

ពលរដ្ឋខ្មែររាប់រយនាក់បានរួមគ្នាធ្វើដំណើរព្យុហយាត្រាជាលើកទីពីរ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលថៃ ដោយបង្ហាញស្មារតីគាំទ្រសន្តិភាព និងបទឈប់បាញ់ ព្រមទាំងជំរុញឱ្យយោធាថៃងាកមកចរចាសន្តិភាពដែលមានស្រាប់។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ធ្នូ ដឹកនាំដោយកូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ នៅក្នុងព្រឹត្តិការណ៍នេះ គេឃើញពលរដ្ឋ សិស្ស និស្សិត នាំមុខដោយព្រះសង្ឃព្រះហស្ដកាន់ដងទង់ជាតិ និងលើកបដាសរសេរជាភាសាខ្មែរនិងអង់គ្លេស ក្នុងអត្ថន័យថា កម្ពុជាត្រូវការសន្តិភាព។
កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៣រសៀលរហូតដល់យប់ ដោយអ្នកចូលរួមធ្វើដំណើរថ្មើរជើងចម្ងាយ ៣ គីឡូម៉ែត្រ ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ និងមានការថ្លែងសារជាដើម។ សហភាពសហព័ន្ធយុវជនកម្ពុជាអះអាងថា ដំណើរព្យុហយាត្រានេះដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ។
កាលពីថ្ងៃទី១៨ មិថុនា ក្រុមយុវជនទាំងនេះធ្លាប់បានធ្វើព្រឹត្តិការណ៍ដូចគ្នានេះម្ដងរួចហើយ ដោយពួកគេអះអាងថា មានអ្នកចូលរួមប្រមាណ១សែននាក់។ កាលណោះពួកគេធ្វើឡើងដើម្បីស្មារតីដែលគេហៅថា ស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃការគាំទ្ររដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ។ ព្រឹត្តិការណ៍នោះធ្វើឡើងបន្ទាប់ពីទាហានការពារព្រំដែនរបស់ខ្មែរម្នាក់គឺលោក សួន រ៉ោន ត្រូវបានយោធាថៃលួចបាញ់សម្លាប់ក្នុងលេណដ្ឋានរបស់កងកម្លាំងកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ។
ហេតុការណ៍ទាំងនោះហើយ ជាដើមចមរហូតមានការវាយប្រយុទ្ធគ្នា ៥ថ្ងៃ កាលពីចុងខែកក្កដា និងការប្រយុទ្ធសាជាថ្មីក្នុងពេលបច្ចុប្បន្ន។ យោធាថៃបានវាយប្រហារកាន់តែធ្ងន់ឡើងៗ ដោយប្រើអាវុធគ្រប់ប្រភេទ និងវាយប្រហារគ្រប់ទីតាំងទាំងកន្លែងស៊ីវិល ប្រាសាទបុរាណខ្មែរ ផ្ទះពលរដ្ឋ វត្តអារាម មន្ទីរពេទ្យ និងផ្ដាច់ស្ពានថ្នល់ជាដើម។ ចំណែកពលរដ្ឋខ្មែរបានស្លាប់ និងរបួសជិត ១០០នាក់ ព្រមទាំងភៀសខ្លួនជិត កន្លះលាននាក់ គិតត្រឹមល្ងាចថ្ងៃទី១៧ ធ្នូ៕









