ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ត្រូវ​បាន​ប៉ូលិស​​​​​ឈុត​ខ្មៅ​ថៃ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ច្បាប់​ខ្លួន​ជា​បន្ត​បន្ទាប់

0
40

​អឹមស៊ី៖ ​ពលករ​ខ្មែរ​ធ្វើ​​ការ​​​​​​​​​នៅ​ប្រទេស​ថៃ​​​មួយ​ចំនួន​​ ​ត្រូវ​បាន​​​​​ប៉ូលិស​ឈុត​ខ្មៅ​ថៃ​ ​បង្កើន​ការ​​ធ្វើ​ទុក្ខបុកម្នេញ​ និង ​​ច្បាប់​ខ្លួន​​​​ដាក់​គុក ​ជា​បន្ត​បន្ទាប់​​ ​​ក្រោយ​ពី​រដ្ឋាភិបាល​ថៃ​​​​ប្រកាស​​​​លែង​​​​​​​​​ផ្ដល់​ទិដ្ឋាការ​ការងារ​ ​​និង​ ​​លិខិត​​ស្នាក់​នៅ​​ ដល់​​​​​​​ពលករ​ខ្មែរ​​​​ជាង​១០​​ម៉ឺន​នាក់​​​ ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​​។​​ ​​ អ្នក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​​​​ថា​​​ សកម្មភាព​របស់​អាជ្ញាធរ​ថៃ​​​នេះ​​​ គឺ​ជា​ក្ដី​បារម្ភ​ខ្លាំង​ ខណៈ​​​​ពលករ​ខ្មែរ ​ភាគ​​ច្រើន​ កំពុង​តែ​ ​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត​។

ខណៈ​ដែល យោធា​ថៃ​​ កំពុងតែ​បង្កើន​​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ ​យ៉ាង​គឃ្លើន​ និង​ឃោរឃៅ​ ​​តាម​រយៈ​​​ការ​បាញ់​​ប្រហារ​ ​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ជាច្រើន​នាក់​​​​​​​​​​​ក្នុង​​រយៈ​ពេល​ជិត​​កន្លះ​ខែ​​មក​នេះ​​ ​​អាជ្ញាធរ​​​​ថៃ​​ ក៏​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ថ្មី​ទៀត​​ ​ដល់​ពលករ​ខ្មែរ​ជា​​ជា​បន្ត​បន្ទាប់​ដែល​កំពុងតែ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​ ​​ជា​ពិសេស​ ពលករ​ខ្មែរ​ ដែល​ធ្វើ​ការ​​ ​ដោយ​ពុំ​មាន​ឯកសារ​គ្រប់​គ្រាន់​ដូច​ជា ទិដ្ឋាការ​ការងារ និង ​លិខិត​ស្នាក់នៅ​​​ ​​​​​​ស្រប​ច្បាប់​ ជា​ដើម​។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ លោកស្រី សឿន ​ដាវីន ប្រាប់​​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ថា​ ​​ថ្មីៗ​នេះ​ ​​​​​ពួក​​​​ប៉ូលិស​ឈុត​​ខ្មៅ​ ​ជា​ច្រើន​នាក់​​​ ប្រដាប់​ដោយ​​កាំភ្លើង​​ ​​បាន​សម្រុក​​​​ចាប់​​​ពលករ​ខ្មែរ ​​​រាប់​​សិប​​​នាក់ ​​​​​​​​​ដែល​កំពុង​ធ្វើ​​​​​​ការ​​​ ដោយ​​​ខុស​ច្បាប់​​​​​​​​ នៅ​ជាយ​​​ក្រុង​បាងកក​​។ ​លោកស្រី​ថា​​​ ​ប៉ូលិស​ថៃ​​ ​បាន​​ជំរិត​ទារ​លុយ​ពលករ​ខ្មែរ​​​​​​ ក្នុង​​១​នាក់​​​ចំនួន​១សែន​បាត​ ឬ​ជាង​៣​ពាន់​​ដុល្លារ​​​ ​ដើម្បី​ជា​ថ្នូរ​​នឹង​ការ​ដោះលែង​​ឱ្យ​​​​មក​​កម្ពុជា​វិញ​។​​​ ប៉ុន្តែ​​​ ​ក្រោយ​មក​អាជ្ញាធរ​ថៃ ​បញ្ជាក់​​​​​​ថា ​​​មិន​​​ដោះលែង​​ពលរដ្ឋ​ទាំង​នោះ​​​ឡើយ ​​​​ហើយ​​បញ្ជូន​ទៅ​ដាក់​​​ពន្ធនាគារ​​​​​នៅ​ប្រទេស​ថៃ​វិញ​​​​​។​​​

​ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង លោកស្រី មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ ​ខណៈ​ពលករ​ខ្លះ​ពុំ​ហ៊ាន​ស្នាក់នៅ​តាម​ ​បន្ទប់​ជួល​នោះ​​ទេ ​ពួក​គាត់​​​​​​មក​​រស់​នៅ​​តាម​ការដ្ឋាន​​​សាសង ​ដែល​ជា​ កន្លែង​ធ្វើការ ​​បណ្ដោះអាសន្ន​ ព្រោះ ​មាន​ថៅកែ​ចាំ​ជួយ​ការពារ​​។ ​​​បន្ថែម​ពី​នោះ ​លោកស្រី​ថា ​ចាប់​តាំង​ពី​ រដ្ឋាភិបាល​ថៃ​​​​បាន​ប្រកាស​​​​​លែង​​​ផ្ដល់​ទិដ្ឋាការ​ការងារ និង​លិខិត​ស្នាក់​នៅ​ ​ដល់​ពល​ករ​ខ្មែរ​​​​មក​ ​ ​គេ​តែង​​​ឃើញ​​​​​​​​​​ប៉ូលិស​ថៃ​ ​​ធ្វើ​​​ទុក្ខបុកម្នេញ​​ និង​​ដើរ​ចាប់​ពលករ​ខ្មែរ​​​ខុស​ច្បាប់​​កាន់​តែ​ខ្លាំង​។​​

​​ ​​​អ្នក​នាំ​​ពាក្យ​ទី​​ស្ដី​ការ​​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក ស៊ីរីពង្ស អង់កាសាគុ​ល​គៀត (Siripong Angkasakulkiat) ​​​​បាន​​​​​​លើក​ឡើង​​​​​កាល​ពី​ដើម​​ខែ​​​​ធ្នូ​ ​ថា​ ​​​រដ្ឋាភិបាល​​​ថៃ ​​​លែង​​​​​ផ្ដល់​​​​​​ទិដ្ឋាការ​ការងារ​​ និង​លិខិត​ស្នាក់​នៅ ​​​​​​ដល់​ពលករ​​​ខ្មែរ​​ ​ព្រោះ​​ប្រទេស​ទាំង​ពី​កំពុង​មាន​ជម្លោះ​ព្រំដែន​​។ ​រដ្ឋាភិបាល​ថៃ​ថា​ ​ការសម្រេច​នេះ​នឹង​​​ ​អនុវត្ត​ ​ចាប់​ពី​​ថ្ងៃ​ទី១៣​ ​កុម្ភៈ ​ឆ្នាំ​២០២៦​​ខាង​មុខ​​​​​​​។​​

​ទោះ​ជា​យ៉ាង​ណា​​ សម្រាប់​​​ពលករ​​ខ្មែរ​​ ​​​​​ដែល​​កាន់​លិខិត​អនុញ្ញាត​​​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ​​​​​បាន​​​​​​​​ផុត​កំណត់​ ​​កាល​ពី​​​ខែ​កុម្ភៈ ​ឆ្នាំ​២០២៥​ ​​​​​​​ពួក​គាត់​នៅ​តែ​​​ អាច​បន្ត​ធ្វើ​ការ​​ ​​រហូត​ដល់​ថ្ងៃ​ទី​​១៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​​​​ ​​​​​​​។ ​​ចំណែក​​ ​ពលរដ្ឋ​ខ្មែរ ​ដែល​​បាន​បន្ត​លិខិត​អនុញ្ញាត​​​​​​​រួច​ហើយ​ ​កាល​ពី​​ថ្ងៃ​ទី១៣​ ខែ​​កុម្ភៈ ​ឆ្នាំ​២០២៥​ហើយ​នោះ​ ​​អាច​បន្ត​ ​​​​​​ធ្វើ​ការ​ ​រហូត​ដល់​​​​​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៧​​ជា​ដើម​។​​​

​ដោយ​ឡែក ​​​សម្រាប់​ពលករ​​ខ្មែរ​ ដែល​ ​ធ្វើការ​ដោយ​​ខុស​ច្បាប់​ តាំង​ពី​យូរ​ហើយ​ ​​​​​​ ឬ​អ្នក​ដែល​ទើប​នឹង​ឡើង​មក​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​​ថ្មី​ៗ​​​នោះ​​​​​ ​​​​ពុំ​អាច​​ស្នើ​សុំ​ ​ទិដ្ឋាការ​ការងារ​​​​ ​និង​ ​​លិខិត​​​​ស្នាក់​នៅ ​​ក្នុង​ប្រទេស​ថៃ​​​​ បាន​​​នោះ​​​​ទេ​​​​​។​​ ករណី​នេះ ​ពួកគាត់​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ពី​សុវត្ថិភាព​ ​​ខណៈ​ប៉ូលិស​ថៃ​ចុះ​ចាប់​ជា​បន្តបន្ទាប់​ ប្រសិន​បើ​ គ្មាន​ ថៅកែ​​ ចាំ​ធានា​សុវត្ថិភាព​ទេ​នោះ​​​​។​ ​​

​​ពលករ​ខ្មែរ​ ​​​​​ម្នាក់​ទៀត​ ​​​លោក​ វ៉ាន់ យឿន លើក​ឡើង​ថា ​​​ចាប់​តាំង​ពី​​​ថៃ​បាន​​បើក​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​​​មក​លើ​កម្ពុជា​​ជា​លើក​ទី២​​​នេះ​ ​​​ ​ពលករ​ខ្មែរ​​​ ពុំ​មាន​សេរីភាព​ក្នុង​ការ​ដើរ​ហើរ និង​ការ​ធ្វើ​ការ​ងារ​ ​​នោះ​​ទេ​ ព្រោះ​​បារម្ភ​ពី​សុវត្ថិភាព​។​ ទន្ទឹម​គ្នា​នោះ លោក​ថា​ ពលរដ្ឋ​ខ្មែរ​​​ខ្លះ ​ដែល​គ្មាន​​​​ឯកសារ​​ការងារ​​គ្រប់គ្រាន់​​​​ ​​គឺ​ជា​មុខ​សញ្ញា​​​ដែល​​ពួក​​ប៉ូលិស​ថៃ​​តាម​រក​ និង​ ​​​ចាប់​​ខ្លួន​ ​ដោយ​​​ពិន័យ ​ជា​ប្រាក់​ខ្លះ​ ​និង​ ដាក់​ពន្ធនាគារ​ខ្លះ​។​ ​បន្ថែម​ពី​នោះ​លោក​ថា ជម្លោះព្រំដែន​​​នេះ ​បាន​​​ក្លាយ​ជា​ជម្លោះ​រើស​អើង​ពូជសាសន៍ ​របស់​ពលរដ្ឋ​ថៃ​ ​មក​លើ​ពលករ​ខ្មែរ ​​យ៉ាង​ធ្ងន់ធ្ងរ​។

ពលករ​ខ្មែរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ គួរ​តែ​​ស្នើ​​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ ​​ដែល​ធ្វើ​ការ​​​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ ​ឱ្យ​​​ជួយ​​ អន្តរាគមន៍​ដល់​អាជ្ញាធរ​ថៃ​​ ​​​ត្រូវ​បញ្ឈប់​ ការ​​​​ធ្វើ​​​​ទុក្ខបុកម្នេញ​ ​មក​លើ​ពលករ​ខ្មែរ​​ ​​​​​​និង​​ទទូច​​ឱ្យ​ ​​​រដ្ឋាភិបាល​ថៃ​គួរតែ​ផ្ដល់​ទិដ្ឋាការ​ការងារ និង​លិខិត​ស្នាក់​នៅ​ជូន​ពួក​គាត់​វិញ​​​ បើ​ទោះ​បី​ប្រទេស​ទាំង​ពី​កំពុង​មាន​​ជម្លោះ​នឹង​គ្នា​​​​ក្ដី​​។ ​បន្ថែម​ពី​នោះ ​​ពួក​គាត់​ ​​ស្នើ​សុំ​ឱ្យ​​ ​​​​​​​​ជួយ​អន្តរាគមន៍​ដល់​ក្រុម​ជ្រុលនិយម​ជន​ជាតិ​ថៃ​ខ្លះ​ ​​​​​គួរតែ បញ្ឈប់​​​រាល់​​​ការ​រើសអើង​​ពូជសាសន៍ ​​និង​​​​​អំពើ​ហិង្សា​នានា​​មក​លើ​ពលករ​ខ្មែរ​​ ព្រោះ​ពុំ​ពាក់ព័ន្ធ​ បញ្ហា​នយោបាយ​​​នោះ​ទេ​​។​​

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​។​ ​

​យ៉ាង​ណា ​លោក ស៊ុន មេសា ​បាន​ប្រាប់​សារព័ត៌មាន​​​ក្នុង​ស្រុក​​ នៅ​ថ្ងៃ​ដដែល​​នេះ​​ថា​​ ​​បើ​ទោះ​ជា​​រដ្ឋាភិបាល​ថៃ ប្រកាស​លែង​ផ្ដល់​ទិដ្ឋាការ​ការងារ​ និង​លិខិត​ស្នាក់នៅ​ ដល់​ពលរដ្ឋ​ខ្មែរ​​ចំនួន​១០​​​ម៉ឺន​នាក់​​ ​​​ដែល​​នឹង​ផុត​សុពលភាព​​​​ត្រឹម​​ថ្ងៃ​ទី១៣​​​​​កុម្ភៈ ​ឆ្នាំ២០២៦​​ ​ក្ដី​ ​​​​រដ្ឋាភិបាល​ថៃ​ ​ពុំ​បាន​​​​ ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ដែល​​​​​ស្រប​ច្បាប់​​ បញ្ជូន​មក​កម្ពុជា​វិញ ​​​​​​ភ្លាមៗ​នោះ​ទេ​​។ ​លោក​ទទូច​ឱ្យ​​​ពលករ​ខ្មែរ ​រក្សា​ភាព​ស្ងប់ស្ងាត់​ ​និង​​​ ត្រូវ​រាយការណ៍​ ​​ទៅ​កាន់​ឯក​អគ្គរាជទូត​​ខ្មែរ​ ​ប្រចាំ​​​​​ក្រុង​បាងកក​​​ និង​ស្ថាប័ន​អន្តជាតិ​​​ ​ប្រសិន​បើ​ ​រង​ការ​ធ្វើ​​ ទុក្ខបុកម្នេញ​ ​និង​ ​ការ​គំរាមកំហែង​​​​​​​ពី​​​​​​​​អាជ្ញាធរ ​និង​ ​ជន​ជាតិ​ថៃ​​។​

ជុំវិញ​រឿង​នេះ ​មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ប្រចាំ​ប្រទេស​​ថៃ​​​ នៃ​​អង្គ​ការ​​សង់​ត្រាល់ លោក​ លឹង​ សុផុន ​លើក​ឡើង​ថា​ រយៈ​ពេល​​​​​​ចុង​ក្រោយ​នេះ​ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​សឹងតែ​គ្រប់កន្លែង​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ដើរ​ពិនិត្យ​មើល​ឯកសារ និង​លិខិត​ឆ្លង​ដែន ​​ក្រែង​លោ​ មាន​​​អ្នក​​​​​ធ្វើ​ការ​ខុស​​ច្បាប់​​​ នឹង​ត្រូវ​ចាប់​ខ្លួន​។ ​​ទន្ទឹម​គ្នា​នោះ ​​​​​លោក​ថា​ ​​​​បើ​ទោះ​ជា​ពេល​នេះ​ ក្រសួង​ការងារ​​កម្ពុជា​ ប្រកាស​ថា​​ អាជ្ញាធរ​​ មិន​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ ​ដែល​នឹង​​ផុត​​​សុពលភាព​ ​​ទិដ្ឋាការ​ការងារ​ នៅ​ដើម​ឆ្នាំ​២០២៦​ក្ដី ​​​​ពលករ​ទាំង​នោះ​​ ​ក៏​ត្រូវ​​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​​វិញ​​ដែរ​ ​​​បើ​ពុំ​ដូច្នោះ​ទេ​​​ ប្រាកដ​​ណាស់ ​​​អាជ្ញាធរ​ថៃ​ នឹង​ចាប់​ខ្លួន​​​​​​​​​​។​ លោក​ថា​ករណី​នេះ​ ​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ កាន់​តែ​​​ព្រួយ​បារម្ភ​​ពី​សុវត្ថិភាព​​ទ្វេ​ដង​ ​​​ ខណៈ​​ពួក​​គាត់​​កំពុង​មាន​ជីវភាព​ខ្វះខាត​​។​​

​​​​​​​​​​​​​
អង្គការ​​​សង់​ត្រាល់​ (Central) ​ ​កាល​ពី​​​ថ្ងៃ​ទី​​៨ ខែ​ធ្នូ បាន​ចេញ​របាយ​ការណ៍​ស្រាវជ្រាវ ដោយ​ ​​​​​​សម្ភាសន៍​​ ពលរដ្ឋ​ចំនួន​ ​៥២៧​​នាក់ ក្នុង​ចំណោម​ពលករ​ខ្មែរ​ ​​​​​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​​ ​ជាង​​៩០ម៉ឺននាក់​។​ ក្នុង​នោះ​អង្គការ​ សង់ត្រាល់​ ​​​បាន​រក​ឃើញ​​ថា​​ ​​​​​មាន​ពលករ​​​​ចំនួន​​​ ៧៨%​ ​ ចង់​វិល​ត្រឡប់​ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​​ ​ព្រោះ​​​​ នៅ​ក្នុងស្រុក ​ពិបាក​រក​ការងារ​ធ្វើ​​​​​ និង​ ​មិន​មាន​ប្រាក់​ចំណូល​សមរម្យ​។​ ចំណែក​ ពលករ​​​​​​​​​៧១%​ ​ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ ដែល​ធ្វើ​ឱ្យ​​ពួក​គាត់​មាន​ជីវភាព​កាន់​តែ​លំបាក​។ ​​

​​​អ្នក​តាម​​ដាន​បញ្ហា​សង្គម​លើក​ឡើង​ថា​ ​បញ្ហា​ទាំង​នេះ​ គឺ​ជា​​មូលហេតុ​ធ្វើ​ឱ្យ​​​​ពលករ​​ខ្មែរ​​​​​មួយ​ចំនួន​ ​​​​​នៅ​តែ​ក្រាញននៀល​ បន្ត​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ដោយ​ប្រថុយប្រថាន ​ទាំង​ខុស​ច្បាប់​ខ្លះ និង​ស្រប​ច្បាប់​ខ្លះ​ ​​ ព្រោះ​ពួក​គាត់​បារម្ភ​ថា ប្រសិន​បើ​ត្រឡប់​ទៅ​ស្រុក​វិញ មិន​ដឹង​ រក​ការងារ​​អ្វី​ធ្វើ​ ដើម្បី​ចិញ្ចឹម​ជីវិត​​​​ បើ​ទោះ​ជា​​ ពេល​នេះ គេ​ឃើញ​ថា​ ពលករ​​ខ្មែរ​​ខ្លះ​​ ត្រូវ​បាន ​អាជ្ញាធរ​ថៃ​ ​ចាប់​ខ្លួន ​និង​ពិន័យ​ជា​ប្រាក់​ ​រាប់​ពាន់​ដុល្លារ​​​ជាហូរហែ​ក្ដី ​​​​​ក៏​ពួក​​គាត់​​ថា ​មាន​តែ​ខាំធ្មេញ​ សង្កត់​ចិត្ត ​ទ្រាំ​ធ្វើ​ការ ​ដើម្បី​បាន​លុយ​​ផ្ញើ​ទៅ​ស្រុក​កំណើត​​​៕​​​

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ