មន្ត្រី​រដ្ឋាភិបាល​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​គណនី​ក្លែងក្លាយ​ធ្វើជា​ឈ្មោះ​ខ្មែរ​មក​បំបែក​ស្មារតី​សាមគ្គី

0
30
ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា​។ រូប៖ ហ្វេសប៊ុក
ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា​។ រូប៖ ហ្វេសប៊ុក

មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ប្រយ័ត្ន​គណនី​ក្លែងក្លាយ​ដាក់​ជា​ឈ្មោះ​ខ្មែរ សរសេរ​ខ្មែរ ក្នុង​រូបភាព​បំបែក​ស្មារតី​សាមគ្គី ខណៈ​យោធា​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៦ ធ្នូ ថា បច្ចុប្បន្ន​មាន​គណនី​ក្លែងក្លាយ​ជាច្រើន ដែល​ដាក់ឈ្មោះ​ខ្មែរ សរសេរ​អក្សរ​ខ្មែរ មក​បំបែក​បំបាក់ស្មារតី​ខ្មែរ។ លោក​អះអាង​ថា លើស​ពី​សង្គ្រាម​ប្រដាប់​អាវុធ​ឈ្លានពាន​ទឹកដី​កម្ពុជា ថៃ​ក៏​កំពុង​ប្រើប្រាស់​សង្គ្រាមចិត្តសាស្ត្រ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​បំបាក់ស្មារតី បំបាក់ទឹកចិត្ត​កងទ័ព និង​ពលរដ្ឋ ជាមួយ​ថ្នាក់ដឹកនាំ។

លោក ប៉ែន បូណា ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​ធ្លាក់​ក្នុង​អន្ទាក់​សត្រូវ​ឈ្លានពាន ដែល​កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​វាយប្រហារ​កម្ពុជា។

គេ​សង្កេត​ឃើញ​ថា ក្នុង​ពេល​យោធា​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា មាន​ព័ត៌មាន​ព្រោងព្រាត​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ពិបាក​កំណត់​ថា តើ​ព័ត៌មាន​ណា​ពិត និង​ក្លែងក្លាយ ខណៈ​ម្ចាស់​គណនី​ខ្លះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​មធ្យោបាយ​ដើម្បី​ទទួល​បាន​ការ​ចែករំលែក​បន្ត និង​អាច​រកលុយ​ពី​ការ​ផ្សព្វផ្សាយ ហើយ​ខ្លះទៀត​ក៏​ប្រឌិត​រឿង​ឡើង​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​អ្វីមួយ។

ឆ្លើយតប​នឹង​និន្នាការ​នេះ ក្រសួង​ការពារជាតិ​តែង​ចេញ​សារ​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន ដោយ​មិន​ត្រូវ​ចែក​រំលែក​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់ ខ្លាចក្រែង​ជា​ព័ត៌មាន​បោកប្រាស់ កុហក របស់​ភាគី​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ