
សារព័ត៌មានថៃ Khaosod បានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូនេះថា យោធាថៃបានចេញបញ្ជាបន្ទាន់មួយ ឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេង និងសម្ភារៈយោធាចូលកម្ពុជា ហើយបានប្រកាសដាក់ដែនទឹកជុំវិញកំពង់ផែកម្ពុជា ថាជាតំបន់គ្រោះថ្នាក់មានហានិភ័យខ្ពស់។
នេះជាថ្ងៃទី៨ហើយ ដែលកងទ័ពថៃបានឈ្លានពានចូលកម្ពុជា ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស ហើយបានវាយប្រហារកម្ទេចលើទីតាំងស៊ីវិល និងទីប្រជុំជនជាច្រើនកន្លែងនៅតាមបណ្ដាខេត្តព្រំដែនរបស់កម្ពុជា។ នៅថ្ងៃទី១៤ ខែធ្នូនេះ កងទ័ពជើងអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់កម្ទេចជាលើកទី២ ដើម្បីផ្ដាច់ស្ពានមេទឹកទាំងស្រុងនៅខេត្តពោធិ៍សាត់ និងការបាញ់ផ្លោងពីនាវាចម្បាំងចូលភូមិសាស្ដ្រខេត្តកោះកុងកាលពីម៉ោង២យប់អធ្រាត្រថ្ងៃទី១៣ ខែធ្នូ។
ក្រសួងមហាផ្ទៃបានប្រកាសថា ការពង្រីកតំបន់វាយប្រហាររបស់កងទ័ពថៃ បានធ្វើឱ្យពលរដ្ឋកម្ពុជាភៀសសឹកកើនឡើងជិត៤សែននាក់ ស្មើជាង១១ម៉ឺនគ្រួសារ ខណៈជនស៊ីវិលស្លាប់កើនដល់១១នាក់ និងរបួស៥៩នាក់ ដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃ៕










