

ពលរដ្ឋមួយចំនួនដែលកំពុងភៀសសឹក ក្នុងសង្គ្រាមវាយប្រហាររបស់ថៃ ស្នើឱ្យគ្រួសាររបស់មេដឹកនាំកម្ពុជា បញ្ចេញទ្រព្យសម្បត្តិ ដើម្បីជួយដល់ពលរដ្ឋ ដោយសារតែកន្លងមក ពួកគេតែងតែសម្ញែងសម្ភារៈនិយម និងទ្រព្យសម្បត្តិដែលមានតម្លៃថ្លៃ នៅក្នុងកម្មវិធីជួបជុំនានា។ ទន្ទឹមគ្នានេះ ពលរដ្ឋខ្មែរផ្សេងទៀត បានស្នើឱ្យមេដឹកនាំកម្ពុជា បង្ហាញពីគោលជំហរផ្សះផ្សាជាតិ ជាមួយខ្មែរគ្រប់និន្នាការទាំងអស់ ដើម្បីរួមសាមគ្គីគ្នា ទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ។
ពលរដ្ឋលើកឡើងថា ស្ថានភាពជនភៀសសឹកនៅពេលនេះ មានចំនួនកាន់តែច្រើន ខណៈជំនួយរបស់សប្បុរសជន ក៏មានកម្រិត ក៏ប៉ុន្តែពួកគាត់ នៅមិនទាន់ឃើញគ្រួសារមេដឹកនាំ ចំណាយធនធានទ្រព្យសម្បត្តិរបស់ខ្លួន ជួយដល់ពលរដ្ឋនៅឡើយ។

ពលរដ្ឋនៅឃុំអូរបីជាន់ លោកស្រី ចាន់ ស្រីមុំ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ ខែធ្នូ ថា កន្លងមកលោកស្រីតែងតែឃើញគ្រួសារ និងសាច់ញាតិមេដឹកនាំបានបង្ហាញទ្រព្យសម្បត្តិ មាសពេជ្រ កែវកង នាឡិកាដៃដាំពេជ្រ និងយានជំនិះជាដើម ដែលរបស់ទាំងនេះ មានតម្លៃចាប់ពីរាប់សិបម៉ឺន រហូតចូលដល់ខ្ទង់លាន់ដុល្លារទៀតផង។ លោកស្រីយល់ថា ប្រសិនបើគ្រួសារមេដឹកនាំកម្ពុជា លក់គ្រឿងអលង្ការ ឬនាឡិកាដៃដាំពេជ្រ ម្នាក់មួយគ្រឿង ដើម្បីយកលុយជួយជនភៀសសឹកនោះ ក៏គ្រួសារមេដឹកនាំកម្ពុជា មិនធ្លាក់ខ្លួនក្រនោះឡើយ។
លោកស្រី ចាន់ ស្រីមុំ៖ «មិនបាច់សុំអីច្រើនទេ ត្រឹមតែនាឡិកា មួយខ្សែ១លានដុល្លារហ្នឹង យកមកលក់ចាត់ចែងជួយពលរដ្ឋអ្នកភៀសសឹក ពិសាឱ្យបរិបូរណ៍ គ្រប់គ្រាន់ផង»។
ជាទូទៅ គ្រួសារមេដឹកនាំកម្ពុជា ដែលមានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាមេគ្រួសារ តែងតែផ្ដល់លុយដល់សកម្មជន ឬសមាជិកគណបក្សប្រឆាំង ដែលមកចុះចូលជាមួយគណបក្សកាន់អំណាច និងពេលខ្លះទៀត លោកបានចំណាយលុយជួយដល់ពលរដ្ឋ មួយចំនួនទៀតផងដែរ តែទាល់តែពួកគេទាំងនោះ គឺជាបុគ្គលដែលកំពុងផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ដូចជាជនក្រក្រីតោកយ៉ាក និងកុមារដែលមានជីវភាពខ្វះខាតជាដើម គឺមិនមែនជួយដល់បុគ្គលទូទៅនោះឡើយ។
ក៏ប៉ុន្តែ នៅក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ កំពុងភៀសសឹក ដោយសារយោធាថៃ បើកការវាយប្រហារ និងត្រូវការជំនួយចាំបាច់នោះ គេមិនទាន់ឃើញមានការផ្សព្វផ្សាយអំពីការផ្ដល់ជំនួយ របស់គ្រួសារមេដឹកនាំកម្ពុជានោះឡើយ ក្រៅតែពីសប្បុរសជន ឈ្មួញពាណិជ្ជករ ជនបរទេស និងក្រុមឧកញ៉ាមួយចំនួន។
ពលរដ្ឋម្នាក់ទៀត ដែលបានភៀសសឹកមកពីភូមិជោគជ័យ គឺលោកស្រី យ៉ូវ វិញ ស្នើឱ្យមេដឹកនាំកម្ពុជា ជួយសាងសង់ទីជម្រកដល់ប្រជាពលរដ្ឋ នៅក្រោយពេលដែលជម្លោះព្រំដែនត្រូវបិទបញ្ចប់ ដោយសារតែផ្ទះសម្បែងរបស់លោកស្រី និងប្រជាពលរដ្ឋមួយចំនួនទៀត ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីការវាយប្រហារពីសំណាក់យោធាថៃ។
លោកស្រី យ៉ូវ វិញ៖ «ចង់ឱ្យគាត់ធ្វើផ្ទះឱ្យ យ៉ាងម៉េចក៏បានដែរ កុំឱ្យយើងនេះហាលក្ដៅ ហាលភ្លៀង ព្រោះយើងចេញពីនេះ បានតែអង្កតិចតួចទុកហូបហ្នឹងឯង ព្រោះនៅផ្ទះយើងក៏អត់មានអីឱ្យសល់ដែរ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែធ្នូ នេះ ពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក មានចំនួនជាង ១៣ម៉ឺនគ្រួសារ (១៣៤.៦៦៨) ស្មើនឹងជាង ៤៤ម៉ឺននាក់ (៤៤៧ ៥០៩) មកស្នាក់នៅក្នុងជំនុំភៀសសឹកចំនួន ៨ខេត្ត។
ទោះជាយ៉ាងណា ក្នុងចំណោមជនភៀសសឹកទាំងនោះ ពួកគេបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា បញ្ហាអាកាសធាតុត្រជាក់ដោយសារខ្វះតង់កៅស៊ូ កង្វះទឹកស្អាត បង្គន់អនាម័យ និងផ្នែកសុខាភិបាលជាដើម។
ដោយឡែក ងាកមកខាងផ្នែកនយោបាយវិញ ពលរដ្ឋបានស្នើឱ្យមេដឹកនាំកម្ពុជា បង្ហាញឆន្ទៈ ក្នុងការផ្សះផ្សាជាតិ ជាមួយខ្មែរគ្រប់និន្នាការទាំងអស់ ដើម្បីរួមសាមគ្គីគ្នា ទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ។
មន្ត្រីគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក លី ម៉េងឃៀង លើកឡើងថា នៅពេលដែលកម្ពុជា ត្រូវប្រទេសជិតខាងឈ្លានពាន ពលរដ្ឋខ្មែរដែលមាននិន្នាការផ្ទុយ បានបង្ហាញពីឆន្ទៈក្នុងការរួមសាមគ្គីគ្នារួចហើយ តាមរយៈការរៃអង្គាសជំនួយជួយជនភៀសសឹក និងធ្វើបាតុកម្មនៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងយោធាថៃ ក៏ប៉ុន្តែ មេដឹកនាំកម្ពុជាវិញ មិនបានបង្ហាញពីគោលជំហរផ្សះផ្សាជាតិនោះឡើយ ដោយនៅតែបន្តឃុំខ្លួនក្រុមសកម្មជន និងអ្នកនយោបាយប្រឆាំងដដែល។
លោក លី ម៉េងឃៀង៖ «មកដល់ពេលនេះ អត់ឃើញលោក ហ៊ុន សែន សាមគ្គីជាមួយខ្មែរទូទៅទេ។ គាត់ចង់ឱ្យតែខ្មែរនៅក្នុងស្រុកទេ ដែលសាមគ្គីជាមួយគាត់ ចុះចូលនឹងគាត់ ប៉ុន្តែមិនសាមគ្គីជាមួយខ្មែរទូទៅ ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពានតែមួយនោះទេ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យមេដឹកនាំកម្ពុជា បង្ហាញពីឆន្ទៈផ្សះផ្សាគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយ និងរួបរួមគ្នា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ ព្រោះប្រទេសកម្ពុជា មិនមែនជាកម្មសិទ្ធិផ្ដាច់មុខ របស់គណបក្សប្រជាជនកម្ពុជានោះឡើយ។
លោក ម៉ែន ណាត៖ «មែនទែនទៅ គ្រួសារមេដឹកនាំហ្នឹង គេឱ្យមកកាន់អំណាច មិនមែនដោយសារយកប្រទេសហ្នឹង មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះទេ ប៉ុន្តែជូនកាលមេដឹកនាំហ្នឹង យល់ច្រឡំខ្លួនឯង នៅពេលបានអំណាច គាត់លោភលន់ ពុករលួយ អ៊ីចឹងទើបធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងហានិភ័យមិនល្អ»។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច ដែលធ្លាប់និយាយពីភាពចាស់ទុំក្នុងផ្នែកនយោបាយ ជាមួយក្រុមមេដឹកនាំថៃនោះ គួរតែប្រើប្រាស់ភាពចាស់ទុំនេះ ជាមួយពលរដ្ឋខ្មែរដូចគ្នាវិញម្ដង បើមិនដូច្នោះទេ ពួកគាត់នឹងមើលឃើញថា មេដឹកនាំកម្ពុជា គឺស្រលាញ់អំណាច ជាងផលប្រយោជន៍ជាតិ៕









