
ក្រសួងការពារជាតិកម្ពុជាថា យោធាថៃពង្រីកការវាយប្រហារមកលើទឹកដីកម្ពុជាកាន់តែខ្លាំងក្លា ដោយបានទម្លាក់គ្រាប់ចូលកាន់តែជ្រៅរហូតដល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្រសួងការពារជាតិផ្សព្វផ្សាយនៅរសៀលថ្ងៃទី១៥ ធ្នូ ថា យោធាថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ២គ្រាប់ លើភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក នៅម៉ោងប្រមាណ ១០ព្រឹក និង២គ្រាប់ទៀត លើភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅម៉ោង ១១:២៨នាទី។
ភ្លាមៗនេះ សិស្សានុសិស្សកំពុងរៀននៅក្បែរកន្លែងទម្លាក់គ្រាប់បាននាំគ្នារត់ចេញពីបន្ទប់រៀនស្រែកយំប្រសេចប្រសាចពេញទីធ្លាសាលាដោយក្ដីភ័យខ្លាច។ ចំណែក ជនភៀសសឹកបាននាំគ្នារត់ភ្លាមៗទៅកាន់ទីកន្លែងផ្សេងទៀតដើម្បីសុវត្ថិភាព។
ក្រសួងការពារជាតិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់យោធាថៃ ដែលបន្តទម្លាក់គ្រាប់ចូលកាន់តែជ្រៅក្នុងដីខ្មែរ។ ទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍បញ្ជាក់ថា មានពលរដ្ឋស៊ីវិលរងគ្រោះថ្នាក់ដោយសារការទម្លាក់គ្រាប់ធុនធ្ងន់នៅតំបន់ទាំងពីរនេះនៅឡើយទេ។
គិតត្រឹមម៉ោង ២រសៀលថ្ងៃទី១៥ ធ្នូ ពលរដ្ឋស៊ីវិលកម្ពុជាស្លាប់កើនដល់ ១៥ នាក់ និងរបួស ៧៣នាក់ ខណៈជនភៀសសឹកលើស ៤០ម៉ឺននាក់។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា៕










