

អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរ និងតំណាងរាស្ត្របក្សកាន់អំណាច ចុះដោះស្រាយបញ្ហាជនភៀសសឹក ខ្វះទឹកស្អាតប្រើប្រាស់។ ពួកគាត់ថាបញ្ហាខ្វះទឹកនេះ ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនទៀតដែល អាជ្ញាធរ អាចដោះស្រាយបាន ប្រសិនបើរដ្ឋាភិបាល មានការរៀបចំ ឱ្យបានត្រឹមត្រូវ។ អ្នកនាំពាក្យបក្សកាន់អំណាចថា អាជ្ញាធរពាក់ព័ន្ធ កំពុងតែប្រឹងប្រែងធ្វើកិច្ចការងារ នេះ យ៉ាងសស្រាក់សស្រាំ រួចមកហើយ។
ស្របពេលសហគមន៍អន្តរជាតិមិនអើពើ ថ្កោលទោសថៃ ពាក់ព័ន្ធការឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោល អស់រយៈពេល៩ថ្ងៃជាប់ៗគ្នាមកនេះ យោធាថៃបន្តពង្រីកការវាយប្រហារទាំងទ័ពអាកាស និងផ្លូវគោក រុលចូលទឹកដីកម្ពុជាកាន់តែជ្រៅ ដោយប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់យ៉ាងគឃ្លើនលើដែនអធិបតេយ្យកម្ពុជា ហើយបានសម្លាប់ ជនស៊ីវិលខ្មែរស្លាប់ កើនឡើង ខណៈ ពលរដ្ឋ ជាង៤០ម៉ឺននាក់ បានភៀសសឹករកទីសុវត្ថិភាព ហើយកំពុងតែជួបប្រទះ បញ្ហាលំបាក ជាច្រើនក្នុងជីវភាព។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែធ្នូថា បញ្ហាខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ របស់ជនភៀសសឹក បានក្លាយជាបញ្ហាចម្បង ក្នុងចំណោមបញ្ហាជាច្រើនទៀត ដូចជា កង្វះអនាម័យ និងអាហារូបត្ថម្ភ។ លោកថា ករណីនេះ គឺជាការទទួលខុសត្រូវរបស់ អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ។ ជាពិសេសនោះ គឺតំណាងរាស្ត្របក្សកាន់អំណាច គួរតែចេញពី បន្ទប់ម៉ាស៊ីនត្រជាក់ មកដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកបន្តថា បញ្ហាទឹក អាជ្ញាធរអាចដោះស្រាយដោយងាយពុំមានជារឿងលំបាកនោះទេ ប៉ុន្តែបញ្ហានៅត្រង់ថា អាជ្ញាធរហាក់ពុំអើពើក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្រះ និងទឹកអូរពោរពេញដោយមេរោគ និងគ្មានអនាម័យ។ ជាមួយគ្នានោះ លោកថា អាជ្ញាធរ គួរតែសម្របសម្រួលឱ្យជនភៀសសឹក ទាំងអស់នៅតាមតំបន់នីមួយ ត្រូវរស់នៅជុំគ្នា ដើម្បីងាយស្រួលក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងដោះស្រាយបញ្ហាដែលពួកគាត់កំពុងតែប្រឈម និង ត្រូវការ។
បណ្ឌិត មាស នី៖ «នៅក្នុងជំរំវាងាយកើតជំងឺផ្សេងៗណាស់ បើសិនទឹកយើងមិនស្អាត។ អ៊ីចឹងមានតែស្ថាប័នរដ្ឋដែលអាចគិតគូររឿងនឹងបាន បានន័យថាមានជំរំជនភៀសខ្លួននៅកន្លែងណា គឺត្រូវតែមានឡាន មធ្យោបាយសម្រាប់ដឹកទឹក ទៅចែក ហើយចែកនេះ ត្រូវចែកទៀងទាត់ទៀត មិនមែន ពីរបីថ្ងៃដឹកទៅម្ដងទេ។ ឧបមាថា កន្លែងនេះមាន១០០គ្រួសារ យើងគិតមើលទៅថាក្នុង ១នាក់ប្រើបានប៉ុន្មានលីត ក្នុង១ថ្ងៃ នេះគេត្រូវមានរបបរបស់គេ។ បើខ្ញុំស្ដាប់មើលទៅ វេទនាណាស់ រឿងទឹកនេះគឺមានច្រើនកន្លែងណាស់»។
នេះពុំមែនជារឿងថ្មីទេ កាលពីផ្ទុះអាវុធជាលើកទី១ រវាងកម្ពុជា-ថៃ ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ខែកក្កដា បានបង្ខំឱ្យពលរដ្ឋ រាប់ម៉ឺនគ្រួសារ ចាក់ចេញពីលំនៅឋាន ទៅរស់នៅជំរំជនភៀសសឹកចំនួន៤៣កន្លែង ក្នុងខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ ក្នុងនោះ បញ្ហាកង្វះទឹកក៏ជាបញ្ហា ចម្បងផងដែរ។ កាលពីថ្ងៃទី១២ ខែសីហា អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា (World Vision) រកឃើញថា ជនភៀសសឹកជាង ៦០% មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយពីជម្លៀសចេញពីផ្ទះសម្បែង ខណៈអាហារូបត្ថម្ភ ទឹកប្រើប្រាស់ និងអនាម័យ ពុំសូវមាន ធ្វើឱ្យពួកគាត់ពិបាក រស់នៅប្រកបដោយផាសុកភាព។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់អាស៊ីសេរីថា ចាប់តាំងពីកម្ពុជា ត្រូវបានយោធាថៃឈ្លានពានដោយការប្រយុទ្ធនេះ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បានប្រឹងប្រែងជួយដល់ជនភៀសសឹកយ៉ាងសស្រោកសស្រាំ ពុំដែលទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។
លោក ជា ធីរិទ្ធ៖ «ថាតើពួកគេមានឃើញទេ ចំពោះសកម្មភាពរបស់សមាជិកតំណាងរាស្ត្រ អាជ្ញាធរ មន្ត្រីរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់។ ប្រជាជនរបស់យើងកំពុងតែសាមគ្គីគ្នាប្រមូលជូនជនភៀសសឹករបស់យើង ដែលយើងកំពុងរួមសាមគ្គីគ្នា ប៉ុន្តែយើងពិបាកណាស់ ទៅឆ្លើយតប ជាមួយក្រុមដែលដេកមិនលក់ ហើយធ្វើជាដេកលក់ តើយើងដេកក្រោកទេ? អ៊ីចឹងការលើកឡើងរបស់ពួកគេវាអត់មានតម្លៃសម្រាប់ពួកយើងទេ។ អ្វីដែលយើងត្រូវគិតនៅពេលនេះ គឺជួយទៅដល់ប្រជាជន និងជនភៀសសឹករបស់យើង។ ប្រឆាំងនឹងសត្រូវឈ្លានពាន ដែលកំពុងឈ្លានពានទឹកដីរបស់យើង។ បើពួកគេស្រឡាញ់ប្រទេសជាតិមែន សូមចូលរួមជួយ»។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា លើកឡើងថា ក្នុងដំណាក់ កាលដែលប្រជាពលរដ្ឋកំពុងតែជួបទុក្ខលំបាក ព្រោះតែ ការឈ្លានពានទឹកដីរបស់យោធាថៃនេះ អាជ្ញាធរ និងតំណាងរាស្ត្រ ដែលមានច្រើនលើសលប់ មកពីបក្សកាន់អំណាច គួរតែ ដល់ពេលវេលា ក្នុងការចុះដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ លោកបន្តថា ជនភៀសសឹក គឺជាជនរងគ្រោះពីសង្គ្រាម ដូចនេះគួរតែរៀបចំទីកន្លែង រស់នៅរបស់ពួកគាត់ឱ្យមាន ផាសុកភាព ហើយ មិនត្រូវឱ្យពួកគាត់រងគ្រោះមួយតង់ទៀត ដោយសារតែបញ្ហាខ្វះទឹកប្រើប្រាស់ និងជំងឺឆ្លងផ្សេងៗ ដោយសារតែ កង្វះអនាម័យនោះទេ។
លោក ប៉ោ មករា៖ «តំណាងរាស្ត្រអាចអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ អត់អាចអង្គុយមើលតែព័ត៌មានតាមទូរទស្សន៍ និងបណ្ដាញសង្គមទេ។ អ៊ីចឹងតំណាងរាស្ត្រត្រូវតែចុះផ្ទាល់ ត្រូវតែទៅដល់ទីតាំងដែលពលរដ្ឋកំពុងតែជួបបញ្ហា ព្រោះយើងឃើញថាបញ្ហានេះ ពលរដ្ឋជួបទុក្ខលំបាកខ្លាំងមែនទែន ជាងពេលណាៗទាំងអស់។ ការចុះទៅសួរសុខទុក្ខគាត់ ការចុះទៅផ្ដល់កម្លាំងចិត្តឱ្យគាត់ ការចុះទៅឱ្យតម្លៃពួកគាត់ ពេលពួកគាត់មានបញ្ហានេះ វាជារឿងសំខាន់»។
ការផ្ទុះអាវុធជាលើកទី២ រវាងកម្ពុជា-ថៃ គិតត្រឹមរសៀលថ្ងៃទី១៥ ខែធ្នូ មានពលរដ្ឋខ្មែរ ចំនួន១៥នាក់បានស្លាប់ និង បួសចំនួន៧៣នាក់។ ក្នុងនោះ មានពលរដ្ឋខ្មែរ ជាង៤០ម៉ឺននាក់ បានភៀសសឹក ទៅរកទីសុវត្ថិភាពបណ្ដោះអាសន្ន នៅទូទាំងខេត្តជាប់ព្រំដែនថៃ រួចមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និង ខេត្តកោះកុង៕









