​ទម្លាក់​គ្រាប់​បែក​​បំផ្លាញ​ស្ពាន​មេទឹក នៅ​ខេត្ត​ពោធ៍សាត់ ដោយ​យន្តហោះ​ចម្បាំង​ថៃ F-16 នៅ​ពេល​​យោធា​ថៃ​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ Fresh News

យោធា​ថៃ​នៅ​តែ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​យ៉ាង​កម្រោល និង​កាន់​តែ​ខ្លាំង​ក្លា ដោយ​មិន​គោរព​បទ​ឈប់​បាញ់​តាម​ការ​អន្តរាគមន៍​របស់​​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី​នេះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា អះអាង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី១៤ ធ្នូ ថា យោធា​ថៃ​បន្ត​បាញ់​ប្រហារ​មុន​មក​លើ​កម្ពុជា តាំង​ពី​យប់​រំលង​អាធ្រាត្រ ថ្ងៃទី១៤ ធ្នូ ដោយ​ប្រើ​ផ្សែងពុល កាំភ្លើងធំ និង​គ្រាប់បែក​ចង្កោម។

អ្នកស្រី​បន្ត​ថា នៅ​ម៉ោង ៨:១៥នាទី​ព្រឹក​យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់ ១គ្រាប់ នៅ​ភូមិ​សាស្ត្រ​ថ្មដារ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

យោធា​ថៃ​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា​កាន់តែ​ខ្លាំង និង​ឃោរឃៅ​ដើម្បី​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​គ្រប់ បែប​យ៉ាង ខណៈ​មេដឹកនាំ​ប្រទេស​ថៃ​ប្រកាស​មិន​ទទួល​យក​បទ​ឈប់​បាញ់ និង​បន្ត​ទម្លាក់​គ្រាប់​បែក​បំផ្លាញ​​ប្រាសាទបុរណ អគារ​កាស៊ីណូ ស្ពាន​មេទឹក ផ្ទះសម្បែង វត្ត​អារាម មន្ទីរពេទ្យ និង​សាលារៀន ដោយ​ឃោរឃៅ និង​អមនុស្សធម៌។

របាយការណ៍​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី១៣ ធ្នូ ពលរដ្ឋ​ស៊ីវិល​ខ្មែរ​បាន​ស្លាប់ ១១នាក់​ និង​របួស ៥៩នាក់។ ចំណែក​ជន​ភៀសសឹក​កើន​ដល់ ១១២.៦៤៨គ្រួសារ សរុប ៣៧៩.០៤៧នាក់។ ចំនួន​នេះកើន​បន្ថែម ៦.០៩០គ្រួសារ និង ២២.០៩៩នាក់ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី១២ ធ្នូ ក្រោយ​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​នៅ​ខេត្ត​កោះកុង កាល​ពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៣ ធ្នូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ